Ticker

6/recent/ticker-posts

ណែលសិន ម៉ាន់ដេឡា​ -- វីរបុរសចុងក្រោយក្នុងសតវត្សទី២០



ថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ ១៩១៨ ទារកម្នាក់បានចាប់កំណើត នៅក្នុងភូមិដាច់ស្រយ៉ាលមួយនៃ​ខេត្តត្រាន់ស្កៃ ប្រទេសអាព្រិកខាងត្បូង។ ក្មេងប្រុសម្នាក់នេះក្រោយមកបានអង្រួនបេះដូង មនុស្សជាតិ​ទូទាំងពិភពលោក ដែលកាសែតញូវយ៉កថែមស៍បាន ចាត់ទុកគាត់ជាវីរបុរសចុងក្រោយនៅក្នុងសតវត្សទី ២០។ វីរភាពតស៊ូដ៏ស្វិតស្វាញរបស់គាត់ជាមួយទឹកចិត្តអត់ឱនចំពោះសត្រូវ​ប្រកប​ដោយសីលធម៌ខ្ពស់ ត្រូវបានមនុស្សជាតិចារទុក​ក្នុងប្រវត្តិសាស្រ្ត។ ណែលសិន ម៉ាន់ដេឡា បានផ្តល់ពន្លឺចែងចាំង​​ក្នុងភាពជាគំរូដ៏ល្អប្រពៃដល់យុវជន​ជំនាន់ក្រោយ។

លោក ម៉ាន់ដេឡា កើតនៅក្នុងប្រទេសមួយដែលពេលនោះ​មានការរើសអើង​ជាតិសាសន៍ដ៏ខ្លាំងពីសំណាក់ជនជាតិស្បែកស​ភាគតិច ដែលមាក់ងាយ ប្រមាថ ជិះជាន់លើជនជាតិស្បែកខ្មៅភាគ​ច្រើនដែលជាម្ចាស់ទឹកដីដើមកំណើតនៃអាព្រិកខាងត្បូង។ កាលនៅពីក្មេង កុមារ ម៉ាន់ដេឡា ចូលចិត្តស្តាប់រឿងនិទានអំពីការ​តស៊ូរបស់វិរជនស្បែកខ្មៅក្នុងការប្រយុទ្ធការពារទឹកដី ប្រឆាំងទៅនឹងការឈ្លានពានរបស់ពួកអាណានិគមស្បែកស ហើយក៏ចាប់ផ្តើមមានក្តីស្រមៃចង់រួមចំណែកក្នុងការតស៊ូដើម្បីសេរីភាពរបស់ប្រជាជនអាព្រិកខាងត្បូង។ ដោយសារតែគាត់ជាក្មួយបង្កើតនៃមេកុលសម្ព័ន្ធមួយ នាឆ្នាំ ១៩៣៩ គាត់មានលទ្ធភាពបានចូលសិក្សានៅក្នុងសាកល​វិទ្យាល័យ​​​ហ្វ័តហែរ ដែលជាមជ្ឈមណ្ឌលសិក្សាជាន់ខ្ពស់តែមួយគត់​សំរាប់ជនជាតិស្បែកខ្មៅ។ នៅពេលដែលឪពុកមារបស់គាត់បានរៀបចំអាពារហ៏ពិពារហ៏ និងការស្នងតំណែងជាមេកុលសម្ព័ន្ធជូនគាត់ យុវជន ម៉ាន់ដេឡា បដិសេធនឹងប្រពៃណីនេះ ហើយបានរត់គេចចេញទៅរស់នៅទីក្រុង​យ៉ូហាន់ណែសបួគ។ នៅទីនោះគាត់ខំប្រឹងបំពេញការងារ​ផ្សេងៗដូច​​ជាអ្នកយាម ស្មៀន ហើយឆ្លៀតពេលសិក្សាបន្ថែម​ផ្នែកច្បាប់។
         
យុវជន ម៉ាន់ដេឡា ពីដំបូងមិនមានចំណាប់អារម្មណ៍នឹង​រឿងនយោបាយទេ ហើយចង់ប្រើប្រាស់ជីវិតរបស់គាត់ជាមួយនឹង​ភាពសប្បាយរីករាយជាយុវវ័យ បើទោះបីជាគាត់មើលឃើញ និងយល់ដឹងកាន់តែច្រើនពីសង្គមអយុត្តិធម៌ រើសអើងជាតិសាសន៍​ក៏ដោយ។ នៅឆ្នាំ ១៩៤៤​ ដោយមើលឃើញពីសក្តានុពលរបស់ ម៉ាន់ដេឡា លោក វ៉ាល់តើ ស៊ីលូលូ ដែលជាថ្នាក់ដឹកនាំម្នាក់​របស់ចលនា សមាជជាតិអាព្រិក បានព្យាយាមទាក់ទាញបញ្ចុះ​បញ្ចូលលោក ម៉ាន់ដេឡា ឲ្យចូលរួមជាមួយចលនានេះ។ គាត់បានសម្រេចចិត្តចូលរួម ដោយចាប់ផ្តើមជួយបង្កើត​សម្ព័ន្ធយុវជន។ ការងារម៉ឹងម៉ាត់និងវិន័យខ្ជាប់ខ្ជួនរបស់ ម៉ាន់ដេឡា ធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ថ្នាក់ដឹកនាំសមាជជាតិអាព្រិក ហើយគាត់អាចចូលរួមចំណែកក្នុងការងារដឹកនាំ​ចលនាកាន់តែសកម្ម។

នៅឆ្នាំ ១៩៤៨​ គណបក្សជាតិនិយមជាមួយគោល​នយោបាយពង្រឹងការបែងចែង និងរើសអើងជាតិសាសន៍ បានឈ្នះឆ្នោតនៅអាព្រិកខាងត្បូង។​ រដ្ឋាភិបាលជាតិនិយមបាន​ចាប់ផ្តើមអនុវត្តរបបមួយដែលពិភពលោកស្គាល់ថា “អាប៉ាថេត”។ ទីកន្លែងសាធារណៈដូចជាបង្គន់ សួនច្បារ ឆ្នេរសមុទ្រ មានការញែកដាច់គ្នារវាងជនជាតិស្បែកសនិងស្បែកខ្មៅ។ ជនជាតិស្បែកខ្មៅត្រូវមានប័ណ្ណសំគាល់ខ្លួនជាចាំបាច់ក្នុងការធ្វើដំណើរទៅមក ហើយចាត់ទុកជារឿងឧក្រិដ្ឋបើពួកគេទៅតាំងទី​លំនៅនៅទីកន្លែងផ្សេងពីភូមិកំណើតរបស់គេ។ ដោយមើលឃើញពីការគាបសង្កត់កាន់តែខ្លាំងឡើងដល់ជនជាតិ ស្បែកខ្មៅដែលជាម្ចាស់ស្រុកពីសំណាក់រដ្ឋាភិបាលស្បែកស សម្ព័ន្ធយុវជនរបស់សមាជជាតិអាព្រិក បានប្រកាសយុទ្ធនាការ​តស៊ូមតិដោយប្រើប្រាស់វិធីពហិកា តវ៉ា មិនស្តាប់បង្គាប់ និងមិនសហការជាមួយអាជ្ញាធរ។ ពួកគេទាមទារសិទ្ធិជាពលរដ្ឋពេញលេញ ភាពជាតំណាងនៅ​ក្នុងរដ្ឋសភារបស់ពលរដ្ឋអាព្រិកខាងត្បូងទាំងអស់ដោយមិនប្រកាន់ពណ៍សម្បុរ ការបែងចែងដីធ្លី សិទ្ធិសហជីព សិទ្ធិអប់រំ និងសិទ្ធិវប្បធម៌។ រដ្ឋាភិបាលអាប៉ាថតបានឆ្លើបតបមកវិញជាមួយការរឹតបន្តឹង គាបសង្កត់ និងហិង្សា។ លោក ម៉ាន់ដេឡា និងថ្នាក់ដឹកនាំដទៃទៀត​របស់សមាជជាតិអាព្រិក ត្រូវបានចាប់ខ្លួន ដាក់ទោស និងចាប់ដាក់គុកជាច្រើនលើកច្រើនសារ។

នាថ្ងៃទី២១ ខែមិនា ឆ្នាំ១៩៦០​ កម្លាំងនគរបាលបាន​បង្រ្កាបបាតុកម្មអហិង្សាមួយ នៅក្រុងសាពើវិល ដោយបាញ់រះ​ទៅលើបាតុករមានតែដៃទទេ បណ្តាលឲ្យបាតុករ ៦៩នាក់ស្លាប់យ៉ាងអាណោចអាធម។ នៅឆ្នាំ​១៩៦១ លោក ម៉ាន់ដេឡា និងថ្នាក់ដឹកនាំសមាជជាតិអាព្រិកលែងមានជំនឿលើការតស៊ូដោយអហិង្សា ហើយបានសម្រេចជ្រើសរើសផ្លូវតស៊ូដោយអាវុធ ដោយ​បានបង្កើតកងកម្លាំងលំពែងជាតិដែលដឹកនាំដោយរូបគាត់ផ្ទាល់។ កងលំពែងជាតិធ្វើសកម្មភាពបំផ្លាញអាគារសាធារណៈផ្សេងៗដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ។ ប៉ុន្តែសកម្មភាពបំផ្លាញទាំងនេះត្រូវគោរពគោលការណ៍មួយគឺការមិនអោយប៉ះពាល់ដល់អាយុជីវិតមនុស្ស។ លោក ម៉ាន់ដេឡា ត្រូវបានចាប់ខ្លួននៅឆ្នាំ ១៩៦២។

នៅក្នុងការកាត់ក្តីរបស់គាត់នាឆ្នាំ១៩៦៣ ដែលពិភពលោកស្គាល់ថាជាការកាត់ក្តីរីវ៉ូនៀ គាត់បានធ្វើសេចក្តីថ្លែងការណ៍ជាប្រវត្តិសាស្តមួយដែលពិភពលោកបានកត់ត្រាទុក៖ “ខ្ញុំបានប្រយុទ្ធប្រឆាំងនឹងការគាបសង្កត់របស់ជនស្បែកស ហើយខ្ញុំបានប្រយុទ្ធប្រឆាំងនឹងការគាបសង្កត់របស់ជនស្បែកខ្មៅ ។ ខ្ញុំចង់បានសង្គមមួយដែលមានប្រជាធិបតេយ្យនិងសេរីភាព ដែលមនុស្សទាំងអស់រស់នៅជាមួយគ្នាដោយសុខដុម និងមានឱកាសស្មើៗគ្នា ។ នេះជាឧត្តមគតិដែលខ្ញុំមានសង្ឃឹមថាអាចសម្រេចបានក្នុងជីវិតខ្ញុំ។ ក៏ប៉ុន្តែប្រសិនបើចាំបាច់ ខ្ញុំត្រៀមខ្លួនស្លាប់ដើម្បីឧត្តមគតិនេះ។” លោក ម៉ាន់ដេឡា និងអ្នកដឹកនាំសមាជជាតិអាព្រិកជាច្រើនអ្នកទៀតត្រូវបានកាត់ឲ្យជាប់គុកមួយជីវិតពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនិងក្បត់ជាតិ។

ពួកគេត្រូវបានបញ្ជូនទៅដាក់គុកនៅលើកោះរ៉ូបេនដែលនៅដាច់ឆ្ងាយពីមហាជន។ នៅទីនោះអ្នកទោសនយោបាយដូចជាលោក ម៉ាន់ដេឡា ត្រូវទទួលរងការងារកំលាំងកាយយ៉ាងធ្ងន់ធ្ងរ និងការរឹតត្បិតសេរីភាពយ៉ាងខ្លាំង។ គេបានដាក់កំហិតថា លោកអាចទទួលសំបុត្រតែមួយទេ និងការមកសួរសុខទុក្ខ​តែម្តងគត់ក្នុងរយៈពេលប្រាំមួយខែម្តង។ នេះជាការធ្វើទុក្ខបុកម្នេញផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែលោក​មិនអាចទទួលពត៌មានអំពីសុខទុក្ខគ្រួសារជាពិសេសកូនៗ អ្នកម្តាយ និងភរិយារបស់ខ្លួនក្នុងរយៈពេលដ៏វែងអន្លាយមួយ។ ការអាន សរសេរ និង​ទំនាក់ទំនងជាមួយអ្នកទោសដទៃទៀតក៏មាន​ការរឹតបន្តឹងខ្លាំងណាស់ដែរ។ គោលបំណងរបស់អាជ្ញាធរគឺធ្វើយ៉ាងណាដើម្បីឲ្យទឹកចិត្ត ស្មារតី និងសីលធម៌របស់លោកធ្លាក់ចុះកុំឲ្យមានភាពមោះមុតប្រយុទ្ធដើម្បីសេរីភាពបន្តទៀត។

នៅខាងក្រៅគុក ការតស៊ូទាមទារតវ៉ារបស់ជនជាតិស្បែក​ខ្មៅ​​បន្ត​​ទៅមុខទៀតដោយ ស្វិតស្វាញ តានតឹង និងពុះកញ្ជ្រោល។ ភរិយារបស់លោក ម៉ាន់ដេឡា គឺអ្នកស្រី វិននី ម៉ាឌីគីសីឡា បានដឹកនាំការតស៊ូបន្ត ជាពិសេសជាមួយក្រុមយុវជន ធ្វើឲ្យឈ្មោះ ម៉ាន់ដេឡា មានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងស្រុក​និង​លើឆាកអន្តរជាតិ។ នៅឆ្នាំ១៩៧៦ មានការបះបោរធំមួយកើត​ឡើងនៅសូវេតូបណ្តាលឲ្យមនុស្សស្លាប់ប្រមាណ ៥០០នាក់។ ពិភពលោកយកចិត្តទុកដាក់លើការតស៊ូរបស់សមាជជាតិអាព្រិកកាន់តែច្រើន ហើយដាក់សម្ពាធលើរបបអាប៉ាថេត​កាន់តែខ្លាំង។

នៅឆ្នាំ១៩៨៥ លោក ម៉ាន់ដេឡា បានបដិសេធនូវការស្នើ​ដោះលែងរូបគាត់ប្រសិនបើគាត់ប្រកាសបោះបង់ចោលការប្រយុទ្ធរបស់គាត់ ដែលបានស្នើឡើងពីលោកប្រធានាធិបតី បូថា ។ លោក ម៉ាន់ដេឡា បានផ្ញើសារពីក្នុងគុកមកវិញថា អ្នកទោសមិនអាច​ចូលរួមក្នុងកិច្ចសន្យាណាមួយបានទេ មានតែជនដែលមានសេរីភាព​ទេទើបអាចធ្វើការចរចាបាន។ នៅឆ្នាំ១៩៨៨ មានការប្រគុំតន្ត្រីដ៏ធំ​មួយនៅពហុកីឡាដ្ឋានជាតិវីមប្លេនៃក្រុងឡុងក្រោមប្រធានបទ “ដោះលែង ណែលសិន ម៉ាន់ដេឡា”។ ដោយមិនអាចប្រឈមនឹងសម្ពាពកាន់តែខ្លាំងឡើងពីអន្តរជាតិបាន លោកប្រធានាធិបតីទើបឡើងកាន់តំណែង ដឺក្លាក បានប្រកាសពីការកែទម្រង់ដ៏ធំមួយក្នុងសម័យប្រជុំរដ្ឋសភាអាព្រិកខាងត្បូងនាថ្ងៃទី២ ខែកុម្ភះ ឆ្នាំ១៩៨៩ ស្តីអំពីការដកបំរាម​សំរាប់សមាជជាតិអាព្រិក និងការដោះលែងលោក ណែលសិន ម៉ាន់ដេឡា ដោយគ្មានល័ក្ខខ័ណ្ឌ។ លោក ដឺក្លាក បាននិយាយក្រោយមកថា តាមរយៈការជជែកគ្នាផ្ទាល់ លោកមានអារម្មណ៍ថា លោក ម៉ាន់ដេឡា ជាមនុស្សម្នាក់ដែល​លោកអាចទុកចិត្តបានសម្រាប់ការកែទម្រង់មួយដែលមានហានិភ័យខ្ពស់នៃអស្ថិរភាពសង្គមនាពេលអនាគត។

ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ១៩៩០ លោក ម៉ាន់ដេឡា បានធ្វើដំណើរចាកចេញពីរបងគុកឆ្ពោះទៅរកសេរីភាពសំរាប់ជនជាតិអាព្រិកខាងត្បូងទាំងមូល ជាមួយនឹងក្រសែភ្នែកទន្ទឹងរង់​ចាំមើលយ៉ាងអន្ទះសារ រីករាយ និង​សាទរពីមហាជនទូទៅ​នៅក្នុងប្រទេស ក៏ដូចជាទូទាំងពិភពលោក។ ទូរទស្សន៍ប៊ីប៊ីស៊ីបានពិពណ៍នានៅនាទីនោះថា “នេះជាបុរសម្នាក់ដែលក្រសែភ្នែកពិភពលោកទាំងមូលកំពុងរង់ចាំមើល”។ ២៧ ​ឆ្នាំនៅក្នុងគុក លោក ម៉ាន់ដេឡា មិនបានបណ្តោយឲ្យបុព្វហេតុតស៊ូដើម្បីសេរីភាព ទឹកចិត្តប្រយុទ្ធស្វិតស្វាញ ស្មារតីអំណត់ព្យាយាមថមថយទេ។ ផ្ទុយទៅវិញ ជីវិតជាអ្នកទោសកាន់តែពង្រឹងស្មារតី វិន័យ​ និង​សីលធម៌របស់លោកថែមទៀត។ នៅមុនពេលដែលលោកធ្វើដំណើរចាកចេញពីរបងគុក លោកបានតាំងចិត្តថា លោកត្រូវតែអត់ឱនឲ្យសត្រូវរបស់លោក បើមិនដូច្នេះទេ គុកច្រវ៉ាក់ ខ្នោះខ្នាងនឹងបន្តហ៊ុមព័ទ្ធបេះដូង​របស់លោកតទៅទៀតបើទោះបីជាកាយរបស់លោកមានសេរីភាពក៏ដោយ។

នៅឆ្នាំ១៩៩៤ លោក ណែលសិន ម៉ាន់ដេឡា បានក្លាយជាប្រធានាធិបតីទីមួយរបស់អាព្រិកខាងត្បូងតាមរយៈការបោះឆ្នោតមួយជាសាកល ដោយសេរី និង​យុត្តិធម៌។ ឥស្សរជននយោបាយល្បីៗទូទាំងពិភពលោកបានទៅចូលរួមពិធីស្បថកាន់តំណែងរបស់លោក។ លោកបានថ្លែងថា “ប្រជាពលរដ្ឋអាព្រិកខាងត្បូងបានធ្វើដំណើរដ៏វែងឆ្ងាយ និងដ៏សែនលំបាកមួយដើម្បីទទួលបានសេរីភាព …។ យើងត្រូវតែរៀនសូត្រពីអតីតកាលដ៏ខ្មៅងងឹត ហិង្សា និងសាហាវយ៉ង់ឃ្នងរបស់យើង ហើយដាច់ខាតមិនត្រូវ​បណ្តោយឲ្យរឿងទាំងនេះកើតឡើងម្តងទៀតនៅលើទឹកដីដ៏ស្រស់បំព្រងរបស់យើងទេ …។” ជាមួយនឹងស្មារតីអត់ឱនដ៏ខ្ពង់ខ្ពស់ វិន័យ និង​សីលធម៌ផ្ទាល់ខ្លួនដ៏ល្អប្រពៃ គួបផ្សំនិងទេពកោសល្យ​ដែលចេះបញ្ចូលគំនិតអ្នកដទៃ ភាពជាអ្នកដឹកនាំរបស់លោក ម៉ាន់ដេឡា បានធ្វើឲ្យសង្គមអាព្រិកខាងត្បូងមួយដែលធ្លាប់រើសអើង ស្អប់ខ្ពើម និងគុំគួនគ្នា អាចរស់នៅរួបរួមគា្នបាននៅក្នុងសន្តិភាព សេរីភាព និងប្រជាធិបតេយ្យ ដែលមនុស្សមួយចំនួនធំគិតថា ជារឿងដែលមិនអាចធ្វើបាន។ លោកបានសម្រេចចិត្តលាឈប់ពីតំណែងប្រធានាធិបតីបន្ទាប់ពីបំរើការងារបានមួយអណត្តិ ដើម្បីផ្តល់ជាគំរូល្អដល់អ្នកជំនាន់ក្រោយ និងអ្នកដឹកនាំផ្សេងទៀតនៅទ្វីបអាព្រិក។

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ពន្លឺដ៏ចែងចាំងមួយបាន​លាចាកពីពិភពលោកនេះទៅ ដោយបានបន្សល់ទុកនូវមរតក​ល្អៗជាច្រើនសម្រាប់មនុស្សជាតិរៀនសូត្រ និងយកតម្រាប់តាម។ ជានិមិត្តរូបនៃបុគ្គលភាពមួយដែលជាតំណាងនៃស្មារតីល្អផូរផង់ ដែលអាចយកឈ្នះលើទង្វើអមនុស្សធម៌ទាំងឡាយ លោក ម៉ាន់ដេឡា ត្រូវបានគេប្រគល់ពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៩៣ ក្នុងនាមប្រជាពលរដ្ឋស្បែកខ្មៅអាព្រិកខាងត្បូងដែលបាន​ទទួលរងគ្រោះ និង​ធ្វើពលិកម្មយ៉ាងសន្ធឹកសន្ធាប់ដើម្បីពាំនាំ​សន្តិភាពជូនសង្គមទាំងមូល។ ប្រវត្តិតស៊ូរបស់លោក ណែលសិន ម៉ាន់ដេឡា បាននិងកំពុងជម្រុញចិត្តមនុស្សជាច្រើនដែលកំពុង​ធ្វើការតស៊ូដើម្បីសេរីភាពជាមួយនឹងភាពស្វិតស្វាញប្រកបដោយការអត់ឱន។ គាត់បានត្រួសត្រាយផ្លូវមួយទៀតបន្ទាប់ពី មហាត្មៈ គន្ធី ដោយបញ្ជាក់ប្រាប់មនុស្សជាតិថា ការតស៊ូដោយអហិង្សាជាមួយ​និងទឹកចិត្តអត់ធ្មត់ប្រកបដោយសីលធម៌ខ្ពង់ខ្ពស់អាចយកឈ្នះអំពើជិះជាន់សង្កត់សង្កិនដោយកម្លាំងហិង្សា។ ស្មារតីប្រយុទ្ធរបស់គាត់បានលើកទឹកចិត្តប្រជាជនរាប់លាននាក់នៅទូទាំងពិភពលោកថា សេចក្តីថ្លៃថ្នូរនិងក្តីសង្ឃឹមស្ថិតនៅខ្ពស់ជាង​អំពើព្រៃផ្សៃនិងភាពរួញរា សេចក្តីស្រឡាញ់និងវិន័យល្អមាន​ឥទ្ធិពលខ្លាំងជាងការស្អប់ខ្ពើម និងភាពរុកគួន ការលះបង់​ប្រយោជន៏ផ្ទាល់ខ្លួន និងសេចក្តីស្មោះត្រង់អាចនៅខ្ពស់ជាង​ភាពអាត្មានិយម សេចក្តីលោភលន់ និងសេចក្តីភ័យខ្លាច។

ប្រសិនបើកម្ពុជាចង់បានការផ្លាស់ប្តូរមួយដោយសន្តិភាព និងភាពប្រសើរឡើង កម្ពុជាត្រូវការភាពជាអ្នកដឹកនាំដែលប្រកាន់​គោលការណ៍ មិនមែនរេតាមសភាពការណ៍ និងខ្យល់នយោបាយទេ, ភាពជាអ្នកដឹកនាំដែលមានការអត់ឱន​ដ៏ស្មោះត្រង់ មិនមែនសម្របសម្រួលដោយសារតែភាពទាល់ច្រកទេ, ភាពជាអ្នកដឹកនាំដែលមានទឹកចិត្តលះបង់ មិនមែនសម្លឹងឃើញ​ឋានៈតួនាទីជាធំទេ, ភាពជាអ្នកដឹកនាំដែលហ៊ានប្រឈមនឹង​បញ្ហាជាមួយពលរដ្ឋ មិនមែនគេចចេញពេលព្រឹត្តការណ៍លំបាក​មកដល់ទេ និងភាពជាអ្នកដឹកនាំដើម្បីបុព្វហេតុជាតិ និងប្រជាជន មិនមែនដើម្បីប្រជាប្រិយភាព និងភាពល្បីល្បាញទេ៕

=== ^^^ ===
---
រៀបរៀងដោយ សាម អ៊ីន -- ឧសភា ២០១៦
---

Post a Comment

0 Comments

Ad Code