ការបដិសេធមិនព្រមអត់ឱន មិនព្រមផ្តល់ការអភ័យទោស នឹងមិនធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ល្អប្រសើរសោះឡើយ។ អ្វីៗដែលអ្នកកំពុងធ្វើ គឺការប្រកាន់ខ្ជាប់នូវអារម្មណ៍ខកចិត្ត ខឹងសម្បារ និងច្រណែន ដែលវាមិនផ្តល់ផលល្អសោះឡើយសម្រាប់អ្នក។ លោកអតីតប្រធានាធិបតីអាព្រិចខាងត្បូង ណែលសិន ម៉ាន់ដេឡា ធ្លាប់មានប្រសាសន៍ថា “ការខឹងគុំកួន និងមិនព្រមអត់ឱនចំពោះនរណាម្នាក់ ប្រៀបដូចជាការផឹកថ្នាំពុលចូលក្នុងខ្លួន ហើយសង្ឃឹមថា ម្នាក់នោះនឹងស្លាប់នាពេលខាងមុខ។”
ផ្តល់ការអត់ឱនដល់អ្នកដទៃ វាដើរទន្ទឹមគ្នាជាមួយការកសាងភាពជឿជាក់លើខ្លួនឯង និងជាមួយអ្នកដទៃឡើងវិញ។ នៅពេលដែលមានភាពល្អក់កករកើតឡើងនៅក្នុងទំនាក់ទំនង អ្នកមានជម្រើសក្នុងការដើរចេញពីគ្នា ឬកសាងភាពស្និទស្នាលឡើងវិញ។ ការអត់ឱនជួយអ្នកឱ្យចាកចេញពីអារម្មណ៍អវិជ្ជមាន ភាពមិនទុកចិត្តគ្នា និងចំណងនៃការខឹងគុំកួន ហើយជួយអ្នកក្នុងការកសាងទំនាក់ទំនងល្អឡើងវិញ។
ប្រតិបត្តិជាក់ស្តែងក្នុងជីវិត
>> ស្មោះត្រង់ជាមួយខ្លួនឯងថា តើនៅទីណា ដែលការអត់ឱនត្រូវការចាំបាច់ជាញឹកញាប់ យើងតែងបោកបញ្ឆោតចិត្តខ្លួនឯងថា យើងមិនមានអ្វីត្រូវអត់ឱនឱ្យអ្នកដទៃទេដូចជាការប្រើពាក្យថា ៖
· ពិតប្រាកដហើយ! ខ្ញុំមិនខឹងទេ ដែលខ្ញុំមិនត្រូវគេដំឡើងឋានៈនៅកន្លែងការងារ។
· មិនថ្វីទេ ដែលសហការីរបស់ខ្ញុំលួចគំនិតរបស់ខ្ញុំ ទៅបង្ហាញប្រាប់គេឯងថា ជាគំនិតរបស់គាត់។
· ទេ! ខ្ញុំមិនឈឺចាប់ទេ ដែលដៃគូរបស់ខ្ញុំបានផិតក្បត់ខ្ញុំ។
ចូរគិតពិចារណាមើលថា តើអ្វីដែលបានធ្វើឱ្យអ្នកឈឺចាប់ តែអ្នកបដិសេធ។ ចូរមានភាពស្មោះត្រង់ជាមួយខ្លួនឯង។ ជាញឹកញាប់ អ្នកតែងបង្ហាញប្រាប់អ្នកដទៃថា អ្នកមិនអីទេ! យើងតែងមិនចង់បង្ហាញអារម្មណ៍ពិតរបស់យើង ឱ្យគេដឹង ហើយនេះជារឿងធម្មតា។
>> ស្វែងរកផ្លូវសមស្របសម្រាប់ផ្តល់ការអត់ឱន
តើអ្នកផ្តល់ការអត់ឱនយ៉ាងណា វាជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែ អ្នកត្រូវតែច្បាស់ខ្លួនឯងថា តើអ្នកត្រៀមខ្លួនសម្រាប់ការអត់ឱនដល់គេហើយឬនៅ។ ក្នុងករណីខ្លះ អ្នកអាចសម្រេច ដោយប្រាប់ផ្ទាល់អំពីការអត់ឱនរបស់អ្នកដល់គេ។ ការសរសេរក៏ជាជម្រើសដ៏ល្អដែរ ដែលអាចព្យាបាលឱ្យទំនាក់ទំនងជាសះស្បើយឡើងវិញ។ វាមិនសំខាន់ទេ ដែលថា តើគេចង់បាន ឬមិនចង់បានការអត់ឱននេះ។ ជម្រើសផ្សេងទៀត អ្នកគ្រាន់តែនិយាយប្រាប់គ្រួសារអ្នក ឬមិត្តជិតស្និទ្ធរបស់អ្នក ថាអ្នកបានអត់ឱនដល់បុគ្គលនោះហើយ ហើយអ្នកបន្តដំណើរទៅមុខទៀត ដោយលែងជាប់ជំពាក់នឹងការប្រកាន់ខឹងគាត់ទៀតហើយ។
=== ^^^ ===
> ប្រែសម្រួលដោយ សាម អ៊ីន -- កញ្ញា ២០២៤
ដកស្រង់ពីអត្ថបទ “Forgive others” in the book of Nigel Cumberland (2016): 100 things successful people do. Little exercises for successful living.
>> អត្ថបទទាក់ទង ៖
0 Comments