Ticker

6/recent/ticker-posts

ជ្រើសយកជីវិតរីករាយ


អ្នកវិទ្យាសាស្រ្តបានផ្តល់ការអះអាងថា មនុស្សលោកយើងមានដើមកំណើតលើភពផែនដីប្រមាណជាង ២លានឆ្នាំមកហើយ ហើយបានឆ្លងកាត់ដំណើរវិវដ្តជាច្រើនដំណាក់កាល ជាពិសេស ចាប់ផ្តើមចេះប្រើប្រាស់និងគ្រប់គ្រងភ្លើងកាលពី ៣សែនឆ្នាំមុន ចាប់ផ្តើមចេះដឹងនិងប្រើប្រាស់ភាសាទំនាក់ទំនងកាលពី ៧មុឺនឆ្នាំមុន ចាប់ផ្តើមចេះធ្វើកសិកម្ម (ចិញ្ចឹមសត្វនិងដាំដំណាំ) កាលពី ១មុឺន២ពាន់ឆ្នាំមុន ចាប់ផ្តើមបង្កើតជាទីក្រុងនិងអាណាចក្រកាលពី ៥ពាន់ឆ្នាំមុន ចាប់ផ្តើមធ្វើឧស្សាហកម្មកាលពី ២០០ឆ្នាំមុន និងចាប់ផ្តើមប្រើប្រាស់អិនធឺណេតនិងបណ្តាញសង្គមកាលពី ២០ឆ្នាំមុនប៉ុណ្ណោះ (Harari 2015)។ ដំណើរវិវដ្តកាន់តែធ្វើឱ្យជីវិតមនុស្សមានភាពងាយស្រួលនិងសម្បូរបែបខាងសម្ភារៈជាងមុន ក៏ប៉ុន្តែ ជីវិតមនុស្សបែរជារស់នៅមានទុក្ខ និងជាប់ជំពាក់ច្រើនជាងមុន។ ភាពអាត្មានិយមរបស់មនុស្សកាន់តែរីកធំ​ ធ្វើឱ្យមនុស្សរស់គ្មានន័យខ្លឹមសារ រស់នៅកាន់តែឯកា រស់នៅភ័យខ្លាច និងមានជំងឺស្រ្តេសកាន់តែច្រើន។ ជីវិតមនុស្សរស់នៅភ័យខ្លាចនឹងអនាគតដែលមិនច្បាស់លាស់ សោកស្តាយនឹងកំហុសអតីតកាល ហើយជាប់ជំពាក់នឹងសេចក្តីលោភលន់កាន់តែខ្លាំងលើទ្រព្យធន កេរិ៍ឈ្មោះល្បី និងឋានៈតួនាទី។ តើមានវិធីព្យាបាលចិត្តមនុស្សឱ្យជាសះស្បើយពីជំងឺកើតទុក្ខ ដើម្បីឈានទៅចាប់យកជីវិតរីករាយ និងមានសេរីភាពវិញទេ? ពិតជាមាន! មានវិធី៣ប្រការ ដែលយើងអាចប្រតិបត្តិក្នុងជីវិតរស់នៅរបស់យើង ដើម្បីជ្រើសយកជីវិតរីករាយ។

១. ចាប់ផ្តើមជួយមនុស្សណាម្នាក់

សម្ដេចសង្ឃរាជ ជួន ណាត មានទឹកចិត្តអាណិតស្រឡាញ់ជាតិខ្មែររបស់ព្រះអង្គជាពន់ពេក ដោយសារព្រះអង្គឈ្វេងយល់ថា​ ជាតិខ្មែរធ្លាប់រងទុក្ខ ដោយការរុកគួន យាយី និងឈ្លានពានពីបរទេស ដែលធ្វើឱ្យប្រពៃណី វប្បធម៌ និងភាសាខ្មែរស្ទើររលត់បាត់។ ទឹកចិត្តមេត្តាករុណានេះបានជំរុញព្រះអង្គឱ្យលះបង់កម្លាំងកាយនិងចិត្តក្នុងរយៈពេល៣០ឆ្នាំ ដើម្បីចងក្រងវចនានុក្រមភាសាខ្មែរ ក្នុងគោលបំណងថែរក្សានិងលើកស្ទួយភាសាខ្មែរឱ្យគង់វង្សនិងរីកចម្រើនទាន់សម័យ។

លោក ណែលសិន ម៉ាន់ដេឡា មានទឹកចិត្តអាណិតស្រឡាញ់ជាតិសាសន៍ស្បែកខ្មៅនៅអាព្រិចខាងត្បូង ដែលទទួលរងការជិះជាន់សង្កត់សង្កិនពីរបបប្រកាន់ពូជសាសន៍អាប៉ាថេតរាប់សិបឆ្នាំ។ ទឹកចិត្តមេត្តាករុណាបានជំរុញលោកឱ្យធ្វើការតស៊ូទាមទារសេរីភាពជូនជនជាតិរបស់លោក។ បន្ទាប់ពីការតស៊ូទទួលបានជោគជ័យ ហើយលោកក្លាយជាប្រធានាធិបតីនៅឆ្នាំ ១៩៩៤ លោកបានចាប់យកនយោបាយអត់ឱនដ៏ខ្ពង់ខ្ពស់ចំពោះអ្នកដឹកនាំរបបអាប៉ាថេត ដែលធ្លាប់ចាប់លោកឃុំឃាំងដាក់គុក ២៧ឆ្នាំ ដើម្បីឱ្យជនជាតិស្បែកសនិងស្បែកខ្មៅបញ្ឈប់ការរើសអើងនិងគុំគួនគ្នា អាចរស់នៅជាមួយគ្នាជាជាតិមួយដែលមានសុខសន្តិភាព ចេះគោរពគ្នា និងគោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។

សម្រាប់អ្នក បើអ្នកមិនអាចបណ្តុះក្តីស្រឡាញ់ បណ្តុះចិត្តមេត្តាករុណាដល់កម្រិតជាតិ ដូចជា សម្រេចសង្ឃ ជួន ណាត ឬលោក ប្រធានាធិបតី ណែលសិន ម៉ាន់ដេឡា ក៏មិនជាទ្វីដែរ។ ដូនជី តេរេសា ធ្លាប់មានប្រសាសន៍ថា “បើអ្នកមិនអាចជួយមនុស្សរាប់លាននាក់បាន សូមចាប់ផ្តើមជួយមនុស្សម្នាក់ដែលត្រូវការជំនួយពីអ្នកទៅ”។

អ្នកអាចចាប់ផ្តើមបណ្តុះទឹកចិត្តអាណិតស្រឡាញ់ពីកម្រិតងាយៗទៅ ដោយចាប់ផ្តើមអាណិតស្រឡាញ់និងជួយការងារឪពុកម្តាយ បងប្អូន និងសាច់ញាតិរបស់អ្នក។ អ្នកអាចអត់ឱនឱ្យសហការីដែលប្រព្រឹត្តអំពើឆ្គាំឆ្គងមកលើអ្នក ក្នុងពេលបំពេញការងារជាមួយគ្នា។ អ្នកអាចដាក់ទានចែករំលែកទ្រព្យធនខ្លះៗដល់អ្នកក្រខ្សត់ កសាងវត្តអារាម ឬក៏បរិច្ចាគពេលវេលាចែករំលែកចំណេះដឹងដល់យុវជន។ អ្នកអាចចាប់ផ្តើមរៀនធ្វើសមាធិ ដោយបណ្តុះចេតនាក្នុងចិត្ត បួងសួងសូមឱ្យអ្នកផងទាំងពួងបានសេចក្តីសុខ បណ្តុះចេតនាអត់ឱនក្នុងចិត្តចំពោះដៃគូជិវិត ឬសហការីដែលប្រព្រឹត្តមិនគប្បីចំពោះអ្នក។ ព្រមជាមួយនេះ អ្នកក៏អាចបិទភ្នែកនឹកដឹងគុណដល់រឿងល្អៗទាំងឡាយដែលអ្នកបានទទួល។

អ្នកត្រូវប្រតិបត្តិការបណ្តុះទឹកចិត្តមេត្តាករុណាបែបងាយៗនេះជាប់ជាប្រចាំ ឱ្យក្លាយជាទម្លាប់ថ្មីក្នុងជីវិតរបស់អ្នក។ ការនេះនឹងជួយឱ្យចិត្តអ្នកមានសេចក្តីសុខ អ្នកនឹងមានអារម្មណ៍ពេញចិត្តនឹងជីវិតខ្លួនឯង ហើយអារម្មណ៍ឯកា អារម្មណ៍រស់នៅអត់ន័យនឹងរសាយបាត់ចេញពីក្នុងខ្លួនអ្នកបន្តិចម្តងៗ។

២. តើខ្ញុំចូលចិត្តអ្វីជាងគេ?

លោក លី ក្វាន់យូ បិតាស្ថាបនិកសិង្ហបុរី កាលនៅជាយុវជន ធ្លាប់បានឃើញការឈ្លានពាននិងភាពព្រៃផ្សៃរបស់កងទ័ពជប៉ុន ក្នុងកំឡុងទសវត្សរ៍ ១៩៣០ ដែលបានប្រព្រឹត្តមកលើដែនកោះសិង្ហបុរីនិងតំបន់អាសុីអាគ្នេយ៍។ ព្រឹត្តិការណ៍នេះធ្វើឱ្យលោកបានដឹងថា ជីវិតរបស់លោកគឺរស់នៅដើម្បីដឹកនាំសិង្ហបុរីកុំឱ្យធ្លាក់ក្នុងការគ្រប់គ្រងរបស់បរទេស ខំប្រឹងធ្វើយ៉ាងណាឱ្យសិង្ហបុរីខ្លាំង រឹងមាំ និងថ្លៃថ្នូរ កុំរស់នៅសុំទានគេនិងពឹងអាស្រ័យលើគេ។ ការយល់ដឹងអំពីអត្ថន័យជីវិតរបស់លោក និងការខំប្រឹងប្រតិបត្តិលើមាគ៌ានេះ ក្នុងរយៈពេល ៣០ឆ្នាំ លោក លី ក្វាន់យូ បានប្រែក្លាយសិង្ហបុរីពីប្រទេសក្រីក្រនៅកំឡុងឆ្នាំ ១៩៦០ មកជាប្រទេសអ្នកមានលើលោក ក្នុងកំឡុងឆ្នាំ ១៩៩០។ សិង្ហបុរីបានក្លាយជាប្រទេសមួយ ដែលមានអត្រាពុករលួយទាបបំផុត និងមានរដ្ឋាភិបាលនិងរដ្ឋបាលសាធារណៈដ៏ស្អាតស្អំប្រកបដោយប្រសិទ្ធភាពខ្ពស់។

បណ្ឌិត កែម ឡី​ បានដឹងអំពីអត្ថន័យជីវិតលោកថា លោករស់នៅដើម្បីលើកកម្ពស់សេរីភាពបញ្ចេញមតិ និងជួយឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពរស់រវើកនិងចាស់ទុំ។ បើទោះបីជាលោកដឹងថា បេសកកម្មនេះមានគ្រោះថ្នាក់ ក៏លោកមិនរុញរា និងបន្តធ្វើរហូតដល់បាត់បង់ជីវិត។

ពេលលោក លី ក្វាន់យូ ស្លាប់ ក៏ដូចជា បណ្ឌិត កែម ឡី​ បាត់បង់ជីវិត មនុស្សរាប់លាននាក់សំដែងការគោរព និងសោកស្តាយចំពោះជីវិតដ៏មានតម្លៃនេះ។

ការស្វែងរកអត្ថន័យជីវិតគឺជារឿងសំខាន់ចម្បងមួយ ដែលនឹងជួយអ្នកឱ្យរស់នៅមានន័យខ្លឹមសារ រស់ដោយឈ្នះលើភាពភ័យខ្លាច រស់ដោយរីករាយ ដោយពេញចិត្ត ជំរុញអ្នកឱ្យមានទឹកចិត្តក្លាហាន មោះមុត ហើយធ្វើឱ្យពេលវេលារបស់អ្នករស់នៅដោយមិនធុញទ្រាន់ទេ។ អត្ថន័យជីវិតមួយចំនួន ដូចជា របស់លោក Bill Gates ស្ថាបនិក Microsoft ឬលោក Mark Zuckerberg ស្ថាបនិក Facebook អាចធ្វើឱ្យជីវិតអ្នកជោគជ័យធំធេង ផ្តល់អត្ថប្រយោជន៍ដល់មនុស្សរាប់ពាន់លាននាក់ ហើយមានទ្រព្យធនសម្បូរបែបទៀតផង។ អ្នកអាចនឹងឆ្ងល់ ហើយលើកជាសំណួរថា តើស្វែងរកអត្ថន័យជីវិតរបស់ខ្ញុំយ៉ាងម៉េចទៅ? រហូតមកដល់ពេលនេះ ខ្ញុំមិនដឹងថា ខ្ញុំរស់នៅដើម្បីអ្វីផង? នៅពេលដែលអ្នកនឹកគិតដល់សំណួរនេះ គឺជាការចាប់ផ្តើមដ៏ល្អមួយហើយ។ ចូរចំណាយពេលស្ងប់ស្ងាត់នៅម្នាក់ឯង យកល្អនៅទីកន្លែងមនោរម្យមានធម្មជាតិស្រស់ស្អាត ហើយព្យាយាមស្វែងរកចម្លើយលើសំណួរ៤ចំណុច ៖

១) តើខ្ញុំចូលចិត្តធ្វើអ្វីជាងគេ ឬចង់ក្លាយជាអ្វី តាំងពីក្មេងមក?

២) តើខ្ញុំមានភាពខ្លាំង ឬទេពកោសល្យពិសេសពីធម្មជាតិលើអ្វី?

៣) តើអ្វីដែលខ្ញុំចូលចិត្ត ឬចង់ក្លាយជា ត្រូវនឹងទេពកោសល្យពីធម្មជាតិ ឬភាពខ្លាំងរបស់ខ្ញុំដែរទេ?

៤)​ ប្រសិនបើខ្ញុំធ្វើនូវអ្វីដែលខ្ញុំចូលចិត្ត ហើយស្របនឹងទេពកោសល្យរបស់ខ្ញុំ តើវាផ្តល់ជាប្រយោជន៍ដល់អ្នកផងទាំងពួងដែរទេ?

ប្រសិនបើអ្នករកចម្លើយឃើញថា អ្វីដែលអ្នកចូលចិត្តត្រូវនឹងភាពខ្លាំងរបស់អ្នក ហើយវាថែមទាំងមានតម្រូវការក្នុងទីផ្សារ ឬផ្តល់ជាប្រយោជន៍ដល់អ្នកដទៃ នោះបុព្វហេតុជីវិតរបស់អ្នកអាចរុញអ្នកឱ្យក្លាយជាបុគ្គលអស្ចារ្យ បុគ្គលជោគជ័យ បុគ្គលមានឥទ្ធិពលធំធេង បើអ្នកប្តេជ្ញាចិត្តធ្វើដំណើរលើបុព្វហេតុជីវិតនោះ ដោយអត់ធ្មត់ មោះមុត និងមិនបោះបង់។

សូមចងចាំថា បើអ្នកធ្វើនូវអ្វីមួយដែលខុសពីចំណូលចិត្តរបស់អ្នក អ្នកនឹងឆាប់ធុញទ្រាន់ ហើយបើអ្នកធ្វើនូវអ្វីមួយដែលខុសពីភាពខ្លាំងរបស់អ្នក អ្នកមិនអាចធ្វើវាបានល្អប្រសើរទេ។ នេះហើយជាហេតុផលដែលធ្វើឱ្យអ្នកធុញទ្រាន់នឹងការងារ ហើយមិនពេញចិត្តនឹងលទ្ធផលនៃជិវិតរបស់ខ្លួន។

បើអ្នកមិនមានអត្ថន័យជីវិតធំធេង ដូចជា បណ្ឌិត កែម ឡី ឬលោក លី ក្វាន់យូ ឬ លោក Bill Gates ឬក៏ លោក Mark Zuckerberg ក៏មិនជាអ្វីដែរ។ អ្នកអាចស្វែងរកបុព្វហេតុជីវិតតូចៗ ងាយៗ ដូចជាការរស់នៅដែលផ្តល់ជាប្រយោជន៍ដល់គ្រួសារ សហគមន៍ ឬសង្គមជាតិ។ បើអ្នកជួយផ្គត់ផ្គង់ម្តាយជរាឱ្យរស់នៅសមរម្យ ជួយប្អូនឱ្យបានរៀនសូត្រចប់ចុងចប់ដើម ជួយក្មួយឱ្យមានរបររកសុី ជួយសម្រាលការងារភរិយា ឬស្វាមី ជួយឱ្យការងារក្នុងក្រុមហ៊ុន ឬអង្គការដំណើរការល្អ កុំចោលសំរាមពាសវាលពាសកាល បើកបរដោយគោរពច្បាប់ចរាចរណ៍ ចូលរួមក្នុងការងារសង្គម ឬការងារមនុស្សធម៌ ឬចូលរួមក្នុងគណបក្សនយោបាយ គឺជារឿងដែលធ្វើឱ្យជីវិតរស់នៅរបស់អ្នកមានអត្ថន័យហើយ។ បុព្វហេតុជីវិតទាំងនេះស្តាប់ទៅដូចជាតូចទាបពេក ក៏ប៉ុន្តែ បើមនុស្សជាច្រើនរស់នៅជាមួយបុព្វហេតុទាំងនេះ នោះគ្រួសារខ្មែរជាច្រើននឹងមានសុភមង្គល សហគមន៍យើងនឹងមានភាពស្អាតប្រកបដោយអនាម័យល្អ សង្គមយើងនឹងមានសណ្តាប់ធ្នាប់ល្អ ហើយពលរដ្ឋរស់នៅមានសិទ្ធិសេរីភាពពេញលេញ។ អ្វីដែលសំខាន់សម្រាប់ជីវិតអ្នកគឺថា នៅពេលអ្នករស់នៅនិងធ្វើការដើម្បីអ្វីមួយ វានឹងធ្វើឱ្យជីវិតរបស់អ្នករស់នៅមានន័យ អ្នកគិតថាជីវិតខ្លួនមានតម្លៃ មានប្រយោជន៍សម្រាប់អ្នកដទៃ ហើយអ្នកមានអារម្មណ៍ល្អក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ។

៣. កុំរស់តែឯង

មនុស្សជាសត្វលោកដែលរស់នៅជាសង្គម ដូច្នេះ បើអ្នកចង់បានភាពរីករាយ ចង់បានភាពសុខដុម និងចង់បានជោគជ័យ អ្នកត្រូវយល់ដឹងអំពីគោលការណ៍នៃការរស់នៅរួមគ្នា ធ្វើការរួមគ្នា ដោយចៀសវាងកុំរស់តែឯង រស់ដោយមិនខ្វល់ពីអ្នកដទៃ។ បើអ្នករស់នៅដើម្បីតែខ្លួនឯង អ្នកនឹងរស់នៅដោយឯកា ខ្វះក្តីស្រឡាញ់ ភ័យខ្លាច ធុញទ្រាន់ និងរងទុក្ខជាមិនខាន។ នៅកន្លែងធ្វើការ និងនៅក្នុងគ្រួសារ អ្នកត្រូវចេះស្តាប់អ្នកដទៃ ស្តាប់ដោយយកចិត្តទុកដាក់ ស្តាប់ដោយយល់ចិត្ត ស្តាប់ដោយមានទឹកចិត្តចង់ជួយ មិនថា អ្នកជាមេគ្រួសារ ឬជាអ្នកដឹកនាំ ឬក៏ជាអ្នកដើរតាមទេ។ ការស្តាប់ដ៏ត្រឹមត្រូវមានសារសំខាន់ណាស់សម្រាប់ការភ្ជាប់ទំនាក់ទំនងល្អ និងការធ្វើការរួមគ្នា។ ក្នុងការធ្វើការ ឬធ្វើធុរកិច្ចជាមួយគ្នា អ្នកត្រូវគិតអំពីផ្លូវទៅរកការឈ្នះរួមគ្នា ការគិតឈ្នះឈ្នះ ការគិតចង់ជួយដៃគូ ដោយចៀសវាងការគិតកេងចំណេញលើគេ និងការប្រកួតប្រជែងគ្នា។ គំនិតបែបនេះនឹងជួយអ្នកឱ្យមានជោគជ័យក្នុងការងារ សហការីនឹងគោរពអ្នក ហើយចង់ជួយអ្នកឱ្យមានការទទួលខុសត្រូវកាន់តែធំ កាន់តែខ្ពស់ ការធ្វើធុរកិច្ចរួមគ្នានឹងមានភាពជោគជ័យយូរអង្វែង។ ក្នុងការធ្វើការជាក្រុម ឬរកសុីរួមគ្នា ឬរស់នៅជាមួយគ្នាជាគ្រួសារ ជារឿងសំខាន់ណាស់ ដែលអ្នកត្រូវចេះសំយោគគំនិតផ្សេងៗឱ្យទៅជាគំនិតរួម ដោយចៀសវាងការគិតថា គំនិតខ្លួនល្អដាច់គេ ខ្ពស់ផុតគេ មិនត្រូវការស្តាប់គំនិតអ្នកដទៃ។ នៅពេលដៃគូ ឬសហការីរបស់អ្នកមានអារម្មណ៍ថា គំនិតគេត្រូវបានគេយកចិត្តទុកដាក់ ឬបញ្ចូលក្នុងគម្រោង គេនឹងខំប្រឹងធ្វើឱ្យគម្រោងនោះមានដំណើរការល្អ ទទួលជោគជ័យធំធេង។ អ្នកត្រូវចេះសរសើរលើកទឹកចិត្តដល់សមិទ្ធផលល្អៗទាំងឡាយ ដែលដៃគូ ឬសហការីរបស់អ្នកសម្រេចបាន ដោយកុំមានចិត្តច្រណែននិងភ័យខ្លាចគេមកដណ្តើមតួនាទីរបស់អ្នក។ ប្រសិនបើសហការី ឬដៃគូជីវិតរបស់អ្នកធ្វើខុស អ្នកត្រូវរកវិធីសមស្រប ទន់ភ្លន់ ផ្តល់ជាមតិកែលម្អ ដោយមានចេតនាឱ្យគេលូតលាស់ទៅមុខ ដោយចៀសវាងការស្តីបន្ទោសធ្វើឱ្យគេបាក់មុខក្នុងចំណោមមនុស្សទាំងឡាយ ឬធ្វើឱ្យគេបាក់ទឹកចិត្ត។
ប្រសិនអ្នកចេះស្តាប់ ចេះសំយោគគំនិត ចេះគិតបែបឈ្នះឈ្នះ ចេះលើកទឹកចិត្ត ចេះជួយគេឱ្យលូតលាស់ល្អ អ្នកកំពុងក្លាយខ្លួនជាអ្នកដឹកនាំល្អម្នាក់ហើយ។ លោក Zig Zigla បានមានប្រសាសន៍ថា “បើអ្នកជួយមនុស្សគ្រប់គ្រាន់ឱ្យសម្រេចគោលដៅរបស់គេ នឹងមានមនុស្សគ្រប់គ្រាន់ជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នក”៕

=== ^^^ ===

---

រៀបរៀងដោយ សាម អុីន -- មេសា ២០២១

--- 

-- អត្ថបទទាក់ទង ៖ 

១. គន្លឹះ ៤យ៉ាងសម្រាប់កំណត់គោលដៅជីវិត   

២. តើអ្នកកើតមកជាកូនខ្មែរដើម្បីអ្វី?    

៣. ស្តាប់បេះដូងរបស់អ្នក


Post a Comment

0 Comments

Ad Code