នៅពាក់កណ្តាលឆ្នាំ ២០០៤ ខ្ញុំបានជូបគ្រូសម្របសម្រួលម្នាក់មកពីប្រទេសឥណ្ឌា។ គាត់បានណែនាំខ្ញុំអំពីសៀវភៅពីរក្បាលដែលសរសេរដោយលោកបណ្ឌិត John C. Maxwell អំពីភាពជាអ្នកដឹកនាំ ទីមួយ "The 21 Irrefutable Laws of Leadership --បទបញ្ញត្តិ ២១ប្រការនៃភាពជាអ្នកដឹកនាំ" និងទីពីរ "The 17 Indisputable Laws of Teamwork -- បទបញ្ញត្តិ ១៧ប្រការនៃការធ្វើការជាក្រុម"។ ខ្ញុំបានអានសៀវភៅទាំង ២ក្បាលនេះដោយជក់ចិត្ត និងយល់ដឹងបានសុីជម្រៅអំពីភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍខ្លួន។ ក្រោយមកទៀត ខ្ញុំក៏ចូលចិត្តអានសៀវភៅច្រើនថែមទៀតអំពីភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍខ្លួន ដោយខ្ញុំពិសោធផ្ទាល់ខ្លួនឃើញថា គោលការណ៍ទាំងនោះយកទៅប្រើប្រាស់សម្រាប់ការងារនិងដឹកនាំជីវិត ដោយផ្តល់ការលូតលាស់ផ្នែកគំនិត ផ្តល់ក្តីរីករាយ និងផ្តល់ជោគជ័យបានច្រើន។ សៀវភៅដែលខ្ញុំអានមានដូចជា "ទម្លាប់ ៧ប្រការរបស់បុគ្គលឆ្នើម -- 7 habits of highly effective people" និពន្ធដោយលោក Steven Covey "បទបញ្ញត្តិស្មារតី ៧ប្រការសម្រាប់ភាពជោគជ័យ -- 7 spiritual laws of success" របស់លោក Deepak Chopra "ព្រះសង្ឃដែលបានលក់ឡានហ្វែរ៉ារ៉ី - The monk who sold his Ferrari" របស់លោក Robin Sharma "ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ - Rich Dad, Poor Dad" របស់លោក Robert Kiyosaki ជាដើម។ល។
ខ្ញុំបានយកគោលការណ៍នៃភាពជាអ្នកដឹកនាំដែលបានរៀនក្នុងសៀវភៅទៅអនុវត្តផ្ទាល់ ហើយសង្កេតឃើញថាផ្តល់អត្ថប្រយោជន៍ល្អ និងជោគជ័យបានច្រើនសម្រាប់ជីវិតការងារនិងជីវិតគ្រួសារ។ ខ្ញុំក៏បានរៀនសូត្រអំពីភាពជាអ្នកដឹកនាំល្អដែលអនុវត្តផ្ទាល់ផ្តល់ជាគំរូពីអ្នកដឹកនាំក្នុងអង្គការ LWF ជាពិសេសពីលោក David H. Mueller ប្រធានអង្គការ LWF Cambodia។
ដោយបានយល់ដឹងអំពីសារៈសំខាន់នៃគោលការណ៍ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍខ្លួន ខ្ញុំមានគំនិតថា គោលការណ៍ទាំងនេះគួរត្រូវបានចែករំលែកដល់យុវជនខ្មែរ ដើម្បីឲ្យគាត់បានយល់ដឹងត្រូវក្នុងការកសាងខ្លួនឈានឆ្ពោះទៅរកជីវិតមួយដែលលូតលាស់ រីករាយនិងមានជោគជ័យ។ ដូច្នេះហើយចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៥ មក ខ្ញុំក៏ចាប់ផ្តើមបង្កើតប្លក់ និងគេហទំព័រនេះឡើងក្នុងគោលបំណង ចែកចាយចំណេះដឹងអំពីភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍខ្លួន។ ជាមួយនេះ ខ្ញុំក៏បញ្ចូលចំណេះដឹងខ្លះៗអំពីប្រជាធិបតេយ្យដើម្បីរួមចំណែកកសាងសង្គមប្រជាធិបតេយ្យឲ្យរស់រវើកនិងចាស់ទុំក្នុងវិស័យនយោបាយនៅកម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មរបស់ខ្ញុំក្នុងវិស័យនយោបាយចាប់តាំងពីឆ្នាំ២០១៤មក។
ក្រោយពីប្រឈមនឹងភាពស្រ្តេសនិងនៃការវាយលុកនៃជំងឺ Myathenia Gravis (MG) តាំងពីចុងឆ្នាំ២០១៨មក ខ្ញុំបានចាប់ផ្តើមសិក្សាស្វែងយល់អំពីបញ្ហាសុខភាព និងសុខុមាលភាព និងដកស្រង់បទពិសោធន៍ជាក់ស្តែងនៃចំណេះដឹងទាំងនេះ ដើម្បីកែលម្អនិងថែរក្សាសុខភាព និងសុខុមាលភាពរបស់ខ្ញុំ។ ខ្ញុំក៏ចាប់ផ្តើមចែករំលែកចំណេះដឹងនិងបទពិសោធន៍នៃការចាត់ចែងជីវិត ដែលគិតអំពី #សុខភាព និង #សុខុមាលភាព នៅក្នុងគេហទំព័រនេះ បូកជាមួយនឹងប្រធានបទ #ការអភិវឌ្ឍខ្លួន និង #ភាពជាអ្នកដឹកនាំ ផងដែរ។
<<ជីវិតយើងខ្លីណាស់។ សូមរស់នៅជាមួយក្តីស្រឡាញ់ ការរៀនសូត្រ និងបន្សល់មរតកនៃភាពជាអ្នកដឹកនាំល្អ។>>
<<ជីវិតមួយ ដែលជោគជ័យនិងរីករាយ ត្រូវរួមផ្សំជាមួយការអភិវឌ្ឍខ្លួនជាប្រចាំ កសាងភាពជាអ្នកដឹកនាំល្អ និងថែរក្សាសុខភាពឱ្យបានល្អ។>>
0 Comments