Ticker

6/recent/ticker-posts

ដកស្រង់មេរៀនពីសត្វតោដែលបាត់កិត្យានុភាព

 


បើយើងចេះសង្កេតមើលដំណើរជីវិតសត្វតោដ៏មានអំណាច ដែលធ្លាប់គ្រប់គ្រងព្រៃព្រឹក្សាទាំងមូល​ ដែលសត្វផងទាំងពួងខ្លបខ្លាចនៅពេលកំពុងមានថាមពលខ្លាំង ប៉ុន្តែ ក្រោយមកក៏ឈានទៅបាត់កិត្យានុភាព ដោយសារចាស់ជរា កម្លាំងថមថយ និងមានជំងឺ សត្វផងទាំងពួងលែងកោតខ្លាច និងសត្វខ្លះឈានមកប្រមាថនិងរុកកួនថែមទៀត។ តើយើងអាចរៀនសូត្រអ្វីខ្លះសម្រាប់ភាពជាអ្នកដឹកនាំនៅក្នុងសង្គមមនុស្ស ចេញពីដំណើរជីវិតរបស់សត្វតោ?


១. មនុស្សចូលចិត្តចងចាំរឿងអាក្រក់ជាងរឿងល្អ

នៅក្នុងភាពជាអ្នកដឹកនាំ អ្នកអាចធ្វើរឿងល្អរាប់ពាន់ដង ប៉ុន្តែកំហុសឆ្គងមួយធ្វើឱ្យមនុស្សមើលរំលងរឿងល្អទាំងអស់នោះ។ វាជាធម្មជាតិទូទៅរបស់មនុស្ស ដែលចូលចិត្តផ្តោតលើរឿងអវិជ្ជមាន។ ដូច្នេះ ចូរកំណត់គោលបំណងឱ្យច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្តនិងធ្វើសកម្មភាព។

ចូរកសាងមរតករបស់អ្នកជាមួយភាពស្មោះត្រង់យូរអង្វែង​ ជាជាងភាពអស្ចារ្យមួយភ្លែតៗ។

២.​ កុំវាយបំពាក់អ្នកដទៃពេលអ្នកស្ថិតនៅទីខ្ពស់

អំណាចពុំមែនជាអាជ្ញាប័ណ្ណអនុញ្ញាតិសម្រាប់ការកៀបសង្កត់ទេ ប៉ុន្តែជាការទទួលខុសត្រូវសម្រាប់ការជួយនិងលើកស្ទួយអ្នកដទៃ។ ប្រសិនបើអ្នកប្រើអំណាចសម្រាប់កៀបសង្កត់ ឬបង្កការឈឺចាប់ដល់អ្នកដទៃ វានឹងបំផ្លាញមរតករបស់អ្នក ពេលអ្នកលែងស្ថិតនៅទីខ្ពស់។

ចូររក្សាកិត្តិនាមរបស់អ្នក ដោយដឹកនាំជាមួយគុណធម៌ យុត្តិធម៌ និងការគោរព។ ភាពជាអ្នកដឹកនាំដែលរុកកួនអ្នកដទៃនឹងបន្សល់ទុកនូវដានមួយនៃការចងគំនុំ និងភាពឯកា។

៣. កសាងក្រុមរបស់អ្នកជាមួយសុចរិតភាព ចៀសវាងប្រើការបន្លាច

មិនថាអ្នកមានអំណាចកម្រិតណា ឬមួយក្រុមរបស់អ្នកមានជំនាញខ្លាំងបែបណា ប្រសិនបើភាពជាអ្នកដឹកនាំរបស់អ្នកពឹងលើការបន្លាច ឬការបំភ្លៃ ការគាំទ្រនិងការគោរពចំពោះអ្នកនឹងបាត់បង់ នៅពេលដែលអ្នកលែងឈរនៅទីតាំងមានអំណាច។ សូម្បីចំពោះសត្វតោដ៏មានអំំណាច ដែលធ្លាប់ជាស្តេចក្នុងព្រៃ ភាពខ្លាំងពូកែទាំងឡាយនឹងចាកចេញពីវា នៅពេលជិវិតវាឈានដល់ភាពចាស់ជរា លែងមានថាមពល។

ភាពស្មោះស្ម័គ្រពិតប្រាកដកសាងឡើងដោយទំនុកចិត្ត គុណធម៌ និងការដឹកនាំដោយស្មោះត្រង់។ ចូរកសាងក្រុមរបស់អ្នកជាមួយគុណធម៌ គុណតម្លៃ ភាពស្មោះត្រង់ ដែលវាមិនសាបរលត់ទៅជាមួយពេលវេលា ដែលអ្នកត្រូវចាកចេញពីទីតាំងមានអំណាច។

៤. អំណាចនិងឋានៈមានពេលកំណត់ ចូរប្រើវាឱ្យបានល្អ

អំណាចដឹកនាំជារដូវកាលមួយដែលមានដែនកំណត់ ហើយនឹងរសាត់បាត់ទៅវិញនៅពេលណាមួយ។ ចូរប្រើពេលវេលាកំពុងមានអំណាចកសាងអ្វីដែលមានប្រយោជន៍ ដូចជា​ពង្រឹងសមត្ថភាពក្រុមការងាររបស់អ្នក ពង្រឹងស្ថាប័នរបស់អ្នក សុខភាពរបស់អ្នក សុភមង្គលគ្រួសារអ្នក ភាពលូតលាស់នៃកូនៗរបស់អ្នក នឹងអនាគតរបស់អ្នក។ ចូរកុំងងឹតភ្នែកដោយសារឋានៈតួនាទី ឬការសរសើរបញ្ជោរ។

ចូរត្រៀមរៀបចំខ្លួនសម្រាប់ពេលវេលាដែលពន្លឺភ្លើងលែងចែងចាំងមករកអ្នក ឬហ្វូងមនុស្សទាំងឡាយចាកចេញពីអ្នក។ ចូរដឹកនាំថ្ងៃនេះ ដោយត្រៀមគិតទុកសម្រាប់ថ្ងៃស្អែក។

៥. អំណាចថ្ងៃនេះត្រូវធានាសុខសន្តិភាពសម្រាប់ថ្ងៃស្អែក

រាល់សេចក្តីសម្រេចចិត្តដែលអ្នកធ្វើកំពុងមានអំណាចនឹងផ្តល់ផលជះនាពេលអនាគត។ ចូរប្រើអំណាចរបស់អ្នកក្នុងការដាំបណ្តុះគ្រាប់ពូជសន្តិភាព ការគោរព និងគុណធម៌។ សត្វតោដ៏មានអំណាចបានចំណីឆ្ងាញ់ និងសត្វផ្សេងខ្លាចរអា នៅពេលវាមានថាមពលខ្លាំង ប៉ុន្តែភាគច្រើន ជីវិតវារស់នៅក្នុងភាពឯកានិងទុក្ខសោក នៅដំណាក់កាលចុងក្រោយ ដោយសារវាគ្រប់គ្រងព្រៃព្រឹក្សាជាមួយភាពសាហាវព្រៃផ្សៃ ដោយខ្វះគុណធម៌។

ឋានៈតួនាទីនិងសិទ្ធិអំណាចនឹងអស់សុពលភាពនាពេលណាមួយ ប៉ុន្តែអត្តចរិតនិងគុណធម៌អាចនៅស្ថិតស្ថេរយូរអង្វែងក្នុងបេះដូងមនុស្ស។​ ចូរដឹកនាំនៅក្នុងផ្លូវមួយ ដែលអនាគតរបស់អ្នកនឹងអរគុណដល់អតីតកាលរបស់អ្នក។​

=== ^^^ ===

> ប្រែសម្រួលដោយ សាម អ៊ីន​ -- កក្កដា ២០២៥

> ប្រែសម្រួលពី Facebook page – Adventist YOUTH, June 2025

>> អត្ថបទទាក់ទង ៖

១. ភាពជាអ្នកដឹកនាំ​ ៥កម្រិត
២. ច្បាប់នៃភាពជាអ្នកដឹកនាំ ២១ប្រការ
៣. ច្បាប់មាសនៃភាពជាអ្នកដឹកនាំ

Post a Comment

0 Comments

Ad Code