Ticker

6/recent/ticker-posts

គ្រឿងផ្សំ​​ ៧មុខ សម្រាប់ជីវិតរីករាយ

 


មានមនុស្សមិនតិចទេដែលរស់នៅជាមួយសេចក្តីសោកស្តាយ ធុញទ្រាន់​ តប់ប្រមល់​ រងទុក្ខ ដោយមិនដឹងរស់ដើម្បីអ្វី ចំណែកអ្នកខ្លះមានក្តីស្រមៃធំ​ តែសម្រេចមិនបាន​ ក៏កើតទុក្ខមិនសុខចិត្ត រីឯអ្នកខ្លះជួបបញ្ហាធំ​ មិនដឹងដោះស្រាយយ៉ាងម៉េច ក៏បាត់បង់ភាពរីករាយក្នុងជីវិត។ គ្រឿងផ្សំ ៧មុខ​ សម្រាប់ជីវិតរីករាយ គឺជាការដកស្រង់គតិបណ្ឌិតសំខាន់ៗរបស់បុគ្គលមានទស្សនៈឧត្តុងឧត្ដមទាំងឡាយក្នុងលោក បូកផ្សំនិងការសង្កេត រួមបញ្ចូលទាំងបទពិសោធន៍ជាក់ស្តែង ដែលធ្លាប់ជួបប្រទះក្នុងជីវិតផ្ទាល់ខ្លួន។ មេរៀនទាំងនេះជួយផ្តល់ជាគំនិតពិចារណាសម្រាប់អ្នក ក្នុងការត្រួសត្រាយជីវិតមួយទៅរកភាពរីករាយ បន្ថយភាពតានតឹង​ និងបង្កើនប្រសិទ្ធភាពការងារ។

១. ឈប់ប្រកាន់នឹងអតីតកាល

មនុស្សជាច្រើនរស់នៅដោយតូចចិត្ត ខកចិត្ត សោកស្តាយនឹងកំហុសឆ្គងពីអតីតកាល​ ដោយប្រានប្រព្រឹត្តខុសលើរឿងអ្វីមួយ ឬជាមួយអ្នកនេះ អ្នកនោះ។ ការជាប់ជំពាក់នឹងអតីតកាល ការរស់នៅដោយស្ពាយអតីតកាលជាប់ជាមួយ ធ្វើឱ្យអ្នករស់នៅមិនបានសុខក្នុងពេលបច្ចុប្បន្ន​ ពីព្រោះកំហុសឆ្គងអតីតកាលចេះតែតាមលងចិត្តរបស់អ្នកជារឿយៗ។ ដោយការពិត អ្នកមិនអាចផ្លាស់ប្តូរអតីតកាលបានទេ តែអ្នកអាចផ្លាស់ប្តូររបៀបគិតអំពីអតីតកាលបាន។ ចូររៀនសូត្រពីកំហុសឆ្គងកាលពីអតីតកាល​ តែកុំប្រកាន់ខ្ជាប់នឹងអតីតកាលរបស់អ្នក​ កុំបន្តរស់ជាមួយអតីតកាលរបស់អ្នក។​ អ្នកដឹងទេ ក្នុងលោកនេះ មិនមែនមានតែអ្នកទេ​ ដែលធ្លាប់ធ្វើរឿងខុសឆ្គងកន្លងមក​ មានមនុស្សល្បីៗ បុគ្គលជោគជ័យជាច្រើន រួមទាំងអ្នកត្រាស់ដឹងផង​ ធ្លាប់ធ្វើកំហុសកាលពីអតីតកាល។

  

២. ឈប់ខ្វល់ពីអ្នកដទៃគិតយ៉ាងណា

មនុស្សមួយចំនួនធំរស់នៅដោយខ្វល់យ៉ាងខ្លាំងចំពោះរឿងថា តើអ្នកដទៃគិតយ៉ាងម៉េចចំពោះខ្ញុំ​ បើខ្ញុំធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ។ ការគិតបែបនេះ ធ្វើឱ្យយើងលែងហ៊ានធ្វើនូវអ្វី ដែលយើងចង់ធ្វើ ដែលយើងត្រូវធ្វើ ពីព្រោះយើងខ្លាចគេថា។ ជាឧទាហរណ៍ កូនឈឺជំងឺផ្លូវចិត្ត មិនហ៊ាននាំកូនទៅពេទ្យ ព្រោះខ្លាចខ្មាសគេ ខ្លាចគេថាពូជឯងមានជំងឺសរសៃប្រសាទ ជំងឺឆ្កួត។​ ដល់ទុកយូរ​ ជំងឺកូនវិវឌ្ឍកាន់តែធ្ងន់ធ្ងរព្យាបាលលែងកើត ទៅជាឆ្កួតមើលលែងជា​ លាក់លែងជិត គេដឹងគ្រប់គ្នា។​ ឧទាហរណ៍មួយទៀត បងស្រីម្នាក់គិតចង់រកស៊ីលក់នំបញ្ចុក​ ពីព្រោះខ្លួនមានទេពកោសល្យចេះស្លរឆ្ងាញ់ ហើយមានចំណូលចិត្តចង់ធ្វើ តែខ្លាចគេថា គ្រួសារគ្រាន់ប៉ុណ្ណឹងដែរ បែរជាលក់នំបញ្ចុក។ ការគិតបែបនេះ​ អ្នកប្រៀបដូចជាទាសកររបស់អ្នកដទៃ ចង់ធ្វើអ្វីមួយ​ រង់ចាំគេផ្តល់សញ្ញាយល់ព្រម ឬគាំទ្រសិន។

ចូរធ្វើនូវអ្វី ដែលអ្នកចង់ធ្វើ នៅពេលដែលអ្នកដឹងថា វាផ្តល់ប្រយោជន៍ដល់អ្នក ក្រុមគ្រួសារអ្នក ឬដល់សង្គមជាតិ ហើយវាមិនបំផ្លាញ ឬបង្កការឈឺចាប់ដល់អ្នកដទៃ។ ចូរកុំខ្វល់ពីការគិតរបស់អ្នកដទៃចំពោះអ្នក អ្នកដទៃគិតយ៉ាងណា គឺជារឿងរបស់គេ មិនមែនជាការទទួលខុសត្រូវរបស់អ្នកទេ។

៣. ពេលវេលាជាថ្នាំព្យាបាលដ៍ស័ក្តិសិទ្ធិ

និយាយបែបនេះ​ មិនមានន័យថា​ អ្នកឈឺផ្លូវកាយ​ ឬមានជំងឺផ្លូវចិត្ត ពុំចាំបាច់ទៅពេទ្យព្យាបាល ទុកឱ្យពេលវេលាព្យាបាលនោះទេ។ ពេលអ្នកឈឺ អ្នកទៅពេទ្យចុះ។ ក៏ប៉ុន្តែ អ្នកត្រូវដឹងថា ដំណើរការព្យាបាល ដំណើរការជាសះស្បើយ វាត្រូវការពេលវេលារបស់វា ដោយអ្នកមិនអាចបង្ខំទាំងអន្ទះសារក្នុងចិត្តបានទេ។​ កាលណាអ្នកបង្ខំចង់ជាឆាប់ ដោយមិនយល់ដឹងអំពីកត្តាពេលវេលា ចិត្តទោសៈ ចិត្តទុក្ខសោកក៏កើតមានឡើង ជំងឺឈឺត្រឹមកាយ ក៏ក្លាយជាគុណនឹង២ គុណនឹង៣ ពីព្រោះចិត្តមានទុក្ខបន្ថែម។ រឿងសំខាន់បន្ត ទាក់ទងនឹងកត្តាពេលវេលា គឺថា​ នៅពេលដែលអ្នកជួបបញ្ហាប្រឈមផ្សេងៗក្នុងជីវិត​ អ្នកតែងកើតទុក្ខសោកសង្រេង​ ហើយគិតថា​ បញ្ហានេះនៅមានជាប់រហូត។ បើអ្នកយល់អំពីធម៌ អ្នកនឹងដឹងថា អ្វីៗគ្រប់យ៉ាង រួមទាំងចិត្តទុក្ខសោកដ៏ធំរបស់អ្នកផង វាកើតឡើងហើយ​ វាតែងរសាយ តែងរលត់ទៅវិញ។ ក្នុងពេលវេលាកំណត់ណាមួយ ទុក្ខធំទាំងឡាយនឹងស្បើយទៅវិញ នឹងរលាយទៅវិញ​ រួមទាំងទុក្ខព្រាត់មនុស្សជាទីស្រឡាញ់ ឬទុក្ខកើតចេញពីការបាត់របស់ដ៏មានតម្លៃ។ បើអ្នកដឹងដូច្នេះ ពេលបញ្ហាធំកើតឡើងក្នុងជីវិតអ្នក​ វាមិនធ្វើឱ្យអ្នកកើតទុក្ខធំរីងរៃ ដូចមុនទេ​ ពីព្រោះអ្នកដឹងថា វានឹងរសាយទៅវិញជាមួយពេលវេលា។ ចូរទុកឱ្យពេលវេលាជួយព្យាបាល ជួយដោះស្រាយវាចុះ។

៤. កុំបណ្តោយឱ្យអ្នកដទៃកំណត់ក្តីរីករាយរបស់អ្នក

ជាទូទៅ យើងតែងគិតថា​ អ្នកនេះធ្វើឱ្យខ្ញុំខឹង អ្នកនោះធ្វើឱ្យខ្ញុំរីករាយ។​ តាមពិត ភាពរីករាយ ឬកំហឹង គឺកើតឡើងនៅក្នុងខ្លួនអ្នក នៅក្នុងចិត្តអ្នក ដោយសារតែការវាយតម្លៃ និងប្រតិកម្មក្នុងចិត្តអ្នកទៅលើសំដី ទៅលើទង្វើរបស់អ្នកដទៃ។ បើអ្នកផ្លាស់ប្តូរ ការវាយតម្លៃក្នុងខ្លួនអ្នក អ្នកនឹងមានអារម្មណ៍ផ្សេង ចំពោះពាក្យសំដី ចំពោះទង្វើដដែល។ មនុស្សម្នាក់ប្រើសំដីប្រមាថមើលងាយអ្នក អ្នកក៏ខឹង ពីព្រោះអ្នកគិតថា មនុស្សនេះមិនសមប្រើសំដីបែបនេះមកលើអ្នក។ មនុស្សម្នាក់ទៀតប្រើសំដីប្រមាថមើលងាយអ្នកដូចគ្នា តែអ្នកមិនខឹងទេ ពីព្រោះអ្នកគិតថា​ មនុស្សនេះល្ងង់ខ្លៅ​ កុំប្រកាន់នឹងគ្នា គ្នាមិនដឹងអីទេ ឬមួយមនុស្សម្នាក់នេះជាមនុស្សដែលអ្នកស្រឡាញ់ អ្នកគោរព​ ហើយអ្នកមានទឹកចិត្តអត់ឱនចំពោះគាត់។ ពាក្យសំដីដូចគ្នា តែអ្នកមានប្រតិកម្មផ្សេងគ្នា ដោយសារក្នុងខ្លួនអ្នកមានការគិតនិងវាយតម្លៃខុសគ្នា។ បើអ្នកចេះផ្លាស់ប្តូរការគិតក្នុងខ្លួនអ្នក បើអ្នកចេះបណ្តុះទឹកចិត្តអត់ឱនសណ្តោសប្រណីបានច្រើន បើអ្នកកសាងទឹកចិត្តយោគយល់អធ្យាស្រ័យបានខ្ពស់ នោះភាពរីករាយក្នុងជីវិតអ្នក គឺអ្នកជាអ្នកកំណត់ មិនមែនអ្នកដទៃទេ។

៥. កុំចង់ធ្វើដូចអ្នកដទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលខ្ញុំធំដឹងក្តី​ចូលសិក្សានៅមហាវិទ្យាល័យ ខ្ញុំចាប់ផ្តើមស្គាល់ តាមរយៈទូរទស្សន៍និងកាសែតអំពីលោក​ Bill Gates ខ្ញុំក៏ចង់ក្លាយខ្លួនដូច​ ​Bill Gates ដែលអាចបង្កើតក្រុមហ៊ុន​​ ​Microsoft បម្រើមនុស្សជាតិក្នុងវិស័យកុំព្យូទ័រ។ ក្រោយមក ខ្ញុំបានដឹងអំពីប្រវត្តិលោក​ Warren Buffett ដែលជាអ្នកវិនិយោគដ៏ពូកែ និងជាមហាសេដ្ឋី ខ្ញុំក៏មានចិត្តចង់ធ្វើដូច​ Warren Buffett។​ ក្រោយមកទៀត បានអានសៀវភៅអំពីប្រវត្តិតស៊ូរបស់លោក Nelson Mandela ដែលតស៊ូជាប់គុក ២៧ឆ្នាំ ដើម្បីទាមទារសិទ្ធិសេរីភាពជូនជនជាតិស្បែកខ្មៅ ហើយបានជោគជ័យ ក្លាយជាប្រធានាធិបតីអាព្រិចខាងត្បូង ខ្ញុំក៏រំជួលចិត្តចង់ធ្វើដូចលោក Nelson Mandela។​ ក្នុងដំណើរជីវិតជាក់ស្តែង ខ្ញុំមិនបានក្លាយខ្លួនដូចលោក Bill Gates មិនទទួលជោគជ័យផ្នែកហិរញ្ញវត្ថុដូចលោក​​ Warren Buffett និងមិនអាចធ្វើខ្លួនដូចលោក​ Nelson Mandela ខ្ញុំក៏មានអារម្មណ៍តូចចិត្ត អន់ចិត្តនឹងខ្លួនឯង អស់សង្ឃឹមថានឹងសម្រេចជោគជ័យធំបានក្នុងជីវិតនេះ។ ប្រហែលជាប្អូនៗ ក្មួយៗមួយចំនួនកំពុងមានអារម្មណ៍បែបនេះដែរ។ ប៉ុន្តែ មិនជាថ្វីទេ ជីវិតនៅតែរកភាពរីករាយបាន បើយើងមិនទទួលជោគជ័យធំធេងដូចអ្នកដទៃក៏ដោយ។

ក្រោយមក ខ្ញុំបានចាប់យកគតិបណ្ឌិត ដែលលើកឡើងថា អ្នកមិនអាចក្លាយខ្លួនដូចនរណាម្នាក់សោះឡើយក្នុងលោកនេះ ពីព្រោះធម្មជាតិផ្តល់ទេពកោសល្យឱ្យមនុស្សម្នាក់ៗ មិនដូចគ្នាទេ។ អ្នកមិនអាចប្រៀបធៀបត្រីដែលពូកែហែលទឹក ជាមួយសត្វស្វាដែលពូកែឡើងដើមឈើបានឡើ់យ។ ខ្ញុំបានរៀនពីលោកគ្រូ Sadhguru ថាជីវិតពុំចាំបាច់មានគោលបំណងធំ បេសកកម្មធំ ក៏មិនជាថ្វីដែរ រឿងដែលសំខាន់ តើអ្នករស់នៅពេញចិត្តនឹងអ្វី ដែលអ្នកកំពុងមានដែរទេ ហើយមានក្តីរីករាយដែរទេ។ ភាពពេញចិត្ត និងក្តីរីករាយមិនជាប់ទាក់ទងនឹងភាពជោគជ័យធំធេងទេ។ ការរៀនសូត្រអំពី ធម៌ អភិធម្ម តាមរយៈការស្តាប់ និងការបង្រៀនរបស់លោកគ្រូ សាន សុជា (YouTube: San Sochea Official, Facebook page: San Sochea, website: www.sansochea.org)​ ធ្វើឱ្យខ្ញុំមានការយល់ដឹងអំពីចិត្តកើតរលត់ ចិត្តកុសល ចិត្តអកុសល ការរៀនពិនិត្យមើលចិត្តខ្លួនឯង ។ល។ ហើយជួយខ្ញុំឱ្យកាត់បន្ថយទឹកចិត្តលោភៈ ទោសៈ និងមោហៈ បានច្រើន ធ្វើឱ្យចិត្តលែងតានតឹង បានធូរស្បើយ។ ខ្ញុំងាកមកយកចិត្តទុកដាក់កាន់តែខ្លាំងលើរឿងថា តើខ្ញុំមានទេពកោសល្យអ្វី មានភាពខ្លាំងលើអ្វី មានចំណាប់អារម្មណ៍ខ្លាំងលើការងារអ្វី អ្វីខ្លះដែលខ្ញុំអាចធ្វើបាន និងធ្វើមិនបាន ដោយឈប់នឹកគិតពីការចង់ធ្វើដូចអ្នកនេះ ដូចអ្នកនោះ។ យល់ដឹងអំពីព្រះធម៌ជួយជំរុញឱ្យធ្វើអ្វីៗ ផ្តោតលើការបម្រើ ការផ្តល់ឱ្យ ជាជាងការរំពឹងចង់បានមកវិញ។

ការផ្លាស់ប្តូរការគិតធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រាលខ្លួនជាងមុន រីករាយជាងមុន ធ្វើការមានប្រសិទ្ធភាពជាងមុន។ ខ្ញុំមិនអាចក្លាយខ្លួនដូចនរណាម្នាក់ឡើយ តែខ្ញុំអាចធ្វើឱ្យខ្លួនខ្ញុំប្រសើរជាងមុន។

៦. ឈប់គិតច្រើន

និយាយពាក្យថា “ឈប់គិតច្រើន” វាងាយស្រួល តែការហាមចិត្តមិនឱ្យគិតជារឿងដ៏សែនលំបាក ពីប្រោះថា ធម្មជាតិរបស់ចិត្ត គឺមានមុខងារគិត បើឃាត់ចិត្តមិនឱ្យគិត ទាល់តែដេកលក់ ឬស្លាប់ ទើបចិត្តលែងគិត។ អ្វីដែលចង់និយាយទីនេះ គឺសំដៅលើការចេះគ្រប់គ្រងការគិត ចេះបង្វែរការគិតរបស់យើង ដោយកុំបណ្តោយឱ្យចិត្តគិតរឿងផ្តេសផ្តាស ជាពិសេសការគិតរឿងកើតឡើងពីអតីតកាល ដែលគិតហើយ ក៏កើតអារម្មណ៍ខកចិត្ត សោកស្តាយ មានកំហុស ឬក៏គិតរឿងអាចនឹងកើតឡើងទៅអនាគត ដែលធ្វើឱ្យយើងបារម្ភ ភ័យខ្លាច។ អ្នកអាចបង្វែរការគិតរបស់អ្នកទៅលើរឿងមានប្រយោជន៍ ដូចជាអានសៀវភៅផ្សេងៗ ឬស្តាប់អត្ថបទអំពីការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹកនាំ ប្រវត្តិសាស្រ្ត ព្រះធម៌ ឬរឿងអប់រំ​។ល។ អ្នកក៏អាចស្វែងរកជួបមិត្តភ័ក្តិ ដើម្បីជជែកគ្នារឿងសប្បាយៗ រឿងវិធីធ្វើជំនួញ ចែករំលែកទស្សនៈនយោបាយនិងសង្គម ដើម្បីបង្វែរចិត្តមកគិតរឿងទាំងនេះ។ អ្នកក៏អាចដើរលំហែគយគន់ទេសភាពស្អាតៗ ដើម្បីឱ្យចិត្តបានស្រស់ថ្លា គិតរឿងល្អៗ រឿងវិជ្ជមាន គិតអំពីភាពច្នៃប្រឌិតផ្សេងៗ។ ចូររៀនសង្កេតពិនិត្យចិត្តរបស់អ្នកថា តើវាកំពុងគិតរឿងអ្វី ហើយត្រូវដឹងថា អ្នកអាចបង្វែរការគិតរបស់ចិត្តបាន តាមរយៈការផ្លាស់ប្តូរសកម្មភាពរបស់អ្នក។

៧. រកពេលញញឹមសើចសប្បាយ

សុភាសិតអាមេរិកឡាទីនមួយបានលើកឡើងថា “ថ្ងៃណាដែលអ្នកមិនបានសើចសប្បាយ គឺជាថ្ងៃដែលកន្លងទៅដោយឥតប្រយោជន៍”។ គ្រូពេទ្យវិជ្ជសាស្រ្តបានផ្តល់ដំបូន្មានជារឿយៗថា ការញញឹម ការសើចសប្បាយជាឪសថដ៏ស័ក្តសិទ្ធិសម្រាប់រក្សាសុខភាពល្អ។ ចូរស្វែងរកពេលវេលា ដើម្បីបង្កើតស្នាមញញឹម និងការសើចសប្បាយឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ បើអ្នកជួបប្រទះនឹងបញ្ហាទាំងឡាយ ចូរនឹកគិតថា បញ្ហាទាំងនេះវាតូចល្អិតណាស់​ បើប្រៀបធៀបនឹងពិភពលោកទាំងមូល បើធៀបនឹងចក្រវាលដ៏ធំទូលាយ ដូច្នេះ ខ្ញុំនៅតែអាចសើចញញឹមបាន វាមិនជាថ្វីទេ៕ 

 ​​=== ^^^ ===

បកស្រាយតាម​ វីដេអូ៖​   




---

រៀបរៀងដោយ សាម អុីន -- មករា ២០២៣

--- 

-- អត្ថបទទាក់ទង ៖  

១.​ កុំចង់ក្លាយជាមនុស្សល្អពេក

២. បង្កើតក្តីស្រឡាញ់ឱ្យបានច្រើន

៣. ចាកចេញពីភាពស្រ្តេសរបស់អ្នក

Post a Comment

0 Comments

Ad Code