១) និយាយជាមួយខ្លួនឯងដូចជាមិត្តជិតស្និទ្ធម្នាក់ (Talk to yourself like a trusted friend)
អ្នកវិទ្យាសាស្រ្តបានរកឃើញថាមនុស្សយើងមានការគិត ៧ម៉ឺនដងក្នុង ១ថ្ងៃ។ វាមានន័យថា អ្នកមាន ៧ម៉ឺនឱកាសសម្រាប់ ១ថ្ងៃក្នុងការធ្វើឲ្យចិត្តអ្នកខ្លាំង ឬចុះខ្សោយ។ការគិតរបស់អ្នកមានឥទ្ធិពលធំធេងខ្លាំងណាស់ទៅលើអារម្មណ៍និងអាកប្បកិរិយារបស់អ្នក។ អ្វីៗក្នុងខ្លួនអ្នកនឹងមានដំណើរការឆ្ពោះទៅរកការគិតរបស់អ្នក។ ឧទាហរណ៍ ការគិតថា “ខ្ញុំនឹងមិនអាចប្រលងជាប់ការងារនេះទេ” ឬ “គ្មាននរណាមួយនឹងស្តាប់ខ្ញុំទេ” នឹងមានឥទ្ធិពលលើអកប្បកិរិយារបស់អ្នកនៅក្នុងផ្លូវមួយដែលអ្នកនឹងទទួលបានផលបែបនេះ។
ចូរចាប់ផ្តើមអនុវត្តដោយផ្លាស់ប្តូរការគិតបែបអវិជ្ជមានចេញ ដោយជំនួសមកវិញនូវការគិតបែបវិជ្ជមានជាមួយភាពជាក់ស្តែង។ នៅពេលដែលអ្នកដឹងខ្លួនថា អ្នកកំពុងគិត “ខ្ញុំនឹងចាញ់ ឬខ្ញុំគ្មានតម្លៃទេ” ចូរប្រាប់ខ្លួនអ្នកថា ការគិតនេះមិនត្រឹមត្រូវទេ។
ចូរអនុវត្តដោយសួរខ្លួនឯងថា “ខ្ញុំនឹងជម្រាបមិត្តខ្ញុំថាម៉េច ប្រសិនបើគាត់គិតនិងនិយាយបែបអវិជ្ជមានចំពោះខ្លួនគាត់”។ បន្ទាប់មក ចូរនិយាយពាក្យពីរោះលួងលោម លើកទឹកចិត្តបែបនេះចំពោះខ្លួនឯង។ ធ្វើបែបនេះអ្នកនឹងអាចផ្លាស់ប្តូរការគិតបែបអវិជ្ជមានរបស់អ្នកបាន។
២) គ្រប់គ្រងអារម្មណ៍របស់អ្នក (Take charge of your emotions)
ការបណ្តោយឲ្យអារម្មណ៍របស់យើងជាអ្នកគ្រប់គ្រងជីវិតយើង វានឹងបំផ្លាញភាពខ្លាំងនៃចិត្តរបស់យើង។ វាជារឿងធម្មតាទេដែលយើងមានអារម្មណ៍មិនល្អម្តងម្កាល ប៉ុន្តែ ការស្ថិតនៅជាមួយគំនិតអវិជ្ជមានវាដូចជាយើងកំពុងចុះចំណោតមួយដែលរអិលខ្លាំងអញ្ចឹង។ ក្តីទុក្ខព្រួយនាំទៅរកការសោកសង្រេងក្នុងខ្លួន កំហឹងនាំទៅរកការឈឺចាប់ និងការថប់អារម្មណ៍នឹងនាំទៅរកភាពភ័យខ្លាច។បញ្ហាមួយចំនួនធំកើតចេញពីសេចក្តីប្រាថ្នាបញ្ចៀសការលំបាក។ ជាឧទាហរណ៍ មនុស្សដែលខ្លាចបរាជ័យ តែងតែបោះបង់ការប្រឈមថ្មីៗ ក្នុងក្តីបំណងបញ្ចៀសក្តីកង្វល់។ ការបញ្ចៀសការលំបាកផ្លូវអារម្មណ៍វាជាដំណោះស្រាយរយៈពេលខ្លី តែនឹងនាំអ្នកទៅជួបបញ្ហាក្នុងរយៈពេលវែង។
ការយល់ដឹងថាតើអារម្មណ៍របស់អ្នកនឹងមានឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងណា នឹងជួយអ្នកឲ្យចេះគ្រប់គ្រងអារម្មណ៍របស់អ្នក ជាជាងការបណ្តោយឲ្យអារម្មណ៍របស់អ្នកគ្រប់គ្រងជីវិតអ្នក។ ចូរប្រឈមនឹងអារម្មណ៍លំបាកទំាងឡាយ និងចាប់ផ្តើមគ្រប់គ្រងជីវិតរបស់អ្នក។ នៅពេលដែលអ្នកអាចប្រឈមនឹងភាពលំបាកផ្លូវអារម្មណ៍បានកាន់តែច្រើន អ្នកនឹងពង្រឹងជំនឿជឿជាក់ក្នុងការទទួលយកបញ្ហា ប្រឈមថ្មីៗបានកាន់តែច្រើនផងដែរ។
៣) ចូរធ្វើការជ្រើសរើសរឿងមានប្រយោជន៍ (Make productive choices)
វាមិនអាចទៅរួចទេក្នុងការពង្រឹងចិត្តរបស់អ្នក នៅពេលដែលអ្នកប្រព្រឹត្តអាកប្បកិរិយាដែលបំផ្លាញខ្លួនឯង។ មនុស្សមួយចំនួនមានទម្លាប់មិនល្អ ហើយបញ្ចេញមកតាមរយៈអាកប្បកិរិយាអវិជ្ជមានជាទៀងទាត់ ក្នុងការនិយាយស្តីនិងទង្វើរបស់ខ្លួន។ ទង្វើទាំងនោះមើលទៅតូចតាច ដូចជាការរអ៊ូរទាំអំពីប្រធានរបស់អ្នក ចូលចិត្តនិយាយអំពីទុក្ខព្រួយ និយាយដើមអ្នកដទៃ ឬការខំប្រឹងបំពេញចិត្តអ្នកដទៃគ្រប់គ្នា ក៏ប៉ុន្តែ វាកំពុងតែបំផ្លាញស្ថានភាពចិត្តអ្នកឲ្យចុះខ្សោយ។ នៅពេលអ្នកបន្តប្រតិបត្តិទម្លាប់មិនល្អទាំងនេះ វានឹងមិនជួយឲ្យចិត្តរបស់អ្នករឹងមាំទេ តែធ្វើឲ្យចិត្តអ្នកទន់ខ្សោយទៅវិញ។នៅក្នុងមួយជីវិតអ្នក អ្នកមានពេលវេលានិងថាមពលមិនច្រើនទេ។ បើអ្នកប្រើប្រាស់វាខុស វានឹងធ្វើឲ្យចិត្តអ្នកកាន់តែខ្សោយ ហើយអ្នកកាន់តែធ្វើដំណើរចេញឆ្ងាយពីគោលដៅរបស់អ្នក។
ការពង្រឹងចិត្តរបស់អ្នក
យើងគ្រប់គ្នាសុទ្ធតែមានសមត្ថភាពក្នុងការពង្រឹងចិត្តរបស់យើង ក៏ប៉ុន្តែ វាមិនខុសគ្នាពីការហាត់សាច់ដុំរបស់យើងទេ ការពង្រឹងចិត្តរបស់យើងត្រូវការការប្តេជ្ញាចិត្តនិងការតស៊ូស្វិតស្វាញ។ ជាមួយការអនុវត្តជាប្រចាំ អ្នកនឹងបង្កើនសមត្ថភាពរបស់អ្នក ក្នុងការគ្រប់គ្រងការគិត គ្រប់គ្រងអារម្មណ៍ និងមានអាកប្បកិរិយាល្អ ទោះស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ។ ការធ្វើសមាធិ ការប្រឈមនឹងបញ្ហាលំបាកដោយការអត់ធ្មត់ នឹងជួយពង្រឹងចិត្តរបស់អ្នក។ ឬមួយអ្នកចង់ក្លាយជាកីឡាករដ៏ខ្លាំងពូកែ ឬក្លាយជាឪពុកម្តាយដែលមានភាពសណ្តោសប្រណីខ្លាំង ឬសហគ្រិនដ៏ជោគជ័យ ទឹកចិត្តដ៏ខ្លាំងនិងរឹងមាំ នឹងជួយអ្នកក្នុងការសម្រេចគោលដៅជីវិត៕
--- ^^^ ---
---
ប្រែសម្រួលដោយ សាម អ៊ីន -- មិថុនា ២០១៦
---
-- ដកស្រង់ពីអត្ថបទរបស់ Amy Morin, in the Success Magazine, “3 Secrets to Build Your Mental Strength”
-- អត្ថបទទាក់ទង ៖
3 Comments