Ticker

6/recent/ticker-posts

ប្រវត្តិសង្ខេប


១. កុមារភាព និងការរៀនសូត្រ [1972 - 1989] ​

ខ្ញុំកើតនៅឆ្នាំ ១៩៧២ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ក្នុងគ្រួសារមួយដែល​ឪពុកមានឈាមជ័រមកពី​ត្រកូល​ជាអ្នក​ជំនួញ និងម្តាយមានឈាមជ័រមកពីត្រកូលជាកសិករ។ នាពេលនោះ សង្គ្រាមសុីវិល​បាន​ចាប់ផ្តើម​​ឆាបឆេះ​ក្នុងប្រទេស​កម្ពុជា​។
ខ្ញុំចាប់បាន​បទពិសោធន៍​ខ្លះៗ​នៃជីវិត​កុមារភាព​ក្នុងរបបខ្មែរក្រហម (១៩៧៥ ដល់ ១៩៧៩) ដែលពេលនោះ​ខ្ញុំ​ត្រូវធ្វើការ​​ខ្លះៗក្នុងក្រុមកុមារ ដូចជាកើបលាមកគោ ក្របី សម្រាប់ធ្វើជី។
ក្រោយការដួលរលំនៃរបបខ្មែរក្រហម គ្រួសារខ្ញុំបានមករស់នៅភ្នំពេញ។ ខ្ញុំបានចូលសិក្សា​នៅ​សាលាសន្ធរម៉ុក (១៩៨០ ដល់ ១៩៨៦) និងក្រោយមកទៀត​រៀននៅសាលា​​បាក់ទូក (១៩៨៧ ដល់ ១៩៨៩) ​ដោយសារ​បានជាប់​ជា​សិស្សពូកែ​គណិតវិទ្យាប្រចាំរដ្ឋធានីភ្នំពេញ។ 

មិត្តរួមជំនាន់នៃសាលាសន្ធរម៉ុក​និងបាក់ទូកជូនដំណើរពេលទៅសិក្សានៅប្រទេសអាល្លឺម៉ង់​ នាឆ្នាំ១៩៩០

២. ការសិក្សានៅប្រទេសអាល្លឺម៉ង់ [1990 - 2002]
ដោយសារតែបានជាប់ជាពិសេស​ពូកែទូទាំងប្រទេស​ផ្នែកគណិតវិទ្យា ខ្ញុំបានជាប់​អាហា​រូបករណ៍ទៅរៀន​នៅប្រទេស​អាល្លឺម៉ង់​ផ្នែករុក្ខកម្ម (វិទ្យាសាស្រ្តព្រៃឈើ) នៅឆ្នាំ ១៩៩០។ នៅឆ្នាំ ១៩៩៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ដ្រេសដិន [University of Technology Dresden] ខ្ញុំបានត្រលប់មកស្រុកខ្មែរ និងធ្វើការ​ជាមួយ​អង្គការអភិវឌ្ឍន៍​អាល្លឺម៉ង់ GTZ ចំនួន ១ ឆ្នាំកន្លះ ហើយក៏ត្រលប់ទៅបន្តការសិក្សាចប់​ថ្នាក់បណ្ឌិត​ផ្នែក​នយោបាយ​ព្រៃឈើនៅអាល្លឺម៉ង់វិញរហូតដល់ឆ្នាំ ២០០២។ ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត មានការ​គាំទ្រអាហារូបករណ៍ពីមូលនិធិអាហារូបករណ៍រដ្ឋអាល្លឺម៉ង់ (Deutscher Akademischer Austausch Dienst, DAAD)។

លោកសាស្រ្តាចារ្យ​សាកលវិទ្យាល័យបច្ចេកវិទ្យា​ Dresden, Prof. Dr. E. U. Köpf អបអរសាទរនិងជូនពរពេលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត​ នៅចុងឆ្នាំ២០០២

នៅប្រទេសអាល្លឺម៉ង់ ក្រៅពីមុខវិជ្ជាជំនាញ ខ្ញុំបានរៀនសូត្រតាមរយៈការសង្កេត អំពីប្រព័ន្ធ​ប្រជាធិបតេយ្យសេរីពហុបក្សមួយដ៏ល្អ​ ការផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធិភាព និង​វប្បធម៏ធ្វើការងារដោយហ្មត់ចត់ មុឹងម៉ាត់ និងការគោរពពេលវេលាដ៏ខ្ជាប់ខ្ជួនរបស់ជនជាតិ​អាល្លឺម៉ង់។
ខ្ញុំក៏សង្កេតឃើញផងដែរ អំពីការរើសអើងជាតិសាសន៍ និងមើលងាយ​ជនបរទេស​របស់​ពលរដ្ឋអាល្លឺម៉ង់មួយចំនួនផងដែរ។

៣. បទពិសោធន៍ការងារសង្គម [2003 - 2014]
ដោយដឹងច្បាស់ក្នុងខ្លួនថា ខ្ញុំស្រឡាញ់ស្រុកកំណើតខ្លាំង និងមិនអាចរស់នៅស្រុក​គេដោយរីករាយ និងមាន​មោទនភាព​បាន ខ្ញុំបានសម្រេចចិត្តវិលមករស់នៅ និងធ្វើការនៅ​ស្រុកខ្មែរវិញនៅដើមឆ្នាំ ២០០៣។ ដោយមានការ​គាំទ្រពី​អង្គការ​សាសនាអាល្លឺម៉ង់​ (Evangelischer Entwicklungsdient, EED) ​ខ្ញុំបានចូលបម្រើការងារ នៅអង្គការលូថេរ៉ាន​បម្រើ​ពិភពលោក​ (Lutheran World Federation, LWF) ប្រចាំនៅកម្ពុជា។ អង្គការ LWF បានបំពេញបេសកកម្មជួយប្រជាពលរដ្ឋ​កម្ពុជាចាប់តាំងពីឆ្នាំ ១៩៨០ ជាពិសេសធ្វើការ លើជំនួយមនុស្សធម៌ និងលើកកម្ពស់ជីវភាព​រស់នៅប្រជាពលរដ្ឋក្រីក្រនៅជនបទ ព្រមទាំងលើកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស។
ខ្ញុំពេញចិត្តនឹងការងារនៅទីនេះ ដោយមើលឃើញពីផលប៉ះពាល់ជាវិជ្ជមានដល់ជីវភាព​របស់ប្រជាពលរដ្ឋនៅជនបទ និងបរិយាកាសការងារល្អប្រសើរដោយសារតែមានអ្នកដឹកនាំល្អ។ ខ្ញុំទទួលបានការចូលចិត្តពីសហការីដទៃទៀត និងការពេញចិត្តពីអ្នកដឹកនាំជាន់ខ្ពស់ជាពិសេស លោក David Mueller ជាប្រធានអង្គការ។ ការងាររបស់ខ្ញុំចេះតែបន្តទៅមុខដោយរីករាយ និងជោគជ័យ ព្រមទាំងទទួលបានតួនាទីទទួលខុសត្រូវកាន់តែខ្ពស់ជាបន្តបន្ទាប់ ជាអនុប្រធាន​កម្មវិធី ប្រធានកម្មវិធី និងអនុប្រធានប្រចាំប្រទេសរហូតដល់ឆ្នាំ ២០១០។
ពេលដែលអង្គការ LWF ធ្វើជាតូបនីយកម្មជាផ្លូវការ ចាប់ពីដើមឆ្នាំ២០១១ ដោយក្លាយជា​អង្គការ​ក្នុងស្រុកមានឈ្មោះថា ជីវិតថ្លៃថ្នូរ (Life With Dignity, LWD) ក្រុមប្រឹក្សាភិបាលបាន​ជ្រើសរើសខ្ញុំជានាយកប្រតិបត្តិ ដែលដឹកនាំក្រុមការងារមួយមានគ្នាសរុបប្រមាណជាង ២០០ នាក់ ក្នុងការបន្តបេសកកម្មជួយប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងខេត្តចំនួនបួន គឺ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងពោធិ៍សាត់។ ថវិកាប្រចាំឆ្នាំរបស់អង្គការ LWD មានប្រមាណ ៤ ទៅ ៥ លានដុល្លារ​អាមេរិកក្នុង ១ ឆ្នាំ។ ខ្ញុំបំពេញការងារជានាយកប្រតិបត្តិដែលមានអណត្តិ ៤ ឆ្នាំរហូតដល់ចុងឆ្នាំ ២០១៤។ ក្នុងពេលនោះ ខ្ញុំក៏បានបម្រើជាប្រធាន អនុប្រធាន និងសមាជិករបស់ក្រុមប្រឹក្សាភិបាល​អង្គការមួយចំនួនផងដែរ ដូចជា MLUP BAITONG, CCC, DPA និង CCBEN។ ខ្ញុំបានទទួល​ពានរង្វាន់​ភាពជាអ្នកដឹកនាំអាស៊ានលើវិស័យអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ផ្តល់ជូនដោយអគ្គលេខាធិការដ្ឋានអាស៊ាន នាខែកក្កដា ឆ្នាំ២០១៣។

ពេលបម្រើការងារនៅអង្គការមិនមែនរដ្ឋាភិបាល ខ្ញុំបានរៀនសូត្រអំពីស្មារតីបម្រើ​ប្រជាពលរដ្ឋ ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំល្អ។
ប្រជាពលរដ្ឋក្រីក្រអាចជួយឲ្យងើបផុតពីភាពក្រីក្របាន បើយើងមានវិធីសាស្រ្តជួយត្រឹមត្រូវ​ដោយជំរុញទឹកចិត្តឲ្យគាត់ចេះអភិវឌ្ឍគំនិតឧស្សាហ៍ព្យាយាម ចេះសន្សំលុយ ចេះវិនិយោគ និងចេះ​ធ្វើការជាក្រុមដើម្បីជួយគ្នាទៅវិញទៅមក។
ខ្ញុំក៏បានរៀនសូត្រផងដែរពីបញ្ហាប្រឈមរបស់អង្គការមិនមែនរដ្ឋាភិបាល ដោយត្រូវរស់ពឹង​អាស្រ័យលើលុយជំនួយពីបរទេស ហើយមិនមានសេរីភាពច្រើនធ្វើអ្វីដែលយើងយល់ថា​ត្រឹមត្រូវ ព្រោះលុយជំនួយសុទ្ធតែមានលក្ខខណ្ឌ និងមានតម្រូវការអាទិភាពរបស់​ម្ចាស់​ជំនួយ។

@ រូបភាពពេលបំពេញការងារនៅអង្គការសង្គមស៊ីវិល​ LWF និង​​ LWD ៖





  
៤. ការចូលរួមការងារនយោបាយ [2014 - បច្ចុប្បន្ន]
នៅឆ្នាំ ២០១៣ ខ្ញុំចាប់ផ្តើមមានចំណាប់អារម្មណ៍រឿងនយោបាយកាន់តែខ្លាំង ជាពិសេស ការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងព្រឹត្តិការណ៍តវ៉ា និងទាមទារក្រោយការបោះឆ្នោត។ ខ្ញុំបាន​ចូលរួមប្រជុំជាមួយអង្គការដែលធ្វើការលើរឿងបោះឆ្នោត និងឃ្លាំមើលសិទ្ធិមនុស្ស។ ខ្ញុំចាប់ផ្តើម​មានទំនាក់ទំនងការងារខ្លះៗជាមួយ បង យ៉េង វីរៈ ដែលកាលនោះគាត់ជានាយកអង្គការ​អប់រំច្បាប់សម្រាប់សហគមន៍ (CLEC) លោក គុល បញ្ញា នាយកអង្គការខុមហ្វែល។ល។ ក្រោយមកទៀត ខ្ញុំក៏បានជួប និងចូលរួមខ្លះជាមួយក្រុម បង យ៉ង សាំងកុមារ បង កែម ឡី បង ប៉ា ងួនទៀង ដែលក្រុមគាត់មានច្រក​ផ្តល់យោបល់ ផ្តល់គំនិតដល់ថ្នាក់ដឹកនាំគណបក្សប្រឆាំង។ ក្រុមនេះបាន​ផ្តល់គំនិតឲ្យថ្នាក់ដឹកនាំ​គណបក្សសង្រ្គោះជាតិរៀបយុទ្ធសាស្រ្តដើម្បីការផ្លាស់ប្តូរ​ដោយសន្តិភាព ដោយប្រើសារ​នយោបាយវិជ្ជមាន កុំញុះញង់ កុំប្រមាថ កុំសងសឹក កុំគុំកួន និងស្នើសុំឲ្យគណបក្ស​ប្រឆាំងកែទម្រង់ផ្ទៃក្នុងផ្តល់គម្រូល្អជាគណបក្សដែលមានប្រជាធិបតេយ្យ​ផ្ទៃក្នុង។ ដោយមានការ​ខកចិត្តចំពោះការធ្វើមិនដឹងមិនឮរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំពោះ​គំនិតយោបល់ ក្រុមការងារយើងក៏ចាប់ផ្តើមមានគំនិតបង្កើតជាបណ្តាញសង្គមដើម្បីផ្សព្វផ្សាយ​អំពីគោលការណ៍​ប្រជាធិបតេយ្យដល់ប្រជាពលរដ្ឋ និងតស៊ូមតិឲ្យអ្នកនយោបាយកែទម្រង់​គណបក្ស​​ឲ្យមាន​​​លក្ខណៈ​ប្រជាធិបតេយ្យផ្ទៃក្នុង។ បណ្តាញសង្គម ខ្មែរដើម្បីខ្មែរ ក៏ចាប់កំណើតឡើងពីចុងឆ្នាំ ២០១៤ ដោយមានការចូលរួមដឹកនាំពីលោក បណ្ឌិត កែម ឡី បណ្ឌិត យ៉ង សាំងកុមារ លោក យ៉េង វីរៈ លោក ប៉ា ងួនទៀង ខ្ញុំ (សាម អុីន) និងបញ្ញវន្តមួយចំនួនទៀត។ យើងបានធ្វើការជួប​ប្រជុំជាមួយប្រជាពលរដ្ឋនៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជជែកពិភាក្សាអំពី​គោលការណ៍​​ប្រជាធិបតេយ្យ និងប្រជាធិបតេយ្យ​ផ្ទៃក្នុងបក្ស។
ដោយយល់ឃើញថា មិនអាចជំរុញឲ្យមានការកែទម្រង់ផ្ទៃក្នុងគណបក្សនយោបាយបាន តាមរយៈចលនាបណ្តាញសង្គម ខ្មែរដើម្បីខ្មែរ យើងក៏បានសម្រេចចិត្ត ដោយមានការយល់ព្រម​ពីអ្នកដឹកនាំមូលដ្ឋានមួយចំនួន បង្កើតជាគណបក្សនយោបាយដែលផ្តល់គំរូឈានមុខ ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (Grassroots Democratic Party--GDP) ក៏បានកើតជារូបរាងឡើង​ជាផ្លូវការ​នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៥។

ក្រៅពីភាពសកម្មក្នុងកិច្ចការងារនយោបាយ ខ្ញុំចូលចិត្តការអានសៀវភៅ និងចែករំលែកចំណេះដឹងអំពីការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំដល់យុវជនខ្មែរ​ តាមរយៈការបង្កើតនិងសរសេរក្នុងប្លក់​ និងការបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់យុវជន។

កិច្ចការងារក្នុងវិស័យនយោបាយបានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ខ្ញុំពីដំបូងៗ។ ជាមួយនេះបញ្ហាប្រឈមក៏ចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់ និងចេះតែកើនឡើង។ បញ្ហាប្រឈមមួយគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំ ដោយសារខ្ញុំពុំមានបទពិសោធន៍និងពុំមានការេយល់ដឹងច្រើនអំពីវិស័យនយោបាយ គឺការលាបពណ៌និងការជេរប្រមាថពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមមកលើក្រុមយើង រួមទាំងខ្ញុំផ្ទាល់ផងដែរ។ បញ្ហាប្រឈមចម្បងមួយទៀត គឺការខ្វះខាតថវិកាផ្ទាល់ខ្លួន និងសម្រាប់ស្ថាប័ន។ ក្រោយពីបាត់បង់ប្រាក់ខែជាង៣ពាន់ដុល្លារ ខ្ញុំត្រូវបំពេញការងារមួយដែលពុំមានប្រាក់ខែទាល់តែសោះ ហើយត្រូវទទួលបន្ទុកចូលរួមចំណាយលើរឿងផ្សេងៗ ដូចជាពេលចុះមូលដ្ឋានជួបសកម្មជន ចំណាយលើរដ្ឋបាលគណបក្ស។ល។ មានពេលព្រឹកមួយក្នុងឆ្នាំ២០១៦ កូនស្រីទាំងពីររបស់ខ្ញុំដែលនៅក្មេងៗនៅឡើយ បានសុំខ្ញុំឱ្យជូនពួកគេទៅហូបអាហារពេលព្រឹកនៅហាងកាហ្វេប្រោននៅក្បែរផ្ទះ។ ខ្ញុំបានបដិសេធសំណើរនេះ ពីព្រោះមិនសូវមានលុយ និងមិនចង់ចំណាយច្រើន។ ក្រោយបដិសេធរួច អារម្មណ៍ពឺតផ្សាមួយបានកើតឡើងក្នុងបេះដូងរបស់ខ្ញុំ។ ក្រៅពីនេះ ខ្ញុំក៏មានអារម្មណ៍ឈឺចាប់ ពេលឃើញសហការីក្នុងអគ្គលេខាធិការដ្ឋានខំប្រឹងបំពេញការងារជួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តែយើងពុំមានលទ្ធភាពជួយជាប្រាក់ខែ ឬប្រាក់ឧបត្តម្ភជូនពួកគាត់។

@ រូបភាពពេលប្រឡូកក្នុងវិស័យនយោបាយជាមួយបណ្តាញសង្គមខ្មែរដើម្បីខ្មែរ​ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៖




ភាពតានតឹង និងស្ត្រេសចេះតែកើនឡើងក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំខំប្រឹងប្រយុទ្ធប្រឆាំងនឹងវា។ ជាពិសេស នៅពេលរសៀល ចាប់ពីម៉ោងពីរទៅ អារម្មណ៍ស្រ្តេសកើតឡើងខ្លាំង ហើយខ្ញុំខំប្រឹងប្រយុទ្ធយកឈ្នះវា ដោយខំប្រឹងសម្ងំក្នុងផ្ទះ អង្គុយអានសៀវភៅ ឬសរសេរអត្ថបទចែករំលែកទាំងបង្ខំ។ គួបផ្សំនឹងលទ្ធផលមិនជាទីគាប់ចិត្តនៃការងារនយោបាយ អារម្មណ៍ស្រ្តេសចេះតែកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ រហូតកកើតជាជំងឺមួយដែលមានឈ្មោះជាភាសាអង់គ្លេសថា Myathenia gravis (MG) ដែលអាចប្រែថា ជំងឺខ្សោយសាច់ដុំធ្ងន់ធ្ងរ ដែលស្ទើរតែបញ្ចប់ជីវិតខ្ញុំនៅចុងឆ្នាំ២០១៨ បើពុំមានការសង្គ្រោះបន្ទាន់ពីគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបំរុងរ៉ាត់ នាទីក្រុងបាងកក។

ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នាខែកក្កដា ឆ្នាំ២០១៨ ជាមួយលទ្ធផលគួរឱ្យខកចិត្តខ្លាំង ខ្ញុំក៏ចាប់ផ្តើមរៀនសូត្រស្វែងយល់ឱ្យស៊ីជម្រៅ តាមរយៈការអានសៀវភៅ និងស្តាប់ YouTube អំពីដំណើរការកសាងលទ្ធិប្រជាធិបតេយ្យនៅប្រទេសផ្សេងៗ រួមទាំងនៅប្រទេសអង់គ្លេស ប្រទេសអាមេរិក និងភាពបរាជ័យនៃការខំប្រឹងកសាងលទ្ធិប្រជាធិបតេយ្យ បែបបង្ខំនៅប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ាក់ ជាដើម។ ការរៀនសូត្រទាំងនេះបានជួយខ្ញុំឱ្យធ្វើការសន្និដ្ឋានថា ការកសាងលទ្ធិប្រជាធិបតេយ្យបែបចាស់ទុំ រស់រវើក និងស៊ីវិល័យ នៅកម្ពុជា ដែលខ្ញុំចង់បាន ត្រូវការរយៈពេលវែង និងត្រូវការកត្តាច្រើនកើតឡើងផ្គុំគ្នា ជាពិសេស ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការកកើតវណ្ណៈកណ្តាល ដែលត្រូវកើតចេញពីការកសាងរដ្ឋមួយឱ្យរឹងមាំ និងមានការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនជាមុនសិន។ ជាមួយនេះផងដែរ ខ្ញុំក៏ចាប់ផ្តើមយល់ដឹងអំពីហានិភ័យខ្ពស់នៃការកកើតភាពវឹកវរ ចលាចលសង្គម ការបង្ហូរឈាម និងឈានទៅមានសង្រ្គាមស៊ីវិលឡើងវិញ ចំពោះប្រទេសដែលទើបងើបចេញពីការបែកបាក់ជាតិ និងសង្រ្គាមរុាំរ៉ៃ ដូចជាប្រទេសកម្ពុជាយើង។ ខ្ញុំចាប់ផ្តើមយល់អំពីតម្លៃសន្តិភាព និងអាទិភាពចម្បងនៃការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ហើយក៏បានឱ្យតម្លៃ និងកោតសរសើរស្នាដៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកសាងសន្តិភាព និងថែរក្សាស្ថិរភាពសង្គម នៅក្នុងចិត្តរបស់ខ្ញុំតែម្នាក់ឯង។ ជាមួយនេះ ជាបណ្តើរៗ ខ្ញុំក៏ចាប់ផ្តើមបាត់បង់បុព្វហេតុ និងក្តីសង្ឃឹមនៃការតស៊ូរបស់ខ្ញុំជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយចេះតែសួរខ្លួនឯងថា តើខ្ញុំគួរធ្វើអ្វីវិញ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ខ្ញុំបានគិតអំពីជម្រើសផ្សេងៗ ដែលក្នុងនោះរួមមាន ១) បន្តការតស៊ូនៅជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាមួយភាពធុញទ្រាន់មិនអាចធ្វើអ្វីបានច្រើន និងគ្មានលទ្ធផល ២) បកទៅបម្រើការងារក្នុងអង្គការ NGO វិញ ដែលមានប្រាក់ខែច្រើនសមរម្យ តែលែងមានចំណង់ ៣) ចូលរួមបម្រើរាជរដ្ឋាភិបាល ឬក៏ ៤) ចូលនិវត្តន៍តែម្តង។ បើទោះបីជាបាត់បង់បុព្វហេតុ និងក្តីសង្ឃឹមក៏ដោយ ក៏ខ្ញុំនៅមានភាពស្ទាក់ស្ទើរច្រើន ក្នុងការធ្វើក្តីសម្រេចចិត្ត ដោយសារតែចេះតែនឹកឃើញដល់ក្រុមការងារ GDP ដែលធ្លាប់តស៊ូជាមួយគ្នា និងអ្នកគាំទ្រការតស៊ូរបស់ខ្ញុំកន្លងមក។ បន្ទាប់ពីសង្កេតឃើញការចូលរួមសកម្ម និងមានប្រយោជន៍ក្នុងរាជរដ្ឋាភិបាលរបស់ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រមាណ៤ខែកន្លងមក ខ្ញុំបានគិតថា ខ្ញុំត្រូវមានការសម្រេចចិត្តដ៏ច្បាស់លាស់មួយ មិនអាចស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់បែបនេះយូរទេ។ ខ្ញុំក៏សម្រេចចូលរួមជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ តាមប្រព័ន្ធតេលេក្រាម។ ខ្ញុំត្រូវបានតែងតាំង និងចូលបម្រើការងារជា​រដ្ឋលេខាធិការក្រសួងបរិស្ថានចាប់តាំងពីថ្ងៃទី៤ ខែមេសាឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន។ 

ក្នុងពេលទំនេរពីការងារក្នុងក្រសួងបរិស្ថាន ខ្ញុំបន្តការអាន និងសរសេរអំពីការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំ ដើម្បីចែករំលែកដល់យុវជន តាមរយៈប្លក់ និងគេហទំព័ររបស់ខ្ញុំ www.realsaminn.blogspot.com និង​ www.realsaminn.com ហើយបន្ទាប់ពីមានបញ្ហាសុខភាព ខ្ញុំក៏សិក្សាស្វែងយល់និងដកស្រង់បទពិសោធន៍អំពីរឿងសុខភាព និងសុខុមាលភាព និងបញ្ចូលចំណេះដឹងនិងបទពិសោធន៍ទាក់ទងនឹងរឿងនេះទៅក្នុងការសរសេរចែករំលែករបស់ខ្ញុំដែរ ដើម្បីជួយអ្នកដទៃ ជាពិសេស យុវជន ឱ្យរស់នៅឈានឆ្ពោះទៅរកភាពលូតលាស់ល្អអំពីការអភិវឌ្ឍខ្លួននិងភាពជាអ្នកដឹកនាំ មានក្តីរីករាយ មានសុខភាពល្អ​ និងមានជោគជ័យក្នុងជីវិត។

@ រូបភាពក្រោយការសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន​ និងបម្រើការងារក្នុងរាជរដ្ឋាភិបាល







Post a Comment

0 Comments

Ad Code