Ticker

6/recent/ticker-posts

រឿង៩ប្រការ ដែលសំខាន់ជាងលុយ

 


យើងគ្រប់គ្នាដែលរស់នៅក្នុងសង្គមទីផ្សារសេរី សុទ្ធតែដឹងអំពីតម្លៃនៃលុយ ជាពិសេស សម្រាប់សហគ្រិន។ ប៉ុន្តែ យើងក៏ធ្លាប់ដឹង ធ្លាប់ឮដែរថា មានមនុស្សមួយចំនួនបានចាប់ផ្តើមរកស៊ីដំបូង ដោយពុំមានលុយទេ ហើយអាចបង្កើតទ្រព្យសម្បត្តិបានយ៉ាងច្រើនទៀតផង។ តើបុគ្គលប្រភេទនេះធ្វើបែបម៉េចទៅ?

លោក​ យីម រ៉ូន (Jim Rohn) ជឿថា មានរឿង៩ប្រការ ដែលមានតម្លៃជាងលុយ រឿងដែលជួយនាំអ្នកទៅរកភាពជោគជ័យបាន។

១. ពេលវេលា

ពេលវេលាគឺជាទ្រព្យធន គឺជាពេលវេលា ដែលអ្នកយកទៅប្រើត្រឹមត្រូវ ដោយមិនយកទៅប្រើបែបខ្ជះខ្ជាយលើរឿងអត់ប្រយោជន៍។ ពេលវេលា ដែលអ្នកកំណត់ទុកសម្រាប់ការវិនិយោគលើរឿងផ្សេងៗ ដែលផ្តល់តម្លៃនៅក្នុងទីផ្សារ ជាមួយក្តីសង្ឃឹមនាំមកនូវភាពចំណេញនៅពេលខាងមុខ។ ពេលវេលានោះហើយគឺជាទ្រព្យធន។

តើពេលវេលាមានតម្លៃយ៉ាងណា? ពេលវេលា ដែលវិនិយោគបានល្អត្រឹមត្រូវ នឹងមានតម្លៃមហាសាល​ ហើយពេលវេលា ដែលប្រើខ្ជះខ្ជាយខុស អាចនឹងបំផ្លិចបំផ្លាញអនាគតរបស់អ្នក។ ពេលវេលា ដែលអ្នកវិនិយោគបានល្អ អាចកសាងភាពអស្ចារ្យបាន។ ដូច្នេះ ចូរវិនិយោគពេលវេលារបស់អ្នកឱ្យបានល្អត្រឹមត្រូវ។

២. ភាពអស់សង្ឃឹម

ជាមិត្តរបស់ខ្ញុំ និងជាអ្នកបង្រៀនខ្ញុំផង លោក​ Bill Bailey បានទៅរស់នៅក្រុង​ Chicago តាំងពីអាយុជាង១០ឆ្នាំ នៅពេលគាត់ឈប់រៀននៅវិទ្យាល័យ។ ហើយការងារដំបូង ដែលគាត់បានធ្វើ គឺជាអ្នកសម្អាតអនាម័យនាពេលយប់។ មានគេសួរគាត់ថា “ប៊ីល, ហេតុអ្វីបានអ្នកទៅធ្វើការជាអ្នកសម្អាតអនាម័យពេលយប់? គាត់ឆ្លើយថា “ដោយសារ​ ការដាច់បាយ​ និងអស់សង្ឃឹម!”។ ការងារដំបូងរបស់គាត់ ជាអ្នកសម្អាតអនាម័យនាពេលយប់ ប៉ុន្តែក្រោយមក គាត់ទទួលបានអាហារូបករណ៍​ Alger award នឹងបានក្លាយជាអ្នកមាន និងមានឥទ្ធពលធំធេង។ វាជាឧទាហរណ៍ដ៏អស្ចារ្យមួយនៃជីវិតជោគជ័យដែលខ្ញុំបានដឹង។​

ភាពអស់សង្ឃឹមអាចជាគ្រឿងជំរុញចិត្តដ៏អស្ចារ្យមួយ នៅពេលដែលអ្នកតាំងចិត្តថា ខ្ញុំត្រូវតែផ្លាស់ប្តូរ។ អ្នកត្រូវធ្វើការនៅទីណាក៏ដោយឱ្យតែដោះស្រាយបញ្ហាអត់ឃ្លានសិន ធ្វើនៅទីណាក៏បាន មិនសំខាន់ទេ។

៣. ការប្តេជ្ញាចិត្ត

ខ្ញុំមានមិត្តម្នាក់ទៀត គឺ លីឌា​ (Lydia) ដែលការវិនិយោគលើកដំបូងរបស់គាត់ក្នុងការបង្កើតក្រុមហ៊ុនថ្មី កកើតចេញពីភាពអស់សង្ឃឹមខ្លាំង។ គាត់ចាំបាច់ត្រូវចិញ្ចឹមកូនៗរបស់គាត់​ ដូច្នេះ លោកស្រី​ លីឌា ត្រូវវិនិយោគ​ ១ដុល្លារ ទៅលើអ្វីមួយដែលគាត់ជឿថា អាចផ្តល់ប្រាក់ចំណេញមកវិញ។ ប្រាក់ ១ដុល្លារ នោះគាត់បានយកទៅប្រើដើម្បីទិញប្រដាប់ក្មេងលេងស្រាលៗបានមួយចំនួន​ រួចហើយ គាត់យកទៅលក់រាយ បានប្រាក់ចំណេញ ហើយក៏ទិញដុំច្រើនជាងមុន នឹងយកទៅលក់រាយផ្ទាល់ដល់អតិថិជនរបស់គាត់។ លីឌា បានរម្លឹក ពេលចាប់ផ្តើមដំបូងថា “ខ្ញុំត្រូវតែស្វែងរកអតិថិជនឱ្យបានម្នាក់ បើទោះបីស្ថិតក្នុងភាពអស់សង្ឃឹមក៏ដោយ” ហើយគាត់បន្តថា “ខ្ញុំត្រូវតែរកអ្នកទិញឱ្យបានម្នាក់ មុននឹងថ្ងៃនេះត្រូវផុតទៅ”។ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតស្រួច គាត់ពិតជារកអតិថិជនបានមែន។ ការប្តេជ្ញាចិត្តជំរុញឱ្យគាត់រកទាល់តែបាន។

៤. សេចក្តីក្លាហាន

នៅពេលដែលអ្នកមានតែ ១ដុល្លារ ហើយអ្នកមានសេចក្តីក្លាហានច្រើន អ្នកនឹងទទួលបានអនាគតមួយដែលល្អប្រសើរនៅរង់ចាំអ្នកខាងមុខ។​ អ្នកដឹងទេ មនុស្សអាចធ្វើរឿងអស្ចារ្យជាច្រើនបាន មិនថាមានអ្វីកើតឡើងទេ។ សេចក្តីក្លាហាន គឺជាកត្តាកំណត់សំខាន់ចម្បងមួយ សម្រាប់អនាគតរបស់អ្នក។

៥.​ មហិច្ឆតា

ជាមួយនឹងសេចក្តីក្លាហាន លីឌា អាចរកបានអតិថិជន ៣ ទៅ ៤នាក់។ ហើយនៅពេល គាត់បន្តទៅមុខទៀត មហិច្ឆតាក៏ចាប់កើតមានឡើង។ គាត់បានគិតថា នៅពេលគាត់លក់ទៅឱ្យ ៣នាក់បាន គាត់ក៏អាចលក់ទៅឱ្យ ៣៣នាក់បានដែរ ឬក៏អាចឈានទៅដល់ ១០៣នាក់ផង។ លីឌា ត្រូវបានជំរុញចិត្តដោយក្តីស្រមៃរបស់គាត់នៅពេលអនាគត។

៦. ជំនឿ

មកដល់ចំណុចនេះ លីឌា ចាប់ផ្តើមមានជំនឿថា គាត់មានផលិតផលល្អមួយ និងក្រុមហ៊ុនដ៏ល្អមួយ។ ហើយបន្ទាប់មកទៀត គាត់ចាប់ផ្តើមមានជំនឿ ឬភាពជឿជាក់លើខ្លួន ដែលពីមុន ធ្លាប់គិតថា ជាម្តាយមេម៉ាយ មានកូនពីរ និងគ្មានការងារធ្វើ។ លីឌា មានជំនឿថា “ខ្ញុំអាចលោតចេញពីរណ្តៅបានហើយ”។ ជំនឿ​ និងសេចក្តីថ្លៃថ្នូររបស់គាត់ក៏ចាប់ផ្តើមលូតលាស់ខ្ពស់ឡើង។

ជំនឿគឺជាការវិនិយោគមួយ ដែលមិនអាចយកអ្វីមកជំនួសបានទេ។ លុយមិនអាចទិញវាបានទេ។ អ្នកអាចនឹងមានលុយ ១លានដុល្លារ តែពុំមានជំនឿលើខ្លួនឯង។​ បែបនេះ អ្នកនៅតែជាអ្នកក្រនៅឡើយ។ អ្នកមិនទាន់ក្លាយជាអ្នកមាននៅឡើយទេ។

៧. ភាពឈ្លាសវៃ

ហេតុផលមួយដែល​ លីឌា បានក្លាយជាអ្នកមានលុយដល់លានដុល្លារបច្ចុប្បន្ន គឺភាពឈ្លាសវៃរបស់គាត់ ដោយសារគាត់ចេះប្រើប្រាស់ខួរក្បាលរបស់គាត់បានល្អ។

ប្រហែលជារហូតមកដល់ពេលនេះ អ្នកទើបនឹងបានប្រើប្រាស់សក្តានុពលខួរក្បាលរបស់អ្នកបានត្រឹម ១/១០ ប៉ុណ្ណោះ។ តើលទ្ធផលយ៉ាងណាទៅវិញ បើអ្នកអាចប្រើ ៩/១០ បន្ថែមទៀត? អ្នកប្រហែលជាមិនជឿទេ ថាលទ្ធផលអ្វីខ្លះអាចនឹងកើតឡើង។ អ្នកដឹងទេ មនុស្សអាចនឹងធ្វើរឿងអស្ចារ្យជាច្រើនបាន ជាមួយនឹងបញ្ញាឈ្លាសវៃរបស់ខ្លួន។

តើភាពឈ្លាសវៃមានតម្លៃប៉ុណ្ណាទៅ? វាអាចមានតម្លៃមហាសាល។ អ្វីដែលអ្នកត្រូវការ គឺលុយ ១ដុល្លារ និងភាពឈ្លាសវៃបែបច្នៃប្រឌិតច្រើនក្នុងការប្រើវាឱ្យបានផល។ ចូរស្វែងរកផ្លូវក្នុងការប្រើវា ដើម្បីបង្កើតផលចំណេញ គិតយ៉ាងណាយកវាទៅប្រើឱ្យបានចំណេញ ឱ្យចំណេញច្រើនជាទីបំផុត។

៨. បេះដូង និងស្មារតី

បេះដូង​ និងស្មារតីប្រៀបដូចជាមន្តអាគម ដែលយើងមើលមិនឃើញ ហើយអាចរុញមនុស្សឱ្យធ្វើចលនា រុញមនុស្សធ្វើសេចក្តីសម្រេចចិត្ត រុញមនុស្សឱ្យធ្វើសកម្មភាព និងរុញមនុស្សឱ្យចេះឆ្លើយតបទៅនឹងស្ថានការណ៍ផ្សេងៗ។

តើមានអ្វីអាចមកជំនួសបេះដូង និងស្មារតីបាន? គឺមិនមែនលុយទេ ពីព្រោះបេះដូង និងស្មារតីមានតម្លៃច្រើនជាងលុយ ​១លានដុល្លារ។ តើមានប្រយោជន៍អ្វីដែលមានលុយ​ ១លានដុល្លារ តែពុំមានបេះដូង និងស្មារតីនៅជាមួយ? អ្នកពុំមានជីវិតទេ។ អ្នកពុំអាចធ្វើអ្វីប្រកបដោយប្រសិទ្ធភាពឡើយ។

៩. អត្តចរិត

គ្រូរបស់ខ្ញុំ លោក Bill Bailey បានបង្រៀនខ្ញុំថា “អ្នកត្រូវរៀនស្ថិតក្នុងភាពងាយស្រួល និងសាមញ្ញធម្មតា លោក​ រ៉ូន! មិនថា​ អ្នកកំពុងអង្គុយក្នុងភោជនីយដ្ឋានតូចមួយ​ ដោយផឹកស្រាបៀរ​ និងមើលប្រដាល់ជាមួយមិត្តភក្តិ ឬមួយអ្នកកំពុងអង្គុយក្នុងបន្ទប់ធំទូលាយរបស់សមាជិកព្រឹទ្ធសភា ដែលជាភ្ញៀវម្នាក់របស់អ្នកធំ។

អ្នកអាចជួបប្រទះនឹងអត្តចរិតជាច្រើន ហើយអ្នកក៏អាចរៀនសូត្រ សំលៀង និងអភិវឌ្ឍអត្តចរិតរបស់អ្នកផងដែរ មិនថា អ្នកជួបបុគ្គលណា នៅទីណាទេ អាចជួបកុមារ ធុរជន អ្នកមានទ្រធ្យធន ឬអ្នកក្រខ្សត់។ វាមិនសំខាន់សម្រាប់អ្នកទេ ថាអ្នកនោះជាអ្នកមាន ឬអ្នកក្រ។ វាជាឱកាសសម្រាប់អ្នកក្នុងការកសាងទំនាក់ទំនងពិសេសមួយជាមួយមនុស្ស ដែលអ្នកបានជួប។ ចូរកសាងអត្តចរិតមួយ ដែលងាយស្រួល និងសាមញ្ញធម្មតា ដោយមិនប្រែប្រួលទៅតាមទម្រង់ ឬឋានៈបុគ្គល ដែលអ្នកបានជួប។ ចូរមានកាយវិការក្នុងភាពសាមញ្ញងាយស្រួល ញញឹមស្រស់ស្រាយ និងឱនលំទោនសមគួរ​ ក្នុងការកសាងទំនាក់ទំនងជាមួយមនុស្ស។

ជាមួយប្រាក់ ១ដុល្លារ និងបញ្ជីរឿង៩ប្រការខាងលើ ពិភពលោកជារបស់អ្នកហើយ។ ពិភពលោកជារបស់អ្នកហើយ ចូរស្វែងចាប់យកចំណែកណាមួយ ដែលអ្នកប្រាថ្នា ចាប់យកការអភិវឌ្ឍណាមួយ ដែលអ្នកស្រមៃចង់បាន។ វាជាប្រភេទទ្រធ្យធន ដែលមានតម្លៃជាងលុយ ហើយវានឹងកំណត់អនាគតដ៏ត្រចះត្រចង់ និងរុងរឿងរបស់អ្នក។ ចូរចងចាំថា អ្នកមិនខ្វះទ្រធ្យធនទេ។

=== ^^^ ===

> ប្រែសម្រួលដោយ សាម អ៊ីន​ -- ធ្នូ ២០២៣

ដកស្រង់ពីអត្ថបទ Jim Rohn (October 2019): 9 things more important than money.

>> អត្ថបទទាក់ទង ៖

១. ច្បាប់មាសនៃភាពជាអ្នកដឹកនាំ
២. ភាពជាអ្នកដឹកនាំ ៥កម្រិត
៣. ត្រូវលើកទឹកចិត្តខ្លួនឯងបែបណា?

Post a Comment

0 Comments

Ad Code