Ticker

6/recent/ticker-posts

តើត្រូវដោះស្រាយយ៉ាងណាជាមួយរឿងកើតឡើងដែលមិនរំពឹងទុក


      នៅក្នុងជីវិតយើង ស្ថានការណ៍ទាំងឡាយដែលមិនបានរំពឹងទុក តែងកើតឡើងជាបន្តបន្ទាប់ ហើយប៉ះពាល់ដល់ការរស់នៅរបស់យើង។ រឿងខ្លះកើតឡើងបង្កឲ្យយើងមានការផ្លាស់ប្តូរលូតលាស់ទៅមុខ រឿងខ្លះកើតឡើងប្តូរស្ថានការណ៍របស់យើងដែលយើងមិនអាចទ្រាំទប់ទល់បាន។

       យើងគ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះស្ថានការណ៍ផ្លាស់ប្តូរទាំងនេះ។ នៅពេលវាយោនៃការផ្លាស់ប្តូរ​មកដល់ អ្នកខ្លះនៅអាចគ្រប់គ្រងដំណើរជីវិតឆ្ពោះទៅរកគោលដៅដែលគេចង់បាន អ្នកខ្លះទៀតក៏បណ្តោយខ្លួនតាមទិសនៃខ្យល់បក់។ តើភាពខុសគ្នានេះកើតឡើងដោយសារអ្វី? វាកើតឡើងដោយសារការសម្រេចចិត្តរបស់អ្នកក្នុងការរៀបចំក្តោងសំពៅជីវិតអ្នក នៅពេលខ្យល់ប្តូរទិសមកដល់ម្តងៗ។ និយាយឲ្យចំគឺថា នៅពេលបញ្ហាកើតឡើងក្នុងជីវិតអ្នក តើអ្នកសម្រេចឆ្លើយតបបែបណាទៅនឹងបញ្ហានោះ។ ការសម្រេចចិត្តរបស់អ្នកនឹងកំណត់ដំណើរជីវិតរបស់អ្នក បន្ទាប់ពីស្ថានការណ៍ទាំងឡាយកើតឡើង។

       រឿងរ៉ាវទាំងឡាយដែលយើងមិនចង់បានតែងកើតឡើងមកលើយើង។ យើងជួបប្រទះនូវការខកចិត្ត ជួបប្រទះបញ្ហាប្រឈម ជួបវិបត្តិ។ ពេលខ្លះ បើទោះបីយើងមានផែនការល្អ យើងខំប្រឹងប្រែង តែលទ្ធផលចេញមកខុសពីការរំពឹងទុក បែរជាត្រលប់ថយក្រោយហួសពីការស្មានទុក។ រឿងរ៉ាវបែបនេះមិនមែនកើតឡើងចំពោះតែអ្នកក្រីក្រ អ្នកមិនចេះដឹង ឬអ្នកអស់សង្ឃឹមទេ។ អ្នកមាន និងអ្នកក្រអាចជួបបញ្ហាបែកបាក់គ្រួសារដូចគ្នា។ អ្នកមាន និងអ្នកក្រអាចជួបនឹងបញ្ហាប្រឈមនៃវិបត្តិហិរញ្ញវត្ថុ និងជំងឺធ្លាក់ទឹកចិត្តដូចគ្នា។ នៅក្នុងការសន្និដ្ឋានចុងក្រោយ រឿងរ៉ាវទាំងឡាយដែលកើតឡើងមិនមែនជាអ្នកកំណត់ជោគវាសនារបស់យើងទេ តែការសម្រេចចិត្តរបស់យើងទៅនឹងរឿងដែលកើតឡើងទៅវិញទេ ដែលជាអ្នកកំណត់ដំណើរជីវិតរបស់យើងបន្តទៀត។ ទិសខ្យល់រេទៅណាមិនមែនជាកត្តាកំណត់ទិសដៅរបស់សំពៅទេ តែការចេះរៀបចំក្តោងសំពៅទៅវិញទេ ដែលនឹងកំណត់ទិសដៅនៃការធ្វើដំណើរបន្តរបស់សំពៅ។

       នៅពេលស្ថានការណ៍ទាំងឡាយផ្លាស់ប្តូរ យើងត្រូវតែផ្លាស់ប្តូរដែរ។ យើងត្រូវតែស្វិតស្វាញប្រឈម ហើយខំប្រឹងសម្របក្តោងសំពៅរបស់យើងឲ្យស៊ីសង្វាក់ជាមួយទិសខ្យល់ ដើម្បីឲ្យសំពៅរបស់យើងធ្វើដំណើរបន្តទៅគោលដៅដែលយើងចង់ទៅ។ ការចេះរៀបចំ និងសម្របក្តោងសំពៅ សំដៅលើរបៀបគិត និងការឆ្លើយតបរបស់យើងទៅនឹងបញ្ហាប្រឈមកើតឡើង គឺជាកត្តាកំណត់ចម្បងដែលធ្វើឲ្យជីវិតយើងជោគជ័យ ឬបរាជ័យ រីករាយ ឬទុក្ខសោក។ ដូច្នេះ បញ្ហាកើតឡើងក្នុងជីវិតយើងមិនទាន់ធ្វើឲ្យយើងខ្លាំងទេ តែការសម្រេចឆ្លើយតបរបស់យើងទេ ទើបជាកត្តាកំណត់ជោគវាសនារបស់យើង។ នៅពេលយើងចាប់ផ្តើមទទួលស្គាល់រឿងនេះ ទើបយើងដឹងថា បញ្ហាចម្បងក្នុងជីវិតរបស់យើង គឺការគិត និងការឆ្លើយតបរបស់យើងទៅនឹងបញ្ហាទាំងឡាយដែលកើតឡើងមកលើយើង។

       ការរៀនអំពីការរៀបចំ និងសម្របក្តោងសំពៅទៅនឹងទិសខ្យល់ដែលតែងផ្លាស់ប្តូរ ទាមទារការអភិវឌ្ឍខ្លួនក្នុងការទទួលយករឿងរ៉ាវទាំងឡាយដែលកើតឡើងខុសពីការរំពឹងទុករបស់យើង ហើយខិតខំឆ្លើយតបជាមួយការសម្រេចចិត្តប្រឈមនឹងបញ្ហាជាមួយភាពពត់ពេន ដើម្បីរក្សាដំណើររបស់យើងទៅរកគោលដៅដែលបានកំណត់ទុក។ ការនេះទាមទារនូវការបង្កើតទស្សនវិទ្យាផ្ទាល់ខ្លួនដ៏មោះមុតមួយ ក្នុងការឆ្លើយតបទៅនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង តាមមាគ៌ា និងគោលការណ៍គិត និងសម្រេចចិត្តក្នុងផ្លូវវិជ្ជមាន ប្រកបដោយក្តីសង្ឃឹម។

       ប្រសិនបើអ្នកអាចអភិវឌ្ឍខ្លួនបាន មានសមត្ថភាពឆ្លើយតបទៅនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើងលើអ្នក ដំណើរជីវិតរបស់អ្នកនឹងជួបនូវភាពជោគជ័យ និងរីករាយក្នុងរឿងហិរញ្ញវត្ថុ ការរស់នៅថ្លៃថ្នូរ និងទំនាក់ទំនងមានសុភមង្គល។

-- ដកស្រង់ពីអត្ថបទរបស់ Jim Rohn in the Success Magazine, August 2018, “How to deal with the unexpected”

-- ប្រែសម្រួលដោយ សាម អ៊ីន, សីហា ២០១៨

អត្ថបទទាក់ទង៖

Post a Comment

0 Comments

Ad Code