Ticker

6/recent/ticker-posts

៣ សំណួរដើម្បីត្រួសត្រាយផ្លូវជីវិតអ្នក


បញ្ហាប្រឈមដ៏ធំរបស់មនុស្សភាគច្រើននៅក្នុងជីវិតគឺៈ មិនហ៊ានកសាងជីវិតមួយដែលខ្លួនស្រមៃចង់បាន តែបែរជាសុខចិត្តរស់នៅជាមួយជីវិតមួយដែលគេកំណត់ឲ្យ។

ភាគច្រើនលើសលប់ យើងចូលចិត្តប្រតិកម្មទៅលើស្ថានការណ៍ទាំងឡាយ ដោយជ្រើសរើសផ្លូវដែលងាយស្រួល។ រឿងនេះមិនជាចម្លែកទេ ព្រោះធម្មជាតិជាមនុស្សទូទៅតែងភ័យខ្លាចការលំបាក។

នៅពេលដែលសម្លឹងឃើញឱកាសការងារណាមួយ ហើយយើងត្រូវការលុយ យើងក៏សម្រេចចិត្តចាប់យកការងារនោះ ដោយមិនបានគិតពីទិសដៅវែងឆ្ងាយ។ បញ្ហានេះ ពេលអ្នកប្រព្រឹត្តម្តងហើយម្តងទៀតក្នុងមួយរយៈវែង ថ្ងៃមួយ ស្រាប់តែអ្នកភ្ញាក់ដឹងខ្លួន ហើយសួរខ្លួនឯងថា “តើខ្ញុំដើរដល់ណាហើយ? ហើយនេះគឺជាជីវិតដែលខ្ញុំចង់បានឬ?”។

ដើម្បីផ្លាស់ប្តូរដំណើរជីវិតរបស់អ្នក​ អ្នកត្រូវលើកសំណួរចំនួន៣ ពេលអ្នកក្រោកឡើងជារៀងរាល់ថ្ងៃ។ ការគិតស្វែងរកចម្លើយទៅលើសំណួរទាំង៣នេះ នឹងជួយអ្នករកឃើញផែនទីបង្ហាញផ្លូវសម្រាប់ដំណើរជីវិតរបស់អ្នក គឺគោលដៅជីវិតអ្នក។ នៅពេលដែលអ្នករកឃើញផែនទីបង្ហាញផ្លូវហើយ អ្នកនឹងលែងវង្វេងផ្លូវ នៅពេលមានឱកាសណាមួយងើបឡើង ព្រោះអ្នកដឹងថា ឱកាសនេះមិនស្របនឹងទិសដៅដែលអ្នកចង់ទៅ។

សំណួរទី១ ៖ តើខ្ញុំចង់បានអ្វីនៅក្នុងជីវិតនេះ? (What do I want in life?)

តើអ្នកមានដែលលើកសំណួរនេះសួរខ្លួនឯងដោយស្មោះត្រង់ដែរឬទេ?

ខ្ញុំធ្លាប់ធ្វើការជាមួយអគ្គនាយក ឬនាយកប្រតិបត្តិក្រុមហ៊ុនជាច្រើន។ ខ្ញុំអាចប្រាប់អ្នកបានថា តិចជាង ១០%នៃពួកគាត់អាចឆ្លើយសំណួរនេះដោយស្មោះត្រង់បាន។

“អ្នកចង់បានអ្វីក្នុងជីវិតអ្នក?” “តើជីវិតអ្នកនឹងមានរូបភាពបែបណា?” តើអ្នកចង់រស់នៅទីណា? តើអ្នកចង់រស់នៅជាមួយនរណា? តើអ្នកចង់ធ្វើអ្វីប្រចាំថ្ងៃ? តើអ្នកចង់បន្សល់មរតកអ្វីសម្រាប់អ្នកជំនាន់ក្រោយ? តើអ្នកចង់ក្លាយជាមនុស្សពិសេសបង្កើតអ្វីមួយដែរឬទេ? ទាំងនេះជាសំណួរដែលត្រូវការចម្លើយដែលឮច្បាស់លាស់។ ចូរស្វែងរកចម្លើយឲ្យឃើញ ព្រោះវាសំខាន់ណាស់សម្រាប់ជីវិតអ្នក។

នេះជាអាថ៌កំបាំងដែលអ្នកត្រូវយល់ដឹងៈ អ្នកនឹងមិនអាចរកឃើញចម្លើយក្នុងថ្ងៃនេះទេ ឬមួយថ្ងៃស្អែក ឬមួយសប្តាហ៍ក្រោយ ឬមួយក៏ឆ្នាំក្រោយក៏នៅតែរកមិនទាន់ឃើញ។ មិនជាអ្វីទេ ការរកចម្លើយមិនទាន់ឃើញមិនជាសំខាន់ណាស់ណាទេ អ្វីដែលសំខាន់ តើអ្នកបានចាប់ផ្តើមសួរសំណួរនេះដោយស្មោះត្រង់ចំពោះខ្លួនអ្នកហើយឬនៅ។

នៅពេលក្រោយណាមួយដែលមានឱកាសថ្មីផុសឡើង ដែលជំរុញឲ្យអ្នកយកចិត្តទុកដាក់ អ្នកអាចលើកសំណួរថា តើនេះជាអ្វីដែលខ្ញុំចង់បានក្នុងជីវិតខ្ញុំឬ? ប្រសិនបើចម្លើយថា “ទេ” អ្នកត្រូវបន្តសង្កេតនិងសួរតទៅទៀត។ បើចម្លើយថា “នឹងហើយ” ជាអ្វីដែលអ្នកចង់បាន ចូរចាប់ផ្តើមទទួលយកនិងប្រឹងធ្វើឲ្យអស់ពីចិត្ត។ ចូរចងចាំថា អ្នកមានអំណាចពិសេសអស្ចារ្យក្នុងខ្លួនអ្នក គឺសមត្ថភាពនៃការឆ្លើយថា “ទេ” ចំពោះអ្វីដែលមិនត្រូវនឹងជីវិតអ្នក។

សំណួរនេះផ្តល់ដល់អ្នកក្នុងការស្វែងរកទិសដៅនិងភាពច្បាស់លាស់សម្រាប់ដំណើរជីវិតអ្នក។

សំណួរទី២ ៖ តើខ្ញុំជួយនរណាបាន? (Who can I serve?)

នេះជាអាថ៌កំបាំងមួយដែលជួយអ្នកឲ្យទទួលបាននូវអ្វីដែលអ្នកចង់បានក្នុងជីវិតៈ ស្វែងរកមនុស្សដែលរងគ្រោះ ដែលមានបញ្ហា និងជួយគាត់។ នៅក្នុងពិភពធុរកិច្ចគេហៅថា “បន្ថែមតម្លៃ” (adding value)។

ខ្ញុំឲ្យឈ្មោះទង្វើនេះថា “ឧត្ដមគតិ” របស់មនុស្សដែលមានសេចក្តីថ្លៃថ្នូរ។ គ្រប់ធុរកិច្ចដែលជោគជ័យ មុខរបរដែលជោគជ័យ និងរាល់ស្ថាប័នដែលជោគជ័យ ដោយសារតែផ្តល់ការបម្រើ(ជួយដោះស្រាយបញ្ហា)ដល់អ្នកដទៃ។

នេះជារបៀបនៃការស្វែងរកមនុស្សដើម្បីបម្រើៈ ចូរសម្លឹងមើលមនុស្សទាំងឡាយដែលអ្នកស្រឡាញ់នៅជុំវិញខ្លួនអ្នក។​ មនុស្សទាំងឡាយដែលផ្តល់ថាមពលដល់អ្នក ដែលជំរុញចិត្តអ្នក។ ចូរសួរពួកគេថា តើគេរងការលំបាកអ្វីខ្លះ ហើយអ្នកអាចជួយអ្វីបាន។

នៅពេលអ្នកអនុវត្តទម្លាប់នេះ ដោយសួរមនុស្សទាំងឡាយថា អ្នកអាចជួយអ្វីបាន អ្នកនឹងរកឃើញឱកាសគ្មានព្រំដែនមួយដើម្បី “បន្ថែមតម្លៃ” ដល់អ្នកដទៃ។

ប្រសិនបើអ្នកចាប់ផ្តើមសកម្មភាពតូចៗ ដើម្បីជួយមនុស្ស អ្នកនឹងផ្តល់ឲ្យខ្លួនឯងនូវកម្លាំងគាស់មួយដើម្បីរុញជីវិតអ្នកសំដៅទៅរកក្តីស្រមៃដែលអ្នកចង់បាន។

ចូរអ្នកជឿជាក់លើខ្ញុំចុះ ព្រោះខ្ញុំធ្លាប់បានឃើញរឿងបែបនេះកើតឡើងជាច្រើនរាប់មិនអស់ចំពោះបុគ្គលជោគជ័យទាំងឡាយ។ ខ្ញុំដឹងថា វាកើតឡើងតាមរបៀបនេះ។

សំណួរទី៣ ៖ ហេតុអ្វីមិនចាប់ផ្តើមពីថ្ងៃនេះទៅ? (Why not now?)

ចូរចាប់ផ្តើមសួរសំណួរនេះមកខ្លួនឯងជារៀងរាល់ថ្ងៃ!

នេះជាដំណើរការទូទៅនៃខួរក្បាលមនុស្សៈ នៅពេលដែលខួរក្បាលមើលឃើញកិច្ចការជាច្រើនក្នុងបញ្ជីដែលត្រូវធ្វើ វាចាប់ផ្តើមលើកសំណួរថា ហេតុអ្វីមិនទុកចាំធ្វើថ្ងៃស្អែក។ ជាទូទៅ ធម្មជាតិជាមនុស្ស យើងចូលចិត្តពន្យារកិច្ចការដែលត្រូវធ្វើ ដែលភាសាអង់គ្លេសគេហៅថា “procrastination”។

ខ្ញុំធ្លាប់ធ្វើការជាមួយប្រធានក្រុមហ៊ុនឆ្នើមៗ ឬបុគ្គលជោគជ័យជាច្រើន ដើម្បីចង់ដឹងរឿងនេះ ហើយទទួលបានចម្លើយថា ខួរក្បាលមនុស្សដំណើរការបែបនេះ បើចិត្តយើងមិនខ្លាំងរឹងមាំ ដើម្បីបញ្ជាខួរក្បាលទេ។

ចូរចាប់ផ្តើមសាកល្បងខ្លួនឯងមើលទៅ! ចូរចំណាយពេលគិតថា តើជីវិតបែបណាដែលអ្នកចង់រស់នៅ រួចហើយគិតបន្តទៀតថា តើអ្នកនឹងជួយនរណានៅក្នុងគោលដៅនោះ។ រកចម្លើយឃើញហើយ សួរបន្តទៀតថា ហេតុអ្វីមិនចាប់ផ្តើមធ្វើថ្ងៃនេះ?

នៅពេលដែលខួរក្បាលរបស់អ្នកប្រាប់ពីមូលហេតុផ្សេងៗ ដែលអ្នកចង់ពន្យារពេល ចូរសរសេរវាទុកលើក្រដាសមួយ ហើយយកវាទៅដាក់លើតុ ដើម្បីអាននៅថ្ងៃស្អែក។ នៅពេលអ្នកក្រោកពីព្រលឹម ចូរអានក្រដាសលើតុ រួចហើយញញឹម។

ធ្វើបែបនេះអ្នកនឹងដឹងថា ការគេងលង់លក់មួយយប់នឹងជួយប្រាប់អ្នកថា លេសទាំងឡាយដែលខាខាំងអ្នកមិនឲ្យចាប់ផ្តើមធ្វើរឿងសំខាន់ក្នុងជីវិត សុទ្ធតែជារឿងមិនសមហេតុផលនិងគួរឲ្យអស់សំណើច។ បន្ទាប់មក យកក្រដាសនោះបោះចោលក្នុងធុងសំរាម រួចនិយាយប្រាប់ខ្លួនឯងថា រឿងនេះខ្ញុំអាចធ្វើបាន និងត្រូវតែចាប់ផ្តើមធ្វើវា ដើម្បីរស់នៅជាមួយជីវិតមួយដែលខ្ញុំចង់បាន។

ចូរចាប់ផ្តើមសកម្មភាពជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទដល់អាទិត្យ ដោយលើកសំនួរទាំង៣ សួរខ្លួនអ្នកឲ្យញឹកញាប់។ ជាដំបូង អ្នកអាចនឹងរកឃើញសកម្មភាពតូចៗ ដូចជា ផ្ញើរសារតាមអ៊ីម៉ែលទៅសួរមិត្តរបស់អ្នកថា តើគេមានបញ្ហាអ្វីដែលអ្នកអាចជួយបាន។ ឬមួយអ្នករកឃើញវគ្គបណ្តុះបណ្តាលតាមអ៊នឡាញ ដែលជួយអ្នកឲ្យធ្វើកិច្ចការអ្វីមួយដែលអ្នកចូលចិត្តដោយជោគជ័យ។ល។ មួយរយៈបានកន្លងផុតទៅ ការហ្វឹកហាត់តូចៗទាំងនេះនឹងរុញដុំថ្មដែលធ្លាប់ខាខាំងដំណើរអ្នកចេញពីផ្លូវ រួចហើយផែនទីបង្ហាញផ្លូវសម្រាប់ជីវិតអ្នកក៏ផុសឡើងមកក្នុងគំនិតរបស់អ្នក។


នេះជាផ្លូវងាយស្រួលដែលខ្ញុំបានដឹងពីបុគ្គលជោគជ័យទាំងឡាយ ក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគាត់។ ចូរចាប់យកគំនិតនេះ ហើយសាកល្បងសម្រាប់ខ្លួនអ្នកទៅ។ អ្វីៗមិនទាន់ហួសពេលទេ!!!

===^^^=== 

---
ប្រែសម្រួលដោយ សាម អ៊ីន -- សីហា ២០១៧
---
-- ដកស្រង់ពីអត្តបទរបស់ Tony Jeary, in the Success Magazine (April 2016): “How to Redesign Your Life With Just 3 Questions”

-- អត្ថបទទាក់ទង

១) មូលហេតុ ៥ យ៉ាងដែលរារាំងអ្នកមិនឲ្យជោគជ័យ

២) បុគ្គលិកលក្ខណៈអវិជ្ជមាន៥ប្រភេទដែលបុគ្គលជោគជ័យចៀសឆ្ងាយ

Post a Comment

0 Comments

Ad Code