ប្រជាពលរដ្ឋខ្មែរសុខចិត្តឈរតម្រង់ជួររង់ចាំរាប់ម៉ោងនៅក្នុងបរិវេណវត្តចាស់ស្ថិតនៅឯជាយខាងកើតនៃទីក្រុងភ្នំពេញដើម្បីបានចូលសម្តែងការគោរពប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។ ពួកគេមានទឹកមុខស្រងូតស្រងាត់ ក្រៀមក្រំ និងសោកស្តាយក្រៃលែងចំពោះការ បាត់បង់ដ៏ធំមួយរបស់ជាតិខ្មែរ។ តំណាងជាន់ខ្ពស់របស់គណបក្សនយោបាយនានា តំណាង ជាន់ខ្ពស់របស់ស្ថានទូតទាំងឡាយដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិល និងតំណាងព្រះមាតាជាតិខ្មែរ បានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ទីកន្លែង។ សូម្បីតែអ្នកសូមទាន និងជនពិការក្រីក្រក៏បានចូលរួមបរិច្ខាក ដើម្បីសំដែងការសោកស្តាយជាមួយមហាជនទូទៅដែរ។ សារព័ត៌មាននានា វិទ្យុ បណ្តាញសង្គម Facebook បាននិយាយមិនដាច់អំពីរូបគាត់។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការទាមទារយុត្តិធម៌ចំពោះរូបគាត់។ ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង សំដែងការដឹងគុណយ៉ាងជ្រាលជ្រៅ និងការគោរពដ៏ខ្ពង់ខ្ពស់ដល់បុគ្គលមួយរូបដែលគ្មានឋានៈតួនាទីផ្លូវការណាមួយសោះ។ នៅថ្ងៃដង្ហែរសព (២៤ កក្កដា ២០១៦) ប្រជាពលរដ្ឋខ្មែរប្រមាណពីរលាននាក់បានចូលរួមដង្ហែរ និងឈររង់ចាំគោរពតាមផ្លូវពីក្រុងភ្នំពេញឆ្ពោះទៅខេត្តតាកែវ ដោយពេញចិត្ត និងសុខចិត្តទ្រាំនឹងការលំបាកផ្សេងៗ។ នេះជាការចូលរួមគោរពរបស់ពលរដ្ឋដ៏ច្រើនលើសលុបក្នុងពិធីដង្ហែរសពដែលពុំធ្លាប់មានកន្លងមកនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើគារវកិច្ចគោរពដល់កុលបុត្រដ៏ឆ្នើមរបស់ពួកគាត់គឺ លោក បណ្ឌិត កែម ឡី។
បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជីវិតចំនួនពីរគ្រាប់យ៉ាងសាហាវព្រៃផ្សៃ នៅថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅកន្លែងហាងកាហ្វេស្តាម៉ាតកាល់តិច ក្បែរស្តុបបូកគោ កណ្តាលក្នុងភ្នំពេញ។ ព័ត៌មានអំពីការបាញ់សម្លាប់លោក ធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេស និងរស់នៅក្រៅស្រុក តក់ស្លុត សោកស្តាយ និងចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំក្រៃលែង។ នៅក្នុងបណ្តាញសង្គម Facebook និងក្នុងវេទិកាពិភាក្សាតាមវិទ្យុ ប្រជាពលរដ្ឋបានចាត់ទុករូបលោក បណ្ឌិត កែម ឡី ជាវីរបុរសក្នុងបេះដូងខ្មែរ។
បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជីវិតចំនួនពីរគ្រាប់យ៉ាងសាហាវព្រៃផ្សៃ នៅថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅកន្លែងហាងកាហ្វេស្តាម៉ាតកាល់តិច ក្បែរស្តុបបូកគោ កណ្តាលក្នុងភ្នំពេញ។ ព័ត៌មានអំពីការបាញ់សម្លាប់លោក ធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេស និងរស់នៅក្រៅស្រុក តក់ស្លុត សោកស្តាយ និងចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំក្រៃលែង។ នៅក្នុងបណ្តាញសង្គម Facebook និងក្នុងវេទិកាពិភាក្សាតាមវិទ្យុ ប្រជាពលរដ្ឋបានចាត់ទុករូបលោក បណ្ឌិត កែម ឡី ជាវីរបុរសក្នុងបេះដូងខ្មែរ។
តើ បណ្ឌិត កែម ឡី ជានរណា?
លោក កែម ឡី ជាកូនខ្មែរម្នាក់ដែលមានកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ លោកប្រសូត្រនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧០។ លោកបានបញ្ចប់ការសិក្សាជាវេជ្ជបណ្ឌិតនៅឆ្នាំ ១៩៩២ នៅមហាវិទ្យាល័យវេជ្ជសាស្រ្តក្នុងក្រុងភ្នំពេញ និងទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសង្គមនៅឆ្នាំ ២០០៨ នៅសាកលវិទ្យាល័យម៉ាឡាយ៉ា ប្រទេសម៉ាឡេស៊ី។ ក្រោយការសិក្សាលោកបានបំពេញការងារក្នុងអង្គការអន្តរជាតិមួយចំនួន និងជាពិសេសធ្វើការជាអ្នកជំនាញឯករាជ្យសិក្សាស្រាវជ្រាវ និងវាយតម្លៃឲ្យគម្រោងកម្មវិធីរបស់អង្គការជាតិ និងអន្តរជាតិជាច្រើន។ កិច្ចការស្រាវជ្រាវ និងវាយតម្លៃប្រមាណ ២០ ឆ្នាំ បានធ្វើឲ្យលោកទទួលបានចំណេះដឹង និងបទពិសោធន៍ស៊ីជម្រៅបែបវិទ្យាសាស្រ្តអំពីបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ច។ហេតុអ្វីបានជាពលរដ្ឋខ្មែរចាត់ទុក បណ្ឌិត កែម ឡី ជាវីរបុរសក្នុងបេះដូងខ្មែរ? តើលោកបានកសាងស្នាដៃអ្វីខ្លះ?
លោក បណ្ឌិត កែម ឡី បានលះបង់ពេលវេលារបស់លោកយ៉ាងសកម្មដោយមិនគិតអំពីការនឿយហត់ និងគ្រោះថា្នក់ដល់ជីវិត ក្នុងការចែករំលែកការវិភាគរបស់លោកជូនមហាជនទូទៅតាមរយៈប្រព័ន្ធសារព័ត៌មាន ជាពិសេសវិទ្យុ និងជាវាគ្មិនក្នុងសិក្ខាសាលាផ្សេងៗ។ ជាញឹកញាប់ប្រជាពលរដ្ឋបានស្តាប់ការវិភាគរបស់លោក តាមរយៈវិទ្យុអាស៊ីសេរី សម្លេងសហរដ្ឋអាមេរិក សំបុកឃ្មុំ សារិកា បារាំងអន្តរជាតិ សម្លេងសង្គមស៊ីវិល សម្លេងសហគមន៍។ល។ អ្វីដែលធ្វើឲ្យការវិភាគរបស់លោកមានប្រជាប្រិយភាពបំផុតគឺទេព្យកោសល្យនៃការប្រើភាសាសាមញ្ញ ងាយយល់ ចំពោះបញ្ហាសង្គម និងនយោបាយដែលស្មុគស្មាញ។ លោកហ៊ាននិយាយតិទៀនរដ្ឋាភិបាល និងគណបក្សនយោបាយដោយត្រង់ៗ ចំៗ ទោះបីការតិទៀនទាំងនោះពេលខ្លះជារឿងរសើបខ្លាំងក៏ដោយ។ ការតិទៀនរបស់លោកគឺមានបំណងស្ថាបនា និងកែលម្អសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន។ បន្ថែមពីនេះ លោកក៏ចូលចិត្តធ្វើការតិទៀនបញ្ហានយោបាយ និងសង្គមតាមរយៈគេហទំព័រ Facebook ដ៏មានប្រជាប្រិយភាពរបស់លោកតាមបែបជារឿងនិទាន និងរឿងកំប្លែង។ ការហ៊ាននិយាយតិទៀនដោយចំហរ និងប្រកបដោយទេព្យកោសល្យខ្ពស់បានជំរុញកម្លាំងចិត្ត មហាជន ជាពិសេសយុវជនឲ្យហ៊ានជជែកពិភាក្សាអំពីបញ្ហានយោបាយ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផ្សេងៗ។ ជាមួយនេះមហាជនក៏បានយល់ដឹងកាន់តែច្រើនឡើងអំពីរឿងរ៉ាវរាក់ជ្រៅនៅពីក្រោយវាំងនននៃឈុតឆាកនយោបាយខ្មែរ តាមរយៈការវិភាគ និងការបកស្រាយរបស់លោកប្រកបដោយភាពទន់ភ្លន់ ស៊ីជម្រៅ និងក្លាហាន។ លោកតែងនិយាយថា លោកជាអ្នករូតវាំងននឲ្យមហាជនបានដឹងអំពីល្បិចកលទាំងឡាយរបស់អ្នកនយោបាយខ្មែរ។ លោកបានបំពេញភារកិច្ចនេះរហូតដល់ថ្ងៃដែលគេបាញ់ប្រហាររូបលោក។
លោក កែម ឡី ក៏ចូលចិត្តលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួនក្នុងការធ្វើយុទ្ធនាការផ្សេងៗដូចជាយុទ្ធនាការបរិស្ថាន ការពារព្រៃឡង់ និងតំបន់អារ៉ែង។ ក្នុងគោលបំណងរៀបចំផែនការបន្តវេនពីរូបលោក លោកបានបណ្តុះក្រុមអ្នកវិភាគវ័យក្មេង និងចងក្រងក្រុមអ្នកវិភាគសង្គម ដើម្បីពង្រីកតួនាទីអ្នកវិភាគក្នុងការស្វែងរកការពិត និងផ្តល់ព័ត៌មានជាក់លាក់បែបវិទ្យាសាស្រ្តជូនដល់សាធារណជន។ ៧ សប្តាហ៍មុនការបាញ់សម្លាប់រូបលោក គឺចាប់ពីថ្ងៃទី ២០ ឧសភា ២០១៦ បណ្ឌិត កែម ឡី បានបើកយុទ្ធនាការ “១០០ រាត្រី” ក្នុងគោលបំណងស្វែងរកការពិត និងចងក្រងជាឯកសារ អំពីស្ថានការណ៍ជាក់ស្តែងរបស់ពលរដ្ឋរស់នៅមូលដ្ឋាន បញ្ហាជនអន្តោប្រវេសន៍ បញ្ហាព្រំដែន បញ្ហាព្រៃឈើ និងដីធ្លី។ ក្នុងយុទ្ធនាការនេះ លោកបានស្នាក់នៅតាមភូមិបានចំនួន ១៥ រាត្រី មុននឹងលោកលាចាកលោកនេះទៅ។ ឯកសារនៃយុទ្ធនាការ "១០០ រាត្រី" អាចនឹងក្លាយជាឯកសារដ៏សំខាន់សម្រាប់ជាមូលដ្ឋានក្នុងការចងក្រងគោលនយោបាយជាតិសម្រាប់ដោះស្រាយបញ្ហាជាតិធំៗដូចជា បញ្ហាដីធ្លី ជនអន្តោប្រវេសន៍ គ្រប់គ្រងធនធានធម្មជាតិ អភិបាលកិច្ចល្អ និងកាត់បន្ថយភាពក្រីក្រ។ លោកក៏មានផែនការធ្វើយុទ្ធនាការពីរផ្សេងទៀតផងដែរគឺ “យុទ្ធនាការដែនកោះខ្មែរទាំង ៦៤” និង “យុទ្ធនាការចរាចរណ៍ទំនិញតាមច្រកព្រំដែន”។ យុទ្ធនាការដែនកោះខ្មែរទាំង ៦៤ មានគោលបំណងចងក្រងឯកសារអំពីដែនកោះខ្មែរទំាង ៦៤ ដើម្បីការពារបូរណភាពដែនដីនាពេលអនាគត ដោយសារលោកសំឡឹងឃើញអំពីហានិភ័យដ៏ខ្ពស់នៃការបាត់បង់ដែនកោះខ្មែរ។
បេសកកម្មជីវិតដ៏ធំមួយរបស់លោក បណ្ឌិត កែម ឡី គឺការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការជំរុញឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងនៅក្នុងគណបក្សនយោបាយ។ លោកមានក្តីស្រមៃមួយចង់ឃើញប្រទេសកម្ពុជាមានសេរីភាពពេញលេញ មានយុត្តិធម៌ និងមានប្រជាធិបតេយ្យពិត ដែលប្រជាពលរដ្ឋរស់នៅថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យពេញលេញ។ នៅក្នុងយុទ្ធនាការនេះលោកបានសហការជាមួយថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងបញ្ញវន្តជាច្រើនរូបទៀត មានដូចជា លោក យ៉េង វីរៈ បណ្ឌិត យ៉ង សាំងកុមារ បណ្ឌិត មាស នី បណ្ឌិត សាម អ៊ីន លោក ប៉ា ងួនទៀង លោក សស្រ្តាចារ្យ ហេង ស្រ៊ាង ជាដើម។ បេសកកម្មនេះចាប់ផ្តើមមានសកម្មភាពក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ ដោយមានការជួបប្រជុំក្នុងក្រុមជាញឹកញាប់ និងផ្តល់មតិយោបល់ដល់គណបក្សសង្រ្គោះជាតិឲ្យមានការកែទម្រង់ផ្ទៃក្នុង។ ក្រោយមកក្រុមការងារនេះដែលមាន បណ្ឌិត កែម ឡី ជាស្ថាបនិកដ៏សំខាន់មា្នក់ បានសម្រេចចិត្តបង្កើតជាចលនា “បណ្តាញសង្គមខ្មែរដើម្បីខ្មែរ” ចាប់តាំងពីខែតុលា ឆ្នាំ២០១៤ ក្នុងគោលបំណងចងក្រង និងផ្សព្វផ្សាយអំពីគោលការណ៍ប្រជាធិបតេយ្យដល់ពលរដ្ឋ និងជំរុញឲ្យគណបក្សនយោបាយមានប្រជាធិបតេយ្យផ្ទៃក្នុង។ ការបង្កើតបណ្តាញសង្គមខ្មែរដើម្បីខ្មែរបានធ្វើឲ្យឈ្មោះ បណ្ឌិត កែម ឡី កាន់តែមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងស្រទាប់មហាជន តែក៏ទទួលរងនូវការរិះគន់ពីថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួន ដោយចោទ និងលាបពណ៌ថា លោក កែម ឡី ជាអាយ៉ង ជាបន្លាយួន ។ល។
លោក បណ្ឌិត កែម ឡី ជាមនុស្សម្នាក់ដែលសាមញ្ញ ដាក់ខ្លួន ទន់ភ្លន់ រស់រាយរាក់ទាក់ និងមានទឹកចិត្តល្អ។ មនុស្សដែលបានជួប និងស្គាល់រូបលោកផ្ទាល់តែងចូលចិត្ត ស្រឡាញ់ និងគោរពរូបលោក។ លោកពុំមានជីវភាពធូរធារណាស់ណាទេ ដោយរស់នៅក្នុងផ្ទះជួលគេមួយនៅក្បែរផ្សារបឹងកេងកង ហើយថែមទាំងទទួលបន្ទុកជាឪពុករបស់កូនប្រុស ៤ នាក់ និង ១ នាក់ទៀតកំពុងពរពោះក្នុងផ្ទៃម្តាយ ៦ ខែ។ បើទោះបីជារស់នៅក្នុងស្ថានភាពលំបាកយ៉ាងនេះក៏ដោយ ក៏លោកតែងសុខចិត្តលះបង់ទ្រព្យធនផ្ទាល់ខ្លូន និងពេលវេលាដ៏មានតម្លៃដើម្បីបម្រើសង្គមជាតិ និងប្រជាពលរដ្ឋដោយពុំខ្លាចនឿយហត់។ នៅក្នុងសង្គមមួយដែលនៅមានការគំរាមកំហែង និងគ្រោះថ្នាក់ចំពោះអ្នកបញ្ចេញមតិរិះគន់ លោកតែងមានសេចក្តីក្លាហាននិយាយការពិត និយាយអ្វីដែលលោកយល់ថាត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់សង្គមជាតិ ប្រកបដោយសេចក្តីក្លាហាន។ ដោយសារការមើលឃើញពីវីរភាពលេចធ្លោមួយរបស់លោកក្នុងការបញ្ចេញមតិដោយក្លាហាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន[១] បានចាត់ទុកលោក បណ្ឌិត កែម ឡី ជា “វីរជនសេរីភាពនៃការបញ្ចេញមតិ” នៅកម្ពុជា។ ដោយសារតែការគោរពស្រឡាញ់ និងដឹងគុណចំពោះការលះបង់ដើម្បីសង្គម ព្រមជាមួយនឹងភាពអង់អាចក្លាហាន ប្រជាពលរដ្ឋខ្មែរទូទៅបានចាត់ទុករូបលោក បណ្ឌិត កែម ឡី ជា “វីរបុរសក្នុងបេះដូងខ្មែរ”។
ការបាញ់សម្លាប់ ឧត្ដមបណ្ឌិត កែម ឡី ជាទីស្រឡាញ់របស់ពលរដ្ឋខែ្មរ អាចបន្លាចខ្មែរមួយពាន់នាក់ឲ្យខ្លបខ្លាច ឬក៏អាចឲ្យកូនខ្មែរមួយពាន់នាក់ក្រោកឈរឡើងដើម្បីបន្តបេសកកម្មរបស់លោក។ ការប្រហារជីវិត ឧត្ដមបណ្ឌិត កែម ឡី អាចឲ្យជាតិខ្មែរបែកបាក់កាន់តែខ្លាំង ឬអាចឲ្យជាតិខ្មែររួបរួម។ ចូរចងចាំថា យើងជាកូនខ្មែរគ្រប់គ្នាជាអ្នកសម្រេចដោយខ្លួនឯងថា យើងត្រូវខ្លបខ្លាច ឬយើងត្រូវបន្តវីរភាពដ៏ក្លាហានរបស់បណ្ឌិត កែម ឡី យើងបណ្តោយឲ្យជាតិខ្មែរបែកបាក់ ឬធ្វើឲ្យជាតិខ្មែររួបរួម។ អ្វីៗទាំងនេះគឺស្ថិតនៅក្នុងការសម្រេចចិត្តរបស់យើងជាកូនខ្មែរ។
គេអាចសម្លាប់រាងកាយ កែម ឡី តែគេមិនអាចសម្លាប់ឧត្តមគតិ កែម ឡី បានទេ។ គេអាចបំបិទមាត់ កែម ឡី តែគេមិនអាចហាមឃាត់យុវជនរាប់ពាន់នាក់មិនឲ្យបញ្ចេញមតិបានទេ។ គេអាចបញ្ចប់ដំណើរ កែម ឡី តែគេមិនអាចបញ្ឈប់បេសកកម្ម កែម ឡី បានទេ។
វីរភាពក្លាហានរបស់ កែម ឡី ត្រូវបានសាបព្រោះ និងកំពុងដុះលូតលាស់នៅលើទឹកដីកម្ពុជា។
“ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត” -- កែម ឡី
--- * ---
-- រៀបរៀងដោយ សាម អ៊ីន, ខែកក្កដា ឆ្នាំ២០១៦
រំលឹកអនុស្សាវរីយ៍ ៖ នៅពេលខ្ញុំសរសេរអត្ថបទខ្លីៗ
អំពីប្រវត្តិវីរជនពិភពលោកល្បីៗដូចជា លោក ណែលសិន ម៉ាន់ដេឡា លោក លី ក្វាន់យ៉ូ បង កែម
ឡី បានផ្តល់យោបល់ដោយលើកជាសំណួរមកខ្ញុំថា ហេតុអ្វីមិនសរសេរអំពីប្រវត្តិវីរបុរសខ្មែរ?
ខ្ញុំនៅស្ងៀមដោយគិតក្នុងចិត្តថា តើខ្ញុំគួរសរសេរអំពីវីរជនខ្មែរមួយណាបើខ្ញុំមិនសូវស្គាល់ប្រវត្តិ
និងពុំមានឯកសារគ្រប់គ្រាន់។ មិននឹកស្មានថាវីរជនខ្មែរទីមួយដែលខ្មុំត្រូវសរសេរគឺជារូបបងសោះ។
[១] គណបក្សប្រជាធិបតេយ្យមូលដ្ឋានកើតចេញពីចលនាបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ដែលមានបណ្ឌិត កែម ឡី ជាអ្នកផ្តួចផ្តើមដ៏សំខាន់ម្នាក់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាត់ទុក បណ្ឌិត កែម ឡី ជាបិតាស្ថាបនិក ក្រោយការស្លាប់របស់លោក។
-- អត្ថបទទាក់ទងៈ
[១] គណបក្សប្រជាធិបតេយ្យមូលដ្ឋានកើតចេញពីចលនាបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ដែលមានបណ្ឌិត កែម ឡី ជាអ្នកផ្តួចផ្តើមដ៏សំខាន់ម្នាក់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាត់ទុក បណ្ឌិត កែម ឡី ជាបិតាស្ថាបនិក ក្រោយការស្លាប់របស់លោក។
-- អត្ថបទទាក់ទងៈ
0 Comments