Ticker

6/recent/ticker-posts

ទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម - សេចក្តីសង្ខេប


- - -
ខ្លី -- ខ្លឹម -- ងាយយល់
- - -

មាតិកា
អារម្ភកថា
សេចក្តីផ្តើម
១. ទម្លាប់ទី១៖ សកម្មនាំមុខ
២. ទម្លាប់ទី២៖ ចាប់ផ្តើមដោយដឹងពីគោលដៅ
៣. ទម្លាប់ទី៣៖ ធ្វើរឿងចំាបាច់ជាមុន
៤. ទម្លាប់ទី៤៖ គិតឈ្នះឈ្នះ
៥. ទម្លាប់ទី៥៖ យល់ពីគេ មុននឹងឱ្យគេយល់ពីអ្នក
៦. ទម្លាប់ទី៦៖ សំយោគ
៧. ទម្លាប់ទី៧៖ សំលៀងរណារ

សរុបសេចក្តី
ឯកសារយោង

- - -

សេចក្តីថ្លែងអំណរគុណ

ខ្ញុំសូមសំដែងការអរគុណដល់អ្នកម្តាយ ភរិយា កូនស្រីទាំងពីរ បងប្អូន មិត្តភក្តិ និងប្រិយមិត្តទាំងអស់ដែលបានផ្តល់ក្តីស្រឡាញ់ដល់រូបខ្ញុំ និងគាំទ្រដល់ការសរសេររបស់ខ្ញុំ ដែលជាកម្លាំងជំរុញចិត្តឱ្យខ្ញុំចងក្រង សេចក្តីសង្ខេប “ទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម” នេះឡើង សម្រាប់ចែករំលែកទស្សនៈដ៏មានសារៈសំខាន់នេះឱ្យបានកាន់តែទូលំទូលាយដល់យុវជនខ្មែរយើង ក្នុងការអភិវឌ្ឍខ្លួន និងកសាងភាពជាអ្នកដឹកនាំឆ្ពោះទៅរកការគ្រប់គ្រងជីវិតមួយដែលរីករាយនិងជោគជ័យ ដើម្បីរួមចំណែក​​​​​​​​​​​ កសាងសង្គមកម្ពុជាមួយដែលរីកលូតលាស់ រឹងមាំ និងថ្លៃថ្នូរ។ 

- - -
"យើងក្លាយជាមនុស្សបែបណា ដោយសារទង្វើរបស់យើងជាប្រចាំ។ ឧត្ដមភាពមិនមែនកើតឡើងដោយ​​ទង្វើម្តងម្កាលទេ តែកើតឡើងដោយទម្លាប់របស់យើង។" -- Will Durant
"ការលើកទឹកចិត្តអាចជួយយើងឱ្យចាប់ផ្តើមធ្វើអ្វីមួយ។ ក៏ប៉ុន្តែ គឺទម្លាប់របស់យើងដែលរុញយើងឱ្យបន្តធ្វើកិច្ចការនោះឱ្យដល់គោលដៅ។" -- Jim Ryun
"ជីវិតរបស់អ្នកទៅអនាគតមិនមែនកំណត់ដោយអតីតកាលរបស់អ្នកទេ តែកំណត់ដោយជម្រើសរបស់អ្នកពេលបច្ចុប្បន្ន ក្នុងការបង្កើតទម្លាប់ផ្សេងៗ។" -- Stephen Covey
- - -  

លោកអ្នកអាចទាញយកឯកសារជា​ PDF តាម Link ឬ QR code ខាងក្រោម


អារម្ភកថា

នៅចុងឆ្នាំ ២០០២ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងដ្រេសដិន ប្រទេសអាល្លឺម៉ង់។ បន្ទាប់មកខ្ញុំបានវិលត្រលប់មកស្រុកខ្មែរវិញ ហើយចូលបម្រើការងារនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល(NGO)។ ដោយមានការណែនាំពីគ្រូជនជាតិឥណ្ឌាម្នាក់នៅឆ្នាំ២០០៤ ខ្ញុំចាប់ផ្តើមអានសៀវភៅនិយាយអំពីការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំដោយជក់ចិត្តជារៀងរហូតមក។ កិច្ចការរបស់ខ្ញុំមានការរីកចម្រើនកាន់តែល្អ ហើយមានការទទួលខុសត្រូវកាន់តែធំនៅក្នុងអង្គការ រហូតខ្ញុំក្លាយជាអនុប្រធានប្រចាំប្រទេសរបស់អង្គការអន្តរជាតិដ៏ធំមួយគឺ អង្គការលូថេរ៉ានបម្រើពិភពលោក(LWF) ប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ២០០៨ និងជានាយកប្រតិបត្តិរបស់អង្គការជីវិតថ្លៃថ្នូរ(LWD) ដែលបានក្លាយខ្លួនពីអង្គការ LWF ចាប់ពីដើមឆ្នាំ២០១១ មក។

ខ្ញុំបានរៀនសូត្រតាមរយៈបទពិសោធន៍ផ្ទាល់ថា ចំណេះដឹងអំពីភាពជាអ្នកដឹកនាំដែលខ្ញុំរៀនពីសៀវភៅ និងយកទៅអនុវត្តផ្ទាល់ក្នុងការងារនិងការរស់នៅប្រចាំថ្ងៃ មានឥទ្ធិពលធំធេងខ្លាំងជាងចំណេះដឹងបែបបច្ចេកទេសថ្នាក់បណ្ឌិតរបស់ខ្ញុំ ជាពិសេសមកលើការគិតបែបវិជ្ជមាន របៀបធ្វើការជាមួយក្រុមការងារ និងការដឹកនាំមនុស្ស។ ចំណេះដឹងទាំងនេះជួយបង្កើតភាពជោគជ័យនៃការងាររបស់ខ្ញុំ និងធ្វើឱ្យជីវិតរបស់ខ្ញុំផ្លាស់ប្តូរ​មករកភាពរីករាយច្រើន។

ក្នុងចំណោមសៀវភៅដែលខ្ញុំបានអាន ខ្ញុំយល់ថាសៀវភៅរបស់លោក Stephen Covey ដែលមានចំណងជើងថា “7 habits of highly effective people” (ទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម) ជាសៀវភៅដ៏ល្អប្រពៃមួយ ដែលគោលទស្សនៈក្នុងសៀវភៅនេះគួរតែត្រូវបានជ្រួតជ្រាបដល់យុវជនខ្មែរឱ្យបានច្រើន ដើម្បីជួយផ្តល់មាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍខ្លួនគេឆ្ពោះទៅរកជីវិតរីករាយនិងជោគជ័យ។ ហេតុនេះហើយ ទើបខ្ញុំមានគំនិតចង់ចងក្រងសេចក្តីសង្ខេបខ្លី ខ្លឹម និងងាយយល់ អំពីគោលគំនិតចម្បងៗនៃសៀវភៅរបស់លោក Stephen Covey ដោយបកស្រាយពន្យល់រៀបរាប់បន្ថែមជាភាសាងាយយល់តាមបរិបទរបស់ប្រទេសខ្មែរ។

នៅលើទីផ្សារសៀវភៅជាភាសាខ្មែរ មានការបកប្រែសៀវភៅនេះរួចមកហើយ ហើយខ្ញុំសូមសរសើរនូវការប្រឹងប្រែងបកប្រែសៀវភៅដ៏ល្អនេះ។ ក៏ប៉ុន្តែ ខ្ញុំយល់ថាយុវជនខ្មែរដែលពុំទាន់មានបទពិសោធន៍ច្រើនក្នុងជីវិតនិងការងារ នឹងមានការពិបាកយល់ និងចាប់យកខ្លឹមសារចេញពីសៀវភៅមកប្រែទាំងនោះ។ ការចងក្រងសៀវភៅសង្ខេបនេះនឹងជួយយុវជនយើងឱ្យងាយយល់​អំពីខ្លឹមសារជាមូលដ្ឋានសំខាន់ៗនៃគំនិតរបស់លោក Stephen Covey និងក្លាយជាស្ពានចម្លងគេឱ្យទៅចាប់យកចំណេះដឹងនិងបទពិសោធន៍អំពីភាពជាអ្នកដឹកនាំបានងាយស្រួលនិងល្អប្រសើរ។

សៀវភៅសង្ខេបនេះចាប់ផ្តើមជាមួយការពន្យល់ថា អ្វីទៅជាទម្លាប់? ហេតុអ្វីទម្លាប់សំខាន់? ហើយទម្លាប់ជារឿងដែលអាចកែប្រែ ឬបណ្តុះបាននៅក្នុងខ្លួន។ បន្ទាប់មក មានការរៀបរាប់អំពីដំណើរការរបស់ចិត្តមនុស្សដែលធ្វើការលើដែន ២ប្រភេទគឺដែន ក្តីកង្វល់ និងដែនឥទ្ធិពល។ បន្តមកទៀត គឺជាការពន្យល់រៀបរាប់ជាសង្ខេប ខ្លីៗ ងាយយល់អំពីទម្លាប់ទាំង ៧ប្រការរបស់បុគ្គលឆ្នើម។

ទម្លាប់ទី១ ទី២ និងទី៣ ជាទម្លាប់ដែលអ្នកត្រូវយកចិត្តទុកដាក់ជាបឋមក្នុងការបណ្តុះ ពីព្រោះវាជាទម្លាប់សម្រាប់អ្នកក្នុងការគ្រប់គ្រងខ្លួនឯងឱ្យរស់នៅនិងធ្វើការប្រកបដោយប្រសិទ្ធភាព មុននឹងអ្នកឈានទៅកសាងប្រសិទ្ធភាពខ្ពស់ ទទួលបានជោគជ័យ​ធំធេង ក្នុងការធ្វើការនិងសហការជាមួយអ្នកដទៃ ដែលត្រូវបានពន្យល់និងរៀបរាប់នៅទម្លាប់ទី៤ ទី៥ និងទី៦។ ទម្លាប់ទី៧ ជាទម្លាប់មួយដែលនឹងជួយអ្នកទទួលបានថាមពលនិងភាពស្រស់ថ្លាជាប្រចាំ ដើម្បីអ្នកអាចបន្តប្រតិបត្តិនិងពង្រឹងការអនុវត្តទម្លាប់ទាំង៦ប្រការបានទៀងទាត់និងរឹងមាំជាប់ជានិច្ច។

សូមបញ្ជាក់ថា សៀវភៅសង្ខេបនេះមិនមែនជាការបកប្រែ ឬប្រែសម្រួលទេ តែជាការពន្យល់បកស្រាយខ្លឹមសារ​​ សំ​​​ខាន់ៗនៃសៀវភៅ “ទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម” របស់លោក Stephen Covey ដោយការប្រើភាសាពន្យល់ងាយៗ ខ្លីៗ តាមបរិបទស្រុកខ្មែរ។ ជាមួយនេះ​ ខ្ញុំសូមអភ័យទោសទុកជាមុនចំពោះការខ្វះខាតទាំងឡាយ ដែលអាចនឹងកើតឡើងចេញពីការសង្ខេបខ្លឹមសារ និងការបកស្រាយពន្យល់ដោយខ្លីៗ ជាភាសាខ្មែរងាយយល់នេះ។

សូមជូនពរអ្នករីករាយជាមួយការអាន និងចាប់យកខ្លឹមសារចេញពីសៀវភៅសង្ខេបនេះ ដើម្បីជាស្ពានសម្រាប់អ្នកក្នុងការកសាងនិងអភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលរីករាយ បុគ្គលជោគ​ជ័យ និងបុគ្គលឆ្នើម។

សេចក្តីផ្តើម

មនុស្សភាគច្រើនលើសលុបមានក្តីប្រាថ្នាចង់បានសុភមង្គល ភាពរីករាយ កិត្តិយស ទ្រព្យសម្បត្តិស្តុកស្តម្ភ ឬសេរីភាពហិរញ្ញវត្ថុ ក៏ប៉ុន្តែ មានមនុស្សតិចតួចប៉ុណ្ណោះដែលដឹងថាការសម្រេចក្តីប្រាថ្នាទាំងនេះទាក់ទងនឹងការបង្កើតទម្លាប់ក្នុងខ្លួន។ អ្វីៗទាំងឡាយមិនកើតឡើងដោយចៃដន់ទេ រួមទាំងក្តីប្រាថ្នាដែលរៀបរាប់ខាងលើផង។ វាកើតឡើងដោយមានហេតុផលរបស់វា។ ភាពឧស្សាហ៍ព្យាយាម ភាពប៉ិនប្រសព្វ ការភ្ញាក់ពីព្រលឹម ការសន្សំសំចៃ សុទ្ធតែកើតឡើងពីការហាត់ពត់លត់ដំឱ្យក្លាយជា​ ទម្លាប់។ បុគ្គលជោគជ័យ បុគ្គលមានទ្រព្យស្តុកស្តម្ភ បុគ្គលសម្រេចសមិទ្ធផលធំធេងទាំងឡាយ សុទ្ធតែឆ្លងកាត់ការប្រឹងប្រែង ហ្វឹកហាត់ តស៊ូជាបន្តបន្ទាប់ ហើយបានបង្កើតទម្លាប់ក្នុងខ្លួន ដែលទម្លាប់ទាំងនោះជាអ្នកកំណត់ជោគវាសនារបស់គេ។ លោក Stephen Covey ពោលថា “អ្នកនឹងក្លាយជាមនុស្សបែបណា មិនមែនដោយសារអតីតរបស់អ្នកទេ តែដោយសារជម្រើសរបស់អ្នកក្នុងពេលបច្ចុប្បន្ន”។

បុគ្គលមិនជោគជ័យ រស់នៅជាមួយភាពធុញទ្រាន់ រអ៊ូរទាំ អស់សង្ឃឹម ក៏មានទម្លាប់របស់គេដែរ ដែលទម្លាប់ទាំងនោះបានកំណត់ជីវិតគេបែបនេះ។ គេបានបង្កើតទម្លាប់មិនល្អ ដោយដឹង ឬមិនដឹងខ្លួនផង ដូចជាដេកទ្រមក់ ច្រណែនច្រើន រអ៊ូច្រើន ខ្លាចច្រើន រាថយ រត់គេចពីបញ្ហា ខ្លាចគេថា ខ្លាចបរាជ័យ និយាយដើមគេ។ល។ និង។ល។

អ្វីដែលគួរកត់សម្គាល់ក្នុងជីវិតគឺថា ទម្លាប់មិនល្អកើតឡើងដោយមិនបាច់ប្រឹងទេ ដូចជាស្មៅ ឬរុក្ខជាតិឥតប្រយោជន៍ដែលដុះលូតលាស់ដោយឯកឯងនៅក្នុងសួនច្បារ បើទោះបីម្ចាស់សួនមិនចង់ឱ្យដុះឡើងក៏ដោយ។ ដោយឡែក ទម្លាប់ល្អៗ យើងចាំបាច់ត្រូវខំប្រឹងបង្កើតឡើង និងថែទាំជាប្រចាំ ប្រៀបដូចជាដើមផ្កា ឬរុក្ខជាតិមានប្រយោជន៍នៅក្នុងសួនច្បារ។ អ្នកត្រូវជ្រើសរើសពូជ ដាំបណ្តុះដោយយកចិត្តទុកដាក់ ថែទាំ ស្រោចទឹកជាប្រចាំ ទើបយើងទទួលបានដំណាំផ្តល់ផលល្អ ឬដើមផ្កាដ៏ស្រស់ស្អាតដែលយើងចង់បាន។

សៀវភៅនេះជាការពន្យល់រៀបរាប់អំពីទម្លាប់ល្អ៧ប្រការ របស់បុគ្គលឆ្នើម បុគ្គលជោគជ័យដើម្បីជួយណែនាំផ្លូវអ្នកឱ្យស្គាល់ យល់ រៀនសូត្រ និងចាប់យកដាក់ក្នុងខ្លួន ដើម្បីសម្រេចក្តីស្រមៃក្នុងជីវិតរបស់អ្នក។ មិនថាអ្នកចង់ក្លាយជាសេដ្ឋី តារាល្បី អ្នកនយោបាយមានទស្សនវិស័យ គ្រូបង្រៀនដ៏ប្រពៃ មេឃុំគំរូ ឬឪពុកម្តាយមានព្រហ្មវិហារធម៌ ទម្លាប់ទាំង៧ប្រការនេះនឹងជួយអ្នកឱ្យសម្រេចក្តីសុបិនរបស់អ្នក។

ក. អ្វីទៅជាទម្លាប់? ហេតុអ្វីទម្លាប់សំខាន់?

ទម្លាប់គឺជាសកម្មភាព ទង្វើ ឬរបៀបគិតទាំងឡាយណាដែលយើងបានធ្វើជាច្រើនដង ហើយបានក្លាយជាការចងចាំក្នុងខ្លួនយើង។ ការចងចាំនេះជាអ្នកកំណត់ ឬមានឥទ្ធិពល​យ៉ាងខ្លាំង​លើទង្វើរបស់យើងជាកាយ វាចា និងគំនិត។ ភាពច្រង៉េងច្រង៉ាង សំដីទ្រគោះ​បោះបោក ការប្រតិកម្មឆាប់ខឹង ការរអ៊ូរទាំច្រើន ឬ ភាពទន់ភ្លន់ សំដីសមរម្យ ការឆ្លើយតបដោយគិតវែងឆ្ងាយ ការធ្វើអ្វីមួយដែលមានផែនការ សុទ្ធតែកើតឡើងចេញពីទម្លាប់របស់យើង អាចជាទម្លាប់តាំងពីក្មេង ឬនៅវ័យជំទង់ ឬទើប​នឹង​កើតក្នុងរយៈកាល១ឆ្នាំមុន ដោយយើងមិនបានចាប់ភ្លឹកដឹងឡើយ។

ឧទាហរណ៍៖ នៅពេលអ្នកចូលដេកយឺត ហើយភ្ញាក់យឺតដល់ម៉ោង ១០ព្រឹក ជាញឹក​ញាប់ អ្នកបានបង្កើតទម្លាប់ដេកទ្រមក់។ ទង្វើរបស់អ្នក​ជាច្រើនដង​បានបង្កើតជា​ការចងចាំ​ក្នុងខ្លួនអ្នក បញ្ជាឱ្យកាយអ្នកមិនចង់ភ្ញាក់នៅម៉ោង ៦ព្រឹក បើទោះបីម្តាយ​អ្នកមកដាស់​ឱ្យក្រោក ឬនាឡិការោទ៍ឡើងក៏ដោយ។ បើទោះបីជាអ្នកខំប្រឹងភ្ញាក់ ក៏កាយអ្នក​មិនចង់​ក្រោក​ឡើង រីឯចិត្តអ្នកប្រឆាំង មិនពេញចិត្ត មិនសប្បាយចិត្ត ពីព្រោះអ្នកបានបង្កើត​ទម្លាប់​មិនល្អ​មួយក្នុងការភ្ញាក់យឺត។

ឧទាហរណ៍មួយទៀត៖ អ្នកឆាប់និយាយកាត់គេ ពេលគេនិយាយមិនទាន់ចប់។ អ្នកធ្វើបែបនេះមិនមែនជាមួយមនុស្សតែម្នាក់ទេ ពីព្រោះវាបានក្លាយជាទម្លាប់របស់អ្នក។ ការធ្វើបែបនេះធ្វើឱ្យសហការីធ្វើការជាមួយអ្នកមិនចូលចិត្តអ្នក មិនពេញចិត្តអ្នក ហើយមិនគាំទ្រគំនិតអ្នក មិនផ្តល់ការសហការល្អជាមួយអ្នក ដែលជាលទ្ធផល ការងាររបស់អ្នកនៅក្នុងក្រុមហ៊ុនប្រព្រឹត្តទៅមិនបានល្អ។ ប្រធានអ្នកវាយតម្លៃលទ្ធផលការងារអ្នកទាប អ្នកមិនបានឡើងឋានៈ មិនបានឡើងប្រាក់ខែ ហើយអ្នកចេះតែឆ្ងល់ថា ហេតុអ្វីក៏អយុត្តិធម៌ម្ល៉េះសម្រាប់ខ្ញុំ។ អ្នកមិនបានចាប់ភ្លឹកថា លទ្ធផលមិនល្អទាំងនេះកើតឡើងជាប់ទាក់ទងនឹងទម្លាប់និយាយកាត់គេរបស់អ្នកទេ។

តើទម្លាប់អាចកែប្រែបានដែរឬទេ?

អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យអុកហ្វត (Oxford) បានពិសោធន៍ឃើញថា បើយើងចង់​ប្តូរទម្លាប់ចាស់ឱ្យមកថ្មីមួយ យើងត្រូវធ្វើរឿងនោះឱ្យបាន២១​ដងជាប់ៗគ្នា។ ឧទាហរណ៍ បើយើងចង់ផ្លាស់ប្តូរការដេកទ្រមក់ភ្ញាក់ម៉ោង១០ព្រឹក មកម៉ោង៦ព្រឹកវិញ យើងត្រូវជំនះខំប្រឹងភ្ញាក់ម៉ោង៦ព្រឹកឱ្យបាន ២១ថ្ងៃជាប់ៗគ្នា ក្រោយមក យើងអាចផ្លាស់​ប្តូរទម្លាប់​ភ្ញាក់ពីព្រឹករបស់យើងបានហើយ។ អ្នកវិទ្យាសាស្រ្តក៏ពិសោធន៍ឃើញថា បើចង់ឱ្យទង្វើអ្វីមួយ​ក្លាយជាទម្លាប់ប្រព្រឹត្តទៅជាស្វ័យប្រវត្តិ យើងត្រូវប្រតិបត្តិវាឱ្យបាន ៦៦ដងជាប់ៗគ្នា។

តើការប្តូរទម្លាប់បាន ដូចជាការប្តូរការភ្ញាក់ពីម៉ោង១០ព្រឹក មក៦ព្រឹកវិញ មានន័យថា​យ៉ាងម៉េច? វាមានន័យថា កាយនិងចិត្តរបស់​អ្នក​លែង​ប្រឆាំងទៅនឹងការភ្ញាក់នៅម៉ោង៦ព្រឹកទៀត​ហើយ ហើយវាថែមទាំងឱ្យអ្នកភ្ញាក់នៅម៉ោង៦ព្រឹកដោយឯកឯងទៀតផង បើ​ទោះបី​ជា​គ្មានអ្នកមកដាស់ ឬនាឡិការោទ៍ក៏ដោយ។ នៅពេលអ្នកដូរទម្លាប់មិនល្អណាមួយបាន វាដូចជាអ្នកដូរអង្គចងចាំមួយនៅក្នុងខ្លួនអ្នក ដែលអង្គចងចាំនោះជាប្រព័ន្ធបញ្ជាទៅលើកាយនិងចិត្តរបស់អ្នក។

ខ. ដំណើរលូតលាស់នៃចិត្តមនុស្ស

កាយរបស់មនុស្សយើងបានឆ្លងកាត់ការវិវត្តពីកុមារភាពដែលត្រូវពឹងអ្នកដទៃដើម្បីអាចរស់បាន
ដូចជាការបញ្ចុកអាហារ ការថែទាំផ្សេងៗ រហូតវិវត្តដល់វ័យជំទង់ ដែលយើងអាចធ្វើអ្វីៗខ្លួនឯងបាន ដែលជាដំណាក់កាលមួយដែលយើងអាចពឹងលើខ្លួនឯងបានដើម្បីរស់។ យើងអាចហូបចុកខ្លួនឯង យើងអាចរកចំណូលចិញ្ចឹមខ្លួនឯង។ល។ យើងក៏វិវត្តដល់ចំណុចមួយទៀត គឺការមានគ្រួសារ ដែលយើងត្រូវការគ្នានិងពឹងគ្នាទៅវិញទៅមក ដើម្បីបង្កើតគ្រួសារមួយដែលចេះស្រឡាញ់គ្នា ជួយគ្នា និង​ កសាងសុភមង្គលរួមគ្នា។

ចិត្តមនុស្សយើងក៏មានការវិវត្តដែរតាមរយៈពេលវេលា និងការហ្វឹកហ្វាត់លត់ដំជាលំដាប់។ នៅពេលចិត្តអ្នកនៅក្មេង ចិត្តនៅខ្សោយ អ្នកត្រូវការជំនួយ ត្រូវការភាពពឹងពាក់លើគេច្រើន។ ជាឧទាហរណ៍ នៅពេលអ្នកត្រូវការលិខិតបញ្ជាក់អ្វីមួយពីអាជ្ញា​​ ធរមូលដ្ឋាន អ្នកមិនហ៊ានទៅដោយខ្លួនឯងទេ អ្នកខ្លាចគេ អ្នកត្រូវការឱ្យឪពុកម្តាយ ឬឪពុកមា ឬបងប្រុសអ្នកជួយធ្វើកិច្ចការនេះ។ ក៏ប៉ុន្តែ នៅពេលអ្នកហ៊ានធ្វើកិច្ចការនេះបានម្តង ឬពីរដង អ្នកក៏ចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯង ចិត្តអ្នកមានសេចក្តីក្លាហានជាងមុន អ្នកហ៊ានទៅជួបស្មៀនឃុំ ឬចៅសង្កាត់ដើម្បីសុំលិខិតបញ្ជាក់ដោយខ្លួនឯង។ ចិត្តអ្នកឈានដល់ដំណាក់កាលពឹងលើខ្លួនឯងបាន។ បន្ទាប់មកទៀត អ្នកចូលធ្វើការនៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយ។ អ្នកត្រូវការការសហការជាមួយអ្នកផ្សេង ដើម្បីឱ្យការងារមានដំណើរការទៅល្អ ចិត្តរបស់អ្នកឈានដល់ដំណាក់កាលត្រូវការភាពពឹងអាស្រ័យគ្នាទៅវិញទៅមក។

ក៏ប៉ុន្តែ អ្នកត្រូវយល់ថា ចិត្តរបស់មនុស្សមិនចេះតែវិវត្តជាស្វ័យប្រវត្តិពីភាពពឹងអាស្រ័យលើគេ មកពឹងអាស្រ័យលើខ្លួនឯង និងឈានទៅពឹងអាស្រ័យគ្នាទៅវិញទៅមក ជាមួយនិងការកើនឡើងនៃអាយុទេ។ បុគ្គលមួយចំនួនដល់អាយុចាស់ហើយ នៅតែមានចិត្តពឹងអាស្រ័យលើគេ។ បុគ្គលមួយចំនួនទៀតមានបញ្ហាប្រឈមខ្លាំងជាមួយនឹងរបៀបធ្វើការជាក្រុមដែលត្រូវពឹងគ្នាទៅវិញទៅមក បើទោះបីគាត់ធ្វើការក្នុងក្រុមហ៊ុន ឬក្នុងស្ថាប័នជាយូរឆ្នាំហើយក៏ដោយ។ ពីព្រោះអ្វី?​ ពីព្រោះបុគ្គលទាំងនោះមិនបានហ្វឹកហ្វាត់ចិត្តរបស់គាត់ តាមរយៈនៃការបង្កើតទម្លាប់ល្អៗ ពីចិត្តដែលពឹងពាក់លើគេ មកពឹងលើខ្លួនឯង និងឈានទៅពឹងអាស្រ័យគ្នាទៅវិញទៅមកទេ។ នៅក្នុងទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម ទម្លាប់ទី១ ទី២ និងទី៣ គឺជាទម្លាប់របស់បុគ្គលដែលបង្កើតនិងបង្កើនភាពពឹងលើខ្លួនឯង ចេះគ្រប់គ្រងខ្លួនឯង ជា​​ ម្ខាស់លើខ្លួនឯង។ ចំណែកទម្លាប់ទី៤ ទី៥ និងទី៦ គឺជាទម្លាប់ក្នុងការបង្កើតនិងបង្កើនប្រសិទ្ធភាពក្នុងការពឹងអាស្រ័យគ្នាទៅវិញទៅមក ក្នុងការសហការ ឬធ្វើការជាក្រុម។ ទម្លាប់ទាំងនេះនឹងធ្វើឱ្យគេក្លាយជាមនុស្សមានឥទ្ធិពល ឬជាអ្នកដឹកនាំក្រុមដែលទទួលជោគជ័យ ឬជាសមាជិក្រុមដែលជួយក្រុមការងារឱ្យមានដំណើរការល្អ។

គ. ការសម្លឹងមើលពិភពខាងក្រៅ

មនុស្សយើងសម្លឹងឃើញពិភពខាងក្រៅមិនតាមសេចក្តីពិតរបស់វាទេ តែតាមផ្នត់គំនិតដែលយើងមាននៅខាងក្នុងខ្លួន។ -- Stephen Covey
ដើម្បីងាយយល់នូវឃ្លាខាងលើរបស់លោក Stephen Covey ចូរយើងនាំគ្នាតាមដានស្តាប់រឿងនិទានមួយ ដែលដំណាលថា មានអ៊ំស្រីចំណាស់ម្នាក់បានរស់នៅជាអ្នកជិតខាងក្បែរយុវជនរួសរាយម្នាក់ក្នុងក្រុងភ្នំពេញ។ យុវជនរួសរាយយើងតែងនិយាយស្វាគមន៍អ៊ំស្រីពេលគេចេញទៅធ្វើការពេលព្រឹក និងត្រលប់ចូលផ្ទះវិញពេលរសៀល នៅពេលដែលគេជួបអ៊ំស្រីនៅមុខផ្ទះ។ ថ្ងៃមួយអ៊ំស្រីចំណាស់បានបាត់អំបោសដ៏ល្អមួយ ដែលគាត់ទើបនឹងទិញពីផ្សារមក។ អ៊ំស្រីមានការសង្ស័យមកលើយុវជនជាអ្នកជិតខាងគាត់ ពីព្រោះគេធ្លាប់ចេញចូលផ្ទះគាត់ម្តងម្កាល ដើម្បីជជែកគ្នាលេងពេលទំនេរ។ ថ្ងៃនេះ យុវជនរួសរាយយើងចេញទៅធ្វើការ ក៏ក្រឡេកឃើញអ៊ំស្រីកំពុងកាត់ស្មៅនៅមុខផ្ទះ គេក៏ញញឹមស្វាគមន៍គាត់ជាធម្មតា។ ចំណែកអ៊ំស្រីចំណាស់ឆ្លើយតបទៅគេវិញបែបទើសទាល់និងគំរោះគំរើយ ពីព្រោះក្នុងចិត្តគាត់កំពុងគិតថា យុវជននេះពិតជាអាចលួចអំបោសគាត់ហើយ បានជាគេខំញញឹមលួងចិត្តគាត់។ យុវជនយើងមានការងើយឆ្ងល់ខ្លះៗ ដោយសារអ៊ំស្រីមិនឆ្លើយតបរាក់ទាក់ដូចសព្វដង។ ថ្ងៃបន្ទាប់ ពេលចេញទៅធ្វើការ យុវជនយើងក៏ឃើញអ៊ំស្រីនៅខាងមុខផ្ទះទៀត គេក៏ធ្វើការស្វាគមន៍គាត់បែបស្ទាក់ស្ទើរររ ពីព្រោះឃើញទឹកមុខគាត់មិនសូវស្រស់។ អំស្រីមិនបានស្វាគមន៍តបមកយុវជនវិញទេ ថែមទាំងបង្ហាញទឹកមុខមិនសប្បាយចិត្តដាក់យុវជនយើងផង ពីព្រោះក្នុងចិត្តគាត់គិតថា គេពិតជាលួចអំបោសដ៏គួរឱ្យស្រឡាញ់របស់គាត់មែនហើយ បានជាគេចាប់ផ្តើមអៀនខ្មាសនឹងគាត់ ហើយលែងហ៊ានរួសរាយរាក់ទាក់ជាមួយគាត់។ ថ្ងៃបន្ទាប់មកទៀត យុវជនយើងចេញទៅធ្វើការពីព្រលឹមដូចសព្វដង ក៏ក្រឡេកឃើញអ៊ំស្រីនៅមុខផ្ទះដែលមានទឹកមុខមិនសូវស្រួល។ រួមផ្សំនឹងការចងចាំពីភាពមិនឆ្លើយតបរបស់អ៊ំស្រីកាលពីម្សិល​ មិញផង យុវជនយើងដើរចេញទៅដោយមិនហ៊ាននិយាយស្វាគមន៍ទៅរកអ៊ំស្រី។ អ៊ំស្រីចំណាស់គិតក្នុងចិត្តថា វាច្បាស់ជាលួចយកអំបោសអញមែនហើយ បានជាវាលែងហ៊ាននិយាយរកអញ។ ក្នុងរយៈពេលបួនប្រាំថ្ងៃនេះ រាល់កាយវិការរបស់យុវជនយើង ដែលអ៊ំស្រីបានមើលឃើញ សុទ្ធតែជាកាយវិការដែលបង្ហាញថា គេបានលួចអំបោសរបស់គាត់។ មួយសប្តាហ៍បានកន្លងផុតទៅ អ៊ំស្រីបានឡើងទៅបន្ទប់ខាងលើ ដើម្បីធ្វើការបោសសម្អាត ពីព្រោះគាត់ខានសម្អាតមួយរយៈហើយ។ ពេលចូលដល់ក្នុងបន្ទប់ទឹកខាងលើ អ៊ំស្រីភ្ញាក់ព្រើត ពីព្រោះអំបោសដែលគាត់បាត់មួយសប្តាហ៍មកហើយកំពុងស្ថិតនៅទីនេះ។ គាត់មានការត្រេកអរជាខ្លាំង ពីព្រោះបានឃើញអំបោសជាទីគាប់ចិត្តរបស់គាត់វិញ។ បន្តិចក្រោយមក គាត់ក៏នឹងឃើញហួសចិត្តនឹងខ្លួនឯងដែលបានសង្ស័យទៅលើយុវជនរួសរាយ ដែលជាអ្នកជិតខាងរបស់គាត់។

តើរឿងរ៉ាវខាងលើចង់ប្រាប់យើងថាម៉េច? រឿងរ៉ាវខាងលើចង់ប្រាប់យើងថា នៅពេលចិត្តយើងកំពុងគិតអ្វី សង្ស័យអ្វី យើងនឹងសម្លឹងមើលពិភពខាងក្រៅឃើញបែបនោះ។ នៅក្នុងខ្លួនរបស់យើង ទម្លាប់គិតរបស់យើងវាដូចជាផែនទីមួយ ដែលនឹងជួយបង្ហាញយើងឱ្យសម្លឹងឃើញពិភពខាងក្រៅបែបណា។ ទម្លាប់គិតអវិជ្ជមាន ផ្នត់គំនិតសង្ស័យច្រើន មានឥទ្ធិពលធំធេងណាស់មកលើការសម្លឹងមើលរបស់យើងទៅលើពិភពខាងក្រៅ ហើយវាបង្កើតផលជះមកលើជីវិតយើងយ៉ាងខ្លាំង ដូចជាការមិនទុកចិត្តអ្នកដទៃ សម្លឹងឃើញតែរឿងអាក្រក់ៗ អស់សង្ឃឹម បង្កើតជាទុក្ខសោក និងផ្តល់ភាពបរាជ័យ។ ការបង្កើតទម្លាប់ថ្មី ទម្លាប់ល្អដូចជាការប្តូរផែនទីនៅក្នុងខ្លួនអ្នក គឺជ្រើសយកផែនទីដែលត្រឹមត្រូវក្នុងការស្វែងរកភាពរីករាយនិងជោគជ័យក្នុងជីវិត។ ដូច្នេះហើយ ភាពរីករាយនិងជោគជ័យគឺជាលទ្ធផលនៃការរៀបចំអ្វីៗនៅក្នុងខ្លួនយើងជាមុនសិន នៅក្នុងផ្នត់គំនិតយើង នៅក្នុងអង្គចងចាំរបស់យើង តាមរយៈនៃការបណ្តុះ ថែទាំ និងធ្វើឱ្យលូតលាស់ល្អនូវទម្លាប់ត្រឹមត្រូវ។

ឃ. ដែន២ប្រភេទនៃការផ្តោតអារម្មណ៍របស់ចិត្តមនុស្ស

ជាទូទៅ ចិត្តរបស់មនុស្សតែងធ្វើការលើដែន(រង្វង់)២ប្រភេទ គឺដែនក្តីកង្វល់ និង​ដែនឥទ្ធិពល​ដូចបានបង្ហាញក្នុង រូបភាពទី១ ខាងក្រោម។ ដែនក្តីកង្វល់គឺជារឿងរ៉ាវទាំងឡាយដែលកើតឡើងហើយធ្វើឱ្យយើងមានកង្វល់ បារម្ភ ទុក្ខសោក ភ័យព្រួយ ក៏ប៉ុន្តែ យើងមិនអាចកែច្នៃ ឬផ្លាស់ប្តូររឿងទាំងនោះបានទេ។ ឧទាហរណ៍ ដូចជា​វិបត្តិសេដ្ឋកិច្ច​ពិភពលោក តម្លៃប្រេងឡើងថ្លៃ ជម្លោះក្នុងគ្រួសារដែល​បង្កឡើង​ដោយអ្នក​ផ្សេង។ល។ រឿងរ៉ាវទាំងនេះកើតឡើងដោយមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង ហើយ​យើង​មិនអាចទប់ស្កាត់បានទេ។

ចំណែកឯដែនឥទ្ធិពល គឺជារឿងរ៉ាវ ឬបញ្ហា ឬឱកាសទាំងឡាយដែលកើតឡើង ហើយអ្នកអាចមានឥទ្ធិពលទៅលើ ឬអាចធ្វើ​អន្តរាគមន៍បាន ឬអាចបង្កឱ្យមានការផ្លាស់ប្តូរស្ថានការណ៍ បើមិនបានពេញលេញ ក៏ផ្នែកខ្លះនៃរឿងរ៉ាវទាំងនោះដែរ។

ឧទាហរណ៍ អ្នកមានការបារម្ភ ភ័យព្រួយនឹងជម្លោះក្នុងគ្រួសារអ្នក ដោយឪពុករបស់អ្នកខឹងនិងស្តីបន្ទោសឱ្យប្អូនប្រុសអ្នកយ៉ាងខ្លាំង ហើយប្អូនប្រុសអ្នកក៏ប្រើពាក្យគំរោះគំរើយតបទៅវិញ ហើយចង់រត់ចេញពីផ្ទះ ដែលធ្វើឱ្យជម្លោះរាលដាលដល់​ ម្តាយនិងឪពុករបស់អ្នក។ អ្នកមិនអាចមានឥទ្ធិពលទៅនិយាយជាមួយឪពុករបស់អ្នកឱ្យគាត់ឈប់ប្រើឥរិយាបទបែបនេះមកលើប្អូនរបស់អ្នកទេ តែអ្នកមានឥទ្ធិពលនិយាយជាមួយប្អូនប្រុសអ្នកឱ្យគេយល់ពីទឹកចិត្តឪពុករបស់ខ្លួន ហើយឱ្យគេទៅសូមទោសឪពុកដើម្បីឱ្យគាត់បាត់ខឹង ហើយអ្នកអាចទៅលួងលោមម្តាយរបស់អ្នកឱ្យគាត់ឈប់ខឹង ឈប់ប្រកាន់នឹងឪពុករបស់អ្នក។ ធ្វើបែបនេះ អ្នកអាចកែប្រែស្ថានការណ៍ជម្លោះគ្រួសារមកជានានឹងគ្នាវិញ ដោយសារចិត្តរបស់អ្នកធ្វើការលើដែនឥទ្ធិពល។ ប្រសិនបើចិត្តអ្នកធ្វើការលើដែនក្តីកង្វល់ អ្នកអាចបារម្ភ អ្នកមួម៉ៅ ហើយក៏ស្តីបន្ទោសបន្ថែមទៅលើប្អូនរបស់អ្នកដែលមិនគោរពឪពុក ដែលធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែអាក្រក់ទៅ ប្អូនរត់ចេញពីផ្ទះ ឱពុកនិងម្តាយលែងលះគ្នា ហើយអ្នកប្រឈមបញ្ហាទ្រទ្រង់គ្រួសារកាន់តែធំ។

ដូច រូបភាពទី១ បានបង្ហាញ មនុស្សដែលមានចិត្ត​ប្រតិកម្ម​​​យកចិត្តទុកដាក់តែលើដែនក្តីកង្វល់ ដោយមើល​មិនឃើញ​ដែនឥទ្ធិពលដែលខ្លួន​មានឡើយ។ ដោយឡែក មនុស្សដែលមានចិត្តសកម្មនាំមុខតែងផ្តោតចិត្តគំនិត​របស់គេលើ​ដែន​ឥទ្ធិពល ដើម្បីកែប្រែស្ថានការណ៍ដែល​កើតឡើង ឬបង្កើតស្ថានការណ៍​ដែលផ្តល់អត្ថប្រយោជន៍​ដល់គោលបំណងរបស់គេ។

បើយើងយកឧទាហរណ៍ក្នុងរឿងនយោបាយមកបរិយាយ​ឡើង​វិញ មនុស្សដែលមានចិត្តសកម្មនាំមុខ ហើយមិនគាំទ្រអំពើហិង្សា គេមិនមានទុក្ខសោក​ជាមួយ​អ្នកនយោបាយដែលបង្កហិង្សាទេ ក៏ប៉ុន្តែ គេត្រិះរិះពិចារណា ដើម្បីធ្វើ​សកម្មភាព​ឆ្លើយតបផ្សេងៗ។ គេអាចបញ្ចេញយោបល់ប្រឆាំងនឹងភាសាហិង្សា បង្កើតជាក្រុមសន្តិភាព ធ្វើសកម្មភាពបង្ហាញពីការចង់បាន​សន្តិភាព និងស្អប់ខ្ពើមភាសាហិង្សា។ យ៉ាងហោចណាស់ គេមិនចែករំលែកបន្តនូវសារនយោបាយហិង្សា ហើយខំប្រឹងរកវិធីផ្ញើរ​សារនិយាយ​អំពី​សន្តិភាព និងការមិនគាំទ្រអំពើហិង្សា។ គេអាចចូលរួមជាមួយក្រុម ឬគណបក្សនយោបាយ​ដែល​មិនចូលចិត្តភាសា ឬសារនយោបាយហិង្សា។ បែបនេះ គឺចិត្តរបស់គេកំពុង​តែ​ធ្វើការ​លើដែនឥទ្ធិពលហើយ។ នៅពេលដែលគេយកចិត្តទុកដាក់លើដែនឥទ្ធិពល ពុំមានន័យថា បញ្ហាដែលកើតឡើង វាបាត់បង់ទៅវិញនោះទេ ក៏ប៉ុន្តែបញ្ហាទាំងនោះមិនបានរំខាន ឬរុកគួន​អារម្មណ៍របស់គេឡើង។ គេអាចគ្រប់គ្រងដែនក្តីកង្វល់ គឺបញ្ហាទាំងឡាយ ដែលគេមិនអាចគ្រប់គ្រង​បាន ឱ្យនៅមួយកន្លែងក្នុងចិត្តរបស់គេ ដោយប្រើប្រាស់វាគ្រាន់តែ​ជាព័ត៌មាន​សម្រាប់​ការពិចារណាប៉ុណ្ណោះ។

យើងសង្កេតឃើញថា មានមនុស្សមួយចំនួនធំជាមនុស្សបែបប្រតិកម្ម (Being reactive) ចូលចិត្ត​សំដែង​ភាពមួម៉ៅ ក្តៅក្រហាយ រអ៊ូរទាំ ពេលព្រឹត្តិការណ៍មិនល្អកើតឡើងក្នុងរង្វង់ជីវិតគេ គេ​ភ័យព្រួយ ខឹងសម្បារ តូចចិត្ត បន្ទោសអ្នកដទៃ ឬអស់សង្ឃឹម បែបនេះគឺចិត្តគេកំពុងធ្វើការលើដែនក្តីកង្វល់។

មនុស្សមួយចំនួនទៀតជាប្រភេទមនុស្សសកម្មនាំមុខ (Being proactive)។ នៅពេល​មានព្រឹត្តិការណ៍មិនល្អណាមួយកើតឡើងក្នុងរង្វង់ជីវិតគេ គេព្យាយាមស្វែង​យល់​អំពីហេតុផល រួចសួរខ្លួនឯងថា តើគេអាចធ្វើអ្វីបានខ្លះ ដើម្បីឱ្យស្ថានការណ៍បានល្អវិញ ឬកុំឱ្យស្ថានការណ៍​ធ្លាក់កាន់តែអាក្រក់ទៅ។ គេស្វែងរកឱកាសក្នុងព្រឹត្តិការណ៍ ដើម្បី​បង្កើត​ឥទ្ធិពលវិជ្ជមាន។ ចិត្តគេធ្វើការ ឬយកចិត្តទុកដាក់លើដែនឥទ្ធិពល។ ឧទាហរណ៍ បណ្ឌិត កែម ឡី​ ជាប្រភេទមនុស្សសកម្មនាំមុខ។ នៅពេលមានវិបត្តិនយោបាយកើតឡើង គាត់តែង​វិភាគរកច្រកចេញពីវិបត្តិ និងផ្តល់អនុសាសន៍ទៅរកដំណោះស្រាយ។ គាត់តែងឈានមុខ​ធ្វើសកម្មភាពផ្សេងៗ ដូចជាយុទ្ធនាការព្រៃឡង់ ដើម្បីបង្កើត​ឥទ្ធិពល​ឱ្យមហាជន និងអ្នក​ដឹកនាំ​នយោបាយយកចិត្តទុកដាក់ចូលរួមចលនាប្រឆាំង​នឹងការ​កាប់​បំផ្លាញព្រៃឈើ។ គាត់ធ្វើយុទ្ធនាការ ១០០រាត្រី ដើម្បីជំរុញឱ្យអ្នកនយោបាយផ្តោតអារម្មណ៍លើគោលនយោបាយ​កាត់បន្ថយភាពក្រីក្រ និងចេះមើលឃើញពីផលវិបាករយៈពេលវែងដែលប៉ះពាល់ដល់​អធិបតេយ្យ​ភាព​ជាតិនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនទៅឱ្យ​ក្រុមហ៊ុន​វៀតណាម។ល។

រូបភាពទី១៖ ដែន២ប្រភេទនៃការផ្តោតអារម្មណ៍របស់ចិត្តមនុស្ស និងដំណើរប្រព្រឹត្តនៃចិត្តប្រតិកម្ម និងចិត្តសកម្មនាំមុខ




តទៅនេះ ជាការរៀបរាប់អំពីទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម ដើម្បីឱ្យអ្នក​អាចបង្កើតទម្លាប់ល្អៗទាំងនេះ ដើម្បីប្តូរខ្លួនអ្នកពីមនុស្សដែលមានចិត្តប្រតិកម្ម ឱ្យក្លាយជាមនុស្ស​មានចិត្តសកម្មនាំមុខ ក្លាយជាបុគ្គលមានទម្លាប់ល្អ អ្នកដឹកនាំមានឥទ្ធិពល ជាមនុស្សរីករាយនិងជោគជ័យក្នុងជីវិត ដើម្បីបង្កើតទង្វើនិងសកម្មភាពវិជ្ជមាន បង្ក​ជាប្រយោជន៍សម្រាប់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ។

ពុទ្ធភាសិតមួយបានពោលថា “អ្នកសាបព្រោះពូជណា អ្នកនឹងច្រូតកាត់ផលនោះ”។ សម្រាប់ការរស់នៅនិងភាពជោគជ័យនៃជីវិតរបស់យើង វាមានន័យថា យើងបង្កើតទម្លាប់បែបណា យើង​នឹងទទួលផលចេញពីទម្លាប់នោះ។

១. ទម្លាប់ទី១ ៖ “សកម្មនាំមុខ”

ដើម្បីស្វែងយល់អំពីទម្លាប់នេះ “Being proactive”ចូរអ្នកចាប់ផ្តើមសួរខ្លួនឯងថា តើកត្តា ឬគ្រឿង​រំញោចអ្វីខ្លះធ្វើឱ្យអ្នករីករាយ? កត្តា ឬគ្រឿងរំញោចអ្វីខ្លះធ្វើឱ្យអ្នកខឹងសម្បារ មួម៉ៅ ទុក្ខ​សោក? ជាទូទៅ យើងអាចទទួលបានចម្លើយដូចខាងក្រោមចំពោះសំណួរខាងលើ៖



យើងបែងចែកមនុស្សជា ២ប្រភេទ គឺមនុស្សមានចិត្តប្រតិកម្ម (Being reactive) និងមនុស្សមានចិត្តសកម្មនាំមុខ (Being proactive)។ ចំពោះមនុស្សមានចិត្តប្រតិកម្ម នៅពេលមានគ្រឿង​រំញោចបង្កភាពរីករាយមកដល់ គាត់តែងប្រតិកម្មតបជារីករាយ មានមោទនភាព ក្រអឺតក្រទម មើលស្រាលលើអ្នកដទៃដែលតូចទាប។ល។ ពេលគ្រឿងរំញោចបង្កភាពខឹងសម្បារមកដល់ គាត់ក៏មួម៉ៅ ខឹងច្រឡោត ស្តីបន្ទោសគេ ប្រើភាសាមិនសមរម្យ ឬចោទប្រកាន់គេដោយកំហឹង។ គាត់ប្រតិកម្ម​តបទៅនឹងគ្រឿងរំញោចទាំងឡាយណាដែលមកប៉ះនឹងចិត្តគាត់។

ចំពោះមនុស្សមានចិត្តសកម្មនាំមុខ នៅពេលមានគ្រឿង រំញោចរីករាយមកដល់ គាត់មិនរំភើបញាប់ញ័រ មិនក្រអឺតក្រទម តែគាត់ស្វែងយល់អំពីហេតុផល តើវាជាកត្តា​រីករាយ​ពិតប្រាកដ ឬជាការសរសើរក្លែងក្លាយ ហើយគាត់ឆ្លើយតបដោយសមរម្យ សមគួរ ត្រឹមត្រូវ។ ពេលគ្រឿងរំញោចបង្កភាពខឹងសម្បារមកដល់ គាត់មិនប្រតិកម្មបែបខឹងច្រឡោតទៅវិញទេ តែគាត់​ស្វែង​យល់ពីហេតុបច្ច័យ ហើយរិះរកវិធីឆ្លើយតប ដោយដឹងអំពីលទ្ធផល​នៃជម្រើស​ឆ្លើយតប​របស់គាត់។

មនុស្សប្រតិកម្ម គាត់មានទម្លាប់ប្រតិកម្មទៅនឹងគ្រឿង​ រំញោចទាំងឡាយ ដោយមិនយល់ដឹងថា គាត់មានជម្រើសជាច្រើនសម្រាប់ឆ្លើយតបទេ។ មនុស្ស​សកម្ម​នាំមុខគាត់ដឹងថា នៅចន្លោះគ្រឿងរំញោច និងការឆ្លើយតប វាមានលំហមួយសម្រាប់គិត និង​សេរីភាពជ្រើសរើស តើគួរឆ្លើយតបបែបណា ដើម្បីទទួលលទ្ធផលដែលគាត់ចង់បាន។ គាត់​បង្កើត​ទម្លាប់ឆ្លើយតបដោយគិតពិចារណា។ រូបភាពទី២ បង្ហាញអំពីភាពខុសគ្នា​រវាងមនុស្ស​ប្រតិកម្ម និងមនុស្សសកម្មនាំមុខក្នុងការប្រតិកម្ម ឬឆ្លើយតបទៅនឹងគ្រឿងរំញោចទាំងឡាយ។

រូបភាពទី២ ៖ គ្រឿងរំញោច បង្កជាប្រតិកម្ម ឬការឆ្លើយតបអាស្រ័យនឹងទម្លាប់


លោក Stephen Covey បានលើកអំពីគោលការណ៍ ៩០-១០ ដែលមានន័យថា លទ្ធផលក្នុងជីវិតរបស់យើងកំណត់ឡើងដោយរឿងរ៉ាវ ឬស្ថានការណ៍កើតឡើងខាងក្រៅតែ ១០% ទេ រីឯ ៩០% ទៀតគឺកំណត់ដោយការប្រតិកម្ម ឬការឆ្លើយតបរបស់យើងទៅលើរឿងរ៉ាវដែលកើតឡើងនោះ។ បានន័យថា យើងជាអ្នកកំណត់ គ្រប់គ្រង ចាត់ចែង ៩០% នៃជោគវាសនារបស់យើង។ ហេតុនេះហើយ ការបង្កើតទម្លាប់ទី១ ការអភិវឌ្ឍខ្លួនក្លាយជាបុគ្គលសកម្មនាំមុខ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលជាអ្នកកំណត់ជោគវាសនាដោយខ្លួនឯង ដោយមិនបណ្តោយឱ្យអ្នកដទៃ ឬព្រហ្មលិខិតជាអ្នកកំណត់ជំនួសអ្នក។

បន្ថែមពីនេះ មនុស្សសកម្មនាំមុខតែងនឹកគិត រិះរក និងនាំធ្វើសកម្មភាពផ្សេងៗ ដើម្បីបង្កើតឱកាសឈានទៅចាប់​លទ្ធផល​ដែលគាត់ចង់បាន បើទោះបីស្ថានការណ៍មិនអំណោយផលក៏ដោយ។ គាត់បង្កើត​គំនិត​ច្នៃប្រឌិត ធ្វើសកម្មភាពឈានទៅសម្រេចគោលដៅដែលបានកំណត់ទុក ដោយមិន​រង់ចាំ​ឱកាស ឬព្រឹត្តិការណ៍ដែលបង្កើតដោយអ្នកដទៃ។ ដោយឡែក មនុស្សប្រតិកម្ម​ចូលចិត្តរង់ចាំស្ថានការណ៍​ដែលខ្លួនប្រាថ្នាចង់ឃើញ ហើយប្រតិកម្មតប​ទៅនឹង​ស្ថានការណ៍​កើតឡើងដែលខ្លួនមិនពេញចិត្ត។ មនុស្សប្រតិកម្ម​ និងមនុស្សសកម្មនាំ​មុខ​មាន​លក្ខណ​សម្បត្តិ “រ៥” ខុសគ្នា៖




២. ទម្លាប់ទី២ ៖ “ចាប់ផ្តើមដោយដឹងពីគោលដៅ”

ជារៀងរាល់ថ្ងៃ អ្នកអាចរវល់ខ្លាំង មានការងារច្រើន តែមិនដឹងសម្រេចបានផលអ្វី។ អ្នក​ចេះ​តែធ្វើការច្រើន រវល់ខ្លាំង ដោយមិនដឹងខ្លួនឯងថា ការងារនោះ ភាពរវល់នោះ ដើម្បី​សម្រេចអ្វី។ មនុស្សជាច្រើនស្ថិតនៅក្នុងស្ថានភាពបែបនេះ រវល់ច្រើន ធ្វើការច្រើន តែមិនបានសម្រេចលទ្ធផលអ្វីជាក់លាក់ ឬជាដុំកំភួនទេ ពីព្រោះគេមិនដឹង​អំពីគោលដៅ​ដែលគេ​ចង់បាន។

ជាទូទៅ ការបង្កើតសមិទ្ធផលទាំងឡាយតែងឆ្លងកាត់ដំណាក់កាលពីរ ៖ ដំណាក់​កាល​ទី១ គឺការកើតឡើងក្នុងគំនិត និងទី២ គឺការកើតឡើងជារូបរាងជាក់ស្តែង។ ឧទារហរណ៍ ការ​សាងសង់ផ្ទះ បង្កើតក្រុមហ៊ុន ឬកសាងគណបក្ស វាចាប់ផ្តើមជាមួយគំនិតជាមុនសិន បន្ទាប់ពីមានគំនិតហើយ យើងមានផែនការ ធ្វើសកម្មភាពជាបន្តបន្ទាប់ ទើបផ្ទះ ក្រុមហ៊ុន ឬ​គណបក្ស​នយោបាយ​ចេញ​ជា​រូបរាងជាក់ស្តែង។ ដូច្នេះ វាជារឿងសំខាន់ណាស់ មុននឹងធ្វើសកម្មភាពអ្វីមួយ យើងត្រូវ​គិត​និងដឹងជាមុនថា តើយើងចង់បង្កើតអ្វី តើយើងមានគោលដៅអ្វីដែលយើងចង់សម្រេច។

ដោយយល់ដឹងនូវគោលការណ៍បង្កើតសមិទ្ធផលត្រូវឆ្លងកាត់ ២ដំណាក់កាល អ្នក​ត្រូវដឹងថា អ្នកជាអ្នកនិពន្ធរឿងរ៉ាវទាំងឡាយនៅក្នុងជីវិតអ្នក។ តើអ្នកចង់ឱ្យ​សាច់​រឿងនៃជីវិត​អ្នកមានឈុតឆាកអ្វីខ្លះ? តើអ្នកចង់ឱ្យសាច់រឿងជីវិតបញ្ចប់ទៅយ៉ាងម៉េច? តើអ្នកចង់មាន​រឿងទុក្ខាកើតឡើងច្រើន ឬចង់ឱ្យមានភាពរីករាយកើតឡើង? តើអ្នកចង់ឱ្យជួបការបារម្ភរឿងលុយកាក់ញឹកញាប់ ឬអ្នកចង់បានសេរីភាពហិរញ្ញវត្ថុ? តើអ្នកចង់រស់នៅពឹងលើគេ ឬចង់ឱ្យមានលទ្ធភាពជួយគេបានច្រើន? តើអ្នកចង់បន្សល់មរតកអ្វីសម្រាប់អ្នកជំនាន់ក្រោយ? អ្នកត្រូវដឹងនិងជឿជាក់ថាអ្នកជាអ្នកនិពន្ធ ជាអ្នកកំណត់​ជោគ​វាសនា​របស់អ្នក។ អ្នកមិនត្រូវគិតថា អ្វីៗទាំងឡាយកើតឡើងដោយ​សារតែព្រហ្មលិខិត ឬអ្នកដទៃ ​ជាអ្នកកំណត់ ឬរៀបចំទេ។ ការគិតបែបនេះគឺអ្នកកំពុងត្រៀមខ្លួនចុះចាញ់ និង​ទុកជោគវាសនារបស់អ្នកឱ្យអ្នកដទៃជាអ្នកកំណត់ ជាអ្នកគ្រប់គ្រង​លើជោគវាសនា​របស់​អ្នកហើយ។

ដូចនេះ បើអ្នកចង់បានអ្វីក្នុងជីវិតអ្នកជារូបរាងជាក់ស្តែង អ្នកត្រូវចាប់ផ្តើមបង្កើតវាជាមុនក្នុងគំនិតរបស់អ្នក ដោយអ្នកត្រូវចាប់ផ្តើមបង្កើតគោលដៅសម្រាប់មួយជីវិត សម្រាប់១០ឆ្នាំ​ ៥ឆ្នាំ ១ឆ្នាំ រួចហើយញែកវាជាផែនការសម្រាប់ ៣ខែ ១ខែ ១សប្តាហ៍ និង១ថ្ងៃ។ ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវមានគោលដៅជីវិត និងផែនការច្បាស់លាស់?

អ្នកជំនាញអំពីការអភិវឌ្ឍធនធានមនុស្ស និងភាពជាអ្នកដឹកនាំបានសិក្សាឃើញថា ជាទូទៅ មនុស្សមិនអាចជោគជ័យបានទេ បើគេគ្មានគោលដៅជីវិត ហើយមិនចេះរៀបចំផែនការការងារ។ គោលដៅជីវិតនឹងប្រាប់អ្នកអំពីទិសដៅដែលអ្នករៀបចំដំណើរជីវិតរបស់អ្នក។ អ្នកអាចស្រមៃមើល បើអ្នកចង់ធ្វើដំណើរ ហើយអ្នកមិនដឹងអំពីទិសដៅដែលអ្នកចង់ទៅ តើការធ្វើដំណើររបស់អ្នកនឹងទៅជាយ៉ាងណា។ អ្នកប្រហែលជាមិនទៅដល់ទីណាសោះឡើយ ឬមួយក៏រសាត់ទៅដល់ទីណាមួយដែលអ្នកមិនពេញចិត្ត។ ការរស់នៅគ្មានគោលដៅជីវិត ប្រៀបដូចជាខ្លែងដែលដាច់ខ្សែនៅលើវេហា ឬចករសាត់ក្នុងទឹក។ គោលដៅជីវិតនឹងរុញអ្នកឱ្យចេះផ្លាស់ប្តូរទម្លាប់មិនល្អ ទម្លាប់អវិជ្ជមាន មកចាប់យកទម្លាប់ល្អ ទម្លាប់មានប្រសិទ្ធភាព។ គោលដៅជីវិតនឹងជួយអ្នកឱ្យហ៊ានប្រឈមនឹងបញ្ហាទាំងឡាយ ហើយជាមួយនេះនឹងពង្រឹងភាពខ្លាំងក្នុងខ្លួនអ្នក ធ្វើឱ្យអ្នកមោះមុត ស្វិតស្វាញ រឹងមាំ និងធន់។ គោលដៅជីវិតនឹងផ្តល់អត្ថន័យ និងភាពពេញចិត្តដល់ជីវិតអ្នក។ បន្ថែមពីនេះ គោលដៅជីវិតនឹងរុញអ្នកឱ្យចេះរៀបចំផែនការ ដើម្បីសម្រេចគោលដៅតូចៗ ប្រចាំឆ្នាំ ប្រចាំខែ ប្រចាំសប្តាហ៍ ឬប្រចាំថ្ងៃ។ នៅពេលអ្នកចេះរៀបចំផែនការ អាចជាផែនការប្រចាំត្រីមាស ប្រចាំខែ ប្រចាំសប្តាហ៍ ឬប្រចាំថ្ងៃ វានឹងធ្វើឱ្យអ្នកចាត់ចែងពេលវេលាប្រចាំថ្ងៃរបស់អ្នកប្រកបដោយប្រសិទ្ធភាព សម្រេចការងារបានច្រើន ហើយអ្នកនឹងពេញចិត្តជាមួយលទ្ធផលដែលសម្រេចបាន។ សូមចងចាំថា សមិទ្ធផលសំខាន់ៗរបស់បុគ្គលជោគជ័យទាំងឡាយមិនមែនកើតឡើងដោយសារការងារដែលគេធ្វើ១ដងក្នុង១ឆ្នាំទេ គឺកើតចេញពីការងារតូចៗដែលត្រូវធ្វើជាប្រចាំថ្ងៃរបស់គេ។ ការបំពេញការងារប្រចាំថ្ងៃរបស់អ្នកតាមផែនការច្បាស់លាស់ ដើម្បីសម្រេចគោលដៅអ្វីមួយនឹងធ្វើឱ្យអ្នកទទួលបានសមិទ្ធផលធំធេងនៅពេលណាមួយ។

មនុស្សដែលរស់នៅគ្មានគោលដៅជីវិត និងផែនការច្បាស់លាស់ងាយនឹងរងគ្រោះ ភ័យខ្លាច តក់ស្លុត នឹងព្រឹត្តការណ៍ផ្សេងៗដែលកើតឡើងនៅជុំវិញខ្លួន។

ផ្ទុយទៅវិញ មនុស្សដែលមានគោលដៅជីវិតច្បាស់លាស់ និងគោលការណ៍ត្រឹមត្រូវ បានបង្កើតភាពខ្លាំងក្នុងខ្លួន ប្រៀបដូចជាសំពៅដ៏ជាប់និងរឹងមាំមួយ ដែល​អាច​ទប់ទល់នឹងព្យុះសង្ឍរា និងរលកសមុទ្រធំៗទាំងឡាយ ដែលបោកបក់​មកលើ​សំពៅ។ សំពៅនៅតែរឹងមាំ និងបន្តដំណើរទៅមុខ បើទោះបីជួបព្យុះក៏ដោយ ពីព្រោះគោលដៅ និងគោល​ការណ៍​ផ្តល់ភាពរឹងមាំ មោះមុត ស្វិតស្វាញ ដើម្បីប្រឈមនឹង​ឧបសគ្គ​នានា​ដែល​កើតឡើង​ក្នុងពេលធ្វើដំណើរ។

ហេតុនេះហើយ ទើបបុគ្គលជោគជ័យ បុគ្គលមានប្រសិទ្ធភាពតែងដឹងអំពីគោលដៅរបស់គេក្នុងការបំពេញកិច្ចការអ្វីមួយ។ នៅពេលគេរវល់ចំពោះរឿងអ្វីមួយ គេនឹងបង្កើតសមិទ្ធផលចេញពីកិច្ចការនោះ ឬយ៉ាងហោចណាស់គេរៀនសូត្រ ដកស្រង់បទពិសោធន៍ចេញពីកិច្ចការរបស់គេ បើទោះបីកិច្ចការនោះមិនផ្តល់ផលល្អដល់គេក៏ដោយ។

៣. ទម្លាប់ទី៣ ៖ “ធ្វើរឿងចាំបាច់ជាមុន”

នៅពេលអ្នកសាកល្បងតម្រៀបវត្ថុមួយចំនួនមានដុំថ្មធំតូចបីបួនដុំ គ្រាប់គ្រួស​មួយ​ចំនួន និងខ្សាច់ប្រមាណ ២០០ក្រាម ចូលទៅក្នុងដបធំល្មមមួយ ពេលនោះអ្នកនឹង​យល់ថា ការរៀប​វត្ថុណាមុនណាក្រោយជារឿងសំខាន់ ដើម្បីធានាថាវត្ថុតាំងនោះគេអាចតម្រៀប​ចូលក្នុងដបទាំងអស់បាន។ បើអ្នកសាកល្បងចាក់គ្រាប់ខ្សាច់តូចល្អិត ២០០ក្រាមចូលទៅ​ក្នុងដបជាមុន រូចហើយដាក់គ្រាប់គ្រួសតូចៗ បន្ទាប់មកទៀតដាក់ដុំថ្មតូចៗ ហើយចុងក្រោយ​ដាក់ដុំថ្មធំ ពេលនោះអ្នកនឹងឃើញថា ដបទាំងមូលមិនអាចដាក់វត្ថុទាំង​នោះបាន​ទាំងអស់​ទេ។ ក៏ប៉ុន្តែ បើអ្នកសាកល្បងដោយដាក់ដុំថ្មធំជាងគេជាមុន បន្តមកដាក់ដុំថ្មតូចបន្ទាប់ ដុំ គ្រួសធំ រួចតូច ហើយចុងក្រោយអ្នកចាក់ខ្សាច់ ២០០ក្រាមចូល ពេលនោះអ្នកនឹងឃើញថា ដបទាំង​មូល​អាច​ដាក់វត្ថុទាំងអស់បាន ហើយថែមទាំងសល់លំហខ្លះផងសម្រាប់ដាក់​ខ្សាច់​មួយចំនួន​បន្ថែមទៀតបាន។ សូមមើលវីដេអូ YouTube: Stephen Covey “Put first things first (big rocks)” ដើម្បីយល់ឱ្យបានច្បាស់អំពីការតម្រៀបវត្ថុដូចរៀបរាប់ខាងលើ។

ការតម្រៀបវត្ថុនេះវាដូចគ្នានឹងការរៀបចំចាត់ចែងការងារប្រចាំថ្ងៃរបស់យើង ឬការ​គ្រប់គ្រង​ជីវិតយើងទាំងមូល។ នៅក្នុងជីវិតរបស់យើង មានរឿងរ៉ាវជាច្រើន​ដែលបង្ខំឱ្យ​យើងយកចិត្តទុកដាក់ ឬរៀបចំតាមពេលវេលា។ យើងចង់មានលុយច្រើន យើងចង់មាន​កេរ្តិ៍ឈ្មោះ យើងចង់សប្បាយជាមួយមិត្តភ័ក្តិ ចង់ដើរលេងនៅបរទេស យើងចង់រៀន​យក​សញ្ញាប័ត្រខ្ពស់ ចង់មានគូស្រករសង្ហាស្រស់ស្អាតនិងមានមុខមាត់។ល។ រឿងរ៉ាវផ្សេងៗ ការចង់បានផ្សេងៗ ចេះតែមកលងចិត្តយើង ហើយយើងចេះតែគិតពីរឿងនេះរឿងនោះ ដោយមិនដឹងថារឿងណាសំខាន់ចំបាច់សម្រាប់យើងត្រូវធ្វើមុន។ ដូចគ្នាដែរ ការរស់នៅ​ប្រចាំថ្ងៃ មានរឿងរ៉ាវ ឬកិច្ចការជាច្រើនដែលបង្ខំឱ្យយើងយកចិត្តទុកដាក់ យើងមាន​ការ​ណាត់ជួបប្រជុំការងារ ចង់អានឯកសារ ចង់អានសៀវភៅ ចង់ជួបមិត្តភក្តិញាំអាហារ ចង់​ទូរស័ព្ទ​សួរសុខទុក្ខបងប្អូន ចង់ឆ្លើយឆ្លងនឹងគេក្នុងហ្វេសបុក ចង់ហាត់ប្រាណ។ល។ យើងចេះ​តែ​ចង់ប្រតិកម្មយកចិត្តទុកដាក់ទៅនឹងអ្វីដែលមកប៉ះនឹងចិត្តយើង ឬចិត្តយើងចង់បានភ្លាមៗ ដែលធ្វើឱ្យយើងធ្វើសកម្មភាព ឬបំពេញការងារដោយមិនដឹងថា រឿងណាមួយសំខាន់ជាងគេ ឬសំខាន់ជាងរឿងមួយទៀត ដែលត្រូវធ្វើមុន ឬធ្វើក្រោយ។ ការប្រព្រឹត្តបែបនេះ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃក៏ចេះតែទៅមុខ តែមិនបានសម្រេចលទ្ធផលអ្វីពេញលេញ ឬជាដុំកំភួនទេ។ តើធ្វើដូចម្តេច​យើង​អាចផ្លាស់ប្តូរទម្លាប់មិនល្អនេះបាន?

ដើម្បីផ្លាស់ប្តូរទម្លាប់នេះ យើងត្រូវចេះចាត់អាទិភាពនៃរឿងរ៉ាវទាំងឡាយ ឬសកម្មភាព​ទាំងឡាយថារឿងណាសំខាន់ចាំបាច់។ តើធ្វើចំណាត់អាទិភាពយ៉ាងម៉េច? នៅក្នុងទម្លាប់ទី២ “ចាប់ផ្តើមដោយដឹងពីគោលដៅ” យើងយល់អំពីសារសំខាន់នៃការកំណត់គោលដៅ។ ដូច្នេះ​ ការកំណត់អាទិភាព គឺការយកគោលដៅរបស់យើងមកប្រើ។ បើកិច្ចការ ឬរឿងរ៉ាវណា​ដែល​រុញ​ឱ្យ​យើងទៅសម្រេចគោលដៅដែលបានកំណត់ កិច្ចការ ឬរឿងរ៉ាវនោះគឺសំខាន់​ចាំបាច់​ហើយ។ នៅក្នុងតារាងខាងក្រោម មានប្រភេទការងារចែកចេញជា ៤ជ្រុង ៖



ជ្រុងទី១ គឺសំដៅលើកិច្ចការសំខាន់និងបន្ទាន់ដែលតម្រូវឱ្យយើងយកចិត្តទុកដាក់បំពេញជាបន្ទាន់។ កិច្ចការបែបនេះក្នុងការងារប្រចាំថ្ងៃរបស់អ្នកមានដូចជា ការធ្វើរបាយការណ៍​ជូនថ្នាក់ដឹកនាំឱ្យទាន់កាលកំណត់ ការឆ្លើយតប​ទៅនឹង​ការទាមទារភ្លាមៗរបស់អតិថិជន ការជូនកូនទៅសាលារៀន ការឆ្លើយតបនឹងគ្រោះមហន្តរាយមកដល់។ល។

ជ្រុងទី២ គឺសំដៅលើកិច្ចការសំខាន់តែមិនបន្ទាន់ ដែលយើងអាចធ្វើពេលនេះក៏បាន ទុកចាំ​ពេលក្រោយក៏បាន ពីព្រោះពុំមានសំពាធពេលវេលា។ កិច្ចការបែបនេះក្នុងជីវិតរបស់អ្នក​មានដូចជា ការពង្រឹងសមត្ថភាពតាមរយៈការអានសៀវភៅ ការចូលរួមវគ្គសិក្សាបន្ថែម ការចងបណ្តាញ ការកសាងមិត្តភាព និងទំនុកចិត្តក្នុងគ្រួសារ ឬនៅក្នុងអង្គការស្ថាប័នរបស់អ្នកមានដូចជា ការពង្រឹងក្រុមការងារ ការរៀបចំគោលការណ៍ និងនីតិវិធី​ផ្សេងៗក្នុងការបំពេញការងារឱ្យមានជាប្រព័ន្ធ ការបណ្តុះបណ្តាលដល់សហការី។ល។ ដោយសារមានភាពរវល់ចេញពីជ្រុងផ្សេងៗទៀត និងគ្មានសំពាធពេលវេលា កិច្ចការដ៏សំខាន់​ទាំងនេះក៏ចេះតែទុកចោលមិនយកចិត្តទុកដាក់ ដែលធ្វើឱ្យចំណេះដឹងយើងមិនលូតលាស់បន្ថែម យើងពុំមានបណ្តាញច្រើន ទំនាក់ទំនងក្នុងគ្រួសារមិនសូវល្អ ការគ្រប់គ្រង​អង្គការស្ថាប័ន​គ្មាន​គោល​ការណ៍ និងនីតិវិធីត្រឹមត្រូវ និងសហការីខ្វះសមត្ថភាពបំពេញការងារ។ល។ បុគ្គលឆ្នើមតែងយកចិត្តទុកដាក់ចំណាយពេលវេលាលើជ្រុងទី២នេះច្រើន បើទោះបីគេរវល់យ៉ាងណាក៏ដោយ។

ជ្រុងទី៣ គឺសំដៅលើកិច្ចការ ឬរឿងរ៉ាវទាំងឡាយណាដែលមាន​លក្ខណៈបន្ទាន់​ទាមទារ​ឱ្យយើងយកចិត្តទុកដាក់ដោះស្រាយ តែជារឿងមិនសំខាន់ មិនមានប្រយោជន៍​សម្រាប់​គោលដៅរបស់យើងទេ។ រឿងរ៉ាវទាំងនោះប្រៀបបានជាគ្រឿង​បញ្ឆោតចិត្តយើង​ឱ្យយកចិត្តទុកដាក់ប្រើពេលវេលាច្រើនជាមួយ។ កិច្ចការបែបនេះក្នុងជីវិតយើងមានដូចជា ការណាត់ជួបមិត្តភក្តិជជែកផឹកស៊ីសប្បាយញឹកញាប់ដោយមានការយល់ច្រឡំថាជាការចងបណ្តាញ ការចំណាយពេលច្រើនទូរស័ព្ទឆ្លើយឆ្លងគ្នាតែជជែករឿងមិនបានការ ការចំណាយពេលតាមដានលើបណ្តាញសង្គមតែមិនមែនដើម្បីរៀនសូត្រ ឬទទួលព័ត៌មានណាមួយពិតប្រាកដ។ល។ បុគ្គលឆ្នើមគេយល់ដឹងអំពីរឿងរ៉ាវ ឬសកម្មភាពអត់ប្រយោជន៍ទាំងនេះ ហើយមិនចំណាយពេល​វេលា​របស់​គេ​លើរឿង​ទាំងនេះទេ។

ជ្រុងទី៤ គឺសំដៅលើសកម្មភាពមិនសំខាន់ ហើយក៏មិនបន្ទាន់ តែមនុស្សជាច្រើន​បែរជាចំណាយពេលលើរឿងទាំងនេះច្រើនទៅវិញ។ សកម្មភាពជាឧទាហរណ៍ មានដូចជា​ការឆ្លងឆ្លើយប្រតិកម្មតបតាមហ្វេសប៊ុកចុះឡើងៗ ជាការលេងសើច ឬចងកំហឹងគ្នា ដោយខាតពេលមួយ​ថ្ងៃៗ​អត់ប្រយោជន៍​ជាមួយរឿងនេះ។ គេចំណាយពេលជួបជុំគ្នាផឹកស៊ី និយាយព្រោកប្រាជ្ញរឿងស្រីញីអត់​ប្រយោជន៍ និយាយដើមអ្នកនេះអ្នកនោះ ឬចូលការ៉ាអូខេច្រៀងលេងសើចសប្បាយ តែ​មិនបាន​ផ្តល់ជាលទ្ធផលអ្វីដែលទាក់ទងនឹងគោលដៅរបស់គេ ហើយពេលខ្លះ​បំផ្លាញ​សុខភាព និងសេចក្តីថ្លៃថ្នូរខ្លួនឯងទៀតផង។ បុគ្គលឆ្នើម​មិនចំណាយពេល​វេលា​លើរឿងគ្មានប្រយោជន៍ទាំងនេះទេ ពីព្រោះពេលវេលាគេមានតម្លៃណាស់។

ក៏ប៉ុន្តែ បើទោះបីជាមនុស្សយើងយល់ដឹងអំពីអាទិភាពនៃប្រភេទ​ការងារ ឬរឿងរ៉ាវក៏ដោយ ក៏គេនៅតែប្រឈមនឹងបញ្ហាចម្បងមួយទៀត​ដែលត្រូវយក​ឈ្នះ​ឱ្យបាន។ តាមផ្លូវព្រះពុទ្ធសាសនា បញ្ហាចម្បងនោះ​គឺចិត្ត​មនុស្សមានដំណើរការដូចជាសត្វស្វា វាលោតទៅនេះ លោតទៅនោះមិនឈប់ឈរ។ បើទោះបី​អ្នកដឹងថា ការអានសៀវភៅសំខាន់សម្រាប់ការយល់ដឹង និងការលូតលាស់របស់អ្នក ក៏ចិត្តរបស់​អ្នក​ទាញទៅរកការលេងហ្វេសប៊ុក ទៅជួបមិត្តភក្ភិស៊ីផឹក ទៅជួបគ្នានិយាយ​ដើមគេជា​ ដើម។ បើទោះបីអ្នកដឹងថា ការហូបបន្លែច្រើនមានសុខភាពល្អ តែចិត្តរបស់អ្នកបែរជា​ជ្រើសរើស​យកសាច់ដែលមានខ្លាញ់ច្រើនទៅវិញ។ បើទោះបីអ្នកដឹងថា ការសន្សំលុយសម្រាប់មាន​ទុន​វិនិយោគ ​នៅ៣ឆ្នាំទៀតវាមានប្រយោជន៍សម្រាប់កសាងសេរីភាពហិរញ្ញវត្ថុ ក៏ចិត្តស្វា​របស់​អ្នក​​ចេះតែអូសទាញអ្នកឱ្យទៅផ្សារចំណាយលុយទិញសំលៀកបំពាក់ថ្មី។ បើទោះបីអ្នកដឹងថា ការជជែកគ្នាអំពីគោលនយោបាយ ឬយុទ្ធសាស្រ្តវែងឆ្ងាយ​ស្វែងរកដំណោះស្រាយ​ជូន​ប្រទេស​ជាតិសំខាន់ ក៏ការជជែករបស់ក្រុមការងារចូលចិត្ត​ទាញងាកទៅរកការពិភាក្សា​លើ​សំដី​របស់អ្នកដឹកនាំនយោបាយល្បីៗដែលឈ្លោះប្រកែកគ្នាតាមរយៈសារព័ត៌ មាន។ អ្នកនយោបាយខ្លះចង់មានកេរ្តិ៍ឈ្មោះល្អ ជួយសង្គម តែបែរជាបណ្តោយឱ្យ​ចិត្តស្វា​ទៅ​ទទួលយកអំណាចបុណ្យស័ក្តិភ្លាមៗ ដោយមិនគិតអំពីផលវិបាកនៃការបាត់បង់ទំនុកចិត្ត និង​ការជឿជាក់ពីមហាជន។

ចិត្តស្វារបស់យើងចូលចិត្តងាកទៅរកអ្វីដែលផ្តល់ការសប្បាយភ្លាមៗ ដោយមិន​យកចិត្ត​ទុកដាក់លើរឿងសំខាន់ជាអាទិភាពទេ។ ដូច្នេះ បើចង់កសាងខ្លួនក្លាយជាបុគ្គលឆ្នើម អ្នកត្រូវយល់​ដឹង​អំពីចិត្តស្វានេះ ហើយបង្កើតទម្លាប់គ្រប់គ្រងវាឱ្យបាន[1] ដោយកុំបណ្តោយ​ឱ្យវាអូសទាញ​យើងទៅធ្វើរឿងអត់ប្រយោជន៍ ទៅរកការសប្បាយរយៈពេលខ្លី​ដែលបាត់ឱកាស​សម្រាប់​ការលូតលាស់ រីករាយ ឬសេរីភាពហិរញ្ញវត្ថុរយៈពេលវែង។ ជាដំបូង អ្នកត្រូវ​ចេះវិភាគបែងចែករឿងរ៉ាវ ឬកិច្ចការណាសំខាន់ចាំបាច់ជាង ដែលត្រូវធ្វើមុន រួចហើយត្រូវ​ប្តេជ្ញា​ចិត្តធ្វើកិច្ចការនោះឱ្យបានជាញឹកញាប់ ដោយកុំបណ្តោយឱ្យរឿងផ្សេងដែលមិនសំខាន់ ឬសំខាន់តិចជាងមករំខានពេលវេលា ឬការយកចិត្តទុកដាក់របស់​​ អ្នក។ ការធ្វើបែបនេះគឺអ្នក​កំពុងបង្កើតទម្លាប់ធ្វើរឿងចំាបាច់ជា​ មុន។

ការចេះយល់ដឹងអំពីរឿងសំខាន់ចាំបាច់ដែលត្រូវធ្វើមុន និងចេះគ្រប់គ្រងចិត្ត​ឱ្យបាន​ល្អនឹងធ្វើឱ្យការងារក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកមានប្រសិទ្ធភាពខ្ពស់ ដំណើរជីវិតអ្នកទាំងមូល​អាចសម្រេចកិច្ចការធំៗសម្រាប់ខ្លួនអ្នក គ្រួសារអ្នក ព្រមទាំងផ្តល់ប្រយោជន៍ជូនសង្គមនិងប្រទេសជាតិបាន។ ចូរបង្កើតទម្លាប់​ធ្វើរឿង​ចាំបាច់​ជាមុន អ្វីៗដទៃទៀតនឹងត្រូវប្រព្រឹត្តទៅតាមលំដាប់លំដោយដោយឯកឯង។ បុគ្គលឆ្នើមគេមិនខំប្រឹងគ្រប់គ្រងពេលវេលាទេ តែគេអាចគ្រប់គ្រងខ្លួនគេ ដើម្បីប្រើប្រាស់ពេលវេលាដែលគេមានឱ្យមានប្រយោជន៍។
[1]នៅក្នុងផ្លូវធម៌បែបព្រះពុទ្ធសាសនា គេរៀនគ្រប់គ្រងចិត្តមនុស្សតាមវិធីសមាធិ និងវិបស្សនា។

៤. ទម្លាប់ទី៤ ៖ “គិតឈ្នះឈ្នះ”

តើការគិតដូចម្ដេចហៅថា ការគិតបែបឈ្នះឈ្នះ?

ប្រសិនបើគេឱ្យនំមួយដុំទៅមនុស្ស ២នាក់ចែកគ្នា តើគេចែកគ្នាយ៉ាងណា ដើម្បីឱ្យបានឈ្នះឈ្នះ។ បើគេចែកគ្នាបានពាក់កណ្តាលម្នាក់ ដូចក្នុង រូបភាពទី៣ក) នោះយើងប្រហែលជា​ សន្និ្ឋដ្ឋានភ្លាមថា គេគិតឈ្នះឈ្នះហើយក្នុងការចែកគ្នានេះ។ ចុះបើ​ម្នាក់យក ២/៣ ដោយទុកឱ្យម្នាក់ទៀតតែ ១/៣ នៃនំទាំងមូល ដូចក្នុង រូបភាពទី៣ខ) ឬមួយក៏គេយក ៣/៤ ដោយទុកតែ ១/៤ ឱ្យម្នាក់ទៀត ដូចក្នុង រូបភាពទី៣គ) តើអ្នកយល់​យ៉ាងណា? អ្នកប្រហែលជាគិតថា ការចែកបែបនេះមិនយុត្តិធម៌ទេ មិនមែនជាការ​គិត​បែប​ឈ្នះឈ្នះទេ, មែនឬទេ?

រូបភាពទី៣ ៖ ការចែកនំជាចំណែកតាម ៣វិធីផ្សេងគ្នា



នៅក្នុងជីវិតជាក់ស្តែងនៃការសហការ ឬការចរចាផ្សេងៗ អ្នកកម្រនឹងបានជួបការបែងចែកផលប្រយោជន៍ ឬការទទួលខុសត្រូវស្មើគ្នាណាស់។ ដូច្នេះហើយការយល់ដឹង និងបង្កើតទម្លាប់ទទួលយកការគិតឈ្នះឈ្នះ ជារឿងសំខាន់សម្រាប់ភាពជោគ​ជ័យក្នុងជីវិតអ្នក។

ជាឧទាហរណ៍មួយទៀត គេដាក់មនុស្ស២នាក់ក្នុងបន្ទប់ជាមួយគ្នា។ គេបានដាក់លក្ខខណ្ឌ​ថា អ្នកទាំង២ទទួលលុយ ១០០ដុល្លារ សម្រាប់ចែកគ្នា។ អ្នកទី១ មានសិទ្ធិសម្រេច​មុនថា តើគេទុកឱ្យខ្លួនគេប៉ុន្មាន ហើយប្រគល់ទៅឱ្យអ្នកទី២នៅសល់ប៉ុន្មាន។ បើអ្នកទី២ យល់ព្រម លុយ១០០ដុល្លារនោះ នឹងបានទៅពួកគេទាំង២ដូចការព្រមព្រៀង។ បើអ្នកទី២ មិនព្រម លុយ ១០០ដុល្លារ នោះនឹងត្រូវដកយកវិញ ដោយអ្នកទាំង២មិនបានអ្វីសោះ។ សេណារីយ៉ូ ដែលអាចកើតឡើង ៖

១. អ្នកទី១ ទុក ៩០$ ហើយឱ្យអ្នកទី២ ១០$។

២. អ្នកទី១ ទុក ៨០$ ហើយឱ្យអ្នកទី២ ២០$។

៣. អ្នកទី១ ទុក ៧០$ ហើយឱ្យអ្នកទី២ ៣០$។

៤. អ្នកទី១ ទុក ៦០$ ហើយឱ្យអ្នកទី២ ៤០$។

៥. អ្នកទី១ ទុក ៥០$ ហើយឱ្យអ្នកទី២ ៥០$។

បើអ្នកជាអ្នកទី២ តើអ្នកនឹងយល់ព្រមនូវសេណារីយ៉ូមួយណា? ភាគច្រើន អ្នកនឹងយល់ព្រម តែសេណារីយ៉ូទី៥ ឬយ៉ាងហោចណាស់ ត្រឹមសេណារីយ៉ូទី៤ ប៉ុណ្ណោះ។ តើមែនឬទេ? ពីព្រោះគំនិតរបស់អ្នក ប្រាប់អ្នកថាមានតែសេណារីយ៉ូទី៥ទេដែលយុត្តិធម៌។ អ្នកអាចព្រមយកសេណារីយ៉ូទី៤ ពីព្រោះវានៅតែអយុត្តិធម៌តិចតួច។ ចុះបើអ្នកជាអ្នកទី១វិញ តើអ្នកនឹងគិតបែបណា? ជាទូទៅ ក្នុងភាពជាក់ស្តែង អ្នកដែលស្ថិតនៅក្នុងស្ថានការណ៍ជាអ្នកទី១ ច្រើនមានហេតុផលផ្សេងៗ ដែលធ្វើឱ្យគេមានបុព្វសិទ្ធិសម្រេចមុន ហើយគេតែងគិតថា គេត្រូវបានចំណែកច្រើនជាងទើបយុត្តិធម៌ ព្រោះមានហេតុផលផ្សេងៗ ដូចជាគេបានមកដល់មុន គេស្គាល់អ្នកប្រគល់លុយស្និទស្នាលជាង។ល។

ជាទូទៅ ការគិតរបស់មនុស្សតែងប្រៀបធៀបជាមួយអ្នកដទៃ និងជ្រើសយកយុត្តិធម៌មួយ ដែលខ្លួនយល់ឃើញ (តាមរង្វាស់របស់ខ្លួន ដែលមាននិន្នាការទៅរកភាពអាត្មានិយម) ហើយគេក៏សម្រេចទៅលើជម្រើស ដែលអត់បាន​ប្រយោជន៍​ទាំងអស់គ្នា។ នេះជាការគិតបែប “ចាញ់-ចាញ់” ពីព្រោះ អ្នកទី១ ក៏អត់បានលុយ ឯអ្នកទី២ វិញ ក៏អត់បានលុយ ហើយគេក៏និយាយបែបផ្ចាញ់ផ្ចាលគ្នាថា សមហើយ អត់បាន​លុយទាំងអស់គ្នា។

ដូច្នេះការគិតបែបឈ្នះឈ្នះមិនមែនមានន័យត្រឹមថា ទាល់តែការចែកចំណែកបាន ស្មើៗគ្នា ឬ៥០% ក្នុងម្នាក់ៗទេ។ ក្នុងករណីរៀបរាប់ខាងលើអំពីការចែកលុយ ១០០ដុល្លារ ការគិតបែបឈ្នះឈ្នះវាអាច ៧០$ - ៣០$ ឬ៨០$ - ២០$ ឬ៩០$ -១០$ ឬក៏ ៩៩$ -១$។ ពីព្រោះអ្វី? ពីព្រោះអ្នកទាំង២ ទទួលបានប្រយោជន៍រៀងៗខ្លួន ទោះតិចក្តី ច្រើនក្តី ដោយគេមិនគិតអំពីការប្រៀបធៀបគ្នាជាចម្បងទេ។

គួរឱ្យសោកស្តាយ មនុស្សយើងភាគច្រើន បានបណ្តោយ​​ឱ្យ​ការគិត​បែប​អវិជ្ជមាន ៥ប្រការបង្កភាពរាំងស្ទះដល់ការសហការគ្នា។ ការគិតបែប​អវិជ្ជមាន​ទាំង៥ប្រការនោះរួមមាន៖

1. ឈ្នះ-ចាញ់ (ខ្ញុំមានផ្លូវរបស់ខ្ញុំ អ្នកគ្មានផ្លូវជ្រើសរើស)

2. ចាញ់-ឈ្នះ (មនុស្សដែលគិតថានឹងចាញ់ គេពុំមានតម្រូវការនិងការចង់​បានពិតប្រាកដទេ ដូច្នេះហើយគេងាយនឹងចុះចាញ់ ភ័យខ្លាច និងសង្ស័យចំពោះការសហការ)

3. ចាញ់-ចាញ់ (បុគ្គលអាត្មានិយមខ្លាំង ពេលចូលរួមសហការគ្នាក្នុងរឿងអ្វីមួយ គេនឹងជ្រើសរើសផ្លូវនេះ)

4. ឈ្នះតែឯង (គេជាមនុស្សគិតតែអំពីតម្រូវការខ្លួនឯង ដោយមិនខ្វល់អំពីតម្រូវការអ្នកដទៃ)

5. មិនសហការ (មនុស្ស២នាក់ យល់ស្របថា គេមានគំនិតខុសគ្នា មិនអាចសហការគ្នាបាន)

របៀបគិតអវិជ្ជមានទាំង៥ប្រការនេះមិនអាចនាំទៅរកផ្លូវឈ្នះឈ្នះបានទេ។

សម្រាប់ការគិតឈ្នះឈ្នះ គេត្រូវសម្លឹងលើទិដ្ឋភាព ៥ចំណុចដូចខាងក្រោម ៖

1. សុចរិតភាព៖ គោរពសន្យា និងការប្តេជ្ញាចិត្តរួម។

2. ភាពចាស់ទុំគំនិត៖ មានសេចក្តីក្លាហាន និយាយប្រាប់ការពិត ព្យាយាមស្តាប់ ស្វែងយល់ និងគោរពមតិអ្នក​ដទៃ។

3. គិតពីភាពសម្បូរបែប៖ អ្វីៗរួមទាំងប្រយោជន៍មានច្រើនសម្រាប់គ្រប់គ្នា ដោយមិនភ័យខ្លាចថាបានគេអត់យើង។ គេផ្តោតការគិតទៅរកដំណោះស្រាយឱ្យ​ឈ្នះទាំងអស់គ្នា។

4. ទំនាក់ទំនងនិងភាពជឿជាក់៖ ទំនាក់ទំនងល្អនឹងបង្កើតភាពជឿជាក់ ហើយបង្កជា​ឱកាសនិងលទ្ធភាពក្នុងការស្វែងរកដំណោះស្រាយរួម។

5. ការយល់ព្រម៖ នៅពេលរឿងទាំង៤ខាងលើបានបំពេញ ការយល់ស្របលើផ្លូវរួមមួយនឹងកើតឡើង ហើយគេនឹងទទួលផលរួមគ្នាក្នុងផ្លូវឈ្នះឈ្នះ។

ជារឿយៗ នៅពេលមានជម្លោះកើតឡើងក្នុងគ្រួសារ ឬជាមួយអ្នកជិតខាង យើងសង្កេតឃើញថា ការជជែករកដំណោះស្រាយមិនមានច្រកចេញ ពីព្រោះម្នាក់ៗគិតត្រឹមតែរឿងចង់បានយុត្តិធម៌តាមខ្នាតរង្វាស់រៀងៗខ្លួន។ បន្ថែមពីនោះ ដោយសារតែមានចិត្តមានៈចង់ចាញ់ចង់ឈ្នះគ្នា គេក៏សម្រេចជ្រើសរើសយកផ្លូវតុលាការកាត់ក្តី ដែលជាលទ្ធផល គេត្រូវបង់ខាតយ៉ាងច្រើនជាលុយកាក់ និងធ្វើឱ្យជម្លោះដឹងឮដល់អ្នកដទៃកាន់តែច្រើន។ ដោយសារតែគិតរឿងយុត្តិធម៌តាមខ្នាតរៀងៗខ្លួន បូកផ្សំនិងចិត្តមានៈ គេក៏សម្រេចជ្រើសរើសផ្លូវចាញ់ឈ្នះ ឬចាញ់ចាញ់ នៅពេលដែលឱកាសនៃការចាប់យកផ្លូវឈ្នះឈ្នះនៅមាននៅឡើយ ក្នុងការដោះស្រាយជម្លោះ។

ការគិតបែបឈ្នះឈ្នះនៅក្នុងជម្លោះគ្រួសារ ឬជាមួយអ្នកជិតខាងនឹងផ្តល់ផលច្រើនដល់ភាគីសងខាង។ ដំណោះស្រាយបែបឈ្នះឈ្នះនឹងជួយឱ្យភាគីជម្លោះស្ងប់ចិត្ត យល់គ្នាបានល្អជាងមុន មិនប៉ះពាល់ដល់អារម្មណ៍កូនៗក្នុងបន្ទុក ឬរក្សាមិត្តភាពជាអ្នកជិតខាង ដែលត្រូវការពឹងគ្នាទៅវិញទៅមកនៅពេលក្រោយ។ នៅក្នុងផ្លូវធុរកិច្ច ការគិតបែបឈ្នះឈ្នះនឹងជួយឱ្យជំនួញរបស់គេផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកបានយូរអង្វែង សហការគ្នាជាដៃគូគួរឱ្យទុកចិត្តបានល្អ ហើយភាគីនីមួយៗទទួលបានអត្ថប្រយោជន៍រៀងៗខ្លួន។

ចូរអ្នកយល់ថា ជោគជ័យធំៗទាំងឡាយមិនមែនសម្រេចឡើងដោយបុគ្គលម្នាក់ទេ។ វាត្រូវការការសហការគ្នាក្នុងក្រុមការងារមួយ ឬច្រើន។ ហេតុនេះហើយ ជារឿងសំខាន់ណាស់ដែលយើងត្រូវយល់ដឹងនិងប្រតិបត្តិការគិតបែបឈ្នះឈ្នះ ដើម្បីសម្រេចកិច្ចការធំ។

៥. ទម្លាប់ទី៥ ៖ “យល់ពីគេ មុននឹងឱ្យគេយល់ពីអ្នក”

មនុស្សយើងវិវឌ្ឍធំធាត់ពីកុមារភាពមក ដោយចាប់ផ្តើមរៀននិយាយ។ បន្ទាប់មក នៅក្នុងសាលាយើងចាប់ផ្តើមរៀនអាន និងសរសេរ។ ទាំងនេះជាអ្វីដែលយើងបានរៀន ហើយបង្កើតជាទម្លាប់ក្នុងការទំនាក់ទំនងគ្នា។ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានរៀន “ស្តាប់” ដោយ​ត្រឹម​ត្រូវ។ ដើម្បីទំនាក់ទំនងគ្នាប្រកបដោយប្រសិទ្ធភាព យើងត្រូវតែយល់គ្នា​ឱ្យបានល្អទៅវិញ​ទៅមក។ ប៉ុន្តែទម្លាប់យើងពីកុមាររហូតមក ចូលចិត្តតែឱ្យគេយល់ពីខ្លួន តែខ្លួនមិនមានទម្លាប់ស្វែង​យល់ពីគេទេ។

ជាញឹកញាប់ មនុស្សភាគច្រើនមិនចេះរៀនស្តាប់ឱ្យបានត្រឹមត្រូវទេ។ គេ​ “ស្តាប់” ដោយ គ្រាន់តែធ្វើជាស្តាប់ (ដោយមិនផ្ទៀងផ្ទាត់ចាប់យកអត្ថន័យឱ្យត្រឹមត្រូវពេញលេញទេ) ស្តាប់ដោយចាប់យកពាក្យ ឬចំណុចមួយចំនួនដើម្បីឆ្លើយកាត់ ឬដេញដោលចង់ឈ្នះ ឬស្តាប់ដើម្បីចាប់កំហុស។ របៀបស្តាប់ដែលបានរៀបរាប់មកនេះនឹងរារាំងអ្នកមិនឱ្យយល់គ្នាបានល្អ រាំងខ្ទប់ការសហការ ឬបង្កឱ្យមានទំនាស់ទៀតផង។ បើអ្នកជាអ្នកគ្រប់គ្រង សហការីអ្នកនឹងមានអារម្មណ៍អន់ចិត្ត បាក់ទឹកចិត្ត ហើយលែងចង់បញ្ចេញមតិ។ បើអ្នកជាស្វាមី ឬភរិយា ការមានឥរិយាបទ ស្តាប់បែបនេះធ្វើឱ្យដៃគូជីវិតអ្នកមានអារម្មណ៍មិនល្អ អាចបង្កឱ្យមានការអន់ចិត្ត និងឈានទៅមានជម្លោះទៀតផង។

ការ “ស្តាប់” ដ៏ត្រឹមត្រូវគឺការស្តាប់ដោយយល់ចិត្ត ដោយព្យាយាមស្វែងយល់ថា តើដៃគូសន្ទនារបស់អ្នកគិតយ៉ាងណា? គិតអំពីអ្វី? ហេតុអ្វីបានជាគិតដូច្នេះ? ដោយព្យាយាមដាក់ខ្លួនគេឱ្យឈរនៅទីតាំងរបស់ដៃគូសន្ទនា។ នៅពេលអ្នកស្តាប់ដោយយល់ចិត្តបែបនេះ ដៃគូសន្ទនារបស់អ្នកនឹងមានអារម្មណ៍ថាគេយល់ពីខ្លួន គេយល់ចិត្តខ្លួន ហើយគេចាប់ផ្តើមចង់ស្តាប់នូវអ្វីដែលអ្នកនឹងនិយាយមកវិញ បន្ទាប់មកការយល់ពីគ្នាក៏បានកើតឡើង ហើយដំណោះស្រាយល្អក៏លេចចេញមក។ ជាមួយនឹងការស្តាប់ដោយយល់ចិត្ត អ្នកកំពុងបង្កើតឥទ្ធិពលលើដៃគូសន្ទនារបស់អ្នក ហើយការបញ្ចេញមតិរបស់អ្នកនឹងបង្កឥទ្ធិពលលើការគិតរបស់គេ។

រឿងសំខាន់មួយទៀតដែលអ្នកត្រូវយល់ដឹងគឺថា មនុស្សអាចយល់ឃើញផ្សេងគ្នាចំពោះរឿងកើតឡើងតែមួយ, តើហេតុអ្វី?

ឧទាហរណ៍ ចំពោះវិបត្តិនយោបាយនៅកម្ពុជា សហរដ្ឋអាមេរិចផ្តាច់ជំនួយ ដាក់សំពាធដល់រាជរដ្ឋាភិបាលកម្ពុជា រីឯប្រទេសជប៉ុនបន្តគាំទ្រនិងសហការជាមួយរដ្ឋាភិបាលកម្ពុជា។ អ្នកខ្លះយល់ថា អាមេរិចធ្វើត្រូវ ជប៉ុនធ្វើខុស ក្នុងការជួយកម្ពុជាឱ្យគោរពលទ្ធិប្រជាធិបតេយ្យ។ អ្នកខ្លះយល់ថាអាមេរិចធ្វើខុស ជប៉ុនធ្វើត្រូវដោយនិយាយថា ជប៉ុនដឹងពីរបៀបធ្វើការជាមួយជនជាតិអាស៊ីដូចគ្នា ដោយប្រើវិធីលួងលោមផ្លូវត្រជាក់ ក្នុងការជួយកម្ពុជាឱ្យបន្តគោរពលទ្ធិ​ប្រជាធិបតេយ្យ។ យើងមើលឃើញផ្សេងគ្នា ចំពោះរឿងតែមួយពីព្រោះយើងឈរនៅទីតាំងផ្សេងគ្នា។ ការឈរនៅទីតាំងផ្សេងគ្នាចង់និយាយសំដៅទៅលើប្រពៃណីខុសគ្នា កំរិតយល់ដឹងខុសគ្នា បទពិសោធន៍ផ្សេងគ្នា ឬនិន្នាការផ្សេងគ្នា ដែលកំណត់ឱ្យយើងមើលឃើញ និងវាយតម្លៃសាច់រឿងតែមួយខុសគ្នា។

ជាញឹកញាប់ ការមើលឃើញ និងវាយតម្លៃខុសគ្នាចំពោះសាច់រឿងតែមួយនេះបានបង្កជម្លោះជាច្រើននៅក្នុងគ្រួសារ ក្នុងអង្គការស្ថាប័ន ក្នុងរោងចក្រសហគ្រាស ឬនៅក្នុងវិស័យនយោបាយ។ ការយល់ឃើញផ្សេងគ្នា ហើយខំប្រឹងជជែកគ្នាយកចាញ់ឈ្នះអាចរុញឱ្យជម្លោះតូចរីកកាន់តែធំ បង្កឱ្យមានការបែកបាក់គ្រួសារ ឬបង្កជាបញ្ហាក្នុងការសហការគ្នាជាក្រុមនៅក្នុងសហគ្រាស ឬស្ថាប័ន។ នៅក្នុងវិស័យ​នយោបាយ វាកាន់តែមានផលវិបាកខ្លាំង ពីព្រោះបើអ្នកនយោបាយមិនយល់ពីគ្នា បង្កជាជម្លោះកាន់តែធំ រកដំណោះស្រាយមិនចេញ ឈានទៅបង្កើតជាអំពើហិង្សា ឬបង្កឱ្យមានភាពវឹកវរចលាចលក្នុងសង្គម ដែលប៉ះពាល់ដល់ជីវភាព និងជីវិតមនុស្សរាប់លាននាក់នៅក្នុងប្រទេស។

ហេតុដូច្នេះហើយ ទើបការចេះស្តាប់គ្នា យល់ពីគ្នាទៅវិញទៅមកជារឿងសំខាន់ ដើម្បីស្វែងរកដំណោះស្រាយរួមឱ្យបានត្រឹមត្រូវ ដែលអាចទទួលយកបានទាំងអស់គ្នា។

នៅកន្លែងធ្វើការដូចជាសហគ្រាស ក្រុមហ៊ុន អង្គការ ស្ថាប័ន មានប្រធានជាច្រើនមិនយកចិត្តទុកដាក់ស្តាប់សហការីរបស់ខ្លួននិយាយទេ ពីព្រោះគាត់គិតថា​គាត់ចេះជាង ដឹងជាង មិនចាំបាច់ស្តាប់ទេ ឬមួយដោយសារសម្ពាធពេលវេលាខ្លី។ ការនេះធ្វើឱ្យសហការីអន់ចិត្ត ហើយក៏មិនចង់ស្តាប់គំនិតរបស់ប្រធានវិញ។ ជាលទ្ធផល កន្លែងការងារមិនសូវមានគំនិតយោបល់ច្រើន។ សហការីពុំមានស្មារតីជាម្ចាស់លើគម្រោងទាំងឡាយ ពុំមានកម្លាំងចិត្តក្នុងការបំពេញការងារ ហើយកិច្ចសហការក្នុងក្រុមប្រព្រឹត្តទៅមិនបានល្អ។ ដូច្នេះហើយ ដើម្បីដើរតូនាទីជាអ្នកដឹកនាំល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ការហាត់រៀនស្តាប់សហការីបញ្ចេញយោបល់ដោយយកចិត្តទុកដាក់ គឺជារឿងសំខាន់ចាំបាច់មួយក្នុងការក្លាយខ្លួនជាអ្នកដឹកនាំដែលមានឥទ្ធិពល។

បើប្តីនិងប្រពន្ធ អ្នកគ្រប់គ្រងនិងបុគ្គលិក ដៃគូរកស៊ី ឬអ្នកនយោបាយអាចបង្កើតទម្លាប់ស្តាប់គ្នាដោយយល់ចិត្ត ព្យាយាមយល់ពីដៃគូសន្ទនាជាមុន នោះទំនាស់ផ្សេងៗនឹងមានដំណោះស្រាយសមរម្យល្អ ដែលផ្តល់ប្រយោជន៍​ដល់គ្រួសារ ស្ថាប័ន ការសហការរកស៊ី ឬ​សង្គម​ជាតិទាំងមូល បង្កឱ្យមានភាពសុខដុម ផលចំណេញ សហការល្អ ឬបង្កើតសន្តិភាព និងការអភិវឌ្ឍក្នុងសង្គម។ បែបនេះនឹងផ្តល់ជាគំរូល្អដល់យុវជន ដែល​មានការយល់ឃើញផ្សេងៗគ្នា តែចេះស្តាប់គ្នា យល់គ្នា គោរពគ្នា ដែលជាការបណ្តុះ​គ្រាប់ពូជល្អ គ្រាប់ពូជ​សន្តិភាព និងគ្រាប់ពូជរីកចម្រើន។

ជាទូទៅ ការប្រតិបត្តិទម្លាប់ស្តាប់គេជាមុនដោយយល់ចិត្តជាការលំបាក ពីព្រោះតាំងពីក្មេងមក យើងមានទម្លាប់ចូលចិត្តនិយាយ ហើយចង់ឱ្យគេស្តាប់យើង។ ក៏ប៉ុន្តែ បើអ្នកខំប្រឹងប្រតិបត្តិជារឿយៗ អ្នកនឹងបង្កើតទម្លាប់នេះបាន ហើយអ្នកនឹងទទួលអត្ថប្រយោជន៍ច្រើនចេញពីនេះ ក្នុងការបង្កើតទំនាក់ទំនងល្អ បង្កើតឥទ្ធិពលជាមួយអ្នកដទៃ មិនថានៅក្នុងគ្រួសារ កន្លែងការងារ ឬកិច្ចការរកស៊ីទេ។

៦. ទម្លាប់ទី៦ ៖ “សំយោគ”

សំយោគ (Synergize) សំដៅលើការផ្គុំគ្នា បូកបញ្ចូលគ្នា ការសហការគ្នារវាងមនុស្ស២នាក់ ក្រុម​ការងារ២ក្រុម ឬច្រើនជាង ហើយលទ្ធផលនៃការផ្គុំគ្នានេះ ផ្តល់ផលច្រើនជាងផលបូករបស់វា។ គឺបានន័យថា ១+១>២ អាចដល់៣ ឬ៤ ឬ១០ ឬ១០០ ឬ១០០០។

នៅពេលដែលគំនិតខុសគ្នា តែអាចសំយោគគ្នាបាននៅជាគំនិតទី៣ ដែលល្អប្រសើរជាងគំនិត ទី១និងទី២ នោះហើយជាលទ្ធផលនៃការសំយោគ។

នៅក្នុងធម្មជាតិ សត្វស្លាបហើរជាក្រុម (សូមមើល រូបភាពទី៤) ដែលប្រសិទ្ធភាពនៃការហោះហើរបែបនេះខ្លាំងជាង ៧១%នៃការដែលវាហើរតែម្នាក់ឯង។ ហើយនៅពេលដែល​សត្វហើរមុខគេអស់កម្លាំងក្នុងការនាំមុខ វាក៏ប្តូរទីតាំងឱ្យបក្សីផ្សេងទៅនាំមុខម្តង ក្នុងការបន្ត​ដំណើរជាក្រុម ដែលបក្សីនីមួយៗអាចចំណេញថាមពល ៧១% ក្នុងការហោះហើរ។ នេះជា​ឧទាហរណ៍​ដ៏ល្អមួយនៃការធ្វើការជាក្រុមបែបសំយោគ។

រូបភាពទី៤៖ ការហើរជាក្រុមរបស់បក្សី



នៅក្នុងធម្មជាតិ ភាពខុសគ្នាតែអាចសំយោគគ្នាបានផ្តល់ជាប្រយោជន៍ធំធេងណាស់។ ការសំយោគរវាងមនុស្សប្រុសនិងមនុស្សស្រីអាចផ្តល់ជាជីវិតថ្មីបាន។ ការសំយោគរវាងសត្វឃ្មុំ និងផ្កា អាចផ្តល់ផលដល់រុក្ខជាតិសម្រាប់ការបន្តពូជ រីឯសត្វឃ្មុំទទួលបានឋាមពលសម្រាប់ចិញ្ចឹមជីវិត។

នៅក្នុងក្រុមគ្រួសារ ទម្លាប់សំយោគគំនិតមានសារសំខាន់ណាស់សម្រាប់បង្កើតសុភមង្គល ភាពសុខដុម និងភាពរីកចម្រើន។ ជាពិសេសការសំយោគគំនិតផ្សេងគ្នារវាងស្វាមីនិងភរិយាក្នុងការរកស៊ី ការវិនិយោគផ្សេងៗ ឬការអប់រំប្រៀនប្រដៅកូន។

នៅក្នុងអង្គការ ស្ថាប័ន រោងចក្រ សហគ្រាស ការសំយោគគំនិតផ្សេងគ្នារវាងអ្នកដឹកនាំនិងបុគ្គលិក រវាងសមាជិកក្នុងក្រុមការងារ នឹងបង្កើតឱ្យមានគំនិតកាន់តែល្អប្រសើរ គំនិតរួមគ្នា ដែលនឹងរុញឱ្យការប្រតិបត្តិប្រព្រឹត្តិទៅបានល្អ ពីព្រោះ ម្នាក់ៗមានអារម្មណ៍ក្នុងភាពជាម្ចាស់លើគំនិតរួមនោះ។

នៅក្នុងវិស័យនយោបាយនៃសង្គមបែបប្រជាធិបតេយ្យ ការសំយោគគំនិតរវាងគណបក្សនយោបាយផ្សេងៗ ការសំយោគគំនិតរវាងអ្នកមានសិទ្ធិសម្រេច(មន្រ្តីរដ្ឋាភិបាល) និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចេញពីការសម្រេច និង/ឬជាមួយអង្គការសង្គមស៊ីវិល នឹងបង្កើតស្ថិរភាព សុខសន្តិភាព និងភាពរីកចម្រើននៅក្នុងសង្គម។

បញ្ហាប្រឈមដ៏ធំមួយដែលរារាំងការសំយោគគំនិត គឺការយល់ឃើញថាគំនិតរបស់មេដឹកនាំជាន់ខ្ពស់ ជាគំនិតឧត្ដុង្គឧត្ដម អស្ចារ្យ មិនចេះខុស ត្រឹមត្រូវទាំងស្រុង។ ការយល់ឃើញបែបនេះ មិនថាជាការយល់ឃើញរបស់មេដឹកនាំខ្លួនឯង ឬរបស់សហការីទេ នឹងបង្កការរាំងស្ទះដល់ការសំយោគគំនិត។ ជាលទ្ធផល ក្រុមការងារទាំងមូលនឹងធ្វើតាមគំនិតដែលចេញពីបុគ្គលតែម្នាក់ប៉ុណ្ណោះ។ តួនាទីរបស់អ្នកដឹកនាំ គឺការសម្របសម្រួលឱ្យមានការសំយោគគំនិតផ្សេងៗ ដើម្បីទទួលបានគំនិតដែលល្អប្រសើរសម្រាប់ក្រុមទាំងមូលយកទៅអនុវត្ត។

ជាទូទៅ ការធ្វើការរួមគ្នាក្នុងក្រុម ឬការសហការគ្នា ច្រើនមានការរារាំងការសំយោគគំនិតដោយការគិតរាក់ៗបែបអាត្មានិយមនិងក្រអឺតក្រទម តាមរយៈការយល់ថា “ខ្ញុំត្រូវ អ្នកខុស”។ ការគិតបែបនេះបង្កការរាំងស្ទះក្នុងការប្រមូលគំនិតនិងសំយោគគំនិត។ នៅពេលមានគំនិតពីរផ្សេងគ្នាលេចឡើង យើងត្រូវស្វែងរកជម្រើសទី៣ ដែលជាការសំយោគនៃគំនិតទាំង២។

ទម្លាប់សំយោគគំនិតអាចកើតឡើងបាន ដរាបណាអ្នកអាចបង្កើតទម្លាប់ទី៤ “គិតឈ្នះឈ្នះ” និងទម្លាប់ទី៥ “យល់ពីគេមុនឱ្យគេយល់ពីអ្នក” ជាមុនសិន។ បើពុំដូច្នេះទេ ការព្យាយាមសំយោគគំនិតផ្សេងគ្នានឹងត្រូវរាំងស្ទះដោយសារការគិតចាញ់ឈ្នះរៀងៗខ្លួន ឬការមិនព្រមស្តាប់ និងមិនព្រមយល់ពីគ្នា។

អ្នកត្រូវយល់ថា សមិទ្ធផលធំៗគួរឱ្យស្ញប់ស្ញែងទាំងឡាយដូចជាទូរស័ព្ទដៃ iPhone យាន្ត​អវកាស យន្តហោះជាដើម សុទ្ធតែកើតចេញពីការសំយោគគំនិតរវាងវិស្វករជាច្រើនដែលមានជំនាញផ្សេងគ្នា គំនិតផ្សេងគ្នា តែចេះធ្វើការជាមួយគ្នា និងសំយោគគំនិតគ្នាបាន។

៧. ទម្លាប់ទី៧ ៖ “សំលៀងរណារ”

នៅក្នុងភូមិដាច់ស្រយ៉ាលដ៏ស្រស់ស្អាតមួយក្នុងខេត្តព្រៃវែង សម្លាញ់២នាក់ដែលមានផ្ទះជិតគ្នាកំពុងអង្គុយជជែកគ្នាលេងក្រោមដើមឈើដែលមានមែកសាខាត្រជាក់ល្ហឹម។ គេទាំងពីរជជែកគ្នាពីនេះ​​​ពីនោះចូលដល់រឿងបន្លែ​សរីរាង្គ ​ក៏ចាប់ផ្តើមមានគំនិត​ចង់​កសាង​សួនច្បារដំណាំនៅក្រោយផ្ទះរៀងៗខ្លួន។ ក៏ប៉ុន្តែ ដើម្បីធ្វើសួនដំណាំបាន គេត្រូវកាប់ដើម​អំពិលបារាំងមួយដើមដូចគ្នានៅក្រោយផ្ទះគេរៀងៗខ្លួន។ ស្អែកឡើងសម្លាញ់សៅ ប្រឹងក្រោក​ពីម៉ោង៥ព្រឹក ដើម្បីអារដើមអំពិលបារាំងឱ្យបានដាច់មុនសម្លាញ់សុក ព្រោះចង់បង្ហាញ​ថា​គេជាមនុស្សឧស្សាហ៍ និងពូកែធ្វើការជាង។ សម្លាញ់សុក ភ្ញាក់នៅម៉ោង៧​​​ព្រឹក។ ក្រោយលុប​លាង​មុខរួចរាល់ គេក៏យករណារមកសំលៀងឱ្យមុតស្រួលបួល រួចក៏យកទៅអារ​ដើមអំពិល​បារាំង​ក្រោយផ្ទះគេ។ បន្ទាប់ពីអារបានរយៈពេល១ម៉ោងមក គេអារដាច់គល់ដើមឈើ​បាន​ពាក់​កណ្តាល រួចក៏ឈប់មួយភ្លែតសិន ហើយយករណារទៅសំលៀងទៀត បន្ទាប់មក​គេអារ​រយៈពេលប្រមាណ១ម៉ោងទៀត គេក៏បានសម្រេចក្នុងការផ្តួលដើមឈើនោះទៅ។ ចំណែកឯ​សៅវិញ រហូតដល់ម៉ោង៩កន្លះហើយ គេទើបតែអារដើមឈើរបស់គេដាច់ បានពាក់កណ្តាល​ប៉ុណ្ណោះ បើទោះបីជាគេខំប្រឹងឡើងបែកញើសគឃារក៏ដោយ។

ក្រោយពីឃើញសុកអារដើមឈើដាច់ហើយ សៅក៏និយាយមកថា ដើមឈើឯងតូចជាងដើមឈើគ្នាទេ ហេតុនេះហើយទើបឯងអារឆាប់ដាច់មុនគ្នា។ សុក បាននិយាយតបថា ហេតុអ្វីក៏ឯងមិនឈប់សម្រាកដើម្បីសំលៀងរណារសិនទៅ? សៅ ក៏តបថាគ្នាគ្មានពេលឈប់សំលៀង​រណារទេ ពីព្រោះគ្នាចង់អារវាឱ្យដួលឆាប់ៗ។

តើរឿងនេះប្រាប់យើងថាម៉េច? រឿងនេះចង់ប្រាប់យើងពីរបៀបធ្វើការរបស់មនុស្ស ២​ប្រភេទ គឺគេធ្វើការបែបបុគ្គល “សៅ” ដោយខំប្រឹងយ៉ាងខ្លាំងរកពេលសម្រាកគ្មាន តែលទ្ធផល​របស់គេបានសម្រេចតិចតួចប៉ុណ្ណោះ ពីព្រោះគេភ្លេចចំណាយពេលក្នុងការសំលៀងរណារ ដែលខុសប្លែកពីរបៀបធ្វើការរបស់បុគ្គល “សុក” ដែលគេចេះចំណាយពេលសំលៀងរណារ ធ្វើឱ្យលទ្ធផលនៃការងាររបស់គេមានទិន្នផលខ្ពស់។

តើអ្វីទៅជាការ “សំលៀងរណារ”(Sharpen the saw) សម្រាប់យើងម្នាក់ៗ? ដើម្បីឱ្យការងាររបស់យើងមានទិន្នផលខ្ពស់ ឱ្យជីវិតរបស់យើងរស់នៅទទួលបានភាពរីករាយ មានប្រសិទ្ធភាពខ្ពស់ ជោគជ័យល្អ យើង​ត្រូវ​យកចិត្តទុកដាក់សំលៀងរណារលើ៤ផ្នែកគឺ ផ្នែករូបកាយ ផ្នែកចិត្តគំនិត ផ្នែកអារម្មណ៍​បេះដូង និងផ្នែកបញ្ញាស្មារតី (សូមមើល រូបភាពទី៥)។

រូបភាពទី៥ ៖ ការសំលៀងរណារ



“ផ្នែករូបកាយ” អ្នកត្រូវមានពេលហាត់ប្រាណទៀងទាត់យ៉ាងតិច ៣ដងក្នុង ១សប្តាហ៍ ដោយចំណាយពេលហាត់ប្រាណពី ១ ទៅ ២ម៉ោងក្នុង១ដង តាមការចូលចិត្តនិងភាពសមស្របនៃកាយរបស់អ្នក ដែលមានដូចជា ការដើរ ការរត់ ការ​​ ហែលទឹក ការជិះកង់ ឬការលេងប៉េងប៉ុង។ល។ ក្រៅពីនេះ អ្នកត្រូវយកចិត្ត​​ទុក​ដាក់ពិសារអាហារមានសុខភាពល្អ ហូបបន្លែផ្លែឈើច្រើន ហើយកាត់បន្ថយអាហារជាតិខ្លាញ់ និងសាច់​ក្រហម​ឱ្យ​បានច្រើន។ ការដេកគ្រប់គ្រាន់ តាមតម្រូវការជាក់ស្តែងនៃកាយរបស់អ្នក ក៏ជារឿងដ៏សំខាន់​សម្រាប់​សុខភាព​ផ្លូវកាយ​របស់អ្នកដែរ។ បញ្ហាប្រឈមចម្បងមួយ ជាពិសេសសម្រាប់ជីវិតរស់បែបទំនើបនៅទីក្រុង គឺជំងឺស្រ្តេសដែលអាចបង្កឱ្យកើតជំងឺ​ ផ្សេងៗដូចជា ទឹកនោមផ្អែម ឡើងសំពាធឈាម ជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត។ល។ ដូច្នេះហើយ គេត្រូវរកវិធីផ្សេងៗក្នុងការបំបាត់ ឬបន្ថយជំងឺស្រ្តេស ជាពិសេសតាមរយៈការហាត់ប្រាណទៀងទាត់ ការលំហែកំសាន្ត និងការចាត់ចែងការងារនិងពេលវេលាឱ្យបានល្អកុំឱ្យរងសំពាធច្រើន។

“ផ្នែកចិត្តគំនិត” អ្នកត្រូវចំណាយពេលអានសៀវភៅ អត្ថបទ កាសែត ឬក៏ស្តាប់អត្ថបទអប់រំចិត្តផ្សេងៗ ឱ្យបាន ១ទៅ ២ម៉ោងក្នង១ថ្ងៃ។ ការចំណាយពេលកត់ត្រានូវអ្វីៗ​ជា​ប្រចាំ​ថ្ងៃ សរសេរអត្ថបទ សរសេរសៀវភៅ ក៏ជាចំណែកដ៏សំខាន់នៃសុខភាពចិត្តគំនិតដែរ។ ជាទូទៅ ការអាននិងសរសេរនឹងជួយឱ្យចិត្តអ្នកមានអារម្មណ៍រីករាយ ស្រស់ថ្លា ជាពិសេសការអានសៀវភៅដែលទាក់ទងនឹងចំណង់ចំណូលចិត្តរបស់អ្នក សៀវភៅដែលនិយាយអំពីប្រវត្តិបុគ្គលឆ្នើម ឬនិយាយអំពីការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំ។

“ផ្នែកបេះដូងអារម្មណ៍” នៅពេលដែលអ្នកស្វែងរកមនុស្សដែលត្រូវការជំនួយផ្សេងៗ ហើយអ្នកផ្តល់ការជួយដល់អ្នកនោះ ឬមួយអ្នកគ្រាន់តែស្តាប់ដោយយល់ចិត្ត មានទឹកចិត្តចង់ជួយរំលែកទុក្ខអ្នកផ្សេង ឬការសំយោគគំនិតយោបល់ជាមួយអ្នកផ្សេងក្នុងការបង្កើតគម្រោងអ្វីមួយ ពេលនោះបេះដូងនិងអារម្មណ៍របស់អ្នកនឹងទទួលបានភាពរីករាយ ធូរស្បើយ ស្រស់ថ្លា ពេញចិត្ត និងគិតថាខ្លួនមានតម្លៃ។

“ផ្នែកបញ្ញាស្មារតី” ដើម្បីសំលៀងរណារផ្នែកបញ្ញាស្មារតី អ្នកត្រូវស្វែងរកគុណតម្លៃជីវិត អត្ថន័យជីវិត បេសកកម្មជីវិត ឬគោលបំណងនៃជីវិតអ្នក ថាតើអ្នករស់នៅដើម្បីអ្វី? ហើយអ្នកហ៊ានសម្រចចិត្តបំពេញកិច្ចការស្របនឹងគោលដៅជីវិតប្រកប ដោយភាពស្វិតស្វាញនិងក្លាហាន ពេលនោះអ្នកនឹងស្គាល់រសជាតិនៃភាពពេញចិត្តក្នុងជីវិត។ បុគ្គលជោគជ័យធំធេងទាំងឡាយ ដូចជា មហាត្មៈ គន្ធី លោក ណែលសិន ម៉ាន់ដេឡា លោក ប៊ីល ហ្គេត សម្ដេចសង្ឃរាជ ជួន ណាត សុទ្ធតែដឹងអំពីបេសកកម្មជីវិតរបស់គាត់។ ការធ្វើសមាធិ វិបស្សនា ឬយោគៈក៏ជាវិធីសំលៀងរណារប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងផ្នែកបញ្ញាស្មារតីដែរ។

សរុបសេចក្តី

យើងបានស្វែងយល់អំពីដំណើរការរបស់ចិត្តមនុស្សជាទូទៅ ដែលយកចិត្តទុកដាក់លើដែន២ប្រភេទ គឺដែននៃក្តីកង្វល់ និងដែនឥទ្ធិពល។ បុគ្គលដែលចិត្តរបស់គេចូលចិត្តធ្វើការលើដែននៃក្តីកង្វល់ គឺជាប្រភេទបុគ្គលដែលមានចិត្តប្រតិកម្ម ឬមនុស្សប្រតិកម្ម។​ រីឯបុគ្គលដែលចិត្តរបស់គេយកចិត្តទុកដាក់ជាចម្បងលើដែនឥទ្ធិពលនៅពេលមានស្ថានការណ៍អ្វីមួយកើតឡើង គឺជាប្រភេទបុគ្គលដែលមានចិត្តសកម្មនាំមុខ ឬមនុស្សសកម្មនាំមុខ។ រឿងរ៉ាវ ឬស្ថានការណ៍កើតឡើងដូចគ្នា តែមនុស្ស២ប្រភេទនេះប្រតិកម្ម និងឆ្លើយតបខុសគ្នា ហើយគេក៍ទទួលផលផ្សេងគ្នា។ មនុស្សប្រតិកម្មធ្វើការសម្រេចចិត្តតាមការញាក់របស់គ្រឿងរំញោច បើគ្រឿងរំញោចឱ្យសប្បាយគេសប្បាយ បើគ្រឿងរំញោចឱ្យទុក្ខគេក៍កើតទុក្ខ។ ដោយឡែក មនុស្សសកម្មនាំមុខគេដឹងថា នៅចន្លោះគ្រឿងរំញោចនិងការឆ្លើយតប វាមានលំហមួយសម្រាប់គិតពិចារណា និងមានជម្រើសជាច្រើនសម្រាប់គេក្នុងការឆ្លើយ​​ តប។ គេអាចពិចារណាថាតើគេចង់បានលទ្ធផលអ្វីចេញពីការឆ្លើយតបរបស់គេ ហើយគេគួររើសយកជម្រើសមួយណា។

បើអ្នកកំពុងមានចិត្តជាមនុស្សប្រតិកម្ម ចូរកុំបារម្ភអី ដោយអ្នកគ្រាន់តែដឹងថា អ្នកកំពុងមានទម្លាប់បែបនេះនៅក្នុងខ្លួន ហើយទម្លាប់ជារឿងដែលអាចផ្លាស់ប្តូរបាន ឱ្យតែអ្នកដឹង និងព្យាយាមកែប្រែវា។ ទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម ដែលបានរៀបរាប់មកនេះ គឺជាមាគ៌ាសម្រាប់អ្នកក្នុងការអភិវឌ្ឍខ្លួនពីមនុស្សប្រតិកម្ម ទៅជាមនុស្សសកម្មនាំមុខ។

ទម្លាប់ទី១ ទី២ និងទី៣ ទាក់ទងនឹងការគ្រប់គ្រងខ្លួនឯង ក្លាយជាម្ចាស់លើចិត្តរបស់ខ្លួន។ ចំណែកឯ ទម្លាប់ទី៤ ទី៥ និងទី៦ ទាក់ទងនឹងការធ្វើការជាមួយអ្នកដទៃ ធ្វើការជាក្រុម ធ្វើយ៉ាងណាឱ្យការងារក្រុមប្រព្រឹត្តទៅបានល្អ បានរលូន ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់។ ទម្លាប់ទី១ “សកម្មនាំមុខ” គឺជាទម្លាប់មួយដែលអ្នកចេះឆ្លើយតបទៅនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើងមកលើអ្នក អាចជារឿងល្អ រឿងមិនល្អ រឿងអាក្រក់ រឿងក្តៅក្រហាយ។ល។ មិនថាមានរឿងអ្វីកើតឡើងទេ តែអ្នកតែងមានជម្រើសផ្សេងៗក្នុងការឆ្លើយតប ហើយអ្នកដឹងថា ជម្រើសមួយណានឹងផ្តល់ផលបែបណា មុននឹងអ្នកជ្រើសរើស។ ការចេះទប់ចិត្តមិនប្រតិកម្មភ្លាមៗ ការយកពេលគិតពិចារណា ការដឹងអំពីជម្រើសផ្សេងៗក្នុងការឆ្លើយតប នឹងធ្វើឱ្យអ្នកក្លាយជាម្ចាស់នៃស្ថានការណ៍ ឬម្ចាស់នៃរឿងរ៉ាវទាំងឡាយដែលកើតឡើង ពីព្រោះអ្នកជាអ្នកអាចកំណត់លទ្ធផលចេញពីនោះ។ ទម្លាប់ទី២ “ចាប់ផ្តើមដោយដឹងពីគោលដៅ” គឺជាទម្លាប់មួយដែលជួយឱ្យការបំពេញកិច្ចការរបស់អ្នកមានប្រសិទ្ធភាពល្អ ផ្តល់លទ្ធផលពិតប្រាកដ ពីព្រោះមុននឹងអ្នកសម្រេចចិត្តធ្វើកិច្ចការ ឬសកម្មភាពអ្វីមួយ អ្នកត្រូវដឹងថាវានឹងផ្តល់ផលអ្វី វាមានគោលដៅអ្វីឱ្យ ប្រាកដ។ ទមា្លប់នេះនឹងជួយអ្នកកុំឱ្យរវល់នឹងរឿងមិនបានការ រវល់ខុសរឿង ដែលអាចចំណាយពេលចោលអត់ប្រយោជន៍ ហើយមិនបានសម្រេចជាលទ្ធផលអ្វីសោះ។ ទមា្លប់ទី៣ “ធ្វើរឿងចាំបាច់ជាមុន” ជាទម្លាប់មួយដែលជួយអ្នកឱ្យចេះកំណត់អាទិភាពនៃការងារផ្សេងៗរបស់អ្នក តើកិច្ចការណាត្រូវធ្វើមុន ធ្វើបន្ទាប់ និងធ្វើក្រោយគេ។ ការចេះចាត់ចែងការងារតាមប្រភេទការងារ ដែលបន្ទាន់ ដែលសំខាន់ នឹងធ្វើឱ្យការប្រើប្រាស់ពេលវេលារបស់អ្នកមានប្រសិទ្ធភាពខ្ពស់ សម្រេចបានលទ្ធផលច្រើនគួរជាទីគាប់ចិត្ត។

ទម្លាប់ទី៤ “គិតឈ្នះឈ្នះ” គឺជាទម្លាប់មួយដែលនឹងជួយអ្នកឱ្យចេះគិតដល់អ្នកដទៃដែលនឹងសហការជាមួយអ្នក។ ទម្លាប់នេះនឹងបង្រៀនអ្នកឱ្យកាត់បន្ថយ ឬជម្រុះភាពអាត្មានិយមហួសហេតុ ដែលជាកត្តារាំងស្ទះចម្បងក្នុងការធ្វើការជាក្រុម ឬសហការក្នុងភាពជាដៃគូ។ ទម្លាប់នេះនឹងជួយអ្នកឱ្យចេះបង្កើតកិច្ចសហការល្អជាមួយអ្នកដទៃ ជាមួយដៃគូការងារ ដៃគូរកស៊ី ពីព្រោះអ្នកគិតដល់អត្ថប្រយោជន៍អ្នកដទៃក្នុងការសហការ ដែលធ្វើឱ្យដៃគូអ្នកទទួលយក និងពេញចិត្តក្នុងការសហការយូរអង្វែងជាមួយអ្នក។ ទម្លាប់ទី៥ “យល់ពីគេ មុននឹងឱ្យគេយល់ពីអ្នក” ទមា្លប់នេះមានសារសំខាន់ក្នុងកិច្ចសន្ទនា ឬពិភាក្សាជាមួយអ្នកដទៃ ក្នុងការស្វែងរកដំណោះស្រាយផ្សេងៗ។ តាំងពីវ័យកុមារមក យើងមានទម្លាប់មិនល្អ គឺចូលចិត្តតែឱ្យគេស្តាប់ និងយល់ពីយើង តែយើងមិនសូវយកចិត្តទុកដាក់ស្តាប់ និងយល់ពីគេទេ ដែលការនេះច្រើនបង្កការមិនសប្បាយចិត្ត មិនពេញចិត្ត ឬឈានទៅបង្កើតជម្លោះក្នុងការធ្វើការជាក្រុម ឬការជជែកជាមួយដៃគូរកស៊ី ឬក៏ជាមួយដៃគូជីវិត។ ការបង្កើតទម្លាប់ស្តាប់ដោយយល់ចិត្ត ព្យាយាមយល់ពីគេជាមុន ធ្វើឱ្យអ្នកមានឥទ្ធិពលលើដៃគូសន្ទនារបស់អ្នក ហើយពាក្យសំដីអ្នកដែលនិយាយបន្ទាប់នឹងមានឥទ្ធិពលខ្លាំងលើដៃគូ។ ទម្លាប់ទី៦ “សំយោគ” សំដៅលើទម្លាប់ដែលចេះផ្តល់តម្លៃលើគំនិតផ្សេងគ្នា ដោយមិនមានៈថាគំនិតខ្លួនឯងល្អដាច់គេ ល្អលើសគេ។ ការចេះបូកបញ្ចូលគំនិតអ្នកដទៃ ជាទូទៅ អ្នកនឹងទទួលបានគំនិតល្អប្រសើរជាងគំនិតដែលចេញមកពីមនុស្ស​តែម្នាក់ ហើយជាពិសេស ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ជាម្ចាស់ ជាចំណែកនៃគម្រោងនោះ នៃគំនិតនោះ ហើយគេពេញចិត្តចូលរួមអនុវត្តធ្វើឱ្យគម្រោងនោះ គំនិតនោះទទួលបានជោគ ជ័យ។ ធម្មជាតិបានបង្ហាញអំពីលទ្ធផលគួរឱ្យស្ញប់ស្ញែងនៃការសំយោគ ហើយសមិទ្ធផលធំៗរបស់មនុស្សជាតិក៏កើតចេញពីការសំយោគគំនិតផ្សេងគ្នា ជំនាញផ្សេងគ្នាដែរ។ ទម្លាប់ទី៧ “សំលៀងរណារ” គឺជាទម្លាប់មួយដែលជួយអ្នកឱ្យចេះប្រើប្រាស់កាយ​ ចិត្ត បេះដូង និងស្មារតីរបស់អ្នកប្រកបដោយប្រសិទ្ធភាព​ ពីព្រោះធម្មជាតិកាយ​ ចិត្ត បេះដូង និងស្មារតីត្រូវការការសំលៀង ការសម្រាក និងការដុសខាត់ឱ្យត្រឹមត្រូវល្អ ទើបមានដំណើរការល្អ ផ្តល់ភាពរីករាយ មានសុខភាពល្អ និងផ្តល់ប្រសិទ្ធភាពខ្ពស់សម្រាប់ការងារ និងការរស់នៅប្រចាំថ្ងៃ។

អ្នកត្រូវចងចាំថា ភាពជោគជ័យទាំងឡាយតែងកើតឡើងក្រោយពីអ្នកបានអភិវឌ្ឍខ្លួនអ្នកជាមនុស្សបែបណា នៅក្នុងកម្រិតណា តាមរយៈការបង្កើតទម្លាប់ល្អៗនៅក្នុងខ្លួនអ្នក។ បើអ្នកមិនអាចកែទម្លាប់មិនល្អចេញពីក្នុងខ្លួនអ្នកទេ ភាពជោគជ័យនឹងមិនរត់មករកអ្នកឡើយ។ អ្នកមិនពេញចិត្តនឹងខ្លួនឯង អ្នកធុញទ្រាន់នឹងពេលវេលា អ្នកភ័យខ្លាច អ្នកអស់សង្ឃឹម ហើយអ្នកដទៃក៏មិនចូលចិត្តអ្នក ពីព្រោះអ្នកធ្វើឱ្យគេមិនចូលចិត្ត គេមិនចង់សហការ គេមិនចង់នៅក្បែរ។

ផ្ទុយមកវិញ បើអ្នកអាចបង្កើតទម្លាប់ល្អៗទាំង៧ប្រការនេះបាន នោះជីវិតអ្នកនឹងមានការផ្លាស់ប្តូរជាដុំកំភួន។ អ្នកនឹងសង្កេតឃើញថា ជីវិតប្រចាំថ្ងៃរបស់អ្នកនឹងមានភាពរីករាយច្រើន ពេលជួបបញ្ហា ឬវិបត្តិ អ្នកអាចដោះស្រាយបានងាយ ហើយភាគច្រើន អ្នកនឹងទទួលបានឱកាសថ្មីបន្ថែមជាមួយបញ្ហាដែលកើតឡើង។ ការងារសហការនៅក្នុងកន្លែងការងារប្រព្រឹត្តទៅបានល្អ គេចូលចិត្តអ្នកច្រើន អ្នកមានឥទ្ធិពលលើអ្នកដទៃ គេចង់ជួយអ្នក គេចង់ឃើញអ្នកមានការទទួលខុសត្រូវកាន់តែធំ។ ជីវិតគ្រួសារអ្នកនឹងរីករាយ ពីព្រោះងាយស្រួលជជែកគ្នា ចេះយល់ពីគ្នា យល់ចិត្តគ្នា និងយោគយល់គ្នា។ ទម្លាប់ល្អៗរបស់អ្នក និងលទ្ធផលដែលអ្នកទទួលបានក្នុងជីវិតនឹងជះលើអ្នកដទៃ តាមរយៈនៃការ​​ផ្តល់ជាគំរូនៅក្នុងសហគមន៍ នៅក្នុងសង្គមដែលអ្នករស់នៅ។ នេះជាការរួមចំណែកសាបព្រោះគ្រាប់ពូជល្អៗនៅក្នុងសង្គម ដែលមានតម្រូវការយ៉ាងខ្លាំងក្នុងការកសាងសង្គមកម្ពុជាមួយ ដែល ​ស៊ីវិល័យ។

ជាចុងក្រោយ អ្នកត្រូវយល់ថា ការគ្រាន់តែដឹងអំពីទម្លាប់ល្អទាំង៧ប្រការ ដែលបានរៀបរាប់ខាងលើមិនគ្រប់គ្រាន់ទេ ពីព្រោះទម្លាប់ល្អមិនកើតឡើងដោយឯងឯងទេ។ អ្នកត្រូវតែខំប្រឹងព្យាយាមបណ្តុះនិងថែទាំ ទើបទម្លាប់ល្អៗទាំងនេះអាចមកសណ្ឋិតនៅក្នុងខ្លួនអ្នកបាន។ ចូរអ្នកស្វែងយល់ ខំប្រឹងបណ្តុះ រួចហើយភាពជោគជ័យនឹងរត់រកអ្នកដោយឯកឯង។

ជីវិតរបស់អ្នកទៅអនាគតមិនមែនកំណត់ដោយអតីតកាលរបស់អ្នកទេ តែកំណត់ដោយជម្រើសរបស់អ្នកក្នុងពេល បច្ចុប្បន្ន។ សូមអ្នកជ្រើសយកការបង្កើតទម្លាប់ល្អៗ ទម្លាប់៧ប្រការចាប់ពីថ្ងៃនេះទៅ។

សូមលោកអ្នកទទួលបានភាពរីករាយ ភាពសុខដុម និងជោគជ័យនៅក្នុងជីវិត៕

=== ^^^ === 


---------

ឯកសារយោង

1. Stephen Covey (1989): The 7 Habits of Highly Effective People.

2. គឹម ចាន់ណា (ប្រែសម្រួល) (២០១៦): ឧបនិស្ស័យ ៧ប្រការសម្រាប់បុគ្គលឆ្នើម។
និពន្ធដោយ Stephen Covey (1989): The 7 Habits of Highly Effective People.

3. John Maxwell (1991): The 21 irrefutable Laws of Leadership.

4. Robin Sharma (2009): Leadership wisdom.

5. YouTube video: Stephen Covey, 7 big rocks/productivity/time management.

6. Cynthia Kersey (2003): Unstoppable. 45 stories of perseverance and triumph from people just like you.

7. John Maxwell (2004): Relationships 101.

8. John H. Zenger and Joseph Folkman (2004): The handbook for leaders. 24 lessons for extraordinary leadership.

9. John Maxwell (2003): Leadership 101.

10. John Maxwell (2013): The 21 indispensable qualities of a leader. Becoming the person others will want to follow.

---

អំពីអ្នកនិពន្ធ

បណ្ឌិត សាម​ អ៊ីន
  • សិក្សាចប់ថ្នាក់បណ្ឌិតនៅ Dresden University of Technology, Germany (2002)

  • មន្រ្តីសម្របសម្រួល អនុប្រធានកម្មវិធី ប្រធានកម្មវិធី អង្គការលូថេរ៉ានបម្រើពិភពលោក ប្រចាំនៅកម្ពុជា     LWF Cambodia (2003-2007)

  • អនុប្រធាន អង្គការលូថេរ៉ានបម្រើពិភពលោក ប្រចាំនៅកម្ពុជា LWF Cambodia (2008-2010)

  • នាយកប្រតិបត្តិអង្គការ ជីវិតថ្លៃថ្នូរ LWD (2011-2014)

  • ប្រធាន​និងអនុប្រធានក្រុមប្រឹក្សាភិបាលអង្គការ MLUP BAITONG, CCC, DPA, CCBEN

  • សហស្ថាបនិកបណ្តាញសង្គមខ្មែរដើម្បីខ្មែរ និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

  • សហស្ថាបនិកក្រុមហ៊ុនខ្នាតតូចចំនួនពីរ។ 

---


-- អត្ថបទទាក់ទង

១. ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរសម័យអង្គរ

២. គុណសម្បត្តិ ២១ប្រការរបស់អ្នកដឹកនាំ

៣. ភាពជាអ្នកដឹកនាំ ៥កម្រិត

Post a Comment

0 Comments

Ad Code