“ក្នុងនាមជាឪពុកម្តាយ ដល់ពេលមួយ អ្នកនឹងដឹងថា តួនាទីចម្បងរបស់អ្នក មិនមែនក្លាយជាឪពុកម្តាយល្អឥតខ្ចោះ តាមការស្រមៃចង់បានរបស់អ្នកទេ។ តួនាទីចម្បងរបស់អ្នកគឺក្លាយជាឪពុកម្តាយ ដែលកូនអ្នកត្រូវការ ស្របនឹងលក្ខណៈពិសេស នៃជីវិតនិងធម្មជាតិរបស់គេ”។ -- Ayelet Waldman
គួរឱ្យសោកស្តាយ មនុស្សភាគច្រើន ដែលខ្ញុំបានផ្តល់ប្រឹក្សា បានបន្ទោសខ្លួនឯងអំពីរបៀប ដែលគាត់ចិញ្ចឹមកូន។ គាត់មានអារម្មណ៍ថា កូនៗរបស់គាត់ មិនមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ដូចគាត់ចង់បាន មានដូចជា មិនរីករាយ មិនមានអារម្មណ៍ពេញចិត្ត មិនលេងកីឡា មិនសមគួរនឹងចាស់ទុំ មិនឈ្លាសវៃ មិនចេះគោរពគេឯង មិនសូវរៀនសូត្រ មិនរស់រាយ និងមិនមានមហិច្ឆតាធំ ជាដើម។ យើងហាក់ដូចជាភ្លេចថា កូនក្មេងមិនមែនដូចម៉ាស៊ីន ដែលយើងអាចច្នៃ ឬរៀបកម្មវិធី តាមចិត្តយើងចង់បានទេ។ កូនក្មេងម្នាក់ៗវិវត្តធំឡើងជាមួយការរួមផ្សំ នៃបុគ្គលភាព បទពិសោធន៍ជីវិត និងការយល់ឃើញ ជាមួយភាពពិសេសរៀងៗខ្លួន។
ក្លាយជាឪពុកម្តាយគឺជាដំណើរមួយ ដែលនាំមកជាមួយនូវភាពរីករាយនិងភាពចង់ដឹង ជាមួយការទទួលបន្ទុកដ៏ធំក្នុងការចិញ្ចឹមបីបាច់កូន។ វាជួយផ្តល់កម្លាំងចិត្តជាថ្មី ក្នុងការប្រឈមបញ្ហាទាំងឡាយក្នុងជីវិត។ ក៏ប៉ុន្តែ ជាញឹកញាប់ ខ្ញុំបានជួបឪពុកម្តាយជាច្រើន ដែលមិនអាចប្រឈមនឹងបញ្ហាធំៗ ដែលកើតចេញពីការទទួលបន្ទុកចិញ្ចឹមកូន ដែលជារឿងថ្មីក្នុងជីវិតគាត់ ដូចជា កង្វះខាតប្រាក់កាស ការគេងមិនគ្រប់គ្រាន់ និងភាពរវល់ការងារច្រើនហួស។ ភាពសប្បាយក៏ក្លាយជាទុក្ខជាមួយនឹងការផ្លាស់ប្តូរ ក្លាយជាឪពុកម្តាយរបស់គេ ដែលមានភារកិច្ចនិងការទទួលខុសត្រូវច្រើន។
មានពាក្យបុរាណមួយពោលថា ទាល់តែក្លាយជាឪពុកម្តាយគេ ទើបយើងចាប់ផ្តើមកោតសរសើរនិងឱ្យតម្លៃដល់ឪពុកម្តាយរបស់យើង។ មិនថាអ្នកមានទំនាក់ទំនងជាមួយឪពុកម្តាយរបស់អ្នកបែបណាទេ អ្នកត្រូវបង្កើតគោលការណ៍និងផ្លូវដើរជាមួយដៃគូជីវិតអ្នក ក្នុងការចិញ្ចឹមបីបាច់ ថែទាំ និងអប់រំកូនៗរបស់អ្នក។ ប្រសិនបើអ្នករកអានសៀវភៅអំពីភាពជាឪពុកម្តាយចិញ្ចឹមកូន អ្នកនឹងដឹងថា ពុំមានច្បាប់ ឬគោលការណ៍ល្អប្រពៃតែមួយគត់ ដែលអ្នកត្រូវប្រតិបត្តិនោះទេ។ ជំនួសឱ្យគោលការណ៍តែមួយ វាមានវិធីច្រើន ដែលជួយអ្នកក្នុងកាតព្វកិច្ចចិញ្ចឹមបីបាច់កូនក្នុងផ្លូវមួយដែលល្អត្រឹមត្រូវ។ អ្វីដែលសំខាន់សម្រាប់អ្នក គឺអ្នកត្រូវមានភាពជឿជាក់និងអត់ធ្មត់ ក្នុងការចិញ្ចឹមថែទាំកូនៗរបស់អ្នក នៅក្នុងគន្លងមួយ ដែលជួយពួកគេឱ្យធំលូតលាស់ ស្គាល់និងចេះចាត់ចែងជីវិតគេដោយខ្លួនឯង ឆ្ពោះទៅរកភាពរីករាយ និងជោគជ័យ។
ប្រតិបត្តិក្នុងសកម្មភាពជាក់ស្តែង
>> ផ្តល់ជាគំរូកុមារ ជាទូទៅ ពិនិត្យមើល ចាប់យក រៀនសូត្រ និងឆ្លុះបញ្ចាំងនូវអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនគេ ជាពិសេស តាមរយៈការសង្កេត។ អ្នកបង្ហាញទៅគេបែបណា ក្នុងនាមជាឪពុកម្តាយ មានឥទ្ធិពលធំធេងទៅជីវិតរបស់គេ។ ជាមួយនឹងពេលវេលាកន្លងទៅ ចូរកុំភ្ញាក់ផ្អើលនូវអ្វីដែលអ្នកបានឃើញចំពោះទង្វើនៃកូនៗរបស់អ្នក ពីព្រោះមួួយផ្នែកធំ គេបានចម្លងយកពីគំរូដែលអ្នកបានបង្ហាញគេ។ អ្នកត្រូវតែធ្វើនូវអ្វីដែលអ្នកបាននិយាយ ដោយដឹងថា អ្នកគឺជាគំរូរបស់ពួកគេ។ ចូរចងចាំថា ៖
· អ្នកមិនអាចជំរុញកូនៗរបស់អ្នកឱ្យចេះចែករំលែក នៅពេលដែលអ្នកជាមនុស្សកំណាញ់ស្វិតនោះទេ។
· កូនៗរបស់អ្នកមិនអាចធំឡើងផ្តល់ការគោរពស្រឡាញ់ចំពោះអ្នកទេ ប្រសិនបើអ្នកមិនផ្តល់ការគោរពស្រឡាញ់ចំពោះឪពុកម្តាយរបស់អ្នក។
ប្រសិនបើអ្នកពុំមានពាក្យពេចន៍ល្អមានប្រយោជន៍ត្រូវនិយាយទេ ចូរកុំនិយាយ។ ចូរប្រយ័ត្នក្នុងការនិយាយមិនល្អអំពីអ្នកដទៃនៅចំពោះមុខកូនៗរបស់អ្នក។ ប្រសិនបើអ្នកបែកបាក់គ្នាជាប្តីប្រពន្ធ ចូរកុំនិយាយអាក្រក់អំពីអតីតដៃគូជីវិតរបស់អ្នកនៅចំពោះមុខកូនៗ ពីព្រោះអតីតដៃគូជីវិតរបស់អ្នក នៅតែជាម្តាយ ឬឪពុករបស់គេនៅឡើយ។
ដំបូន្មានដ៏ល្អដែលខ្ញុំចង់ផ្តល់ជូនអ្នក គឺព្យាយាមក្លាយជាបុគ្គលដ៏ល្អ ដែលកូនៗរបស់អ្នកចង់រៀនសូត្រនិងធ្វើតាម។
>> ទុកឱ្យកូនៗរបស់អ្នកស្វែងរកនិងស្វែងយល់ពីខ្លួនគេ
ចូរផ្តល់ឱកាសនិងគាំទ្រឱ្យកូនៗរបស់អ្នកស្វែងរកភាពចូលចិត្ត មហិច្ឆតា ក្តីស្រមៃ និងជំនឿរបស់គេ។ ចូរអានរឿងព្រេងនិទានឱ្យគេស្តាប់ ហើយលើកទឹកចិត្តឱ្យគេមានក្តីស្រមៃ បង្កើតភាពច្នៃប្រឌិត និងបណ្តុះមហិច្ឆតាធំ។ អនុញ្ញាតឱ្យគេមានចម្ងល់ និងបង្កលទ្ធភាពឱ្យគេរីកលូតលាស់ឡើង។ ទុកឱ្យភាពពិសេសខុសគេរបស់គេម្នាក់ៗបង្ហាញចេញមកដល់ពិភពលោក។ សូមប្រយ័ត្នប្រយែងក្នុងការជំរុញលើកទឹកចិត្តគេឱ្យធ្វើអ្វីមួយ ដោយចៀសវាងការបង្ខំ តាមចំណង់ និងការយល់ឃើញរបស់អ្នក។ ចូរកុំរុញគេឱ្យធ្វើសកម្មភាព ដោយសារអ្នកឃើញអតីតកាលរបស់គេ ឬការចង់បានរបស់អ្នក។ សូមលើកទឹកចិត្តគេឱ្យរកដំណោះស្រាយដោយខ្លួនឯង និងស្វែងរកចម្លើយដោយខ្លួនគេ ទៅលើសំណួរដែលគេឆ្ងល់។ ចូរបង្រៀនគេឱ្យចេះរកត្រី ជាជាងផ្តល់ត្រីឱ្យគេ ជាប្រចាំ។ សូមតាំងចិត្តរៀនទទួលយកនិងយល់អំពីជម្រើសរបស់គេ។
=== ^^^ ===
> ប្រែសម្រួលដោយ សាម អ៊ីន -- កក្កដា ២០២៤
ដកស្រង់ពីអត្ថបទ “Be the best parent” in the book of Nigel Cumberland (2016): 100 things successful people do. Little exercises for successful living.
>> អត្ថបទទាក់ទង ៖
0 Comments