Ticker

6/recent/ticker-posts

ប្រើរឿងនិទានដើម្បីជំរុញចិត្ត

 


´ហេតុអ្វីពាក្យពេចន៍របស់ លោក Jim Rohn ជំរុញមនុស្សឱ្យធ្វើសកម្មភាព ហើយជំនាញនេះជារឿងដែលអ្នកអាចរៀនបាន។`

ពាក្យប្រៀនប្រដៅជាច្រើននិយាយចេញមក តែគ្មានឥទ្ធិពល។ អ្នកខ្លះនិយាយមកកាន់អ្នកថា "ចូរខំធ្វើការ" ឬ "គិតវិជ្ជមាន" ហើយបន្ទាប់មកពាក្យទំាងនោះក៏ចាកចេញពីអ្នកទៅ ដោយមិនបន្សល់ដានអ្វីទេ។ អ្នកងក់ក្បាល អ្នកយល់ស្រប តែមិនជំរុញឱ្យមានការផ្លាស់ប្តូរអ្វីទេ។ ប៉ុន្តែ អ្នកពូកែទំនាក់ទំនងអាចធ្វើឱ្យពាក្យពេចន៍នៅជិតជាប់។ គាត់និយាយអំពីអ្វីមួយ ហើយវាជួយឱ្យអ្នកផ្លាស់ប្តូរការគិត និងនៅជិតជាប់ក្នុងចិត្តអ្នករាប់ទសវត្សរ៍។

លោក Jim Rohn ជាប្រភេទនៃអ្នកពូកែទំនាក់ទំនងបែបនេះ។ ក្នុងរយៈពេល៤០ឆ្នំាកន្លងមកនេះ គាត់និយាយទៅកាន់មនុស្សមិនតិចជាង៥លាននាក់ទេ ក្នុងចំណោមជំនួបមហាជនជាង៦០០០ដង។ យ៉ាងណាក៏ដោយ ឥទ្ធិពលរបស់គាត់ មិនស្ថិតនៅលើចំនួនទេ ប៉ុន្តែ គឺនៅលើបច្ចេកទេសនៃការនិយាយរបស់គាត់។ គាត់មិនមែនគ្រាន់តែជាអ្នកផ្តល់ព័ត៌មានទេ គាត់ថែមទំាងបានផ្តល់រូបភាព ដែលអាចជួយអ្នកឱ្យមើលឃើញអំពីការផ្លាស់ប្តូរជីវិតរបស់អ្នកបាន។ គាត់និទានរឿង ដែលជំរុញចិត្តអ្នកឱ្យចង់ផ្លាស់ប្តូរ ហើយការចង់ផ្លាស់ប្តូរនេះមិនមែនកើតឡើងដោយសារគាត់ទាមទារទេ ប៉ុន្តែ ដោយសារអ្នកមិនអាចនៅស្ងៀមបាន ក្រោយពីបានឃើញរូបភាពចេញពីការនិទានរបស់គាត់។

ព័ត៌មានដែលល្អគឺនៅត្រង់ថា ជំនាញនេះគឺជារឿងដែលអ្នកអាចរៀនពីគាត់បាន។ មិនថាអ្នកកំពុងដឹកនំាក្រុមការងារ ចិញ្ចឹមអប់រំកូន ធ្វើធុរកិច្ច ឬមួយកំពុងដោះស្រាយបញ្ហាជាមួយនរណាម្នាក់ ដែលសំខាន់ចម្បង ភាពខុសគ្នារវាងពាក្យពេចន៍ ដែលនិយាយហើយដក់ជាប់ ឬរសាយបាត់ទៅ វាអាស្រ័យទៅលើរបៀបដែលអ្នករៀបចំបង្កើតវាឡើង។

បញ្ហានៃពាក្យប្រៀនប្រដៅដែលមិនទាក់ចិត្ត

និយាយប្រដៅនរណាម្នាក់ឱ្យធ្វើអ្វីមួយកម្រនឹងបានផលណាស់។ ពាក្យដូចជា "អ្នកគួររៀនសន្សំលុយ។", "អ្នកចំាបាច់ត្រូវហាត់ប្រាណ។", "ចូរឈប់ពន្យាពេលទៅ។" ពាក្យប្រៀនប្រដៅទំាងនេះវាត្រឹមត្រូវក្នុងន័យបច្ចេកទេស ប៉ុន្តែសម្រាប់

ការប្រតិបត្តិជាក់ស្តែងវាអត់ប្រយោជន៍។ អ្នកស្តាប់គេដឹងអស់ហើយរឿងទំាងនេះ អ្វីដែលគេត្រូវការមិនមែនព័ត៌មានទេ តែគឺការជំរុញចិត្ត។

លោក Rohn យល់ដឹងអំពីគម្លាតនេះ។ គាត់ដឹងថា ភាពសមហេតុផលជួយឱ្យមនុស្សគិត ប៉ុន្តែ គឺរូបភាពទេដែលជំរុញឱ្យមនុស្សធ្វើចលនា។ វិធីសាស្រ្តរបស់គាត់ គឺរំលងចោលនូវការជជែកដេញដោលផ្នែកគំនិត ប៉ុន្តែ និយាយសំដៅទៅចាក់បេះដូងរបស់យើង ឱ្យឆ្លើយតបទៅលើរូបភាព ដែលគាត់និទាន ដែលទាក់ទាញអារម្មណ៍។

´ពាក្យពេចន៍មានតួនាទីធំចម្បងពីរ វាផ្តល់ជាអាហារសម្រាប់ការគិត និងជាពន្លឺសម្រាប់ការយល់ដឹង។ `

ចូរយកចិត្តទុកដាក់ទៅលើន័យធៀបនៅក្នុងឃ្លាខាងលើ។ ពាក្យអាហារសម្រាប់ការគិត ពាក្យពន្លឺសម្រាប់ការយល់ដឹង។ លោក Rohn មិនព្យាយាមពន្យល់ថា ពាក្យវាមានភាពសំខាន់ទេ គាត់ចង់ឱ្យអ្នកពាល់អារម្មណ៍នៃតួនាទីរបស់វា។ អាហារចិញ្ចឹមរាងកាយ ពន្លឺបង្ហាញឱ្យឃើញ។ ឥឡូវនេះ <ពាក្យពេចន៍ដែលផ្ទុកន័យថាសំខាន់> បានបង្ហាញរូបរាង និងមានទម្ងន់ ដែលយើងអាចឃើញ អាចពាល់បាន។

នេះហើយជាគោលការណ៍ទី១នៃការធ្វើទំនាក់ទំនងដែលមានឥទ្ធិពល គឺការបំលែងគោលគំនិតឱ្យទៅជារូបភាព ដែលអាចមើលឃើញ។

បច្ចេកទេសប្រើពាក្យពេចន៍ដែលផ្តល់រូបភាព

ពាក្យលោក Rohn ដែលបង្កចលនាគឺពាក្យពេចន៍ដែលមានរូបភាព ពាក្យដែលមានរូបភាពរស់រវើក និងមានខ្លឹមសារខ្លីងាយយល់ ដែលធ្វើឱ្យគោលគំនិតស្មុគស្មាញប្រែជាមានរូបភាពងាយយល់។ គាត់មិនប្រើពាក្យថា "ចូរចាប់យកឱកាសឱ្យបានលឿន។" គាត់រៀបរាប់ប្រាប់អ្នកអំពីការជិះយន្តហោះ Concorde ដោយអាចសម្លឹងមើលទេសភាពព្រះអាទិត្យរៀបលិចដ៏ស្រស់ស្អាត បានដល់ទៅពីរដងក្នុង១ថ្ងៃ រួចហើយនិយាយថា "ចូរបញ្ចូលវាទៅក្នុងបញ្ជីគោលដៅវិសមកាលរបស់អ្នកទៅ។" មួយរំពេចនោះ គោលដៅវិសមកាលរបស់អ្នកលែងគ្រាន់តែជាការបង្ហាញប្រាប់បែបសូត្រទេសនាទៀតហើយ តែជារូបភាពមួយ ដែលអ្នកអាចស្រមៃមើលឃើញដោយខ្លួនឯង។

គាត់មិននិយាយប្រដៅអ្នកថា "ចូរគិតវិជ្ជមានពេលជួបស្ថានភាពលំបាក។" គាត់បរិយាយអំពីសត្វស្រមោច ដែលនឹកគិតដល់រដូវក្តៅដែលស្រស់ស្អាត ពេលកំពុងប្រឈមក្នុងរដូវត្រជាក់។

´សត្វស្រមោចនឹកគិតដល់រដូវក្តៅ ពេលកំពុងស្ថិតនៅរដូវត្រជាក់។ ពេលវេលាគិតអំពីរឿងវិជ្ជមាន គឺពេលដែលកំពុងប្រឈមនឹងរឿងអវិជ្ជមាន។ ហេតុអ្វី? ពីព្រោះវាជួយផ្តល់កម្លំាងក្នុងការប្រឈម ដោយការគិតថា រឿងអវិជ្ជមាននៅមិនយូរទេ។ រដូវរងារនឹងកន្លងផុតទៅ ហើយរដូវក្តៅនឹងចូលមកដល់ យើងជិតឆ្លងផុតការលំបាកហើយ។`

រូបភាពអំពីសត្វស្រមោចផ្តល់រឿងសំខាន់ចម្បងបី។ វាធ្វើឱ្យការស៊ូទ្រំាមានភាពជាក់លាក់។ វាធ្វើឱ្យការគិតវិជ្ជមានមានលក្ខណៈត្រឹមត្រូវបែបធម្មជាតិ មិនមែនចេះតែបង្ខំបែបងងឹតងងុលទេ។ ហើយចុងក្រោយ វាជួយចិត្តអ្នកឱ្យមានកម្លំាងក្នុងការប្រឈមនឹងពេលវេលាលំបាក។ ពេលក្រោយមកទៀត ក្នុងការជួយនរណាម្នាក់ពេលប្រឈមនឹងបញ្ហា ចូរប្រើវីធី "នឹកគិតដល់រដូវក្តៅដ៏ស្រស់ស្អាត ពេលកំពុងប្រឈមនៅក្នុងរដូវរងារ" ដែលជាវិធីងាយស្រួលក្នុងការបរិយាយប្រាប់ ជាជាងការផ្តល់ដំបូន្មានឆៅ ដោយនិយាយងាយថា ចូរគិតវិជ្ជមានទៅ។

    សម្រាប់អ្នកដឹកនំា និងអ្នកធ្វើការទំនាក់ទំនង មេរៀនគឺច្បាស់លាស់ជាក់ស្តែង ៖ មុននឹងអ្នកចង់និយាយអំពីចំណុចសំខាន់ណាមួយ ចូរសួរខ្លួនអ្នកថា តើចំណុចនោះមានរូបរាងបែបណា។ តើអ្នកអាចបង្ហាញរូបភាពនោះបានទេ? តើអ្នកអាចធ្វើឱ្យគេមើលឃើញរូបភាពនោះបានទេ?

ប្រើការឧបមាជាអំណះអំណាង

    ក្រៅពីពាក្យពេចន៍មានរូបភាព លោក Rohn ក៏ចូលចិត្តប្រើការឧបមា ដើម្បីជួយដាស់ឱ្យមនុស្សអាចយល់អំពីស្ថានការណ៍ខ្លួនឯងបានច្បាស់។ ទស្សនៈដ៏ល្បីល្បាញអំពី "រដូវនៃជីវិត" របស់គាត់បានផ្លាស់ប្តូរការគិតរបស់មនុស្សជាច្រើនអំពីគ្រាលំបាក និងឱកាស។

រដូវផ្ការីក គឺជាពេលវេលានៃការដំាដុះ។ រដូវក្តៅ គឺជាកាលវេលានៃការថែទំា នូវអ្វីដែលយើងបានដំា។ រដូវស្លឹកឈើជ្រុះមកដល់ គឺជាពេលវេលានៃការច្រូតយកផល។ អ្នកមិនអាចចរចាដើម្បីផ្លាស់ប្តូរខួបនៃរដូវកាលបានទេ។ ហើយរដូវរងារត្រជាក់តែងមកដល់ផងដែរ។ ជាមួយនឹងការរៀបរាប់បែបឧបមាដំណើរជីវិតទៅនឹងខួបនៃរដូវកាលនៃការធ្វើកសិកម្ម លោក Rohn បានរៀបរាប់ដំណើរជីវិតទៅនឹងអ្វីមួយ ដែលមនុស្សស្គាល់គ្រប់គ្នា ដែលកើតឡើងមិនអាចប្រកែកបាន ហើយងាយយល់។

នេះហើយជាប្រើការឧបមាជាអំណះអំណាង។ អ្នកអាចជជែកប្រកែកថា តើគេត្រូវតែចំាបាច់រៀបចំសម្រាប់គ្រាលំបាកដែរទេ។ ប៉ុន្តែ អ្នកមិនអាចជជែកប្រកែកថា តើរដូវត្រជាក់រងារ នឹងមកដល់ ឬមិនមកទេ។ ការឧបមា គឺជាការខ្ចីអំណាចចេញពីបាតុភូតធម្មជាតិ ដែលគេដឹងឮជាទូទៅ ហើយបំលែងវាឱ្យភ្ជាប់ទៅនឹងគំនិត ដែលអ្នកចង់បកស្រាយបង្ហាញ។

´បើអ្នករៀបចំពិភពលោកនេះខ្លួនឯង អ្នកអាចរៀបចំវាឡើងវិញ ទៅតាមអ្វីដែលអ្នកចង់បាន។ ប៉ុន្តែ សម្រាប់ពិភពលោកនេះ អ្នកគ្រាន់តែជាភ្ញៀវប៉ុណ្ណោះ ដូច្នេះ អ្នកត្រូវឈ្វេងយល់ថា តើពិភពលោកនេះ មានដំណើរការ និងច្បាប់ទម្លាប់យ៉ាងម៉េច។`

រូបភាពបែបឧបមា ´មនុស្សគ្រាន់តែជាភ្ញៀវនៅលើភពផែនដីនេះ ដែលគេមិនមែនជាអ្នករៀបចំឡើងទេ។` បានផ្លាស់ប្តូរការគិតបែបរអ៊ូរទំាអំពីរឿងអយុត្តិធម៌ទំាងឡាយ។ វាមិនមែនជាភាសាការពារ ឬទេសនាទេ ប៉ុន្តែ វាជាការផ្តល់ជូននូវរបៀបសម្លឹងមើលពិភពលោកក្នុងផ្លូវថ្មីមួយ។ ហើយនៅពេលអ្នកសម្លឹងឃើញផ្លូវថ្មីហើយ អ្នកលែងត្រលប់មកដើរលើផ្លូវចាស់ហើយ។

ឪពុកម្តាយ គ្រូបង្រៀន និងអ្នកគ្រប់គ្រងទំាងឡាយអាចរៀនសូត្រចេញពីនេះបាន។ ជំនួសឱ្យការប្រកែកយកឈ្នះចាញ់ទៅលើការប្រឆំាងតវ៉ា អ្នកអាចផ្តល់ជូននូវរូបភាពមួយ ដែលធ្វើឱ្យសេចក្តីសន្និដ្ឋាន ឬចំណុច ដែលអ្នកចង់បង្ហាញ ងាយមើលឃើញ និងជឿជាក់។ ការអំណះអំណាងដោយឧបមាដ៏ត្រឹមត្រូវមិនមែនបង្ខំឱ្យគេជឿដោយសំពាធទេ តែគេជឿ ដោយសារគេមើលឃើញច្បាស់។

ការប្រើប្រាស់សិល្ប៍វិធីនិទានរឿងបុគ្គល

ការនិទានរឿងផ្ទាល់ខ្លួនអំពីប្រវត្តិបរាជ័យនៅក្នុងជីវិត បានធ្វើឱ្យដំបូន្មានអំពីភាពជោគជ័យរបស់លោក Rohn មានភាពជាក់ស្តែង និងគួរឱ្យជឿជាក់។ គាត់មិនបានលើកខ្លួនឯងជាបុគ្គលម្នាក់ដែលអស្ចារ្យទេ។ គាត់ជួបនូវភាពបរាជ័យធ្ងន់ធ្ងរនៅអាយុ២៥ឆ្នំា ដោយទម្លាក់កំហុសទៅខាងក្រៅ ទៅលើសេដ្ឋកិច្ច ទៅលើរដ្ឋាភិបាល និងទៅលើថៅកែក្រុមហ៊ុនដែលផ្តល់ការងារជូនគាត់។ ក្រោយមក លោក Earl Shoaff បានលើកសំណួរងាយៗទៅគាត់ ដែលធ្វើឱ្យគាត់ផ្លាស់ប្តូរការគិតទំាងស្រុង។

តាមរយៈការចែករំលែកប្រវត្តិផ្លាស់ប្តូររបស់គាត់ ពីអ្នកចូលចិត្តរអ៊ូរទំាទៅជាអ្នកមានលុយរាប់លាន នៅអាយុ៣១ឆ្នំា ពីអ្នកបាត់បង់គ្រប់យ៉ាងទៅជាអ្នកបង្កើត លោក Rohn បានបង្ហាញដោយជឿជាក់ថា ការផ្លាស់ប្តូរជារឿងអាចធ្វើបានសម្រាប់មនុស្សធម្មតា។ មហាជនរបស់គាត់មិនមែនកំពុងស្តាប់មនុស្សម្នាក់ ដែលកើតឡើងលើគំនរមាសប្រាក់ទេ តែកំពុងស្តាប់មនុស្សម្នាក់ ដែលធ្លាប់មានស្ថានការណ៍ដូចគេដែរ។

´ចូរបញ្ជាក់ការពិត។ បើអ្នកធ្លាប់បរាជ័យ ចូរបញ្ជាក់ប្រាប់ថា "ខ្ញុំធ្លាប់បរាជ័យ។" ដោយសរសេរពាក្យនេះនៅកន្លែងដែលអ្នកអាចមើលឃើញរាល់ថ្ងៃ ដូចជានៅជាប់នឹងទូរទឹកកក។`

ដំបូន្មានបែបនេះវានៅដិតជាប់ក្នុងចិត្តមនុស្ស ដោយសារតែភាពស្មោះត្រង់ ដែលគេនឹកស្មានមិនដល់ និងដោយសារលោក Rohn ធ្លាប់ជួបប្រទះផ្ទាល់ខ្លួន។ គាត់ជួបផ្ទាល់ និងទទួលរងនូវអារម្មណ៍បរាជ័យ និងត្រូវគេបដិសេដ។ ការបរិយាយអំពីបទពិសោធន៍នេះ មិនមែនគ្រាន់តែដឹងដោយឮគេនិយាយទេ ប៉ុន្តែ គឺគាត់ជួបប្រទះផ្ទាល់ខ្លួន ហើយបានធ្វើឱ្យការបរិយាយរបស់គាត់គួរឱ្យជឿជាក់។

បើនិយាយចង់បញ្ចុះបញ្ចូលឱ្យគេជឿ បទពិសោធន៍ឆ្លងកាត់ភាពបរាជ័យរបស់អ្នកគឺជាទ្រព្យជំនួយ មិនមែនជាគ្រឿងបន្ទុចបង្អាក់ទេ។ រឿងរ៉ាវដែលអ្នកធ្លាប់ដើរខុស ហើយកែតម្រូវបានល្អឡើងវិញ វាមានឥទ្ធិពលខ្លំាងជាង ការបញ្ជាក់អះអាងដោយទ្រឹស្តីខ្ពស់ៗ។

កិច្ចសន្ទនា

របៀបបង្រៀនរបស់លោក Rohn ជាញឹកញាប់ គឺមានបញ្ចូលកិច្ចសន្ទនាអំពីការស្រមៃទៅមុខ មានដូចជាការពិភាក្សាគ្នាជាមួយគ្រូបង្វឹក ការផ្លាស់ប្តូរយោបល់ជាមួយទស្សនិកជន និងការជជែកពិភាក្សាផ្ទៃក្នុង។ វិធីនេះប្រែក្លាយការនិយាយចេញពីមនុស្សតែម្នាក់ដ៏ធុញទ្រាន់ឱ្យទៅជារឿងរ៉ាវដ៏ជក់ចិត្ត។

គាត់ចូលចិត្តលើកឡើងបែបនេះ "គ្រូបង្វឹករបស់ខ្ញុំ ធ្លាប់លើកឡើងថា, Jim! ប្រសិនបើអ្នកជាអ្នកមានលុយរាប់លាន តើអ្នកនឹងរៀបចំបណ្ណាល័យមួយដ៏ល្អទេ? ខ្ញុំឆ្លើយថា "ខ្ញុំគិតថា ខ្ញុំប្រហែលជាធ្វើវា។" គ្រូខ្ញុំបន្តថា អញ្ចឹង! ចាប់ផ្តើមធ្វើវា ពីឥឡូវនេះទៅ!" ដំបូន្មានដែលគាត់ចង់ប្រាប់គឺថា ចូរកសាងបណ្ណាល័យរបស់អ្នក មុននឹងអ្នកគិតថា អ្នកអាចមានលទ្ធភាពកសាងវាបាន ហើយបែបនេះវាបានក្លាយជារូបភាពមួយ ដែលអ្នកអាចមើលឃើញ និងធ្វើបាន។ ដំបូន្មានបែបនេះវាបង្កប់សាច់រឿង ដែលមានតួអង្គ មានភាពតានតឹង និងមានការប្តេជ្ញាចិត្ត។

នៅពេលបង្រៀនទស្សនៈរបស់គាត់អំពីឥរិយាបថ និងផលលាភ គាត់បានរៀបរាប់អំពីតួអង្គម្នាក់ ដែលមានលក្ខណៈប្លែកពីគេ។ គេទទួលបាន ៦ដុល្លារ ភ្លាមៗ ដោយសារឥរិយាបថរបស់គេ ដោយគ្រាន់តែពាក់មួក រួចនិយាយថា ចូរជ្រើសយក McDonald's។ ការនិយាយបែបលេងសើចនេះ វាដក់ជាប់ក្នុងចិត្ត ពីព្រោះវាមានសាច់រឿង និងតួអង្គ។ រូបភាពនេះវានៅជាប់ក្នុងចិត្ត ពីព្រោះវាស្តាប់ទៅដូចជាមិនសមហេតុផល។ រួចហើយ គោលគំនិត ដែលបង្ហាញថា ឥរិយាបថបង្កើតតម្លៃ បានក្លាយជាអ្វីមួយ ដែលអ្នកអាចចងចំា និងធ្លាប់នឹកឃើញរូបភាព។

បច្ចេកទេសបែបនេះអាចយកទៅប្រើប្រាស់បានសម្រាប់គ្រប់គ្នា។ ជំនួសឱ្យការនិយាយប្រាប់ថា តើគេគួរធ្វើអ្វី ចូរបង្ហាញអំពីកិច្ចសន្ទនាដែលតួអង្គណាម្នាក់បានរៀនក្នុងការធ្វើរឿងនេះផ្ទាល់។ ចូរផ្តល់គំនិតរបស់អ្នកតាមរយៈសាច់រឿង និងតួអង្គ ដោយទុកឱ្យតួអង្គជាអ្នកនិយាយរៀបរាប់ជំនួសអ្នក។

ចេញពីផ្តល់ព័ត៌មានទៅជាជំរុញការផ្លាស់ប្តូរ

គម្លាតរវាងការផ្តល់ព័ត៌មានទៅនរណាម្នាក់ និងការជំរុញឱ្យគាត់ផ្លាស់ប្តូរ គឺជាគម្លាតរវាងការត្រឹមតែដឹង និងការធ្វើសកម្មភាព។ បច្ចេកទេសរបស់លោក Jim Rohn ដោយប្រើពាក្យពេចន៍មានរូបភាព ការឧបមា ការនិទានរឿងផ្ទាល់ខ្លួន និងកិច្ចសន្ទនា មានគោលបំណងតែមួយដូចគ្នា គឺលុបបំបាត់គម្លាតរវាងការដឹង និងការធ្វើ រវាងការផ្តល់ព័ត៌មាន និងការជំរុញការផ្លាស់ប្តូរ។

គាត់មិនចង់ឱ្យអ្នកយល់ស្របថា វិន័យវាមានសារសំខាន់ទេ គាត់ចង់ឱ្យអ្នកចាប់ផ្តើមកសាងវិន័យចាប់ពីយប់នេះទៅ។ គាត់មិនចង់ត្រឹមតែឱ្យអ្នកយល់ថា ទស្សនៈយល់ឃើញរបស់អ្នកជាអ្នកកំណត់ជីវិតអ្នក តែចង់ឱ្យអ្នកឃើញបទពិសោធន៍ដោយខ្លួនឯងថា ការប្រើទស្សនៈយល់ឃើញខុសក្នុងសប្តាហ៍កន្លងមកជះផលអាក្រក់បែបណាដល់អ្នក។

´ពាក្យពេចន៍មានតួនាទីពីរចម្បង ទី១) វាផ្តល់ជាចំណីអាហារសម្រាប់គំនិត និងទី២) វាផ្តល់ពន្លឺសម្រាប់ការយល់ដឹង។ `

អ្នកពូកែទំនាក់ទំនង ដែលអាចចលនាមនុស្សបាន មិនថាគេដឹកនំាស្ថាប័ន គ្រួសារ ឬបង្កើតចលនាសង្គមណាមួយ គេតែងមានគុណសម្បត្តិណាមួយ ដែលលោក John បានប្រតិបត្តិ។ គេដឹងថា ពាក្យពេចន៍មានរូបភាពណាមួយ ដែលយកមកប្រើត្រូវកាលវេលា នឹងបង្កើតផលជះច្រើនជាង ការប្រើមតិអំណះអំណាងរាប់រយដង។

ជំនាញនេះគឺជាអ្វីដែលអ្នកអាចរៀនបាន។ ចូរចាប់ផ្តើមជាមួយការសង្កេតមើល នៅពេលដែលអ្នកចង់ប្រាប់ចំណុចណាមួយ តើអ្នកអាចបង្ហាញចេញជារូបភាពបានទេ? តើអ្នកអាចឱ្យអ្នកស្តាប់មើលឃើញរូបភាពនោះបានទេ? តើអ្នកអាចលើកចំណុចនោះទៅជាសាច់រឿងមានតួអង្គបានទេ ដែលមេរៀនដែលអ្នកចង់បង្ហាញត្រូវបានចាប់យកដោយងាយស្រួល និងជក់ចិត្តដែរទេ? ប្រសិនបើអ្នកធ្វើបាន នោះពាក្យពេចន៍របស់អ្នកមិនគ្រាន់តែផ្តល់ជាព័ត៌មានទេ តែបង្កឱ្យមានការបំលែងផ្លាស់ប្តូរផងដែរ៕


===^^^===

@ ប្រែសម្រួលដោយ សាម អ៊ីន ខែឧសភា ឆ្នំា២០២៦

@ ប្រភពអត្ថបទ "How to use Storytelling to Inspire Action in Others", ក្នុងគេហទំព័រ www.jimrohn.com , March 2026

@ អត្ថបទទាក់ទង

១. ទម្លាប់នៃភាពជាអ្នកដឹកនំា ដែលចំណាយតិច តែបង្កផលជះច្រើន
២. ភាពជាអ្នកដឹកនំា￸ ៥កម្រិត

Post a Comment

0 Comments

Ad Code