Ticker

6/recent/ticker-posts

៥រឿងដែលបុគ្គលជោគជ័យបេ្តជ្ញាអនុវត្ត


នៅពេលអ្នកសាកល្បងសម្រេចគោលដៅអ្វីមួយ ចូរចំណាយពេលរៀនសូត្រពីបុគ្គលដែលធ្លាប់ទទួលជោគជ័យក្នុងរឿងដែលអ្នកចង់ធ្វើ ពីព្រោះពេលខ្លះជារឿងល្អដែរ ដើម្បីចំណេញពេលវេលា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ ជាជាងការសាកល្បងខ្លួនឯងទាំងស្រុង។

ក្នុងរយៈពេល២ឆ្នាំមកហើយ ខ្ញុំតែងរៀនសូត្រពីមនុស្សដែលមានជោគជ័យក្នុងជំនាញរបស់គេ ដែលជាចំណែកនៃការសន្សំចំណេះរបស់ខ្ញុំ។ ខ្ញុំបានសម្ភាសន៍សហគ្រិនជាង១០០នាក់ តាមជំនាញរបស់ពួកគេ ហើយខ្ញុំផ្តោតសំនួររបស់ខ្ញុំទៅលើគន្លឹះនៃភាពជោគជ័យ។

ខ្ញុំទទួលបានចម្លើយដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយខ្ញុំអាចសង្ខេបចេញជាគោលការណ៍មួយចំនួនដែលជាចំណុចសំខាន់ៗ ធ្វើឲ្យសហគ្រិនទាំងនោះជោគជ័យតាមក្តីស្រមៃរបស់ពួកគេ។ ដំបូន្មានរបស់ពួកគេវាអាចប្រើបានទូលំទូលាយ ហើយវាមានសារប្រយោជន៍មិនត្រឹមតែសម្រាប់ការងារធុរកិច្ចទេ តែអាចប្រើសម្រាប់ទូទៅក្នុងការសម្រេចគោលដៅអ្វីមួយបាន។

ខាងក្រោមនេះជាសេចក្តីសង្ខេបនៃរឿងទាំង៥ ដែលបុគ្គលជោគជ័យបេ្តជ្ញាចិត្តអនុវត្តក្នុងការសម្រេចក្តីស្រមៃរបស់គេ បើទោះបីស្ថានការណ៍និងពេលវេលាប្រែប្រួលក៏ដោយ។

១. មានភាពស្វិតស្វាញ


សុភាសិតបុរាណជប៉ុនមួយនិយាយថា “បើដួល៧ដង ត្រូវក្រោកឲ្យបាន៨ដង”។ ភាពបរាជ័យ ឧបសគ្គ និងការធាក់ថយគឺជារឿងតែងកើតឡើងនៅក្នុងដំណើរទៅសម្រេចអ្វីមួយដែលមានអត្ថន័យធំធេង។ តាមពិត គឺបញ្ហប្រឈមទាំងនោះហើយដែលពង្រឹងអ្នកនិងរុញអ្នកឲ្យទៅមុខ។ ភាពបរាជ័យប្រាប់អ្នកថាអ្វីដែលដំណើរការល្អ អ្វីដែលមិនអាចទៅរួច ដូចនេះហើយ អ្នកអាចសម្រប ឬធ្វើការផ្លាស់ប្តូរវិធីសាស្រ្តរបស់អ្នក។

ប៉ុន្តែ ជាទូទៅ ភាពបរាជ័យធ្វើឲ្យមនុស្សភ័យខ្លាច ហើយលែងហ៊ានសាកល្បងតទៅទៀត។ សម្រាប់មនុស្សមួយចំនួន នៅពេលគេដើរទៅប៉ះនឹងទ្វារដែលបិទជិត គេក៏បោះបង់ក្តីស្រមៃរបស់គេចោលទៅ។ បុគ្គលជោគជ័យប្តេជ្ញាចិត្តដោយមិនបោះបង់ក្តីស្រមៃទេ មិនថាគេត្រូវដួលប៉ុន្មានដងឡើយ។

ការស្រាវជ្រាវពិសោធន៍ជាច្រើនបានគាំទ្រសារៈសំខាន់នៃភាពស្វិតស្វាញចំពោះការធ្វើដំណើរទៅរកភាពជោគជ័យ។ នៅក្នុងសៀវភៅដែលលក់ដាច់បំផុតមួយ តាមការចុះផ្សាយរបស់កាសែត New York Times ដែលមានចំណងជើងថា “ចិត្តមោះមុត” អ្នកនិពន្ធ Angela Duckworth បានបង្ហាញប្រភពជាច្រើនដែលជម្រុញឲ្យចិត្តមុតស្រួច អាចយកឈ្នះលើឧបសគ្គទាំងឡាយបាន ដើម្បីសម្រេចគោលដៅ៖
“ចិត្តមោះមុតអាស្រ័យលើប្រភេទនៃក្តីសង្ឃឹម។ វាជាប់ទាក់ទងនឹងការរង់ចាំថាការប្រឹងប្រែងរបស់យើងនឹងបង្កឲ្យមានភាពប្រសើរឡើងនៅពេលអនាគត។ ហើយវាមានភាពខុសគ្នានូវឃ្លាថា ខ្ញុំមានអារម្មណ៍ថាថ្ងៃស្អែកនឹងប្រសើរឡើងនិង ខ្ញុំនឹងប្រឹងប្រែងឲ្យថ្ងៃស្អែកមានភាពប្រសើរឡើង។ ក្តីសង្ឈឹមដែលបុគ្គលមានចិត្តមុះមុតមានមិនមែនជារឿងរង់ចាំព្រេងវាសនាទេ តែជាការប្រឹងប្រែងដើម្បីសម្រេចអ្វីមួយឲ្យបាន។”
ចូរស្វែងរកគោលដៅជីវិតអ្វីមួយឲ្យឃើញជាបឋម រួចហើយធ្វើដំណើរសំដៅទៅរកគោលដៅនោះ ដោយមានការតាំងក្នុងចិត្តថា ខ្ញុំមិនបោះបង់ទេ ដរាបណាខ្ញុំមិនទាន់ជោគជ័យ។

២. រាប់អានជាមួយបុគ្គលជោគជ័យ


កំហុសដ៏ធំមួយដែលមនុស្សទាំងឡាយធ្លាប់ធ្វើគឺការធ្វើដំណើរតែម្នាក់ឯងក្នុងការសម្រេចគោលដៅ និងក្នុងការប្រឈមនឹងបញ្ហាណាមួយ។ អ្នកនឹងអាចធ្វើដំណើរបានវែងឆ្ងាយ សម្រេចកិច្ចការធំ នៅពេលអ្នកមានអ្នករួមដំណើរដែលល្អសមស្រប។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់រឿងនេះ។

លោកបណ្ឌិត Daniel Chambliss សាស្រ្តាចារ្យសង្គមវិទ្យានៅវិទ្យាស្ថាន Hamilton នៃទីក្រុង New York បានចំណាយពេលរាប់ឆ្នាំសិក្សាស្រាវជ្រាវស្វែងយល់អំពីភាពខ្លាំងអស្ចារ្យរបស់កីឡាហែលទឹកអូឡាំពិក។ ការសង្កេតរបស់គាត់មួយគឺថា កីឡាករដែលសម្រេចលទ្ធផលអស្ចារ្យ តែងរាប់អានជាមួយបុគ្គលដែលជួយជំរុញគេឲ្យឡើងកាន់តែខ្ពស់។ គាត់មានប្រសាសន៍ថា “វីធីដ៏ប្រពៃមួយដែលជួយអ្នកឲ្យក្លាយជាអ្នកហែលទឹកដ៏ពូកែអស្ចារ្យ គឺការចូលរួមជាមួយក្រុមដែលល្អអស្ចារ្យ”។ គាត់បន្តទៀតថា ការចូលរួមក្នុងក្រុមដ៏ពូកែអស្ចារ្យនឹងរុញអ្នកឲ្យខំដូចគេ ឲ្យសម្រេចតាមនិយាម(Standard)ខ្ពស់របស់ក្រុម ហើយរឿងទាំងនេះនឹងធ្វើឲ្យសមត្ថភាពរបស់អ្នកប្រសើរឡើង។

ចូររាប់អានជាមួយមនុស្សដែលអាចជួយអ្នកឲ្យឡើងខ្ពស់ដល់សក្តានុពលរបស់អ្នក។ សម្រាប់មនុស្សមួយចំនួន គេអាចស្វែងរកគ្រូបង្វឹក ឬគ្រូជំនួយ។ សម្រាប់អ្នកខ្លះទៀត គេអាចចូលរួមជាមួយក្រុមខ្លាំងណាមួយ ឬក៏ស្វែងរកដែគូដែលមានគោលដៅស្រដៀងគ្នា។ ចូរចំណាយពេលស្វែងរកមនុស្សដ៏ល្អត្រឹមត្រូវ ដើម្បីរាប់អាន ពីព្រោះគេនឹងជួយអ្នកឲ្យឡើងកាន់តែខ្ពស់។

៣. ធ្វើសកម្មភាព

មនុស្សជាច្រើនប្រាថ្នាចង់ជោគជ័យ ប៉ុន្តែគេមិនធ្វើសកម្មភាពដើម្បីបង្កើតវាទេ។ បើអ្នកចង់ជោគជ័យ អ្នកត្រូវធ្វើសកម្មភាពឲ្យជាប់លាប់។  ចូរធ្វើសកម្មភាពពេលអ្នកមានកម្លាំងចិត្ត ហើយបន្តធ្វើសកម្មភាព ពេលអ្នកខ្សោយកម្លាំងចិត្ត ហើយនៅទ្រាំបន្តធ្វើសកម្មភាព បើទោះបីមិនទាន់ឃើញមានការវិវត្តទៅមុខគួរឲ្យចាប់អារម្មណ៍ក៏ដោយ ហើយបន្តធ្វើតទៅទៀត បើទោះបីវាជួបការលំបាកក៏ដោយ។

Gary Vaynerchuk គឺជាឈ្មោះមួយដែលគេស្គាល់នៅក្នុងពិភពធុរកិច្ច ហើយគាត់ធ្លាប់រំឭកជាញយៗថា គាត់ចាប់ផ្តើមពីសូន្យ។ គាត់បានផ្តល់គុណសម្បត្តិនៃជោគជ័យរបស់គាត់ទៅលើគោលការណ៍ថា៖
“ខ្ញុំធ្លាប់ឮគេនិយាយញឹកញាប់ថាៈ តើធ្វើយ៉ាងម៉េច ដើម្បីឲ្យកាសែត New York Times ចុះផ្សាយពីខ្ញុំ?ឬមួយក៏ឃ្លាថា តើខ្ញុំអាចជួបនាយកកាសែតនោះយ៉ាងម៉េចទៅ? រួចហើយខ្ញុំក៏ឆ្លើយតបទៅវិញថា បានមួយវាប្រសើរជាងអត់…។ គោលទស្សនៈ បានមួយវាប្រសើរជាងអត់ គឺជាការបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើសកម្មភាព។ សេចក្តីអំណត់និងការប្តេជ្ញាចិត្តវាសំខាន់ណាស់ ដែលអាចឲ្យយើងធ្វើការសម្ភាសន៍ ៥០០ដង ការហៅទូរស័ព្ទ និងការប្រជុំតាមតុកាហ្វេជាច្រើនដង បើទោះបីមិនទាន់បានទទួលលទ្ធផលអ្វីក៏ដោយ។ ខ្ញុំចង់មានន័យថា ខ្ញុំបានធ្វើការបង្ហាញតាម ទូរទស្សន៍ ទស្សនាវដ្តី កាសែត ស្ទើររាល់ថ្ងៃ ក្នុងរយៈពេល១ឆ្នាំ ហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងរឿងនេះទេ រហូតដល់ក្រោយមក រឿងដែលបានផ្សព្វផ្សាយនេះបានក្លាយជារឿងទាក់ទាញបំផុតមួយសម្រាប់មហាជន។”

ចូរត្រៀមខ្លួនក្នុងការធ្វើសកម្មភាពឲ្យបានច្រើន បើទោះបីជាវាមិនផ្តល់ផលភ្លាមៗក៍ដោយ ហើយដល់ពេលណាមួយ ផ្លែផ្កានៃសកម្មភាពទាំងនោះនឹងរត់រកអ្នក។

៤.  ដឹងពីខ្លួនឯង


អ្នកត្រូវតែដឹងអំពីចំណុចខ្លាំងរបស់អ្នក ព្រមទាំងរបៀបបង្កើនចំណុចខ្លាំងនោះ ដើម្បីរុញអ្នកឲ្យឡើងខ្ពស់ឈោងចាប់គោលដៅរបស់អ្នក។ ជាមួយគ្នាដែរ អ្នកត្រូវដឹងអំពីចំណុចខ្សោយរបស់អ្នក ដើម្បីអ្នកអាចរៀបចំចាត់ចែងជំនួស ឬបំពេញបន្ថែមចំណុចទាំងនេះយ៉ាងម៉េច។

អ្នកច្នៃម៉ូត Tina Lobondi បាននិយាយថា នាងចាប់អារម្មណ៍យកចិត្តទុកដាក់លើគំនិតច្នៃប្រឌិតរបស់នាង ជាជាងការគិតរឿងបញ្ហាហិរញ្ញវត្ថុ។ ក៏ប៉ុន្តែ ដើម្បីពង្រីកកេរិ៍្តឈ្មោះផលិតផលរបស់នាង នាងចាប់ផ្តើមដឹងថា វាត្រូវការគិតរឿងហិរញ្ញវត្ថុ និងការពង្រីកទីផ្សារដើម្បីលក់ឲ្យបានច្រើនជាងមុន បើទោះបីនាងមិនចូលចិត្តរឿងទាំង២នេះក៏ដោយ។ នាងក៏សម្រេចចិត្តស្វែងរកជំនួយ ហើយវាធ្វើឲ្យការរកស៊ីរបស់នាងឡើងខ្ពស់មួយកម្រិតទៀត។

ចូរធ្វើការវាស់ស្ទង់សមត្ថភាព និងជំនាញរបស់អ្នកដោយស្មោះត្រង់ រួចហើយរៀបផែនការបង្កើនសមត្ថភាព ឬស្វែងរកជំនួយបំពេញបន្ថែម។ ចូរចងចាំថា អ្នកមិនអាចធ្វើអ្វីមួយឲ្យល្អប្រសើរ លើរឿងដែលអ្នកមិនពូកែទេ។ 

៥. ប្រឹងរៀនជាបន្តបន្ទាប់


អ្នកមិនដឹងនូវអ្វីដែលអ្នកមិនដឹង។ រឿងនេះច្រើនកើតឡើងនៅពេលអ្នកមិនទាន់ធ្វើអ្វីមួយ។ ប៉ុន្តែនៅពេលអ្នកចាប់ផ្តើមធ្វើអ្វីមួយ អ្នកនឹងទទួលការយល់ដឹងអំពីរឿងនោះបន្តិចម្តងៗ ហើយអ្នកអាចបង្កើនចំណេះដឹង​ ឬជំនាញរបស់អ្នក។

ពេលខ្លះ វាក៏អាចជាការរៀននូវអ្វីដែលចេញក្រៅពីជំនាញរបស់អ្នក។ លោកបណ្ឌិត Marc Smith ជាគ្រូពេទ្យសត្វដ៏ជំនាញម្នាក់ និងជាស្ថាបនិក ក្រុមហ៊ុន PetTao ដែលជាក្រុមហ៊ុនផលិតចំណីសត្វទូទៅ។ គាត់បាននិយាយថា ខ្ញុំបានយល់ដឹងថា ខ្ញុំត្រូវក្លាយជានិស្សិតម្តងទៀត ដើម្បីខ្ញុំអាចលូតលាស់បាន ដោយមានប្រសាសន៍យ៉ាងដូច្នេះថា៖
ខ្ញុំអាចជាគ្រូពេទ្យសត្វដ៏ពូកែជាងគេនៅក្នុងលោក ខ្ញុំអាចមានសញ្ញាប័ត្ររាប់រយ ក៏ប៉ុន្តែ បើអ្នកផងទាំងឡាយមិនស្គាល់ខ្ញុំទេ រឿងទាំងនេះវាគ្មានន័យទេ។ ហេតុដូច្នេះហើយ ទើបខ្ញុំចាប់យកគំនិតថា​ ខ្ញុំត្រូវរៀនដើម្បីក្លាយខ្លួនជាអ្នកទីផ្សារមួយដ៏ពូកែ។ វាមិនមែនគ្រាន់តែសម្រាប់ធុរកិច្ចរបស់ខ្ញុំទេ តែជាពិសេសដើម្បីអាចជួយអ្នកដទៃ និងសត្វឆ្កែជាទីស្រឡាញ់ដែលគេចិញ្ចឹមបានកាន់តែច្រើន។
សូមកុំបញ្ឈប់ការរៀនសូត្រ។ ចូរកំណត់ថា តើជំនាញអ្វីដែលអ្នកត្រូវការ ដើម្បីជួយអ្នកឡើងទៅលើមួយកម្រិតទៀត ក្នុងដំណើរជីវិតរបស់អ្នក។

បុគ្គលជោគជ័យទាំងឡាយបានយល់ដឹងថា ដើម្បីទៅដល់គោលដៅរបស់គេ គេត្រូវតែឆ្លងកាត់ការសាកល្បង និងកំហុសឆ្គងទាំងឡាយ។ ការពិសោធន៍បែបវិទ្យាសាស្រ្តក៏បានបញ្ជាក់រឿងនេះដែរ។ ដូច្នេះ ចាប់ពីពេលនេះ ចូរអ្នកចាប់យកគោលការណ៍ទាំង៥នេះ ដើម្បីធ្វើដំណើរទៅរកជោគជ័យដែលអ្នកប្រាថ្នាចង់បាន៕

--- ^^^ ---  
---      
ប្រែសម្រួលដោយ សាម អ៊ីន -- តុលា ២០១៧
---
-- ដកស្រង់ពីអត្ថបទរបស់ Sonia Thompson, in the Success Magazine (September 2017):
5 Things Successful People Commit Themselves to Doing

-- អត្ថបទទាក់ទង៖

១. តើត្រូវធ្វើយ៉ាងណាពេលជួបបរាជ័យ?

២. អត្តចរិតជារឿងធំចំបងរបស់អ្នក

៣. មូលហេតុ៥យ៉ាងដែលរារាំងអ្នកមិនឲ្យជោគជ័យ

Post a Comment

0 Comments

Ad Code