Ticker

6/recent/ticker-posts

ទម្លាប់នៃភាពជាអ្នកដឹកនំា ដែលចំណាយតិច តែបង្កផលជះច្រើន

 


ភាគច្រើននៃដំបូន្មានអំពីភាពជាអ្នកដឹកនំាផ្តោតលើយុទ្ធសាស្រ្ត ការធ្វើសេចក្តីសម្រេចចិត្ត និងទស្សនវិស័យ។ ប៉ុន្តែ លោក យីម រ៉ូន (Jim Rohn) ចំណាយពេលរាប់ឆ្នំាបង្រៀនរឿងផ្សេង ដែលងាយស្រួល ហើយមានឥទ្ធិពលធំធេង។ អ្នកដឹកនំាដែលអាចផ្លាស់ប្តូរជីវិតបាន គឺអ្នកដឹកនំាដែលធ្វើឱ្យមនុស្សជឿថាខ្លួនគេមានតម្លៃ មិនមែនម្តងម្កាលទេ មិនមែនពេលវាយតម្លៃប្រចំាឆ្នំាទេ ប៉ុន្តែគឺជាការងារប្រចំាថ្ងៃ។

នេះមិនមែនជាដំបូន្មានបែបស្រាលៗទេ ប៉ុន្តែជាគតិបណ្ឌិតសម្រាប់ប្រតិបត្តិចេញពីបុគ្គលម្នាក់ ដែលធ្លាប់បង្កើតធុរកិច្ច ធ្លាប់បង្រៀនជើងខ្លំាង ដូចជាលោក Tony Robbins និងនិយាយទៅកាន់មនុស្សរាប់លាននាក់ក្នុងរយៈកាល៤០ឆ្នាំមកនេះ។ លោក រ៉ូន យល់ច្បាស់ថា ការជំរុញទឹកចិត្តមិនមែនគ្រាន់តែជាវិធីសាស្រ្តនៃភាពជាអ្នកដឹកនាំទេ ប៉ុន្តែវាជាទម្លាប់ល្អ ដែលជួយឱ្យវិធីសាស្រ្តដទៃទៀតមានប្រសិទ្ធភាពខ្ពស់។

សិទ្ធអំណាចនឹងរសាត់បាត់ទៅ តែគុណតម្លៃនៅស្ថិតស្ថេរ

វាមានហេតុផលដែលអ្នកដឹកនំាមួយចំនួនត្រូវគេភ្លេចភ្លាមៗ ក្រោយការចាកចេញពីកន្លែងការងារ ក្នុងពេលដែលមួយចំនួនទៀតគេនៅចងចំារាប់ទសវត្សរ៍។ ភាពខុសគ្នានេះមិនមែនដោយសារឋានៈតួនាទី ឬការិយាល័យការងាររបស់អ្នកដឹកនំាទេ តែគឺដោយសារពេលគាត់ដឹកនំា មនុស្សមានអារម្មណ៍បែបណាចំពោះគាត់។

លោក យីម រ៉ូន ធ្លាប់មានប្រសាសន៍ថា "ជាអ្នកដឹកនំា អំណោយដ៏ល្អប្រសើរបំផុត ដែលអ្នកអាចផ្តល់ជូនមនុស្សទំាងឡាយគឹការអភិវឌ្ឍខ្លួនអ្នកឱ្យកាន់តែល្អឡើង។ ខ្ញុំធ្លាប់និយាយថា ´ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះខ្ញុំ ខ្ញុំនឹងយកចិត្តទុកដាក់ចំពោះអ្នក`។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំនិយាយថា ´ខ្ញុំនឹងយកចិត្តទុកដាក់លើខ្លួនឯងដើម្បីអ្នក បើអ្នកចេះយកចិត្តទុកដាក់លើខ្លួនអ្នកដើម្បីខ្ញុំ`"។

គោលគំនិតរបស់លោក រ៉ូន បានផ្លាស់ប្តូរទំាងស្រុងអំពីការយល់ឃើញនៃភាពជាអ្នកដឹកនំាបែបបុរាណ។ ជំនួសឱ្យការសួរថា តើក្រុមការងារអាចធ្វើអ្វីដើម្បីគាត់ គាត់សួរថា តើគាត់អាចធ្វើអ្វីខ្លះចំពោះក្រុមការងារ ហើយវាចាប់ផ្តើមជាមួយរបៀបដែលគាត់ប្រព្រឹត្តបែបណាចំពោះសមាជិកក្រុមពីមួយថ្ងៃទៅមួយថ្ងៃ។ របៀបនៃការផ្តល់ការទទួលស្គាល់មិនមែនធ្វើឡើងក្នុងទម្រង់បែបផ្លូវការទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងតាមរបៀប ដែលគាត់ធ្វើការទាក់ទងជាមួយសមាជិកក្រុមការងារ។

សម្រាប់ការប្រតិបត្តិជាក់ស្តែងគឺធ្វើវាដោយត្រង់ និងច្បាស់លាស់ ដោយមិនចំាបាច់រង់ចំាពេលវេលាត្រឹមត្រូវ ក្នុងការទទួលស្គាល់ស្នាដៃការងាររបស់នរណាម្នាក់នោះឡើយ។ ពេលវេលាត្រឹមត្រូវគឺពេលណាមួយ ដែលអ្នកសង្កេតឃើញមានការខំប្រឹងប្រែង ការវិវឌ្ឍជឿនលឿនទៅមុខ ឬការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។ កិច្ចសន្ទនាតែ ៣០វិនាទីនៅក្នុងជណ្តើរយន្ត ដែលអ្នកនិយាយថា "ខ្ញុំបានឃើញអ្នកខំប្រឹងលើគម្រោងនោះ វាការការផ្តួចផ្តើមដ៏ល្អមួយ។" វាមានទម្ងន់ធ្ងន់ជាងបណ្ណសរសើរ ដែលក្រុមហ៊ុនផ្តល់ជូនក្នុងកម្មវិធីណាមួយ។

ផ្តល់តិច តែទទួលផលច្រើន

លោក រ៉ូន ធ្លាប់លើកឡើងជាញឹកញាប់ថា ជីវិតតែងឆ្លើយតបមកយើងនូវអ្វី ដែលយើងសមនឹងទទួលបាន មិនមែនអ្វី ដែលយើងត្រូវការទេ។ រឿងនេះវាដូចគ្នាដែរសម្រាប់ភាពជាអ្នកដឹកនំា។ ប្រសិនបើអ្នកចង់បានក្រុមការងារមួយធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាល់តែអ្នកវិនិយោគជាប់លាប់ទៅលើក្រុមការងាររបស់អ្នក នោះទើបអ្នកសមនឹងទទួលបានវា។

~គ្រប់ជីវិតទាំងអស់មើលទៅហាក់ផ្តល់ផលដល់អ្នកសមនឹងទទួលបាន។ ប្រសិនបើអ្នកជាអ្នកសមនឹងទទួលផលពីសួនឧទ្យាន នោះផ្កានឹងរីកបញ្ចេញសម្រស់ ហើយប្រាប់អ្នកថា សូមក្រលេកមើលមកខ្ញុំមក តើខ្ញុំភ្លឺថ្លា និងស្រស់ស្អាតបែបណា ដោយសារតែអ្នកបានថែទំាយកចិត្តទុកដាក់ចំពោះខ្ញុំ។~

ក្រុមការងាររបស់អ្នកក៏មិនខុសគ្នាដែរ ប្រសិនបើអ្នកក្លាយជាអ្នកសមនឹងទទួលផល មិនមែនជាចៅហ្វាយនាយ មិនមែនជាមេចំាតែបញ្ជា តែជាអ្នកដឹកនំា ដែលបានវិនិយោគឱ្យក្រុមលូតលាស់ នោះគេនឹងឆ្លើយតបទៅអ្នកតាមនោះ។ គេនឹងចង់បង្ហាញប្រាប់អ្នកថា តើគេអាចធ្វើអ្វីបានខ្លះ។ គេចង់ផ្តល់ជូនអ្នកវិញនូវអ្វី ដែលអ្នកបានវិនិយោគជួយដល់គេឱ្យលូតលាស់ឡើង។

វាមានន័យថា អ្នកត្រូវធ្វើការលើកទឹកចិត្តដល់ក្រុមការងារឱ្យក្លាយជាកិច្ចការប្រចំាថ្ងៃ មិនមែនតាមបែបមួយត្រីមាស ឬមួយឆមាសម្តងតាមកាលវិភាគវាយតម្លៃទេ។ តទៅនេះជាវិធីសាស្រ្តមួយចំនួន ដែលអ្នកអាចយកទៅប្រើប្រាស់បាន ៖ ចាប់ផ្តើមជួបសមាជិកក្រុមការងារនីមួយៗ ដោយទទួលស្គាល់លទ្ធផលការងារជាក់ស្តែងដែលគេសម្រេចបាន។ ជួបផ្ទាល់មុខមួយទល់មួយ ផ្តល់ការកោតសរសើរដល់កិច្ចប្រឹងប្រែងបំពេញការងាររបស់គេ មិនមែនគ្រាន់តែប្រាប់អំពីអ្វី ដែលគេត្រូវកែលម្អនោះទេ។ ផ្ញើរសារខ្លីទទួលស្គាល់នៅពេលនរណាម្នាក់ដោះស្រាយស្ថានការណ៍លំបាកបានដោយជោគជ័យ។ ធាតុចូលទាំងនេះនឹងកើនឡើងជាបន្តបន្ទាប់ជាមួយពេលវេលា ហើយតទៅទៀត អ្នកលែងចំាបាច់ត្រូវផ្តល់ការលើកទឹកចិត្តដល់នរណាម្នាក់ហើយ ដោយសារការលើកទឹកចិត្តបានក្លាយជាវប្បធម៌នៅក្នុងក្រុមការងារទៅហើយ។

វិន័យក្នុងការកត់សម្គាល់

ការលើកទឹកចិត្តស្តាប់ទៅដូចជាងាយស្រួល ប៉ុន្តែវាត្រូវការមានវិន័យក្នុងការធ្វើវា។ អ្នកត្រូវបង្រៀនខ្លួនឯងឱ្យចេះផ្តោតសម្លឹងមើលអ្វីដែលល្អ មិនមែនផ្តោតលើអ្វី ដែលត្រូវកែលម្អទេ។ បែបនេះវាមិនកើតឡើងដោយធម្មជាតិទៅលើមនុស្សភាគច្រើននោះទេ ជាពិសេស សម្រាប់មនុស្សដែលឡើងទៅកាន់តួនាទីគ្រប់គ្រង ដោយសារពូកែដោះស្រាយបញ្ហា។ អ្នកពូកែដោះស្រាយបញ្ហា មានលំនំាពូកែសម្គាល់ចំណុចខ្វះខាត និងចំណុចខុសឆ្គង។ ការទទួលស្គាល់ត្រូវការជំនាញផ្ទុយពីនេះ គឺសម្គាល់អំពីភាពខ្លំាង និងការចូលរួមជួយ។

លោក រ៉ូន បង្រៀនថា ដើម្បីរកឃើញនូវអ្វីដែលអ្នកចង់បាន អ្នកត្រូវតែស្វែងរក។ វាដូចគ្នាដែរនៅទីនេះ អ្នកត្រូវតែស្វែងរកហេតុផល ដើម្បីលើកទឹកចិត្តមនុស្ស។ អ្នកត្រូវព្យាយាមអភិវឌ្ឍខ្លួននូវជំនាញមើលចិត្តមនុស្ស ដើម្បីសម្គាល់ការប្រឹងប្រែង គំនិតផ្តួចផ្តើម និងភាពលូតលាស់។

ចូរសាកល្បងវិធីនេះ ៖ នៅពេលបញ្ចប់ការងារប្រចំាថ្ងៃ ចូរសួរខ្លួនឯងថា តើមាននរណាម្នាក់នៅក្នុងក្រុមការងារ ដែលបានធ្វើអ្វីមួយសមនឹងទទួលបានការទទួលស្គាល់ តែមិនទាន់បានទទួល។ ប្រសិនបើមាននរណាម្នាក់នៅក្នុងការគិតរបស់អ្នក ចូរសរសេរទៅគេ ឬនិយាយប្រាប់គេនៅព្រឹកថ្ងៃស្អែក។ ចូរធ្វើបែបនេះឱ្យបាន៣០ថ្ងៃ អ្នកនឹងផ្លាស់ប្តូរទម្លាប់នៃរបៀបដែលអ្នកសង្កេតមើលក្រុមការងាររបស់អ្នក។ អ្នកនឹងសម្លឹងឃើញការចូលរួមរបស់សមាជិកក្រុម ដែលអ្នកមិនបានចាប់អារម្មណ៍ពីពេលមុន ដោយសារអ្នកមិនបានយកចិត្តទុកដាក់។

ផ្តល់ការទទួលស្គាល់ដែលដក់ជាប់ក្នុងបេះដូង

មិនមែនរាល់ការទទួលស្គាល់ទាំងអស់សុទ្ធតែដក់ជាប់ក្នុងបេះដូងទេ។ ការនិយាយសរសើរបែបទូទៅ ដូចជាពាក្យ -- ការងារល្អ! ចូរបន្តអនុវត្តទៀត! -- អាចក្លាយជាពាក្យគួរឱ្យធុញទ្រាន់។ គេលែងចង់ស្តាប់ពាក្យទំាងនេះ ពីព្រោះវាដដែលៗពេក។ ការទទួលស្គាល់ដែលនិយាយចំទៅលើរឿងជាក់ស្តែងធ្វើឱ្យគេមានអារម្មណ៍ថាពិត ដោយសារគេដឹងថា អ្នកពិតជាបានយកចិត្តទុកដាក់ប្រាកដមែន។

"អ្នកត្រូវតែស្វែងរកឱ្យឃើញ។ ការរកឃើញទាមទារនូវការស្វែងរក។ វាកម្រណាស់ ដែលគំនិតល្អថ្មី សមិទ្ធផលថ្មីបង្កការរំខានដល់អ្នក។"

វាដូចគ្នាដែរសម្រាប់ការទទួលស្គាល់ចំពោះការចូលរួម។ វាកម្រណាស់ដែលការងារល្អប្រសើររបស់នរណាម្នាក់ទាក់ទាញចំណាប់អារម្មណ៍របស់អ្នក លើកលែងតែអ្នកស្វែងរកមើលដោយសារមូលហេតុអ្វីមួយ។ នៅពេលដែលអ្នករកឃើញ ចូរបញ្ជាក់វាឱ្យច្បាស់ ដូចជាការប្រើពាក្យថា "ខ្ញុំបានកត់សម្គាល់ឃើញថា អ្នកធ្វើការហួសម៉ោង ដោយនៅជួយពន្យល់ដល់អ្នកទើបនឹងមកថ្មី ដើម្បីឱ្យគេយល់អំពីដំណើរការរបស់យើង។" នេះហើយជារបៀបមួយនៃការកសាងក្រុមការងាររបស់អ្នកឱ្យកាន់តែប្រសើរ។ វាមានភាពខុសគ្នាទៅនឹងការប្រើពាក្យទូទៅថា "អរគុណ ដែលអ្នកជាអ្នកជួយកសាងក្រុមម្នាក់។" ឃ្លាទី១ វាបង្ហាញពីការសង្កេតយកចិត្តទុកដាក់ រីឯឃ្លាទី២ វាមានលក្ខណៈទូទៅ។

ប៉ុន្តែ សូមយកចិត្តទុកដាក់លើរឿងពេលវេលាផងដែរ។ ការទទួលស្គាល់មួយ ដែលផ្តល់ជូនក្រោយរឿងរ៉ាវកើតឡើង រាប់សប្តាហ៍ទៅហើយ វាលែងសូវមានឥទ្ធិពលហើយ។ ពេលវេលានៃការទទួលស្គាល់កាន់តែនៅជិតនឹងរឿងរ៉ាវ ដែលកើតឡើង វាកាន់តែមានន័យ និងធ្វើឱ្យរំជួលអារម្មណ៍។ ហេតុនេះហើយ ទើបការរង់ចំាទាល់តែរដូវវាយតម្លៃផ្លូវការមកដល់ ទើបផ្តល់ការទទួលស្គាល់ នោះអត្ថន័យ និងអារម្មណ៍ចេញពីការទទួលស្គាល់នោះបានរសាយស្ទើរអស់ហើយ។ រហូតដល់ពេលកន្លងទៅ៦ខែ ទើបអ្នកនិយាយអំពីការរួមចំណែករបស់គេដ៏ល្អលើរឿងអ្វីមួយ សហការីនោះបានសម្រេចចិត្តរួចទៅហើយថា អ្នកមិនបានយកចិត្តទុកដាក់លើការខំប្រឹងរបស់គេទេ។

ជួយកសាងអ្នកដទៃ ដោយមិនបាត់បង់ខ្លួនឯង

អ្នកដឹកនំាមួយចំនួនប្រឆាំងនឹងការលើកទឹកចិត្តជាប់លាប់ ដោយសារគាត់ភ័យខ្លាចថា វាមើលទៅហាក់បង្ហាញអំពីភាពទន់ជ្រាយ ឬក៏បារម្ភថា វាអាចផ្តល់ផលមិនល្អចេញពីនេះ។ ទស្សនៈរបស់លោក Rohn បានបញ្ជាក់ច្បាស់ចំពោះរឿងនេះដោយលើកឡើងថា សូមកុំភាន់ច្រលំរវាងការលើកទឹកចិត្តជាមួយភាពទន់ខ្សោយ ឬរវាងស្តង់ដាទាបជាមួយការគាំទ្រ។

ការពិតវាផ្ទុយពីនេះ។ នៅពេលដែលសហការីមានអារម្មណ៍ថា គេត្រូវបានផ្តល់តម្លៃ គេនឹងខំប្រឹងលើកកម្ពស់ស្តង់ដារបស់គេកាន់តែខ្ពស់ឡើង។ គេនឹងមិនចង់ធ្វើឱ្យអ្នកមានជំនឿលើគេខកចិត្តទេ។ នេះមិនមែនជាការបំភ្លៃទេ នេះជាធម្មជាតិរបស់មនុស្ស។ មនុស្សប្រឹងងើបខ្ពស់ឡើង ដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរង់ចំាពីបុគ្គលពិសេសណាមួយ ជាជាងខំប្រឹងងើបឡើង ដោយសារដើម្បីបញ្ចៀសការទិតៀន។

ទម្លាប់ផ្តល់ការលើកទឹកចិត្តជាប្រចាំក៏ជួយផ្លាស់ប្តូរអ្នកក្នុងនាមជាអ្នកដឹកនំាផងដែរ។ វាផ្លាស់ប្តូរការផ្តោតរបស់អ្នកក្នុងការស្វែងរកកំហុស មកសម្លឹងរកមើលអ្វីដែលល្អ នឹងអាចលូតលាស់ឡើងខ្ពស់ថែមទៀត។ វាធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំ ដែលគេចង់ដើរតាម មិនមែនជាអ្នកដឹកនាំ ដែលតម្រូវឱ្យគេដើរតាមទេ។ ហើយរឿងនេះ វាមិនធ្វើឱ្យអ្នកខាតបង់អ្វីនោះទេ លើកលែងតែការផ្តោតយកចិត្តទុកដាក់របស់អ្នកជាមួយចេតនាល្អប៉ុណ្ណោះ។

អ្វីដែលអ្នកអាចចាប់ផ្តើមបាននៅថ្ងៃស្អែក

លោក Jim Rohn បានប្រើពេលវេលាក្នុងអាជីពរបស់គាត់ ដោយបង្ហាញថា វិន័យប្រចាំថ្ងៃ និងការប្រតិបត្តិជាប្រចំាបានបង្កើតលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។ ភាពជាអ្នកដឹកនំា ដែលផ្តល់កម្លាំងជំរុញចិត្ត នឹងផ្តល់លទ្ធផលដូចគ្នា។ អ្នកមិនចំាបាច់មានគម្រោងថវិកាសម្រាប់រៀបចំកម្មវិធីទទួលស្គាល់ជាផ្លូវការ ឬមានគំនិតផ្តួចផ្តើមអ្វីទេ។ អ្នកគ្រាន់តែបង្កើតទម្លាប់ធ្វើរឿងនេះវាគ្រប់គ្រាន់ហើយ។

ចូរចាប់ផ្តើមជាមួយការដឹងឮ ឬទទួលស្គាល់លើរឿងជាក់លាក់ណាមួយក្នុងមួយថ្ងៃ ដោយនិយាយសំដៅទៅលើបុគ្គលណាម្នាក់នៅក្នុងក្រុមការងាររបស់អ្នក។ សូមធ្វើវាដោយច្បាស់លាស់ ធ្វើវាឱ្យទាន់ពេល ដោយរៀបរាប់អំពីកិច្ចប្រឹងប្រែង ឬការចូលរួមរបស់គេលើរឿងអ្វីមួយជាក់ស្តែង ជាជាងការនិយាយសរសើរអំពីបុគ្គលភាពទូទៅរបស់គេ។ ចូរធ្វើវាឱ្យបានមួយខែសិន មុននឹងអ្នកឈានទៅវាយតម្លៃថា តើវាមានដំណើរការយ៉ាងណា។ លទ្ធផលនឹងបង្ហាញឡើងថា តើសមាជិកក្រុមខំប្រឹងបំពេញការងារ និងសហការជួយគ្នាបែបណា។

មរតករបស់លោក Jim Rohn មិនមែនកសាងឡើងដោយសារយុទ្ធសាស្រ្តដែលគាត់បង្រៀនទេ ប៉ុន្តែ ស្ថិតនៅរឿងថា តើគេមានអារម្មណ៍បែបណា នៅពេលគាត់បង្រៀនគេ។ លោក Tony Robbins ធ្លាប់ជាយុវជនអាយុ១៧ឆ្នំា ដេកអស់សង្ឃឹមក្នុងឡានរបស់លោក Jim Rohn មុននឹងលោក Rohn សម្លឹងឃើញសក្តានុពលរបស់គេ ដែលគាត់ចំណាយពេលជួយអភិវឌ្ឍឱ្យលូតលាស់ឡើង។ នេះមិនមែនជាការប្រើអំណាចទេ តែជាភាពជាអ្នកដឹកនំា ដែលជួយផ្លាស់ប្តូរជីវិតមនុស្សតាមរយៈការធ្វើឱ្យមនុស្សមានអារម្មណ៍ថា ខ្លួនគេមានតម្លៃ និងចង់ផ្លាស់ប្តូរខ្លួនឯង។

=== ^^^ ===
@  ប្រែសម្រួលដោយ សាម អ៉ីន -- មេសា ២០២៦

@ ប្រែសម្រួលពីអត្ថបទ "The leadership Habit That Costs Nothing and Changes Everything" ក្នុងគេហទំព័រ www.jimrohn.com, March 2026.

>> អត្ថបទទាក់ទង ៖

១. ផ្តល់គុណសម្បត្តិ

២. ភាពជាអ្នកដឹកនំា￸ ៥កម្រិត

៣. ច្បាប់នៃភាពជាអ្នកដឹកនំា￸ ២១ប្រការ

Post a Comment

0 Comments

Ad Code