“វាមិនអាចទៅរួចទេ ដែលរស់នៅដោយគ្មានភាពបរាជ័យចំពោះរឿងមួយចំនួន លើកលែងតែអ្នកប្រយ័ត្នជ្រុលហួសហេតុរហូតលែងហ៊ានធ្វើអ្វីសោះ ហើយបើបែបនេះគឺជីវិតអ្នកជាជីវិតបរាជ័យដោយចៀសមិនរួច។” – J. K. Rowling
តើអ្នកធ្លាប់ជួបភាពបរាជ័យចំពោះរឿងអ្វីមួយនៅពេលណា? ឬក៏និយាយម្យ៉ាងទៀតថា តើពេលណាក្នុងមួយរយៈក្រោយនេះ អ្នកលែងហ៊ានធ្វើអ្វីមួយ ដោយភ័យខ្លាចនឹងភាពបរាជ័យ? ការព្រួយបារម្ភអំពីភាពបរាជ័យត្រូវបានចាត់ទុកជាមូលហេតុចម្បងរបស់យើងក្នុងការមិនអាចឈានទៅសម្រេចក្តីស្រមៃរបស់យើង។ ខ្ញុំមានភាពនឿយហត់ក្នុងការបង្រៀនមនុស្ស ដែលភ័យខ្លាចមិនចង់ផ្លាស់ប្តូរនៅក្នុងជីវិតរបស់គេ។ ខ្ញុំបានសួរពួកគេជាញឹកញាប់ថា តើគេគិតថា នឹងមានរឿងអ្វីអាក្រក់បំផុតកើតឡើង ក្នុងការផ្លាស់ប្តូរការងាររបស់គេ ក្នុងការចាកចេញពីទំនាក់ទំនងមួយដែលរងទុក្ខជាប្រចាំ ឬក៏ផ្លាស់ប្តូរជីវិតមួយ ដែលគេចង់បាន? ចម្លើយរបស់គេ មិនផ្តល់ហេតុផលសមរម្យសោះ ក្នុងការមិនហ៊ានសម្រេចចិត្តធ្វើការផ្លាស់ប្តូរ។
ចូរប្រយ័ត្នប្រយែងក្នុងការរស់នៅជីវិតមួយ ដែលខ្វល់ច្រើន ខ្លាចច្រើន ហើយមិនហ៊ានផ្លាស់ប្តូរសោះ។ ជាញឹកញាប់ ភាពបរាជ័យ ដែលយើងភ័យខ្លាចអំពីវា វានៅសែនឆ្ងាយអំពីការពិតជាក់ស្តែង។
ក្តីព្រួយបារម្ភដ៏ធំមួយ ដែលច្រើនរាំងខ្ទប់បុគ្គលដែលមានមហិច្ឆតាធំ គឺភាពបរាជ័យដែលអាចកើតឡើង ធ្វើឱ្យគាត់បាក់មុខ។ ភាគច្រើន យើងចូលចិត្តផ្តោតទៅលើរឿងថា តើអ្នកផ្សេងគិតបែបណា ពេលយើងបរាជ័យ ហើយការនេះធ្វើឱ្យយើងមិនហ៊ានឈានទៅសម្រេចក្តីស្រមៃរបស់យើង។ តទៅនេះគឺជាការពិតមួយ ដែលអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើល។ ជាទូទៅ អ្នកដទៃចំណាយពេលតិចតួចស្តួចស្តើងណាស់គិតអំពីរឿងរបស់អ្នក តិចជាងច្រើនណាស់នៃការគិតនិងការយល់ឃើញរបស់អ្នក។ ចូររៀនចាប់យកភាពងាយស្រួល កុំខ្វល់ច្រើនអំពីការគិតរបស់អ្នកដទៃ ក្នុងការជ្រើសធ្វើអ្វីមួយឈានទៅសម្រេចគោលដៅរបស់អ្នក។
ចូរកត់សម្គាល់នូវកាលវេលាសមស្របក្នុងការសម្រេចបោះជំហ៊ានទៅមុខធ្វើរឿងថ្មីសម្រាប់ជីវិតអ្នក។ ចូរផ្តោតលើរឿង ដែលមានសារៈសំខាន់ខ្លាំងសម្រាប់គោលដៅជីវិតអ្នក។ ពិនិត្យថ្លឹងថ្លែងមើលដោយសតិបញ្ញាខ្លួនឯងអំពីសក្តានុពលជោគជ័យ ប្រៀបធៀបជាមួយហានិភ័យទាំងឡាយនៃភាពបរាជ័យ។ វាមានសុភាសិតនិងគតិបណ្ឌិតនៃបុគ្គលល្បីៗជាច្រើន ដែលបានផ្តល់ដំំបូន្មានថា វាប្រសើរជាង ក្នុងការសាកល្បងហើយបរាជ័យ ជាជាងមិនហ៊ានសាកល្បងអ្វីសោះ។ បើអ្នកត្រលប់មើលក្រោយឡើងវិញក្នុងដំំណើរជីវិតអ្នក អ្នកអាចនឹងស្តាយក្រោយចំពោះឱ្យកាសផ្លាស់ប្តូរទាំងឡាយ ដែលអ្នកមិនហ៊ានចាប់យក។
ប្រតិបត្តិជាក់ស្តែងក្នុងជីវិត
>> រៀនចាប់យកហានិភ័យ ដោយចេះគិតពិចារណាជានិច្ចជាកាល អ្នកតែងមានមូលហេតុអ្វីមួយជានិច្ចក្នុងការមិនហ៊ានធ្វើអ្វីមួយ។ ហានិភ័យមាននៅគ្រប់ទីកន្លែង ហើយរឿងអ្វីក៏ដោយដែលអ្នកធ្វើ អាចនឹងជួបនូវភាពបរាជ័យ។ អ្នកប្រហែលជាធ្លាប់ស្គាល់មនុស្សមួយចំនួន ដែលមិនហ៊ានធ្វើរឿងខ្លះ ដែលមើលទៅដូចជាងាយស្រួលសម្រាប់អ្នក ដូចជា អ្នកខ្លះមិនហ៊ានជិះយន្តហោះ ដោយសារខ្លាចយន្តហោះធ្លាក់ ឬក៏មិនហ៊ាននិយាយជាសាធារណៈ ដោយសារខ្លាចគេសើចចំអក។ ដោយការពិត យើងម្នាក់ៗសុទ្ធតែមានសេចក្តីភ័យខ្លាចនូវរឿងមួយចំនួនរៀងៗខ្លួន។
ដើម្បីសម្រេចរឿងថ្មី និងឈានទៅផ្លាស់ប្តូរជីវិតអ្នក អ្នកចាំបាច់ត្រូវហ៊ានសាកល្បងធ្វើរឿងថ្មី ដោយចេះគិតពិចារណាអំពីហានិភ័យ និងវិធីកាត់បន្ថយវា។ ហានិភ័យមួយចំនួនជារឿងដែលអ្នកធ្លាប់ឆ្លងកាត់ ហើយមួយចំនួនទៀតអាចជារឿងថ្មីនៅលើផ្លូវជីវិត ដែលអ្នកមិនធ្លាប់ឆ្លងកាត់។
ចូរគិតពិចារណាមើល តើពេលវេលាសម្រាប់ពង្រីកព្រំដែន និងរំលងរនាំងក្នុងជីវិតបានមកដល់ហើយឬនៅសម្រាប់អ្នក។
>> ស្វែងរកមើល និងរៀនសូត្រអំពីបុគ្គលគំរូទាំងឡាយ
ចូររៀបបញ្ជីឈ្មោះនៃមនុស្សដែលធ្លាប់ឆ្លងកាត់ឧបសគ្គនិងសេចក្តីភ័យខ្លាចទាំងឡាយ ហើយឈានឆ្ពោះទៅសម្រេចជោគជ័យក្នុងជីវិត។ បុគ្គលទាំងនេះនឹងអាចក្លាយជាគ្រូរបស់អ្នក ហើយព្យាយាមស្វែងរកជួបគាត់ ដើម្បីទទួលយកការប្រឹក្សា។ ក្រុមគាត់អាចជួយអ្នកឱ្យពិនិត្យមើលជម្រើសទាំងឡាយ ដែលអ្នកប្រឈម និងជួយអ្នកឱ្យចេះថ្លឹងថ្លែងពិចារណាចំណុចវិជ្ជមាននិងអវិជ្ជមាន ដើម្បីសម្រេចចិត្ត។ គាត់អាចជួយអ្នកឱ្យមានជំនឿចិត្តលើខ្លួនឯងក្នុងការចាប់យកហានិភ័យថ្មីនិងចាំបាច់ទាំងឡាយ ក្នុងការសាកល្បងធ្វើរឿងថ្មី។ យ៉ាងណាក៏ដោយ អ្នកអាចបរាជ័យ ហើយត្រូវសាកល្បងជាថ្មីជាមួយវិធីផ្សេង។ នេះជាតម្លៃដែលអ្នកត្រូវបង់នៅក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ។
> ប្រែសម្រួលដោយ សាម អ៊ីន -- មិថុនា ២០២៥
ដកស្រង់ពីអត្ថបទ “Forgive others” in the book of Nigel Cumberland (2016): 100 things successful people do. Have the courage to fail.
>> អត្ថបទទាក់ទង ៖
0 Comments