Ticker

6/recent/ticker-posts

រងើកភ្លើងបដិវត្តន៍នៅកម្ពុជា


កាលពី ៤០ឆ្នាំមុន មានរឿងស្មានមិនដល់មួយបានកើតឡើងនៅក្នុងព្រះរាជាណាចក្រ​អច្ឆរិយ។ អ្នករស់នៅក្នុងទីក្រុងទាំងអស់ត្រូវបានបង្ខំ ដោយមិនអាចប្រកែកបាន ឱ្យចាកចេញទៅរស់នៅទីជនបទ។ អ្នកមិនអាចយកប្រាក់ទៅដើរទិញទំនិញទាំងឡាយនៅទីផ្សារបានទេ ពីព្រោះគេមិនអនុញ្ញាតឱ្យមានផ្សារលក់ដូរ។ ពេលកូនរបស់អ្នកដល់អាយុចូលសាលារៀន អ្នកមិនអាចបញ្ជូនគេទៅសាលាបានទេ ពី​ព្រោះ​សាលា​រៀនទាំងអស់ត្រូវបានបិទទ្វារអស់ហើយ។ កុមារត្រូវគេបំបែកឱ្យរស់នៅផ្សេងពីម្តាយឪពុក ហើយត្រូវធ្វើការងារកើបលាមកគោក្របីតាមកងកុមារតូចៗក្នុងភូមិ នៅពេលដែលវ័យរបស់ពួកគេត្រូវការរត់លេង ចូលសាលារៀន និងការថ្នាក់ថ្នមពីឪពុកម្តាយ។ យុវជនដែលដល់វ័យសិក្សាតាមវិទ្យាល័យ មហាវិទ្យាល័យ ឬសាលាបណ្តុះបណ្តាល ត្រូវបានបង្ខំទាំងកំរោលឱ្យទៅធ្វើការជីកប្រឡាយ លើកទំនប់ ក្រោមកម្ដៅថ្ងៃហួតហែង ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់។ អ្នកពាក់វែនតា ដែលសង្គមធ្លាប់ចាត់ទុកជាបញ្ញវន្ត អ្នកចេះដឹង ត្រូវបានកំណត់ជាមុខសញ្ញាត្រូវតាមដាន និងកម្ទេចចោល។ អតីតទាហាន មន្រ្តីរាជការ និងអ្នកដឹកនាំនយោបាយត្រូវបានតាមរក ហើយសម្លាប់ចោលភ្លាមៗ ដោយពុំចាំបាច់ឆ្លងកាត់ការកាត់ក្តីវិនិច្ឆយទោសតាមប្រព័ន្ធតុលាការឡើយ។ អ្នកធ្លាប់រស់នៅទីក្រុងត្រូវបានប្រមាថ ម៉ាក់ងាយថាជាពួកទម្រន់នាយទន់ ឈ្លើងសង្គម ជញ្ជក់ឈាមប្រជាជន និងត្រូវការអប់រំដុសខាត់លត់ដុំខ្លួនឱ្យក្លាយជាមនុស្សថ្មី។ នៅពេលដែលគេចាប់បាននរណាម្នាក់ដែលកំពុងលួចដកដំឡូង អ្នកនោះត្រូវបានគេធ្វើទារុណកម្ម ឬយកទៅសម្លាប់ភ្លាមៗ។ ក្រៅពីសម ស្លាបព្រា និងខោអាវស្លៀកពាក់ ២ ឬ៣សម្រាប់ អ្វីៗផ្សេងទៀតសុទ្ធតែស្ថិតក្នុងកម្មសិទ្ធិសមូហភាព។ រឿងរ៉ាវទាំងនេះមួយចំនួនខ្ញុំបានឃើញផ្ទាល់នឹងភ្នែក ពីព្រោះខ្ញុំជាកុមារដែលរស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគ្រប់គ្រងកម្ពុជាទាំងមូលពីឆ្នាំ១៩៧៥ ដល់ ដើមឆ្នាំ១៩៧៩។ រឿងទាំងនេះបានកើតឡើងដោយសារការដឹកនាំបែបបដិវត្តន៍របស់ក្រុមខ្មែរក្រហម ហើយការដឹកនាំបែបឆ្កួតលីលានេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជិត ២លាននាក់ បាត់បង់ជីវិត ដោយសារការសម្លាប់គ្នា ការអត់អាហារ និងជំងឺឈឺថ្កាត់។ សំណួរមួយចេះតែបានផុសឡើងក្នុងគំនិតរបស់ខ្ញុំ “តើហេតុអ្វីបានជាប្រជាជាតិមួយដែលធ្លាប់មានអរិយធម៌រុងរឿង មានពលរដ្ឋដែលរួសរាយ រាក់ទាក់ សុភាពរាបសា បែរជាអាចចងគំនុំសងសឹក និងសម្លាប់ខ្មែរគ្នាឯងដោយគ្មានត្រាប្រណីបែបនេះ?
បើយើងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តនៃការគ្រប់គ្រងសង្គមកម្ពុជារាប់សតវត្សរ៍មកហើយ ជាពិសេស​​ក្រោយសម័យអង្គរ យើងសង្កេតឃើញថាសង្គមខ្មែរយើងមានការបែងចែងជា ២ស្រទាប់ដាច់ពីគ្នា គឺស្រទាប់នៃក្រុមអ្នកមានអំណាចនិងទ្រព្យធនដែលផ្តុំនៅទីប្រជុំជន និងស្រទាប់នៃក្រុមអវិជ្ជានិងក្រីក្រដែលរស់នៅទីជនបទ[1]។ តាំងពីដើមឡើយ ស្រទាប់ទី១ គឺស្រទាប់នៃក្រុមអ្នកមានអំណាចនិងទ្រព្យធន ដែលជាពួកក្សត្រ អ្នកចម្បាំង និងបុព្វជិត ហើយក្រោយមកស្រទាប់នេះមានការផ្លាស់រូបរាងទៅតាមភាពទំនើបនៃសង្គម ជាមន្រ្តីរដ្ឋាភិបាល មន្រ្តីរដ្ឋបាល និង យោធា ក៏ជានគរបាលខ្ពស់ៗ ព្រមទាំងឧកញ៉ាធំៗ ដែលជាអ្នកមានសិទ្ធិគ្រប់គ្រងចាត់ចែងធនធានរបស់ប្រទេស។ ស្រទាប់ទី២ ដែលមានការផ្លាស់ប្តូររូបរាងតិចតួចប៉ុណ្ណោះ គឺជាស្រទាប់កសិករដែលរស់នៅតំបន់ជនបទ និងកូនៗរបស់ពួកគាត់ដែលមកធ្វើការជាកម្មករនៅទីក្រុង ដែលពុំបានទទួលផល ឬទទួលតិចតួចចេញពីការចែកចាយនៃធនធានរបស់ជាតិ។ បញ្ហាប្រឈមដែលធ្វើឱ្យស្រទាប់ទាំង២នេះនៅឃ្លាតពីគ្នាឆ្ងាយគឺ នយោបាយនៃការប្រើប្រាស់និងបែងចែកធនធានជាតិដែលស្រទាប់ទី១ ជាអ្នកសម្រេច។ ធនធានរបស់ជាតិមានដូចជាដីធ្លី ព្រៃឈើ ផលនេសាទ ថវិកាជាតិ និងប្រាក់កម្ចីបរទេសជាដើម ត្រូវបានបែងចែកសម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមខ្លួនជាធំ ហើយមិនបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍនៅតំបន់ជនបទទេ។ ជាពិសេស កូនៗរបស់អ្នកជនបទពុំមានលទ្ធភាពចូលសាលារៀនល្អៗ និងថ្នាក់រៀនខ្ពស់ៗទេ។ សេវាសុខាភិបាលល្អក៏មិនបានទៅដល់តំបន់ជនបទដែរ។ បន្ថែមពីនេះ មានការបំផ្លាញធនធានព្រៃឈើដែលជាប្រភពចិញ្ចឹមជីវិតដ៏សំខាន់មួយនៅជនបទ និងការប្លន់និងរំលោភសិទ្ធិដីធ្លីដែលពួកគាត់មានតិចតួចសម្រាប់រស់។ ការនេះធ្វើឱ្យតំបន់ជនបទគ្របដណ្តប់ដោយភាពអវិជ្ជា និងភាពក្រីក្រ ពីមួយជំនាន់ទៅមួយជំនាន់។ ភាពមានបាននៅទីប្រជុំជននៃក្រុមអ្នកមានអំណាចនិងទ្រព្យធន បានបង្កើតនូវភាពក្រអឺតក្រទម សប្បាយហ៊ឺហារ ឡូយឆាយ ប្រមាថមើលងាយដល់អ្នកជនបទ បង្កជាកំហឹងឈឺចាប់ គំនុំគុំកួន ដែលលាក់ទុកក្នុងចិត្ត ប្រៀបដូចជារងើកភ្លើងដែលកំពុងរង់ចាំតែវាយោនិងសាំងមកប៉ះដើម្បីឆេះសន្ធោសន្ធៅឡើងប៉ុណ្ណោះ។
គឺរងើកភ្លើងនៅជនបទនេះហើយដែលក្រុមមេដឹកនាំខ្មែរក្រហមបានយកសាំងទៅចាក់ពីលើ នៅ​ពេល​ដែលវាយោកុម្មុយនីស្តកំពុងតែបោកបក់មកលើព្រះរាជាណាចក្រដ៏ស្រស់បំព្រងនៅទសវត្សរ៍ទី៦០ និង៧០ នៃសតវត្សរ៍ទី២០ ដែលបានបង្កបង្កើតជាបដិវត្តន៍ដ៏ឆ្កួតលីលាមួយដែលកូនខ្មែរគ្រប់រូប និងពិភពលោកស្គាល់គ្រប់គ្នាថា ជារបបវាលពិឃាតខ្មែរក្រហម។
បើទោះបីបដិវត្តន៍ខ្មែរក្រហមមានអាយុខ្លី ហើយបានរលត់បាត់ពីព្រះរាជាណាចក្រដ៏ស្រស់បំព្រងក៏ដោយ ក៏រងើកភ្លើងនៅទីជនបទមិនទាន់រលត់នៅឡើយទេ។ រងើកភ្លើងទាំងនេះអាចនឹងឆាបឆេះសន្ធោសន្ធៅជាថ្មីឡើងវិញ នៅពេលដែលមានក្រុមដឹកនាំថ្មីណាមួយដែលមានមនោគមវិទ្យាឆ្កួតលីលាស្រេកឈ្លានអំណាច យកសាំងទៅចាក់ពីលើ ក្នុងពេលដែលមានវាយោ(ការលូកដៃពីបរទេស) បោកបក់ពីទិសណាមួយមកដល់។ តើត្រូវធ្វើយ៉ាងណា​ដើម្បីពន្លត់រងើកភ្លើងទាំងនេះបាន?
 ដើម្បីពន្លត់រងើកភ្លើងទាំងនេះ គេចាំបាច់ត្រូវសាងសង់ស្ពានយុត្តិធម៌សម្រាប់តភ្ជាប់តំបន់ទីប្រជុំជន និងតំបន់ជនបទ។ តើអ្វីទៅជាស្ពានយុត្តិធម៌? ស្ពានយុត្តិធម៌ គឺជាគោលនយោបាយកសាងជាតិដែលត្រូវការការបែងចែកធនធានជាតិឱ្យទៅដល់តំបន់ជនបទប្រកបដោយភាពយុត្តិធម៌។ កសិកររស់នៅតំបន់ជនបទត្រូវតែទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព ដោយមានគ្រូពេទ្យល្អ មណ្ឌលសុខភាពល្អ និងមន្ទីរពេទ្យល្អនៅតាមឃុំស្រុក។​ ការនេះអាចប្រព្រឹត្តទៅបានទាល់តែរាជរដ្ឋាភិ​​បាល​វិនិយោគលើវិស័យសុខាភិបាលឱ្យបានខ្លាំង ដោយត្រូវលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារគ្រប់គ្រាន់ដល់មន្ទីរពេទ្យ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលត្រូវបង្កើតប្រព័ន្ធធានារ៉ាប់រងសុខភាពសាកលមួយ ដែលពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកសិករនិងកម្មករ អាចទទួលបានការពិគ្រោះជំងឺនិងព្យាបាល ដោយមិនគិតថ្លៃ។ កុមារខ្មែរគ្រប់រូបនៅតាមភូមិត្រូវមានមត្តេយ្យសាលាចូលរៀន ពេលគេចូលវ័យ ៤ឆ្នាំឡើងទៅ។ គ្រប់បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ និងសាកលវិទ្យាល័យត្រូវមានគុណភាពល្អតាមនិយាមខ្ពស់នៅអាស៊ាន ដោយគោរពស្តង់ដារ ISO 9001 និងសមត្ថភាពនិងតម្លៃគ្រូបង្រៀនត្រូវបានលើកកម្ពស់។ កូនកសិករកម្មករដែលមានសមត្ថភាពរៀនបន្តក្រោយវិទ្យាល័យអាចទទួលប្រាក់កម្ចីពីរដ្ឋ ៥លានរៀលក្នុង១ឆ្នាំ ដើម្បីមានលទ្ធភាពចូលរៀននៅមហាវិទ្យាល័យ ឬនៅសាលាជំនាញវិជ្ជាជីវៈ។ វាត្រូវមានប្រព័ន្ធគាំពារដល់កម្មករកម្មការិនី ជាពិសេសនៅពេលអត់ការងារធ្វើ យ៉ាងហោចណាស់ត្រូវទទួលបានការឧបត្ថម្ភពីរដ្ឋ ៥០%នៃប្រាក់ខែក្នុងរយៈពេល ៥ខែ ។ កសិករត្រូវទទួលបានការគាំទ្រពីរដ្ឋ តាមរយៈការបញ្ជូនអ្នកជំនាញយ៉ាងតិច ៥០០០ នាក់ទៅភូមិឃុំ ដើម្បីជួយឱ្យកសិករយល់ដឹងអំពីបញ្ហាទឹក ទុន ទីផ្សារ និងបច្ចេកទេសក្នុងរបរកសិកម្មរបស់គាត់។ សហគ្រាសកែច្នៃ និងក្រុមហ៊ុននាំចេញកសិផលត្រូវទទួលការគាំទ្រពីរដ្ឋលើបញ្ហាទុន ទីផ្សារ និងការអនុគ្រោះផ្សេងៗ ដើម្បីជួយកសិករខ្មែរទទួលបានតម្លៃសមរម្យចំពោះដំណាំកសិផលរបស់ខ្លួនពេលរដូវច្រូតកាត់។
គោលនយោបាយជួយកសិករនិងកម្មករដែលរៀបរាប់ខាងលើនេះមានចែងក្នុងសៀវភៅបៃតង “green book” របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលរៀបរាប់អំពីគោលនយោបាយ ១២៥ ចំណុច ក្នុងការដោះស្រាយបញ្ហានយោបាយ និងសង្គមនៅកម្ពុជា។
តើកម្ពុជាអាចសាងសង់ស្ពានយុត្តិធម៌សម្រាប់តភ្ជាប់តំបន់ទីប្រជុំជន និងតំបន់ជនបទ  ដើម្បីពន្លត់​រងើកភ្លើងបដិវត្តន៍បានដែរឬទេ? តើអ្វីខ្លះជាឧបសគ្គ និងឱកាសក្នុងការសាងសង់ស្ពានយុត្តិធម៌?
មានឧបសគ្គចម្បងធំ២ រារាំងការកសាងស្ពានយុត្តិធម៌នៅកម្ពុជា។ ឧបសគ្គទី១ គឺវប្បធម៌នយោបាយចាស់គំរឹលដែលអ្នកនយោបាយជាន់ខ្ពស់ខ្មែរបានបន្សល់ទុកក្នុងនយោបាយកម្ពុជា។ នយោបាយ​កម្ពុជាត្រូវបានគ្របដណ្តប់ដោយនយោបាយប្រជាភិថុតតាមរយៈការចែកអំណោយ ការបោកប្រាស និងការលាបពណ៌គ្នា ដែលធ្វើឱ្យអ្នកនយោបាយ និងមហាជនមិនយកចិត្តយកដាក់និងឱ្យតម្លៃលើគោលនយោបាយដោះស្រាយបញ្ហា។ នយោបាយកម្ពុជាត្រូវបានបំពុលដោយវប្បធម៌នយោបាយ​ចាស់គំរឹលនេះ ហើយសម្លឹងមិនឃើញផ្លូវល្អទៅមុខ។ ឧបសគ្គទី២ គឺការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ធ្វើឱ្យគាត់ជាប់ជំពាក់ខ្លាំងនឹងវប្បធម៌នយោបាយចាស់គំរឹល ហើយមិនខ្វល់លើរឿងគោលនយោបាយ គោលការណ៍ និងគុណតម្លៃរបស់គណបក្សនីមួយៗ។
បើទោះបីជាមានឧបសគ្គធំ២ ក៏ដោយ ក៏នៅមានឱកាសធំ៣ ដើម្បីជួយរុញច្រានឱ្យការងារសាងសង់ស្ពានយុត្តិធម៌នេះអាចទៅរួចនៅកម្ពុជា។ ឱកាសទី១ គឺកម្លាំងយុវជនដែលមានគំនិតថ្មី ចង់បានអ្វីដែលថ្មី ហើយត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនៅពេលបោះឆ្នោតម្តងៗ។ ឱកាសទី២ គឺប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលអាចឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានលឿនដោយងាយស្រួលតាមបណ្តាញសង្គមដូចជា Facebook។ ឱកាសទី៣ គឺការមានវត្តមានក្រុមបញ្ញវន្តនិងអ្នកដឹកនាំមូលដ្ឋានចូលរួមក្នុងនយោបាយដោយបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានសេចក្តីក្លាហានហ៊ានប្រើប្រាស់វប្បធម៌នយោបាយថ្មីប្រឈមនឹងវប្បធម៌នយោបាយចាស់គំរឹល ហើយយកចិត្តទុកដាក់លើការបង្កើតគុណតម្លៃ គោលការណ៍ និងគោលនយោបាយកសាងស្ពានយុត្តិធម៌សម្រាប់តភ្ជាប់តំបន់ទីប្រជុំជន និងតំបន់ជនបទ។
ប្រសិនបើវប្បធម៌នយោបាយថ្មីអាចយកឈ្នះវប្បធម៌នយោបាយចាស់គំរឹលបាន នោះស្ពានយុត្តិធម៌អាចនឹងត្រូវកសាងបានដោយជោគជ័យ ហើយរងើកភ្លើងបដិវត្តន៍នឹងរលត់ទាំងស្រុងនៅកម្ពុជា។ បើបេសកកម្មកសាងវប្បធម៌នយោបាយថ្មីមិនទទួលបានជោគជ័យ រងើកភ្លើងបដិវត្តិន៍នឹងនៅបន្តមានវត្តមានក្នុងព្រះរាជាណាចក្រដ៏ស្រស់បំព្រង ហើយទន្ទឹងរង់ចាំតែវាយោនិងក្រុមចាក់សាំងថ្មីណាមួយមកដល់ ដើម្បីឆេះសន្ធោសន្ធៅឡើងវិញម្តងទៀតប៉ុណ្ណោះ៕  

=== ^^^ ===


[1] ពាក្យពេជ និងគោលទស្សនៈនេះត្រូវបានដកស្រង់ពីសៀវភៅ “ចករសាត់កាត់ព្យុះកម្ពុជា” របស់លោក ហៃ លីអ៊ាង ឆ្នាំ ២០១៥។


---
រៀបរៀងដោយ សាម​ អ៊ីន -- ឧសភា ២០១៨

Post a Comment

0 Comments

Ad Code