Ticker

6/recent/ticker-posts

អាថ៌កំបាំងជីវិតរីករាយ​ និងមានសុខភាពល្អ តាមក្បួន​ IKIGAI



ក្រោយពីបម្រើការងារក្នុងអង្គការមិនមែនរដ្ឋាភិបាល NGO បានប្រមាណ១២ឆ្នាំ ខ្ញុំបានសម្រេចលាឈប់ពីតួនាទីជានាយកប្រតិបត្តិ​​របស់អង្គការជីវិតថ្លៃថ្នូរ Life With Dignity (LWD) នៅចុងឆ្នាំ២០១៤។ មានហេតុផលចម្បងពីរដែលជំរុញឱ្យខ្ញុំលាឈប់ពីតួនាទីមួយ ដែលមានឋានៈសមរម្យក្នុងសង្គមខ្មែរ និងមានប្រាក់ខែជាង៣ពាន់ដុល្លារ។ ហេតុផលទី១ គឺការមានអារម្មណ៍ធុញទ្រាន់នឹងការងារដដែលៗ ហើយជាការងារដែលពឹងអាស្រ័យយ៉ាងខ្លាំងលើប្រាក់ជំនួយពីបរទេស។ ហេតុផលទី២ គឺចំណាប់អារម្មណ៍កាន់តែកើនឡើងខ្លាំងទៅៗ លើការចូលរួមផ្ទាល់ក្នុងវិស័យនយោបាយ ជាពិសេស លើការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅកម្ពុជា។ ព្រមជាមួយនោះ ក៏មានហេតុផលបន្ទាប់បន្សំមួយទៀត គឺការចង់មានពេលវេលាមួយចំនួន ​ក្នុងការអានសៀវភៅ និងចែករំលែកចំណេះដឹងអំពីការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំដល់យុវជនខ្មែរ។ ការចូលរួមផ្ទាល់ក្នុងវិស័យនយោបាយ ដោយចាប់ផ្តើមជាមួយការបង្កើត បណ្តាញសង្គមខ្មែរដើម្បីខ្មែរ ជាមួយបណ្ឌិត កែម ឡី បណ្ឌិត យ៉ង សាំងកុមារ និងអតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនទៀត និងក្រោយមកបង្កើតជាគណបក្សនយោបាយ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ខ្ញុំពីដំបូងៗ។ ជាមួយនេះបញ្ហាប្រឈមក៏ចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់ និងចេះតែកើនឡើង។ បញ្ហាប្រឈមមួយគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំ ដោយសារខ្ញុំពុំមានបទពិសោធន៍និងពុំមានការយល់ដឹងច្រើនអំពីវិស័យនយោបាយ គឺការជេរប្រមាថពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមមកលើក្រុមយើង រួមទាំងខ្ញុំផ្ទាល់ផងដែរ។ បញ្ហាប្រឈមចម្បងមួយទៀត គឺការខ្វះខាតថវិកាផ្ទាល់ខ្លួន និងសម្រាប់ស្ថាប័ន។ ក្រោយពីបាត់បង់ប្រាក់ខែជាង៣ពាន់ដុល្លារ ខ្ញុំត្រូវបំពេញការងារមួយដែលពុំមានប្រាក់ខែទាល់តែសោះ ហើយត្រូវទទួលបន្ទុកចូលរួមចំណាយលើរឿងផ្សេងៗ ដូចជាពេលចុះមូលដ្ឋានជួបសកម្មជន ចំណាយលើរដ្ឋបាលគណបក្ស។ល។ មានពេលព្រឹកមួយក្នុងឆ្នាំ២០១៦ កូនស្រីទាំងពីររបស់ខ្ញុំដែលនៅក្មេងៗនៅឡើយ បានសុំខ្ញុំឱ្យជូនពួកគេទៅហូបអាហារពេលព្រឹកនៅហាងកាហ្វេប្រោននៅក្បែរផ្ទះ។ ខ្ញុំបានបដិសេធសំណើរនេះ ពីព្រោះមិនសូវមានលុយ និងមិនចង់ចំណាយច្រើន។ ក្រោយបដិសេធរួច អារម្មណ៍ពឺតផ្សាមួយបានកើតឡើងក្នុងបេះដូងរបស់ខ្ញុំ។ ក្រៅពីនេះ ខ្ញុំក៏មានអារម្មណ៍ឈឺចាប់ ពេលឃើញសហការីក្នុងអគ្គលេខាធិការដ្ឋានខំប្រឹងបំពេញការងារជួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តែយើងពុំមានលទ្ធភាពជួយជាប្រាក់ខែ ឬប្រាក់ឧបត្តម្ភជូនពួកគាត់។

ភាពតានតឹង និងស្ត្រេសចេះតែកើនឡើងក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំខំប្រឹងប្រយុទ្ធប្រឆាំងនឹងវា។ ជាពិសេស នៅពេលរសៀល ចាប់ពីម៉ោងពីរទៅ អារម្មណ៍ស្រ្តេសកើតឡើងខ្លាំង ហើយខ្ញុំខំប្រឹងប្រយុទ្ធយកឈ្នះវា ដោយខំប្រឹងសម្ងំក្នុងផ្ទះ អង្គុយអានសៀវភៅ ឬសរសេរអត្ថបទចែករំលែកទាំងបង្ខំ។ គួបផ្សំនឹងលទ្ធផលមិនជាទីគាប់ចិត្តនៃការងារនយោបាយ អារម្មណ៍ស្រ្តេសចេះតែកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ រហូតកកើតជាជំងឺមួយដែលមានឈ្មោះជាភាសាអង់គ្លេសថា Myathenia gravis (MG) ដែលអាចប្រែថា ជំងឺខ្សោយសាច់ដុំធ្ងន់ធ្ងរ ដែលស្ទើរតែបញ្ចប់ជីវិតខ្ញុំនៅចុងឆ្នាំ២០១៨ បើពុំមានការសង្គ្រោះបន្ទាន់ពីគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបំរុងរ៉ាត់ នាទីក្រុងបាងកក។

ខ្ញុំចង់ចែករំលែកប្រវត្តិនៃការកកើតជំងឺស្រ្តេស និងរបៀបប្រយុទ្ធប្រឆាំងនឹងវាខុសទំនងនេះឡើង ដើម្បីឱ្យបងប្អូនបានដឹង និងកុំបណ្តែតបណ្តោយឱ្យភាពស្រ្តេសកើតឡើងក្នុងរយៈពេលយូរ ហើយប្រយុទ្ធប្រឆាំងនឹងវាខុសក្បួន។ ក្រោយពីទទួលការវាយលុកធ្ងន់ធ្ងរពីជំងឺ MG ខ្ញុំបានផ្លាស់ប្តូររបៀបគិតនិងរស់នៅរបស់ខ្ញុំ ដោយឈប់ភ្ជាប់ខ្លួនខ្លាំងពេកទៅនឹងគោលដៅជីវិតដ៏ធំ តែមិនអាចសម្រេចបាន ហើយសម្រេចផ្លាស់ប្តូរមកធ្វើការងារដែលសមល្មមនឹងសមត្ថភាព និងពុំមានសម្ពាធធ្ងន់។ ខ្ញុំឈប់ខំប្រឹងអានសៀវភៅ និងសរសេរអត្ថបទទាំងបង្ខំ នាពេលរសៀល នៅពេលមានអារម្មណ៍ថាស្រ្តេសកំពុងកើតឡើង ហើយចិត្តលែងចង់ធ្វើ។ ខ្ញុំចំណាយពេលសៀល ដោយជិះកង់ ទៅហែលទឹក ឬទៅធ្វើការងារចម្ការ ហើយកត់សម្គាល់ថា សកម្មភាពទាំងនេះធ្វើ​ឱ្យបាត់ស្រ្តេស និងមានក្តីរីករាយ បាត់កង្វល់ក្នុងចិត្ត។ ក្រៅអំពីសៀវភៅនិយាយអំពីការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹកនាំ នយោបាយ និងប្រវត្តិសាស្រ្ត ខ្ញុំចាប់ផ្តើមអាន ស្តាប់និងស្វែងយល់អំពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ខ្ញុំបានស្តាប់ធម្មទេសនារបស់លោកគ្រូ សាន សុជា ក្នុង​ YouTube ដែលពន្យល់អប់រំអំពីព្រះធម៌ ជីវិត និងព្រះអភិធម្ម។ ខ្ញុំបានអានអត្ថបទ និងសៀវភៅផ្សេងៗទាក់ទងនឹងសុខភាព ហើយបានប្រទះអានសៀវភៅមួយដែលមានចំណងជើងថា “IKIGAI” ដែលអត្ថន័យនិងខ្លឹមសារក្នុងសៀវភៅមានភាពប្រាកដនិយមច្រើន និងងាយស្រួលប្រតិបត្តិ ហើយមានភាពត្រឹមត្រូវតាមបទពិសោធន៍ជាក់ស្តែង ដែលខ្ញុំបានជួបប្រទះផ្ទាល់ខ្លួន។ ហេតុនេះហើយ ទើបខ្ញុំចង់ចែករំលែកចំណុចសំខាន់ៗ និងខ្លឹមសារសង្ខេបនៃសៀវភៅនេះជាមួយបងប្អូនមិត្តអ្នកអាន។
សៀវភៅ “IKIGAI” រៀបរៀងឡើងដោយអ្នកនិពន្ធពីររូប គឺលោក Hector Garcia និងលោក Frances Miralles​ ដែលគាត់ទាំងពីររូបបានធ្វើការសិក្សាស្រាវជ្រាវអំពីអាថ៌កំបាំងនៃជីវិតរស់នៅរបស់ជនជាតិជប៉ុន ជាពិសេស អ្នករស់នៅលើកោះអូគីណាវ៉ា ដែលជាទូទៅ រស់នៅដោយរីករាយ មានសុខភាពល្អ និងមានអាយុវែងជាងគេ បើប្រៀបធៀបនៅលើពិភពលោក។ “IKIGAI” ជាភាសាជប៉ុន ដែលមានន័យចម្បងអាចប្រែថា <ក្តីរីករាយជាមួយភាពរវល់ជាប់ជានិច្ច> ដែលចង់សំដៅលើជីវិតមួយ ដែលមានភាពពេញចិត្ត មានក្តីរីករាយ និងមានអត្ថន័យ ក្នុងការរស់នៅ។ ដើម្បីងាយយល់ខ្លឹមសារនៃអត្ថបទនេះ យើងនាំគ្នាមកយល់ពាក្យ “ស្ថានភាពលំហូរ”​ នៃចិត្តរបស់យើង ដែលភាសាអង់គ្លេសគេប្រើពាក្យថា​ “state of flow” ។ ស្ថានភាពចិត្តស្ថិតក្នុងភាពលំហូរ គឺយើងកំពុងផ្តោតអារម្មណ៍លើកិច្ចការអ្វីមួយ ដែលយើងកំពុងធ្វើ ហើយមិនចាប់អារម្មណ៍នឹងរឿងអ្វីផ្សេងទៀតឡើយ។ នេះជាស្ថានភាពមួយ ដែលចិត្តយើងផ្តោតនៅជាមួយបច្ចុប្បន្ន នៅជាមួយអ្វីដែលកំពុងធ្វើ ដោយមិនមានការរំខានពីអ្វីផ្សេងៗ។ ផ្ទុយពីនេះ គឺយើងកំពុងធ្វើអ្វីមួយ រីឯចិត្តរបស់យើងបែរជាគិតទៅរឿងផ្សេងទៅវិញ។ ចិត្តស្ថិតក្នុងស្ថានភាពលំហូរ គឺជាចិត្តមួយ ដែលមិនមានក្តីបារម្ភ មិនមានក្តីភ័យខ្លាច មិនមានក្តីសោកស្តាយ មិនមានក្តីច្រណែន មិនមានក្តីគុំកួន មិនមានក្តីហ្មងសៅ មិនមានក្តៅខឹងសម្បារ។ ដូច្នេះជីវិតមួយ ដែលរីករាយនិងមានសុខភាពល្អ គឺជាជីវិតមួយដែលរស់នៅមានន័យ មានតម្លៃ​ មិនទំនេរ ពេញចិត្ត​ ហើយស្ថានភាពចិត្តស្ថិតនៅជាមួយស្ថានភាពលំហូរច្រើន។ តើយើងត្រូវធ្វើបែបណា ដើម្បីឱ្យចិត្តរបស់យើងស្ថិតក្នុងស្ថានភាពលំហូរបានច្រើន?

តទៅនេះ ជាសេចក្តីសង្ខេប និងខ្លឹមសារចម្បងៗ នៃវិធាន១០ប្រការ ក្នុងការចាត់ចែងជីវិតឱ្យរីករាយ មានសុខភាពល្អ និងមានអាយុវែង។

វិធាន១០ប្រការរបស់ IKIGAI

១. កុំនៅទំនេរ (Stay active)

គន្លឹះសំខាន់មួយនៃក្តីរីករាយ​ គឺការធ្វើខ្លួនឱ្យរវល់ជាប់ជានិច្ច រវល់នឹងកិច្ចការងារធំ​ ឬតូច។ ការធ្វើខ្លួនឱ្យនៅទំនេរ​ មិនធ្វើអ្វី ធ្វើឱ្យចិត្តចេះតែគិតនេះគិតនោះផ្តេសផ្តាស​ ភាគច្រើនគិតរឿងសោកស្តាយកំហុសពីអតីតកាល និងគិតរឿងព្រួយបារម្ភទៅអនាគត។​ ភាពទំនេរធ្វើឱ្យចិត្តកើតទុក្ខ​​​ ​ មិនពេញចិត្ត មិនមានក្តីសុខ។ ភាពរវល់ជាមួយការងារធ្វើឱ្យចិត្តអ្នកផ្តោតអារម្មណ៍លើការងារ ចិត្តអ្នកស្ថិតក្នុងភាពផ្ចង់អារម្មណ៍ ដែលជាចិត្តមួយមានក្តីស្ងប់សុខ។ ពេលការងារសម្រេចជោគជ័យ ក្តីរីករាយក្នុងចិត្តក៏កើតឡើង។​​ ដូច្នេះហើយ ពេលអ្នកមានពេលទំនេរ ចូរស្វែងរកការងារតូចៗ​ ដែលអ្នកអាចធ្វើបាន​ និងសម្រេចបានដោយមិនលំបាក ដូចជាការងាររៀបចំសួនច្បារ ដាំផ្កា​ កាត់ស្មៅ ដាំស្មៅ​ កាត់ស្លឹកឈើ​ ​អ៊ុតសំលៀកបំពាក់ លៀងចាន។ល។ និង។ល។ 
ពេលទំនេរ ខ្ញុំចូលចិត្តទៅចម្ការ ហើយធ្វើការងារចម្ការតូចៗ ដូចជាកាត់ស្មៅ​ កាត់ស្លឹកឈើ ដាំស្មៅ​ ឬរៀបឥដ្ឋសម្រាប់ជាផ្លូវដើរ ជាដើម ហើយការបំពេញកិច្ចការងារនេះដោយយកចិត្តទុកដាក់​ ធ្វើឱ្យចិត្តខ្ញុំស្ងប់​ ស្ថិតក្នុងភាពផ្តោតអារម្មណ៍​ ស្ថិតក្នុងភាពលំហូរ​ ហើយពេលកិច្ចការងាររួចរាល់ជោគជ័យ​ ក្តីរីករាយ​ ក៏ផុសឡើងមក។ ពេលទំនេរនៅផ្ទះ​ ខ្ញុំក៏ចូលចិត្តអ៊ុតខោអាវ​ ដែលពេលបំពេញកិច្ចការងារនេះ ធ្វើឱ្យចិត្តខ្ញុំស្ថិតក្នុងស្ថានភាពមួយមិនតប់ប្រមល់​ មិនធុញទ្រាន់​​​ មិនគិតផ្តេសផ្តាស​ គឺផ្តោតតែទៅលើការអ៊ុត ធ្វើយ៉ាងណាឱ្យខោអាវបាន​រៀបស្មើល្អ ទុកសម្រាប់ពាក់។​ តែខ្ញុំមិនអ៊ុតខោអាវច្រើនពេកទេ​ ពីព្រោះពេលធ្វើច្រើនពេក ធ្វើឱ្យកើតភាពធុញទ្រាន់​ និងស្រ្តេសទៅវិញ។ អ្នកត្រូវដឹងខ្លួនឯងថា អ៊ុតខោអាវចំនួនប៉ុន្មាន ឬក្នុងរយៈពេលប៉ុន្មាន អ្នកនៅមានអាម្មណ៍ល្អ មិនស្រ្តេស មិនធុញទ្រាន់។ ក្នុងករណីរបស់ខ្ញុំ អ៊ុតខោអាវចំនួន ៥ ទៅ ១០ខោអាវ ឬក្នុងរយៈពេល ១០ ទៅ២០នាទី ជាការល្អ។
រូបភាពទី១ ៖ ការងាររៀបចំចម្ការនាពេលទំនេរចុងសប្តាហ៍
 
ចាស់ៗនៅប្រទេសជប៉ុន​ ជាពិសេសនៅកោះអូគីណាវ៉ា​ មិននៅទំនេរសោះឡើយ​ បើទោះបីគាត់ដល់អាយុចូលនិវត្តន៍ក៏ដោយ​ ក៏គាត់នៅធ្វើការផ្សេងៗ ឬទៅជួយការងារសមាគម​ ឬការងារសង្គម។ ក្រៅពីនេះ គាត់ចំណាយពេលជួបមិត្តភក្តិ អង្គុយហូបតែ ជជែកគ្នាពីនេះពីនោះ​ បង្កើតនូវបរិយាកាសសប្បាយរីករាយ។​ ពេលទំនេរផ្សេងទៀត គាត់ដើរហាត់ប្រាណ​ ជិះកង់ ឬធ្វើការងាររៀបចំសួនច្បារ ធ្វើយ៉ាងណាកុំឱ្យកាយនៅទំនេរ ធ្វើឱ្យចិត្តកើតក្តីហ្មងសៅ។ បើលោកអ្នកបានទៅលេងកោះអូគីណាវ៉ា​ អ្នកនឹងចាប់អារម្មណ៍ថា​ មិនប្រទះឃើញមនុស្សចាស់ណាមួយ អង្គុយនៅទំនេរយូរឥតប្រយោជន៍ឡើយ។​ ចាស់ៗនៅប្រទេសជប៉ុន តែងធ្វើឱ្យខ្លួនគាត់រវល់ជាប់ជានិច្ច។ មានសុភាសិតបុរាណមួយពោលថា ពេលកាយរវល់ ចិត្តបានស្ងប់។

២. កុំតក់ក្រហល់ (Take it slow)

នៅក្នុងដំណើរជីវិតរបស់យើង​ ឬនៅក្នុងកិច្ចការងាររបស់យើង​ មិនត្រូវធ្វើអ្វីមួយបែបប្រញាប់តក់ក្រហល់ ពីព្រោះភាពតក់ក្រហល់ធ្វើប្រតិកម្មប្រឆាំងនឹងសុខុមាលភាពរបស់យើង ធ្វើឱ្យចិត្តយើងពុំមានក្តីសុខ ចិត្តទើស ចិត្តបដិឃៈ កើតឡើងច្រើន។ មនុស្សម្នាក់ៗមានសង្វាក់រៀងៗខ្លួន អ្នកខ្លះធ្វើការរៀងញាប់ អ្នកខ្លះរៀងរង្វើល ហើយជាការប្រសើរ បើយើងធ្វើអ្វីមួយ យើងធ្វើតាមសង្វាក់របស់យើង ដោយមិនបង្ខំប្រញាប់តាមសង្វាក់អ្នកផ្សេង។ នៅក្នុងដំណើរជីវិតរបស់យើង បើយើងដកភាពប្រញាប់ ដកភាពបន្ទាន់ចេញ នោះពេលវេលានឹងផ្តល់អត្ថន័យថ្មីដល់ជីវិតយើង។ ការធ្វើការងារអ្វីមួយ ទៅតាមសង្វាក់មួយៗ ជាពិសេសកិច្ចការងារដែលយើងចូលចិត្ត អាចជួយរុញស្ថានភាពចិត្តឱ្យស្ថិតក្នុងស្ថានភាពលំហូរ ជាមួយភាពស្ងប់សុខនិងរីករាយ។

ខ្ញុំធ្លាប់មានបទពិសោធន៍ នៅក្នុងពេលបំពេញកិច្ចការងារធំណាមួយ ដោយមានការងារច្រើនពេក និងមានសម្ពាធពេលវេលាត្រូវធ្វើឱ្យទាន់ពេល វាបង្កឱ្យមានក្តីបារម្ភ និងការទាស់ចិត្តច្រើន វាធ្វើឱ្យចិត្តបាត់បង់ក្តីរីករាយ និងក្តីសុខ។ វិធីដោះស្រាយ គឺខ្ញុំត្រូវចាត់ចែងបំពេញកិច្ចការងារណា ដែលអាចធ្វើមុនបាន ត្រូវធ្វើមុនឱ្យហើយ ក្នុងពេលទំនេរ ដោយមិនទុកឱ្យការងារគរច្រើន កៀកទៅនឹងកាលវេលាកំណត់មកដល់។
រូបភាពទី២ ៖ ជាងចម្លាក់កំពុងបំពេញការងារមួយៗ តាមសង្វាក់របស់គាត់ជាមួយភាពផ្ចិតផ្ចង់

អ្នកស្រុកអូគីណាវ៉ា ចូលចិត្តបំពេញការងារមួយៗ តាមសង្វាក់របស់គាត់ ដោយផ្តោតអារម្មណ៍ជក់ចិត្ត ដោយមិនធ្វើបែបប្រញាប់តក់ក្រហល់ឡើយ មិនថា ជាការងារបែបចម្លាក់ ឬកិច្ចការងារថែទាំសួនច្បារ ឬការងារជួយសង្គម។

៣. កុំហូបឆ្អែតពេក​ (Don’t fill your stomach)

ជាទូទៅ មនុស្សយើងបរិភោគអាហារបីពេល​ ក្នុង១ថ្ងៃ គឺពេលព្រឹក ពេលថ្ងៃត្រង់​ និងពេលល្ងាច។ យើងចាំបាច់ត្រូវហូបអាហារដើម្បីចិញ្ចឹមរាងកាយរបស់យើង។​ ក៏ប៉ុន្តែ ​ការបរិភោគអាហារ ក្រៅពីមានមុខងារចិញ្ចឹមរាងកាយ វាក៏អាចបង្កផលប៉ះពាល់ដល់សុខភាព និអារម្មណ៍របស់យើងដែរ។ ខ្ញុំនៅចាំកាលពីនៅក្មេងអាយុជាង១០ឆ្នាំ ពេលរដូវចូលឆ្នាំចិនម្តងៗ មានម្ហូបឆ្ងាញ់ៗ ជាពិសេសសម្លចាប់ឆាយ ហើយខ្ញុំតែងហូបមាឆ្ងាញ់រហូតដល់ណែនតឹងពោះ។​ ក៏ប៉ុន្តែ ក្រោយហូបរួច ទើបខ្ញុំមានអារម្មណ៍ថា ពិបាកក្រហល់ក្រហាយក្នុងខ្លួនយ៉ាងខ្លាំង រហូតដល់បីទៅបួនម៉ោង ទើបបានធូរស្រាល។ លោកអ្នកប្រហែលជាធ្លាប់ជួបអារម្មណ៍លំបាកបែបនេះ ក្រោយហូបអាហារឈ្ងុយឆ្ងាញ់ឆ្អែតជ្រុល។ ការហូបអាហារឆ្អែតពេក ជាពិសេស ពេលល្ងាច បើអ្នកហូបសាច់ច្រើនទៀត ហើយហូបល្ងាចជ្រុលដល់ម៉ោង៨ ឬ៩យប់ ហើយអ្នកចាប់អារម្មណ៍សង្កេតមើល អ្នកនឹងដឹងថា វាប៉ះពាល់ដល់ដំណេកអ្នកយ៉ាងខ្លាំង។ វាធ្វើឱ្យអ្នកដេកមិនងាយលក់ ហើយបើបានដេកលក់ហើយ ក៏កើតមានការយល់សប្តិផ្តេសផ្តាស ដែលធ្វើឱ្យការដេកមិនមានគុណភាពល្អ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រសិទ្ធភាពការងារនិងអារម្មណ៍របស់អ្នកនៅថ្ងៃស្ងែក។ ការហូបឆ្អែតពេកនាពេលព្រឹក ឬពេលថ្ងៃក៏ប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់អ្នកដែរ។ អ្នកដឹងទេ​ ខួរក្បាលរបស់អ្នកធ្វើការបានល្អបំផុត​ នៅពេលដែលក្រពះរបស់អ្នកទំនេរ ហើយអ្នកមិនមានការស្រេកឃ្លាន។ បើក្រពះអ្នកពេញ ខួរក្បាលរបស់អ្នកធ្វើការមិនសូវមានប្រសិទ្ធភាពទេ។

ដូច្នេះហើយ គោលការណ៍ក្នុងការបរិភោគរបស់អ្នកស្រុកអូគីណាវ៉ានៅប្រទេសជប៉ុន គឺគោលការណ៍៨០% មានន័យថា នៅពេលបរិភោគអាហារ គឺត្រូវហូបត្រឹម៨០% នៃទំហំក្រពះយើងបានហើយ។ អ្នកអាចឆ្ងល់ថា តើធ្វើយ៉ាងម៉េចបានដឹងថា ហូបដល់ត្រឹម៨០%? វាមិនលំបាកទេ! នៅពេលដែលអ្នកបរិភោគអាហារ ហើយអ្នកមានអារម្មណ៍ថា ជិតឆ្អែត ឬឆ្អែតហើយ អ្នកត្រូវបញ្ឃប់ការហូបភ្លាម។ អ្នកត្រូវតែរៀនហ្វឹកហាត់ក្នុងការទប់ការហូបរបស់អ្នក ជាពិសេស នៅពេលដែលមានអាហារឆ្ងាញ់ៗនៅនឹងមុខរបស់អ្នក។ ការប្រតិបត្តិវាជារឿយៗនឹងធ្វើឱ្យអ្នកអាចគ្រប់គ្រងការហូបរបស់អ្នកមិនឱ្យឆ្អែតពេកបាន ដោយអាចហូបត្រឹម៨០%។ បន្ថែមពីលើការហូបត្រឹម៨០%នៃទំហំក្រពះរបស់យើងដែលអាចផ្ទុកបាន អ្នកស្រុកអូគីណាវ៉ា ចូលចិត្តហូបសាច់ត្រី ជំនួសឱ្យការហូបសាច់សត្វជាអាហារ និងមានលាយបន្លែច្រើនមុខផង។ ការបរិភោគអាហារបួស ឬសាច់ត្រី ពងស៊ុត និងបន្លែ ហើយហូបមិនឆ្អែតពេក នឹងជួយយ៉ាងខ្លាំងដល់ការរំលាយអាហារ វាធ្វើឱ្យការរំលាយអាហារប្រព្រឹត្តទៅលឿន មិនចំណាយថាមពលច្រើនលើការរំលាយអាហារ ហើយអ្នកនឹងមានថាមពលច្រើននិងអារម្មណ៍ល្អជាងមុន អាចបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

រូបភាពទី៣ ៖ អាហារបែបជប៉ុន មិនច្រើនពេក មានភាពចម្រុះ ជាមួយបន្លែ និងសាច់ត្រី

៤. ចំណាយពេលជាមួយមិត្តល្អ​ (Surround yourself with good friends)

មនុស្សជាប្រភេទសត្វដែលរស់នៅក្នុងសង្គម។ តាំងពីកុមារភាពរហូតដល់ចាស់ យើងតែងមានមិត្តដែលធ្លាប់រត់លេងជាមួយគ្នា ធ្លាប់លេងបាល់ទាត់ ដើរកំសាន្ត រៀនសូត្ររួមគ្នា ឬធ្វើការរួមគ្នាជាសហការី។ អនុស្សាវរីយ៍ល្អៗទាំងនេះដិតជាប់ក្នុងការចងចាំរបស់យើង។ ក៏ប៉ុន្តែ ដល់វ័យចូលបំពេញការងារ មានគ្រួសារ មានការទទួលខុសត្រូវច្រើន​ និងរវល់ច្រើន យើងក៏លែងមានឱកាសបានជួបមិត្តភក្តិជជែកគ្នាលេង ហើយមិត្តភាពរបស់យើងក៏រសាយទៅតាមនោះដែរ។ បើអ្នកជាមនុស្សរវល់ច្រើន ឬមានកង្វល់ច្រើន ហើយលែងមានពេល ឬលែងចង់ជួបជាមួយមិត្តភក្តិ អ្នកត្រូវផ្លាស់ប្តូរការគិតនិងរបៀបរស់នៅឡើងវិញ ដោយព្យាយាមរកពេលជួបជាមួយមិត្តភក្តិ ដែលធ្លាប់មានអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ មានសុភាសិតមួយបានលើកឡើងថា មិត្តល្អប្រៀបដូចជាឪសថ​ ជាថ្នាំព្យាបាល ជាពិសេសព្យាបាលរោគអផ្សុក រោគស្រ្តេសច្រើន និងជាថ្នាំបង្កក្តីរីករាយ។ ជួបមិត្តល្អ យើងអាចនិយាយចែករំលែកបញ្ហា ក្តីបារម្ភ ក្តីរីករាយ ឬស្វែងរកជំនួយផ្នែកគំនិតស្មារតី ដែលយើងត្រូវការ។ ចូរស្វែងរកពេលជួបជាមួយមិត្តភក្តិឱ្យបានមួយដងក្នុងមួយសប្តាហ៍ ឬក្នុងមួយខែ ដើម្បីចែករំលែកទុក្ខកង្វល់ និងកសាងបរិយាកាសរីករាយ។

ខ្ញុំនៅចាំបានថា ក្នុងកាលវេលា ដែលមានស្រ្តេសកើតឡើងខ្លាំង ជាពិសេស នៅឆ្នាំ២០១៦ និង២០១៧ ខ្ញុំលែងចង់ជួបជាមួយមិត្តភក្តិ ម្យ៉ាងដោយសារ មិនចង់ចំណាយច្រើន ពីព្រោះគ្មានចំណូល និងម្យ៉ាងទៀត ដោយសារអារម្មណ៍ស្រ្តេស ធ្វើឱ្យចិត្តមិនចង់ជួបតែម្តង ដែលជាកំហុសឆ្គងមួយ ធ្វើឱ្យរោគស្រ្តេសកើនឡើងកាន់តែធ្ងន់ធ្ងរ។

ចាស់ៗនៅលើកោះអូគីណាវ៉ា តែងលៃពេលវេលាជួបជាមួយមិត្តភក្តិ ផឹកតែ ឬកាហ្វេជជែកគ្នាលេងពីនេះពីនោះ អាចមួយថ្ងៃម្តង មួយសប្តាហ៍ម្តង ឬមួយខែម្តង អាស្រ័យនឹងពេលវេលា ហើយនេះជាអាទិភាពមួយរបស់អ្នករស់នៅលើកោះអូគីណាវ៉ា ដែលមានក្តីរីករាយនិងអាយុវែង ក្នុងការចាត់ចែងពេលវេលារបស់គាត់ ដើម្បីមានពេលជួបជាមួយមិត្តភក្តិជាប្រចាំ។

ជីវិតរបស់យើងតាំងពីកើតមក ជាផលបូកនៃពេលវេលា ១ម៉ោងៗ ១ថ្ងៃៗ ១សប្តាហ៍ៗ ១ខែៗ និង១ឆ្នាំៗ។ បើយើងអាចមានអាយុដល់៨០ឆ្នាំ នោះយើងមានពេលតែ ២៩ ២០០ ថ្ងៃទេ នៅលើលោកនេះ។ បើយើងមានអាយុ៥០ឆ្នាំ​ ហើយ នោះយើងនៅមានពេលតែ ១ម៉ឺន ៩៥០ថ្ងៃ ប៉ុណ្ណោះ ដែលនៅសល់។ ដូច្នេះចូរព្យាយាមចាត់ចែងពេលវេលា១ថ្ងៃៗរបស់អ្នក ដើម្បីបង្កើតក្តីរីករាយឱ្យបានច្រើន ហើយថ្ងៃមួយដែលអ្នកចំណាយពេលជួបជាមួយមិត្តល្អ គឺជាថ្ងៃរីករាយមួយរបស់អ្នក។
រូបភាពទី៤ក ៖ ជួបជុំជាមួយមិត្តភក្តិ ជាអតីតសហការីនៅអង្គការ LWD ចុងឆ្នាំ២០២៣
រូបភាពទី៤ខ ៖ ជួបជុំជាមួយមិត្តភក្តិកាលរៀននៅវិទ្យាល័យជាមួយគ្នា ខែកក្កដា ឆ្នាំ២០២៤

៥. ហាត់ប្រាណឱ្យជាប់លាប់​ (Get in shape for your next birthday)

មនុស្សជាតិកាលពីសម័យបុព្វកាលរស់នៅស្រដៀងនឹងសត្វក្នុងព្រៃអញ្ចឹង ត្រូវធ្វើចលនាច្រើន ជាពិសេស ដើរស្វែងរកចំណីក្នុងព្រៃ ដើរបរបាញ់ រកអុសមកដាំស្ល ដើម្បីរស់បាន។ កាយរបស់មនុស្សកាលពីសម័យបុព្វកាលត្រូវធ្វើចលនាជាប់ជាប្រចាំ ដើម្បីអាចរស់បាន។ នៅសម័យទំនើបបច្ចុប្បន្ន មនុស្សភាគច្រើនធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ទៅណាមកណាជិះឡាន ឬម៉ូតូ ធ្វើឱ្យកាយរបស់យើងមិនសូវមានចលនា។ កាយដែលខ្វះចលនាធ្វើឱ្យចិត្តយើងជួបប្រទះនូវស្ថានភាពធុញទ្រាន់ និងស្រ្តេសច្រើន ហើយបើស្ថិតនៅក្នុងស្ថានភាពយូរ អាចបង្កបង្កើតទៅជាជំងឺផ្សេងៗ ដូចជាជំងឺលើសទម្ងន់ (ធាត់ជ្រុល) ទឹកនោមផ្អែម លើសឈាមជាដើម។ ដូចគ្នាដែរ បើយើងសង្កេតមើលធម្មជាតិ ទឹកដែលនៅហ្នឹង មិនហូរ ច្រើនក្លាយទៅជាទឹកស្អុយ ហើយទឹកដែលថ្លា មិនមានក្លិនស្អុយ ច្រើនជាទឹកដែលកំពុងហូរជាប់ជាប្រចាំ។

ដូច្នេះ ចូរចំណាយពេលហាត់ប្រាណជាប់ជាប្រចាំ អាច១ម៉ោងទៅ២ម៉ោងក្នុងមួយថ្ងៃ ហើយ​ឱ្យបាន៣ទៅ៤ដងក្នុងមួយសប្តាហ៍ ជាការល្អ។ អាស្រ័យនឹងការចូលចិត្តនិងស្ថានភាពរស់នៅរបស់អ្នក អ្នកអាចហាត់ប្រាណដោយដើរ រត់តិចៗ ហែលទឹក ជិះកង់ វាយសី លេងបាល់។ល។ ធ្វើយ៉ាងណាឱ្យកាយរបស់អ្នកមានចលនា។ ការហាត់ប្រាណជំរុញឱ្យកាយរបស់អ្នកបញ្ចេញនូវអ័រម៉ូនមួយឈ្មោះ “endorphins” ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។ វាជាប្រភេទអ័រម៉ូនជួយកាត់បន្ថយស្ត្រេស និងបង្កើនសុខុមាលភាពដល់អ្នក។ ការហាត់ប្រាណថែមទាំងជួយកាត់បន្ថយការបញ្ចេញអ័រម៉ូនស្រ្តេស គឺ “adrenaline” និង​ “cortisol” ទៀតផង។

បច្ចុប្បន្ន ខ្ញុំចូលចិត្តដើរ និងរត់យឺតៗ នៅពេលល្ងាច ក្រោយពីចប់ពីការងារប្រចាំថ្ងៃ ជាពិសេស នៅម៉ោង ៥.៣០ ទៅ ៦.៣០ល្ងាច។ ក្រោយបាយរួច ខ្ញុំក៏ចូលចិត្តដើរយឺតៗ ក្នុងរយៈពេលប្រមាណជាងកន្លះម៉ោង ហើយខ្ញុំដឹងថា វាបានជួយយ៉ាងច្រើនដល់ការរំលាយអាហារនៅពេលល្ងាច និងជួយឱ្យដេកលក់ស្រួល។ ក្រោយអាហារពេលថ្ងៃត្រង់ ខ្ញុំចូលចិត្តឡើងចុះជណ្តើរ និងធ្វើលំហាត់ប្រាណពត់ខ្លួន ក្នុងរយៈពេលប្រមាណ១០ ទៅ១៥នាទី តាមក្បួនគ្រូពេទ្យបំរ៉ុងរ៉ាត់ ដែលបានបង្រៀនខ្ញុំ ក្រោយខ្ញុំចាកចេញពីបន្ទប់​ ​ICU ដែលទទួលការសង្រ្គោះបន្ទាន់ចំនួន១៣ថ្ងៃ នៅចុងឆ្នាំ២០១៨ ហើយការនេះបានជួយយ៉ាងច្រើនដល់ការរំលាយអាហារក្រោយការបរិភោគនៅពេលថ្ងៃត្រង់។
រូបភាពទី៥ ៖ ការហាត់ប្រាណផ្សេងៗ អាស្រ័យនឹងនិស្ស័យរបស់អ្នក
 
អ្នកស្រុករស់នៅលើកោះអូគីណាវ៉ាចូលចិត្តហាត់ប្រាណជាប់ជាប្រចាំ មិនថាចាស់ ឬក្មេង។ ពួកគាត់មិនធ្វើខ្លួនឱ្យនៅទំនេរ អង្គុយសំកុកក្នុងផ្ទះសោះឡើយ។ ភ្ញាក់ពីព្រលឹម ពួកគាត់ចូលចិត្តដើរហាត់ប្រាណ ឬធ្វើការងារក្នុងសួនច្បារ ហើយអ្នកខ្លះអាចហាត់តាមក្បួនយ៉ូហ្គា ឬតៃជី។ ក្បួនយ៉ូហ្គា និងតៃជី ដែលមានដើមកំណើតមកពីប្រទេសឥណ្ឌា និងចិន ត្រូវបានប្រទេសនៅលោកខាងលិចទទួលស្គាល់ថា ជាវិធីសាស្រ្តធ្វើឱ្យមានតុល្យភាពរវាង កាយ - ចិត្ត​ - ស្មារតី (balance of body-mind-soul) ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខុមាលភាពរបស់យើង ធ្វើឱ្យកាយមានសុខភាពល្អ និងចិត្តរីករាយ។

៦. ញញឹម (Smile)

ការបញ្ចេញស្នាមញញឹមគឺជាអាកប្បកិរិយាមួយគួរឱ្យទាក់ទាញ។ វាមិនត្រឹមតែធ្វើឱ្យអារម្មណ៍យើងធូរស្បើយប៉ុណ្ណោះទេ តែថែមទាំងជួយភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃបានល្អ ជួយកសាងមិត្តភាព និងបណ្តាញក្នុងសង្គមទៀតផង។ ទឹកមុខញញឹមជួយភ្ជាប់ទំនាក់ទំនងល្អ និងបង្កក្តីរីករាយរួមគ្នា ដោយសារអ្នកទទួលស្នាមញញឹមពីយើង គេមានអារម្មណ៍ថា ទទួលបានការរស់រាយរាក់ទាក់ពីយើង ហើយក៏ឆ្លើយតបវិញជាមួយភាពរស់រាយរាក់ទាក់ ដែលអារម្មណ៍រីករាយរួមគ្នាមួយក៏កើតឡើងក្នុងខណៈនោះ។ ការភ្ជាប់ទំនាក់ទំនងល្អ ការចងបណ្តាញនឹងជួយយ៉ាងច្រើនដល់កិច្ចការងាររបស់យើង។ ដូច្នេះ ពេលអ្នកជួបជាមួយអ្នកដទៃ ក្នុងបរិយាកាសសមស្រប ចូរបង្ហាញស្នាមញញឹម ដើម្បីសំដែងការស្វាគមន៍ ដើម្បីភា្ជប់ទំនាក់ទំង ដើម្បីបង្កើតក្តីរីករាយ។

ពិតប្រាកដហើយ យើងដឹងថា វាមានរឿងមិនល្អ វាមានបញ្ហាកើតឡើងក្នុងជីវិតយើង តែចូរកុំភ្លេចថា វាជាសំណាងមួយធំ ដែលយើងបានកើតជាមនុស្ស នៅក្នុងពិភពលោកមួយ ដែលស្រស់ស្អាត ពោរពេញដោយឱកាស និងសក្តានុពលសម្រាប់ការលូតលាស់ ដែលជាហេតុផលគ្រប់គ្រាន់សម្រាប់ឱ្យយើងបង្កើតស្នាមញញឹមបាន ពេលជួបជាមួយអ្នកដទៃ។

ខ្ញុំជាមនុស្សដែលមិនសូវពូកែ ក្នុងការផ្តល់ស្នាមញញឹមជាមុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងបឋម នៅពេលជួបមនុស្សដែលមិនទាន់ស្គាល់គ្នា នៅក្នុងកម្មវិធីជួបជុំណាមួយ ហើយខ្ញុំបានព្យាយាមកែប្រែឥរិយាបថដែលមិនសូវល្អនេះចេញ បើទោះបីវាមិនងាយស្រួលក៏ដោយ។
រូបភាពទី៦ ៖ ញញឹមសំដែងការគួរសម និងស្វាគមន៍ ឯកឧត្តម អ្នកឧកញ៉ា ម៉ុង រិទ្ធី នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តចក្រាវិស័យបរិសា្ថន ខែវិច្ឆិកា ២០២៣ ទីស្តីការក្រសួងបរិស្ថាន 
 
អ្នកស្រុកអូគីណាវ៉ា ចូលចិត្តផ្តល់ការគោរពបែបឱនលំទោន និងផ្តល់ស្នាមញញឹមទៅវិញទៅមក នៅពេលគេជួបគ្នាម្តងៗ បើទោះបីគេមិនទាន់ស្គាល់គ្នាដ៏ដោយ ហើយនេះជាឥរិយាបថសមរម្យ ត្រឹមត្រូវក្នុងការកសាងទំនាក់ទំនងល្អក្នុងសង្គម។

៧. ភ្ជាប់ជាមួយធម្មជាតិ (Connect with nature)

កាលពីជាង២៥០០ឆ្នាំមុន ព្រះពុទ្ធបានត្រាស់ដឹង ហើយមានពុទ្ធដីកាថា មនុស្សយើងកើតមកពីទឹក ដី ភ្លើង និងខ្យល់។ មនុស្សយើងកើតមកពីធម្មជាតិ និងជាផ្នែកមួយរបស់ធម្មជាតិ។ ការរីកចម្រើននៃសង្គមមនុស្សបានធ្វើឱ្យមនុស្សកាន់តែឃ្លាតឆ្ងាយពីធម្មជាតិ។ របៀបរស់នៅរបស់មនុស្សនាសម័យថ្មីបច្ចុប្បន្ន ជាមួយភាពទំនើបជឿនលឿន ដូចជាការរស់នៅក្នុងបន្ទប់តូចៗនៃខុនដូខ្ពស់ៗ ពេលទំនេរមើលទូរទស្សន៍ នៅជាប់ជាមួយទូរស័ព្ទវ័យឆ្លាតជាប្រចាំ ធ្វើដំណើរដោយជិះឡាន និងធ្វើការជាមួយកុំព្យូទ័រ បានធ្វើឱ្យជីវិតគេរស់នៅដោយកាត់ផ្តាច់ជាមួយធម្មជាតិ។ ជីវិតបែបនេះកើតនូវរោគស្រ្តេសច្រើន កើតរោគធុញទ្រាន់នឹងជីវិត​ ហើយបាត់បង់ក្តីរីករាយ ក្តីសោមនស្ស ដែលគេធ្លាប់ស្គាល់ពីកុមារភាព។

ដើម្បីបង្កើតក្តីរីករាយឱ្យបានច្រើនក្នុងជីវិតឡើ់ងវិញ ចូរត្រលប់ខ្លួនយើងទៅភ្ជាប់ជាមួយធម្មជាតិឱ្យបានកាន់តែច្រើន និងញឹកញាប់។ ចូរចំណាយពេលទៅលេងតំបន់ព្រៃភ្នំ ដូចជាភ្នំបូកគោ ភ្នំគីរីរម្យ ភ្នំគូលែន ឬភ្នំក្រវាញ ដ៏ស្រស់ស្អាតនៅក្នុងស្រុករបស់យើង​។ តំបន់បែកមណ្ឌលគិរី រតនគិរី ក៏ជាតំបន់ពោរពេញដោយទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល សម្រាប់ទៅដើរកំសាន្តជាមួយធម្មជាតិដែរ។ នៅស្រុកខ្មែរយើងមានតំបន់ព្រៃភ្នំ និងតំបន់ធម្មជាតិស្រស់ស្អាតជាច្រើនកន្លែង ជាពិសេស យើងមានតំបន់ការពារធម្មជាតិរហូតដល់ទៅ៧៣កន្លែង ដែលអ្នកអាចចំណាយពេលទៅភ្ជាប់ខ្លួនជាមួយធម្មជាតិបាន។ អ្នកក៏អាចចំណាយពេលទៅគយគន់ទេសភាពវាលស្រែខៀវស្រងាត់ ដើរលេងតាមឆ្នេរសមុទ្រ ឬគយគន់ទេសភាពតាមមាត់បឹង ស្ទឹង ឬព្រែក ដែលធ្វើឱ្យអ្នកមានអារម្មណ៍ភ្ជាប់និងរីករាយជាមួយធម្មជាតិ។ សម័យបច្ចុប្បន្ន យើងចូលចិត្តនិយាយលេងថា​ ទៅសាកថ្មជីវិត ជាមួយធម្មជាតិ។

នៅពេលមានឱកាសល្អ ខ្ញុំចូលចិត្តទៅលេងតំបន់ព្រៃភ្នំមានទឹកធ្លាក់ដូចជាខេត្តកំពត ឬពោធិ៍សាត់ ហើយចុះមុខទឹកធ្លាក់ ដោយទទួលបានអារម្មណ៍ល្អគួរជាទីគាប់ចិត្ត។ បើមានឱកាសបានទៅលេងក្រុងព្រះសីហនុ ខ្ញុំចូលចិត្តដើរតាមឆ្នេរសមុទ្រ ដោយមិនពាក់ស្បែកជើង បណ្តោយឱ្យបាតជើងប៉ះខ្សាច់ និងទឹកសមុទ្រ ព្រមទាំងផ្តោតអារម្មណ៍ទៅបាតជើងដែលកំពុងប៉ះខ្សាច់ ឬទឹកសមុទ្រ ដែលខណៈនោះអារម្មណ៍ភ្ជាប់ជាមួយធម្មជាតិ អារម្មណ៍រីករាយក៏ផ្តើមផុសឡើង។ ខ្ញុំសង្កេតមើលខ្លួនឯងថា នៅពេលបានទៅលេងតំបន់ធម្មជាតិ ជាពិសេស តំបន់ដែលថ្មីមិនធ្លាប់ស្គាល់ ចិត្តសោមនស្សបានផុសឡើង ហើយក្នុងខ្លួនហាក់បីដូចជាមានថាមពលជាងមុន។
រូបភាពទី៧ក ៖ ចុះមុជទឹកធ្លាក់វាលពួច ខេត្តកំពត ខែតុលា ឆ្នាំ២០២៤
រូបភាពទី៧ខ ៖ ដើរតាមឆ្នេរខ្សាច់ ក្រុងព្រះសីហនុ ខែកក្កដា ឆ្នាំ២០២៤
 
បើអ្នករស់នៅភ្នំពេញ ហើយមិនមានលទ្ធភាពច្រើន ឬពេលវេលាច្រើន ដើម្បីទៅលេងតំបន់ធម្មជាតិឆ្ងាយៗ អ្នកក៏អាចចំណាយពេលទៅដើរកំសាន្តនៅវត្តភ្នំ សារមន្ទីរជាតិ មុខវាំង ជ្រោយចង្វារ​ កោះពេជ្រ កោះនរា ឬបុរីប៉េងហួតបឹងស្នោរ ឬតំបន់ក្បែរៗភ្នំពេញ​ដែលមានបឹង ឬវាលស្រែ ដែលអ្នកអាចភ្ជាប់ខ្លួនជាមួយដើមឈើធំៗជាច្រើន គយគន់ទន្លេបួនមុខ ឬគយគន់សួនច្បារមានផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត។ ប៉ុន្តែ ចូរចងចាំផងដែរថា ចិត្តរបស់យើងមិនចូលចិត្តអ្វីដែលដដែលៗទេ ច្រើនចូលចិត្តអ្វីដែលប្លែក មិនធ្លាប់ស្គាល់។

កោះអូគីណាវ៉ា មានទេសភាពព្រៃភ្នំស្រស់ស្អាតជាច្រើន និងមានឆ្នេរសមុទ្រវែង ដែលអ្នកស្រុកអូគីណាវ៉ាដែលមានអាយុវែង និងមានក្តីរីករាយ ចូលចិត្តចំណាយពេលដើរគយគន់ទេសភាពធម្មជាតិដ៏ស្រស់បំព្រងទាំងនោះ ជាញឹកញាប់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

៨. រំលឹកគុណ​ (Give thanks)

ខ្មែរយើងមានការរៀបចំបុណ្យប្រពៃណីមួយចំនួន ដើម្បីឱ្យយើងចេះធ្វើការរំលឹកគុណ។ យើងមានបុណ្យភ្ជុំបិណ្ឌ ដែលជួយជំរុញយើងឱ្យចេះរំលឹកគុណដល់បុព្វការីជន ជីដូនជីតា ឪពុកម្តាយ បងប្អូន ដែលបានស្លាប់ទៅ តាមរយៈការយកចង្ហាន់ទៅវត្តថ្វាយព្រះសង្ឃ។ មានការរៀបចំពិធីរំលឹកគុណគ្រូ ដែលបានបង្រៀននិងប្រៀនប្រដៅយើងតាំងពីតូច។ មានការរៀបចំពិធីបុណ្យកតញ្ញូ ដើម្បីសំដែងនូវការគោរពដឹងគុណដល់មាតាបិតា ឬចាស់ព្រឹទ្ធាចារ្យជាដើម។
រូបភាពទី៨ ៖ យកចង្ហាន់ថ្វាយព្រះសង្ឃ ដាក់បិណ្ឌ២នៅវត្តវិចិត្តារាម ខែកញ្ញា ឆ្នាំ២០២៤ 
 
ប៉ុន្តែ ការដឹងគុណមិនមែនធ្វើបានទាល់តែមានពិធីផ្សេងៗ ដូចរៀបរាប់ខាងលើនោះទេ។ អ្នកអាចធ្វើបានជារៀងរាល់ថ្ងៃ ជារៀងរាល់ពេល។ អ្នកអាចអង្គុយ ឬឈរនឹកគិតដឹងគុណដល់ឪពុកម្តាយ បងប្អូន ឬមិត្តភក្តិ ដែលធ្លាប់បានចិញ្ចឹមបីបាច់ថែរក្សាអ្នក ជួយអ្នក ឬផ្តល់ប្រឹក្សាជាមួយក្តីស្រឡាញ់និងការដឹងចិត្តអ្នក ពេលអ្នកជួបប្រឈមនឹងបញ្ហាក្នុងជីវិត។ អ្នកក៏អាចរម្លឹកដឹងគុណដល់ធម្មជាតិ ដែលផ្តល់អ៊ុកស៊ីសែន ឱ្យអ្នកបានដកដង្ហើម​ ផ្តល់ទឹកឱ្យអ្នកបានផឹក ផ្តល់អាហារឱ្យអ្នកបានបរិភោគ ឬផ្តល់ម្លប់ឱ្យអ្នកបានជ្រកកម្តៅ ជាដើម។ អ្នកក៏អាចនឹកដឹងគុណដល់មនុស្សទាំងឡាយ ឬព្រឹត្តិការណ៍ទាំងឡាយ ដែលបានចូលមកក្នុងដំណើរជីវិតអ្នក ហើយបានជួយដល់អ្នក​ ដោយផ្ទាល់ក្តី​ ដោយប្រយោលក្តី។

ហេតុអ្វីបានជាបុព្វបុរសយើងរៀបចំឱ្យមានពិធីរំលឹកគុណ? ហេតុអ្វីបានជាអ្នកត្រូវធ្វើការនឹកគិតរម្លឹកគុណជាប្រចាំ​ នៅក្នុងជីវិតអ្នក។ អ្នកដឹងទេ នៅពេលដែលអ្នកនឹកគិតដឹងគុណដល់នរណាម្នាក់ ឬដល់អ្វីមួយ នៅក្នុងភាសាធម៌ គឺចិត្តកុសល ចិត្តរីករាយ ចិត្តជ្រះថ្លា​ កំពុងកើតឡើងក្នុងខណៈនោះ។

ចូរចំណាយពេលជារៀងរាល់ថ្ងៃ អាចពី១ទៅ៥នាទី ប្រតិបត្តិការនឹកគិតរម្លឹកដឹងគុណ។ បើអ្នកប្រតិបត្តិជាប់ជាប្រចាំ អ្នកនឹងចាប់អារម្មណ៍ថា​ គំនរនៃក្តីរីករាយបានចូលមកក្នុងជីវិតរបស់អ្នក។ ពេលខ្ញុំបានយល់ដឹងអំពីអាថ៌កំបាំងនេះ ខ្ញុំបានបង្កើតទម្លាប់ប្រតិបត្តិការរម្លឹកដឹងគុណ ពេលភ្ញាក់ពីដេក ជាពិសេស នាទីចុងក្រោយនាពេលសមាធិ២០នាទី និងពេលដាក់ខ្នងលើពួក មុនបិទភ្នែក​ដេកនាពេលយប់។

អ្នកស្រុកអូគីណាវ៉ា ក៏មានការរៀបចំពិធីផ្សេងៗក្នុងការសំដែងការដឹងគុណដែរ ដូចជា ពិធីដឹងគុណដល់អ្នកតា ឬទេវតាម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ជាដើម។ ការសំដែងការគោរពដឹងគុណក៏ជាទម្លាប់របស់អ្នកស្រុកអូគីណាវ៉ាដែរ។

៩. នៅជាមួយបច្ចុប្បន្ន (Live in the moment)

ជាទូទៅចិត្តរបស់យើងចូលចិត្តនឹកគិតទៅរឿងរ៉ាវទាំងឡាយដែលកើតឡើងពីអតីតកាល ជាមួយការសោកស្តាយ​ ដែលយើងបានប្រព្រឹត្តកំហុសឆ្គង និងមិនគួរធ្វើបែបនេះ បែបនោះ ឬក៏នឹកគិតទៅរឿងរ៉ាវទាំងឡាយ ដែលអាចនឹងកើតឡើងនៅអនាគតកាលធ្វើឱ្យយើងព្រួយបារម្ភ។ ចូរបញ្ឈប់នូវការគិតសោកស្តាយអំពីអតីតកាល​ និងគិតព្រួយបារម្ភអំពីអនាគតកាល។​ អតីតកាលមានតែនៅក្នុងការចងចាំប៉ុណ្ណោះ ហើយអនាគតកាលមានតែនៅក្នុងក្តីស្រមៃទេ អ្វីៗដែលអ្នកមាននៅក្នុងដំណើរជីវិតពិតប្រាកដ គឺមានតែថ្ងៃនេះ​ និងពេលនេះប៉ុណ្ណោះ។​ ចូរធ្វើឱ្យថ្ងៃនេះជាថ្ងៃមានតម្លៃ​ និងមានក្តីរីករាយ។

នៅក្នុងផ្លូវធម៌បែបព្រះពុទ្ធសាសនា​ គេតែងអប់រំ​​ និងបង្វឹកយើងឱ្យនៅជាមួយបច្ចុប្បន្ន តាមរយៈវិធីផ្សេងៗ ដូចជាការធ្វើសមាធិ ធ្វើវិបស្សនា គឺឱ្យចិត្តយើងមានសតិដឹង ថាយើងកំពុងធ្វើអ្វីនៅពេលនេះ មានវេទនាអ្វីខ្លះកំពុងកើតឡើងនៅក្នុងខ្លួនយើងក្នុងខណៈនេះ​ តើចិត្តយើងកំពុងរវើរវាយគិតអំពីអ្វី រួមទាំងការបង្វឹកចិត្តឱ្យផ្តោតមកដង្ហើម ឬវេទនាកំពុងកើតឡើងក្នុងខ្លួនយើង។ នេះជាការបង្រៀន​ ការបង្វឹកឱ្យចិត្តយើងរៀននៅជាមួយបច្ចុប្បន្ន ឱ្យចេះផ្តោតលើអ្វីដែលយើងកំពុងធ្វើ មិនរវើរវាយទៅគិតរឿងផ្សេង ផ្តេសផ្តាសមិនបានការ។ ចិត្តមួយដែលនៅជាមួយបច្ចុប្បន្ន គឺជាចិត្តមានអានុភាព មានប្រសិទ្ធភាព និងមានក្តីសុខរីករាយ។ ក្រៅពីសមាធិ អ្នកក៏អាចធ្វើសកម្មភាព ឬការងារផ្សេងៗ​ ដែលអ្នកអាចផ្តោតអារម្មណ៍នៅជាមួយបច្ចុប្បន្នបានដែរ ដូចជាការអានសៀវភៅ ដែលអ្នកចូលចិត្ត រៀបចំសួនច្បារ ដាំផ្កា លាងចាន។ល។ ក្រៅពីសមាធិ២០នាទីនាពេលព្រឹកព្រលឹម​ ខ្ញុំចូលចិត្តអ៊ុតខោអាវពី១០ ទៅ២០នាទី ដោយផ្តោតលើការអ៊ុតខោ ឬអាវ ឱ្យរៀបស្មើល្អ និងបត់ឱ្យមានសណ្តាប់ធ្នាប់។ ក្រៅពីនេះ ខ្ញុំក៏ចូលចិត្តអានសៀវភៅ ដែលធ្វើឱ្យខ្ញុំមានចំណេះដឹងថ្មីៗបន្ថែម និងមានអារម្មណ៍ល្អ ដោយសារវាជួយចិត្តរបស់ខ្ញុំឱ្យនៅជាមួយបច្ចុប្បន្ន មិនគិតផ្តេសផ្តាសច្រើន។
រូបភាពទី៩ ៖ ការអានសៀវភៅ បានក្លាយជាទម្លាប់មួយរបស់ខ្ញុំ
 
អ្នកស្រុកអូគីណាវ៉ាចូលចិត្តធ្វើសកម្មភាពផ្សេងៗ ដើម្បីឱ្យកាយរវល់ ហើយចិត្តផ្តោតលើសកម្មភាពនោះបង្កឱ្យចិត្តនៅជាមួយបច្ចុប្បន្ន។ ក្រៅពីសមាធិ អ្នកស្រុកអូគីណាវ៉ាក៏ចូលចិត្តប្រតិបត្តិក្បួនយ៉ូហ្គា ឬតៃជីផងដែរ ដើម្បីបង្វឹកចិត្តគេឱ្យរីករាយជាមួយការស្ថិតនៅក្នុងពេលបច្ចុប្បន្ន។

១០. ដើរតាមក្តីស្រមៃរបស់អ្នក​ (Follow your IKIGAI)

មនុស្សយើងម្នាក់ៗកើតមកតែងមានទេពកោសល្យពិសេស ដែលធម្មជាតិប្រគល់ឱ្យ មានការចូលចិត្តលើអ្វីមួយ ដោយភាពជក់ចិត្តដិតអារម្មណ៍ និងមានភាពខ្លាំងលើអ្វីមួយ​ ពីកំណើត ដែលយើងអាចដឹង ឬមិនទាន់ដឹងនៅឡើយ។ នៅពេលដែលយើងធ្វើអ្វីមួយ​ ដែលយើងចូលចិត្ត ស្របនឹងទេពកោសល្យពិសេស និងភាពខ្លាំងរបស់យើង ពេលនោះគឺចិត្តរបស់យើងកំពុងស្ថិតក្នុងស្ថានភាពលំហូរ រីករាយ ជក់ចិត្ត លុងអារម្មណ៍ ហើយភ្លេចអ្វីៗផ្សេងទៀត ហើយពេលវេលាដើរទៅមុខដោយមិនដឹងខ្លួន។ នោះហើយគឺជា​ IKIGAI របស់យើង គឺជាអ្វីមួយដែលផ្តល់អត្ថន័យដល់ជីវិតយើង ផ្តល់បេសកកម្មដល់ជីវិតយើង វាជាអ្វីមួយ ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់យើងមានន័យខ្លឹមសារ​ និងរីករាយ ហើយជាទូទៅច្រើនផ្តល់ជោគជ័យធំធេងដល់ជីវិតយើង។​ បិតាចិត្តវិទ្យា Viktor Frankl មានប្រសាសន៍ថា បើអ្នករក IKIGAI របស់អ្នកមិនទាន់ឃើញទេ នោះបេសកកម្មរបស់អ្នក គឺស្វែងរកវាឱ្យឃើញ ដើម្បីឱ្យជីវិតរបស់អ្នករស់មានន័យ។

Albert Einstain បានរកឃើញ​ IKIGAI របស់គាត់ ដោយបានក្លាយខ្លួនជាអ្នកវិទ្យាសាស្រ្តរូបវិទ្យាដ៏មហិមា។ វណ្ណដា បានរកឃើញ​ IKIGAI របស់គាត់ ដោយក្លាយជាអ្នកចម្រៀងរ៉េបដ៏ល្បីរន្ទឺ។ Messi បានរកឃើញ​ IKIGAI របស់គាត់ ដោយបានក្លាយជាកីឡាបាល់បាត់ដ៏ពូកែកម្រិតពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានរកឃើញ​ IKIGAI របស់លោក ដោយបានក្លាយខ្លួនជាអ្នកនយោបាយ បំពេញកាតព្វកិច្ចសង្រ្គោះជាតិ និងទប់ស្កាត់ការវិលត្រលប់មកវិញនូវរបបឃោរឃៅខ្មែរក្រហម និងបានកសាងសន្តិភាពពេញលេញជូនប្រជាជាតិខ្មែរ។
រូបភាពទី១០ក ៖ សម្តេចតេជោ ហ៊ុន សែន បំពេញបេសកកម្មទៅតំបន់ផ្តាច់ខ្លួនរបស់ខ្មែរក្រហម នៅតំបន់ឱរ៉ាល់ ថ្ងៃទី១២ មីនា ១៩៩៦

រូបភាពទី១០ខ ៖ វណ្ណដា ឡើងច្រៀងនៅក្នុងកម្មវិធីបិទកីឡាអូឡាំពិក នាទីក្រុងប៉ារីស ថ្ងៃទី១១ សីហា ២០២៤

បើអ្នករកឃើញ IKIGAI របស់អ្នក ហើយបង្កឥទ្ធិពលដល់កម្រិតអន្តរជាតិ ឬកម្រិតជាតិ ដូចបុគ្គលល្បីៗ ដែលរៀបរាប់ខាងលើ ជារឿងល្អប្រពៃណាស់។ ក៏ប៉ុន្តែ បើអ្នករកឃើញ​ IKIGAI របស់អ្នក ដោយរស់នៅរីករាយ និងអាចផ្តល់អត្ថប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងមនុស្សមួយចំនួនតូច ក៏ជាការប្រសើរហើយ។

អ្នកអាចស្វែងរកចម្លើយទៅលើសំណួរទាំងបួនខាងក្រោម ដើម្បីស្វែងរក​ IKIGAI របស់អ្នក ៖
១. តើអ្វីទៅដែលខ្ញុំស្រឡាញ់ចូលចិត្តធ្វើឱ្យពិតប្រាកដ?
២. តើធ្វើអ្វីទៅ​ ដែលខ្ញុំមានភាពពូកែ​ មានភាពខ្លាំង?
៣. តើអ្វីទៅ​ ដែលខ្ញុំធ្វើទៅ​ ហើយសង្គមត្រូវការ?
៤. តើអ្វីទៅ ដែលខ្ញុំធ្វើទៅទទួលបានកម្រៃល្អ?
 

បើអ្នករកឃើញអ្វីមួយ ដែលអ្នកស្រឡាញ់ចូលចិត្ត ហើយអ្នកមានភាពពូកែបុិនប្រសប់ក្នុងការធ្វើវា នោះអ្នករកឃើញភាពពេញចិត្តលើការងារនោះ។​ បើអ្នកចូលចិត្តធ្វើអ្វីមួយ ហើយសង្គមត្រូវការវា នោះវានឹងក្លាយជាបេសកកម្មនៃជីវិតរបស់អ្នក។ បើអ្នកធ្វើអ្វីមួយ ជាមួយភាពពូកែបុិនប្រសប់ ហើយទទួលបានកម្រៃល្អ នោះវាជាវិជ្ជាជីវៈរបស់អ្នក។ បើអ្នកធ្វើអ្វីមួយដែលសង្គមត្រូវការ ហើយទទួលបានកម្រៃល្អ នោះជាមុខរបររបស់អ្នក។ បើអ្នកអាចរកឃើញការបង្គុំនៃធាតុទាំងបួន​បាននៅក្នុងជីវិតអ្នក នោះអ្នករកឃើញ​ IKIGAI របស់អ្នកហើយ ហើយអ្នកនឹងទទួលបានជីវិតមួយដែលរីករាយ មានក្តីសុខ និងមានភាពពេញចិត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។

=== ^^^ ===

> រៀបរៀងដោយ សាម អ៊ីន​ -- វិច្ឆិកា ២០២៤
===
ឯកសារយោង
1. Hector Garcia and Francesc Miralles (2016): IKIGAI.
The Japanese secret to a Long and Happy Life

2. ស៊ិន​ សុវណ្ណនិ (២០១២) ៖ ពុទ្ធវិធីរំដោះទុក្ខ
ឧបាយរំលុតទុក្ខពិតជាដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃ
===
> អត្ថបទទាក់ទង
១. ជ្រើសយកជីវិតរីករាយ
២.​ ចាកចេញពីភាពស្រ្តេសរបស់អ្នក
៣. អត់ឱនដល់អ្នកដទៃ


Post a Comment

2 Comments

Anonymous said…
សូមអរគុណចំពោះការចែករំលែករបស់បង។ ពិតជាមានន័យខ្លឹមសារល្អក្នុងដំណើរជីវិតមនិស្សយើងម្នាក់ៗ ...សាធុ សាធុ
អរគុណ ចំពោះការផ្តល់មតិយោបល់។

Ad Code