យោងតាមការវាយតម្លៃជាក់ស្តែង កម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរង្វង់ដែលគេអាណិតនៅឡើយ។ តើអ្វីទៅជារង្វង់ដែលគេអាណិត?
១. រង្វង់ដែលគេអាណិត
ក្រោយការទម្លាក់សម្តេច នរោត្តម សីហនុ ពីអំណាចនៅថ្ងៃទី៣០ មិនា ឆ្នាំ១៩៧០ ភ្នក់ភ្លើងសង្រ្គាមក៏ចាប់ផ្តើមឆាបឆេះនៅក្នុងប្រទេសកម្ពុជា។ ៥ឆ្នាំក្រោយមក អំណាចបានធ្លាក់ក្នុងដៃពួកឆ្វេងនិយមជ្រុលខ្មែរក្រហម។ បន្ទាប់ពីបានអំណាចក្នុងដៃចាប់ពីថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានអនុវត្តលទ្ធិកុម្មុយនីស្តមហាលោតផ្លោះ មហាអស្ចារ្យ តាមគំរូបដិវត្តន៍វប្បធម៌របស់ ម៉ៅ សេទុង ដោយធ្វើឱ្យប្រជាពលរដ្ខខ្មែរស្លូតត្រង់ស្លាប់ដោយការអត់ឃ្លាននិងសម្លាប់រង្គាល ប្រមាណ២លាននាក់ តែក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ ក្រោយមកកងទ័ពវៀតណាមបានចូលមកឈ្លានពានប្រទេសកម្ពុជា ក្រោមលេសរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម ចាប់ពីថ្ងៃទី ៧ មករា ១៩៧៩។ សង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរដោយមានបរទេសគាំទ្រពីក្រោយ ក្នុងបរិបទនយោបាយសង្គ្រាមត្រជាក់ បានបន្តបង្កវិនាសកម្មដល់ជាតិខ្មែរ។
ដោយក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីសង្រ្គាមនិងការកាប់សម្លាប់គ្នា សហគមន៍អន្តរជាតិបានជួយសម្របសម្រួលរៀបចំកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាមួយនឹងគោលបំណងចម្បង ៤ចំណុច ១) បញ្ចប់សង្រ្គាមនៅកម្ពុជា ២) ការពារអធិបតេយ្យភាពជាតិនិងបូរណភាពដែនដីខ្មែរ ៣) អភិវឌ្ឍប្រទេសឡើងវិញ និង ៤) កសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
បើទោះបីកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ គឺមានកំណើនប្រមាណ៧% ក្នុង១ឆ្នាំជាប់ៗគ្នា ក៏ភាពលូតលាស់នេះកើតចេញមួយចំណែកធំមកពីក្តីអាណិតអាសូររបស់សហភាពអឺរ៉ុប តាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) និងរបស់សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP (Generalized System of Preferences)។ យោងតាមការវាយតម្លៃរបស់អង្គការ Transparency International 2019 កម្ពុជាមានចំណាត់ថ្នាក់ ១៦២ ក្នុងចំណោម ១៨០ប្រទេស គឺមានន័យថា កម្ពុជាជាប្រទេសដែលមានអំពើពុករលួយខ្លាំងរីករាលដាលក្នុងសង្គមនៅឡើយ។ រហូតមកដល់បច្ចប្បន្ន កម្ពុជានៅជាប្រទេសទទួលជំនួយពីគេច្រើនសន្ធឹកសន្ធាប់នៅឡើយ ដែលឆ្លុះបញ្ចាំងអំពីភាពពឹងអាស្រ័យលើក្តីអាណិតអាសូររបស់ប្រទេសដទៃ។ យោងតាម ADB នៅឆ្នាំ ២០១៨ កម្ពុជាទទួលជំនួយជាកម្ចី ជំនួយគ្មានសំណង និងជំនួយបច្ចេកទេស ប្រមាណ ៣.៥ ពាន់លានដុល្លារអាមេរិក។
អ្វីដែលសំខាន់ជាងរឿងចំណាត់ថ្នាក់ពុករលួយនិងក្តីអាណិតអាសូរពីសហគមន៍អន្តរជាតិ គឺប្រជាពលរដ្ឋខ្មែរ នៅមានស្មារតីបាក់ស្បាត ភ័យខ្លាច និងមិនជឿជាក់លើខ្លួនឯង ហើយជាពិសេស អ្នកដឹកនាំនយោបាយខ្មែរ រួមទាំងខាងប្រឆាំងផង នៅមានមោទកភាពជាអ្នកសុំទានគេនិងពឹងគេឱ្យជួយដោះស្រាយបញ្ហារបស់ខ្មែរ។
ជាតិមួយមិនអាចខ្លាំងរឹងមាំបានទេ បើអ្នកដឹកនាំនិងប្រជាពលរដ្ឋបន្តមានស្មារតីជាអ្នករងគ្រោះ ឱ្យគេអាណិត និងពឹងឱ្យតែគេជួយ។
២. រង្វង់ដែលគេគោរព
បើយើងចង់ឱ្យជាតិខ្មែររុងរឿងថ្លៃថ្នូរ យើងត្រូវខំប្រឹងធ្វើដំណើរទៅរកវង្វង់ដែលគេគោរព។ តើអ្វីទៅជាវង្វង់ដែលគេគោរព?
ពិភពលោកល្បីថាកម្ពុជាពូកែទទួលភ្ញៀវទេសចរ
រសៀលមួយក្នុងខែវិច្ឆិកា ឆ្នាំ២០៥០ លោក Bill និង លោក George បានមកដល់ព្រលានយន្តហោះទំនើប ភ្នំពេញ ជាមួយជើងយន្តហោះ Boeing 777XX សេរីថ្មីបំផុត។ គាត់ទាំង២នាក់ជាអ្នកគ្រប់គ្រងធនាគារថ្នាក់ កណ្តាលនៅទីក្រុង New York បានសម្រេចចិត្តចំណាយពេលវិស្សមកាល៣សប្តាហ៍មកលេងស្រុកខ្មែរ។ បន្ទាប់ពីចាកចេញពីទ្វារយន្តហោះ ពួកគាត់ចំណាយពេលតែ១៥នាទី ក្នុងការឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យភ្ញៀវនិងវ៉ាលី ដែលដំណើរការដោយម៉ាសុីនស្វ័យប្រវត្តិ។ បន្ទាប់មក លោក Bill មើលតាមទូរស័ព្ទដៃ ហើយនាំគ្នាដើរសំដៅទៅរករថយន្តតាក់សុីដែលគ្មានអ្នកបើកបរកំពុងចតរង់ចាំពួកគាត់នៅក្នុងព្រលាន។ នៅតាមផ្លូវទៅកាន់សណ្ឋាគារក្នុងក្រុងភ្នំពេញ គាត់ទាំង២នាក់សង្កេតឃើញរថយន្តជាច្រើនកំពុងបើកបរលើថ្នល់កៅស៊ូធំទូលាយ ស្អាត គ្មានសំរាម និងមានសញ្ញាសម្គាល់ចរាចរណ៍ច្បាស់លាស់។ អ្នកថ្មើរជើង ម៉ូតូ និងឡានធ្វើដំណើរដោយមានសណ្តាប់ធ្នាប់ គោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ពេលមកដល់សណ្ឋាគារអប្សារាបុគ្គលិកមកស្វាគមន៍ពួកគាត់ទាំង២នាក់ដោយទឹកមុខញញឹមរស់រាយរាក់ទាក់។ មនុស្សយន្តជួយយួរវ៉ាលីទៅដាក់ក្នុងបន្ទប់នៅជាន់ទី៧។ ពេលចូលក្នុងបន្ទប់ លោក Bill មានអារម្មណ៍ល្អជាមួយ រចនាបថបែបខ្មែរ ដែលមើលទៅទូលាយ ស្រស់ស្អាត និងរស់រវើក។ ចំណែក លោក George មានអារម្មណ៍ ស្រស់ថ្លាជាមួយក្លិនផ្កាម្លិះដែលក្រអូបភាយនៅក្នុងបន្ទប់របស់គាត់។
គាត់ទាំង២នាក់ចំណាយពេល៣ថ្ងៃនៅទីក្រុងភ្នំពេញ ដោយទៅទស្សនាសារមន្ទីរជាតិ គុកទួលស្លែង និងវាលពិឃាតជើងឯក ដើម្បីយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជា ទៅលេងសួនសត្វភ្នំតាម៉ៅ និងជិះកប៉ាល់ទស្សនាតំបន់ទេសចរណ៍ដ៏ស្រស់សោភាតាមដងទន្លេមេគង្គ។ តំបន់ឥសានដ៏មនោរម្យជាមួយទេសភាពព្រៃភ្នំ ទឹកជ្រោះ ការជិះដំរី ជាមួយនិងបទពិសោធន៍ស្នាក់នៅហូបចុកក្នុងភូមិជនជាតិដើមភាគតិច បានស្រូបយកពេលវេលាពួកគាត់៥ថ្ងៃ។ ពួកគាត់បានចំណាយពេល៤ថ្ងៃទៅលេងតំបន់សមុទ្រក្នុងខេត្តព្រះសីហនុនិងកំពត។ ហើយពេលវេលា៩ថ្ងៃនៅសល់ គាត់ទាំង២នាក់ទៅទស្សនាតំបន់អង្គរដ៏ល្បីល្បាយបំផុត។
នៅពេលព្រឹកផឹកកាហ្វេ មុនចេញដំណើរពីកម្ពុជាវិញតាមច្រកសៀមរាប គាត់ទាំង២នាក់ធ្វើការសន្ទនាគ្នាលេងជាមួយទឹកមុខរីករាយស្រស់ស្រាយ។ “ខ្ញុំពិតជាពេញចិត្តពន់ពេកជាមួយវេលា៣សប្តាហ៍នៅកម្ពុជា”។ Bill បាននិយាយទៅកាន់ George។ George បានតបថា “គេឱ្យចំណាត់ថ្នាក់កម្ពុជាជាប្រទេសពូកែជាងគេ លើលោកក្នុងការទទួលភ្ញៀវទេសចរ ពិតជាមិនខុសមែន”។ “អ្វីដែលខ្ញុំពេញចិត្តបំផុត គឺប្រជាពលរដ្ឋខ្មែរមានទឹកមុខញញឹមរស់រាយរាក់ទាក់ភ្ញៀវទេសចរ” Bill និយាយបន្ត “ហើយចេះរៀបចំអនាម័យនិងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ។ បន្ថែមពីនេះ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព បើទោះបីទៅដល់ទីកន្លែងស្ងាត់ក៏ដោយ”។ George បន្ថែមថា “ខ្ញុំពេញចិត្តនឹងការចេះរៀបចំរចនាបន្សុីគ្នារវាងសម្បត្តិវប្បធម៌ ធម្មជាតិ និងប្រពៃណី បើទោះបីយើងកំពុងរស់នៅសម័យបច្ចេកវិទ្យាទំនើបក៏ដោយ”។
ភាពច្នៃប្រឌិតមកសណ្ធិតលើព្រលឹងខ្មែរវិញ
ព្រឹកព្រលឹមស្រាងៗ នៅក្នុងផ្ទះក្បឿងរចនាបថម៉ូត្រខ្មែរដ៏ស្រស់សមរម្យមួយស្ថិតក្នុងភូមិសំរោងនៃស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ មីងលក្ខណ៍កំពុងចម្រិនអាហារពេលព្រឹកជាមួយចង្រ្កានប្រើថាមពលពន្លឺព្រះអាទិត្យ។ គាត់បន្លឺសំឡេងសួរស្វាមីគាត់ថា “លោកប្តី អើយ! តើកំពុងធ្វើអីហ្នឹង? សូមបងជួយរៀបចំចាននិងដួសបបរផង។ ខ្ញុំចៀនត្រីនិងសាច់ក្រករួចហើយ”។ ស្វាមីគាត់ឆ្លើយថា “ម៉ែវា! ខ្ញុំកំពុងចុចបញ្ជារតាមតាមទូរស័ព្ទដៃបើក App-KhmerKhoam ដើម្បីស្រោចស្រពចំការធុរេនយើងណា! ហើយនែ! ពេលញាំបបរហើយ ខ្ញុំនឹងចុចបញ្ជាបន្តទៀត ប្រើមនុស្សយន្តយកជីទៅដាក់តាមគុលធុរេនផងណា!”។ ញាំបបរបណ្តើរ មីងលក្ខណ៍បន្តវាចាថា “ថ្ងៃមុន ឮកូនបញ្ញាយើងប្រាប់ថា App-KhmerKhoam នឹងគឺកូនខ្មែរជាអ្នកបង្កើត ផងអ្ហី!”។ ស្វាមីគាត់តបថា “អ្ហើ! យុវជនខ្មែរអីឡូវមានអន់អី! ពួកគេមានគំនិតច្នៃប្រឌិតខ្ពស់ៗណាស់។ បញ្ញាវាប្រាប់ថាអា App-KhmerKhoam នឹងកសិករស្រុកផ្សេងក៏យកទៅប្រើក្នុងការគ្រប់គ្រងស្រែចម្ការគេដែរ ណាម៉ែវា!។ ហើយនែ! អាចង្រ្កានប្រើពន្លឺព្រះអាទិត្យឯងប្រើរាល់ថ្ងៃនឹងក៏ជាផលិតផលច្នៃប្រឌិតរបស់កូនខ្មែរដែរណា!”។ មីងលក្ខណ៍បន្តជាមួយទឹកមុខញញឹមប្រកបដោយមោទកភាពថា “បញ្ញាវាប្រាប់ខ្ញុំថា ពេលវារៀនចប់សាកលវិទ្យាល័យបាត់ដំបងនៅឆ្នាំ២០៥១ខាងមុខ វានិងមិត្តភក្តិនឹងធ្វើការរួមគ្នាបង្កើត App ដ៏ល្បីមួយ ដើម្បីជួយកសិករឱ្យចេះជ្រើសរើសពូជដំណាំត្រូវនឹងដីក្នុងស្រុក ហើយស្របនឹងទីផ្សារផងណា! លោកប្តី!”។
ក្រុមហ៊ុនបរទេសចង់វិនិយោគក្នុងស្រុកខ្មែរ
ក្នុងអាគារដ៏ខ្ពស់ស្កឹមស្កៃដំបូលទល់មេឃមួយក្នុងក្រុងភ្នំពេញ លោក Peter ប្រធានសាខាក្រុមហ៊ុន Siemens ផលិតគ្រឿងអេឡិចត្រូនិចបានរៀបចំពីធីជប់លៀងបញ្ចប់បេសកកម្ម៥ឆ្នាំរបស់លោកនៅកម្ពុជា។ នៅក្នុងសេចក្តីថ្លែងសង្កថា លោក Peter លើកសរសើរអំពីកម្ពុជាថា មានកត្តាចម្បងពីរដែលធ្វើឱ្យក្រុមហ៊ុន Siemens ទទួលបានជោគជ័យធំធេងនៅកម្ពុជា។ កត្តាទី១ គឺប្រព័ន្ធច្បាប់និងរដ្ឋបាលធ្វើធុរកិច្ចនៅកម្ពុជាមានភាពងាយស្រួល ផ្តល់សេវារហ័ស និងអស់ចំណាយតិច។ រីឯកត្តាទី២ ដែលធ្វើឱ្យគាត់បំភ្លេចមិនបាន គឺស្មារតីបំពេញការងាររបស់អ្នកគ្រប់គ្រង បុគ្គលិក និងកម្មករខ្មែរ ដែលគោរពវិន័យនិងម៉ោងធ្វើការយ៉ាងខ្ជាប់ខ្ជួន ឧស្សាហ៍ ព្យាយាម មានជំនាញខ្ពស់ ចេះអត់ធ្មត់ និងបំពេញការងារជាក្រុមបានយ៉ាងល្អ។ គាត់បន្តថា “កត្តាទាំងពីរនេះហើយដែលទាក់ទាញក្រុមហ៊ុនបរទេសល្បីៗជាច្រើនមកវិនិយោគនៅស្រុកខ្មែរ។ ពេលខ្ញុំត្រលប់ទៅអាល្លឺម៉ង់វិញនៅដើមឆ្នាំ២០៥១ខាងមុខនេះ ខ្ញុំនឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបទពិសោធន៍ជោគជ័យ របស់ខ្ញុំក្នុងការសហការជាមួយប្រទេសកម្ពុជា”។
ចាស់ទៅលែងខ្វល់ កើតឡើងលែងបារម្ភ
រសៀលមួយ នៅលើទីធ្លាសួនច្បារសាធារណៈដ៏ស្រស់ស្អាតជាប់បឹងតាមោក លោកតា គីរី នាំចៅរបស់គាត់ទៅលេងសួនកុមារ ដែលមានម្លប់ឈើធំៗ និងកន្លែងក្មេងលេងជាច្រើន។ គាត់បានជួបមិត្តចាស់របស់គាត់ឈ្មោះសុផល ដែលធ្លាប់រៀនជាមួយគ្នានៅវិទ្យាល័យបាក់ទូក កាលពីប្រមាណ៦០ឆ្នាំមុន។ ការសន្ទនារបស់អតីតសម្លាញ់ទាំងពីរក៏ចាប់ផ្តើមឡើង ៖
លោកតា គីរី ៖ អ្ហេ! សម្លាញ់ផល តើឯងមកលេងទីនេះដែរឬ? សុខសប្បាយជាទេ? សម្លាញ់! រួចចុះឯងជិះអីមកហ្វី?
លោកតា សុផល ៖ សួស្តីសម្លាញ់! គ្នាសុខសប្បាយជាទេ។ គ្នាជិះរថភ្លើងលើអាកាសមក ពីព្រោះវាងាយស្រួល មិនកកស្ទះតាមផ្លូវដូចឡានណា សម្លាញ់!។ គ្នាចង់មកយកខ្យល់អាកាសបរិសុទ្ធទីនេះបន្តិច។ និយាយអញ្ចឹង តើសុខភាពឯងយ៉ាងណាដែរ? គីរី!
លោកតា គីរី ៖ អ្ហើ! គ្នាមានសុខភាពល្អទេ សម្លាញ់!។ តាំងពីរដ្ឋរៀបចំឱ្យមានប្រព័ន្ធធានារ៉ាប់រងសុខភាពជាសាកលមក គ្នាលែងខ្វល់ពីរឿងឈឺថ្កាត់អីហើយ សម្លាញ់!។ ពេលឈឺ ទៅពេទ្យ មានគេថែទាំព្យាបាលបានល្អ ហើយមិនអស់កម្រៃផង។ យើងបង់ប្រាក់១ខែតែ៤មុឺនរៀលជាការស្រេច។ និយាយអញ្ចឹង តើផលឯងមានកូនចៅប៉ុន្មានដែរហ្វី?
លោកតា សុផល ៖ អ្ហើ! គ្នាមានកូន២ និងចៅ៥នាក់។ កូនទី១ គេមានជីវភាពធូរធារ គេបញ្ជូនកូនគេទៅរៀននៅ អាមេរិក។ ឯកូនទី២ មិនសូវធូរធារទេ សម្លាញ់អើយ! គេឱ្យកូនគេ ទៅរៀននៅសាលារដ្ឋ។ តែសាលារដ្ឋយើងឥឡូវមិនចាញ់ស្រុកគេប៉ុន្មានទេ សម្លាញ់! គេមានបំពាក់ម៉ាសុីនត្រជាក់ កុំព្យូទ័រ មន្ទីរពិសោធន៍ និងកន្លែងលេងកីឡាផងណា ហើយថែមទាំងមានប្រព័ន្ធរៀនតាម online ផងណា។
លោកតា គីរី ៖ អ្ហើ! ក្មួយគ្នាដែលរស់នៅឯខេត្តឆ្ងាយពីភ្នំពេញក៏សរសើរអំពីសាលារដ្ឋដែរ។ គេថា គេលែងបារម្ភរឿងកូនកើតមកអត់សាលាល្អរៀនហើយ ណាសម្លាញ់!។
លោកតា សុផល ៖ ហើយចុះ ក្មួយឯងនៅដល់ណាដែរហ្វី?
លោកតា គីរី ៖ គេរស់នៅភូមិដាច់ស្រយាលមួយក្នុងស្រុកជាំក្សាន ខេត្តព្រះវិហារ ណាសម្លាញ់! តែគេថា ភូមិគេមានថ្នល់បេតុងចូលដល់ក្នុងភូមិ ហើយពេលជិះម៉ូតូយប់ព្រលប់ខែភ្លៀងក៏គេអត់បារម្ភដែរ ពីព្រោះមានផ្លូវល្អ និងអំពូលប្រើពន្លឺព្រះអាទិត្យដាក់តាមផ្លូវផង។
លោកតា សុផល ៖ ហើយចុះ! គេប្រកបរបរអីដែរហ្វី?
លោកតា គីរី ៖ គេធ្វើស្រែចម្ការ តែគេមិនប្រើកម្លាំងដូចកាលជំនាន់យើងនៅរៀនទេ សម្លាញ់អើយ! ឮថា គេប្រើសុទ្ធតែមនុស្សយន្តជួយការងារគេ ហើយពេលបានផលមក គេលក់បានតម្លៃល្អផង ពីព្រោះមានម៉ាសុីនកិនស្រូវ និងរោងចក្រកែច្នៃកសិកម្មត្រៀមចាំតែទិញទេ ណាសម្លាញ់!។
លោកតា សុផល ៖ គ្នាគិតលាឯងសិនហើយ ណាសម្លាញ់! ពីព្រោះយាយគ្នា ល្ងាចនេះធ្វើសម្លរម្ជូរគ្រឿងទាស្លឹកស្នឹង ហើយផ្តាំថា កុំឱ្យគ្នាទៅផ្ទះយឺតផងណា សម្លាញ់!
ប្រជាពលរដ្ឋខ្មែរស្រឡាញ់ចូលចិត្តប្រជាធិបតេយ្យសេរីពហុបក្ស
រសៀលថ្ងៃមួយនៅដើម ខែសីហា ឆ្នាំ២០៤៨ យុវជនបួននាក់កំពុងអង្គុយផឹកកាហ្វេជជែកគ្នាលេងជាមួយបុរសចំណាស់ម្នាក់ជាអ្នកវិភាគសង្គម។ ពួកគេស្ថិតនៅហាងកាហ្វេ BROWN ក្បែរមាត់ទន្លេក្នុងតំបន់អរិយក្សត្រ។ ជជែកចុះឡើងបន្តិចក៏ចូលដល់រឿងនយោបាយ ដោយសារការបោះឆ្នោតជាតិទើបនឹងកន្លងផុតថ្មីៗ ហើយគណបក្សបៃតងជាប់ឆ្នោតជាថ្មី។ ការសន្ទនាក៏បន្តដូចតទៅ ៖
អ្នកវិភាគសង្គម ៖ បញ្ញា! តើក្មួយទៅបោះឆ្នោតនៅការិយាល័យណាដែរ ឬក៏បោះតាមទូរស័ព្ទដៃ? ហើយក្មួយ បោះឱ្យបក្សណាដែរ?
យុវជនបញ្ញា ៖ ខ្ញុំបោះតាមទូរស័ព្ទដៃ លោកគ្រូ! ខ្ញុំគាំទ្រគណបក្សបៃតង ពីព្រោះខ្ញុំពេញចិត្តនឹងការចាត់ចែងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់បក្សនេះកាលពី១អាណត្តិកន្លងមក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោម១០ប្រទេសលើលោក ដែលមានពិន្ទុខ្ពស់ជាងគេខាងភាពស្អាតស្អំ មិនពុករលួយ លោកគ្រូ!។
អ្នកវិភាគសង្គម ៖ ចុះមករា! តើក្មួយបោះឱ្យបក្សណាដែរ?
យុវជនមករា ៖ បាទ លោកគ្រូ! ឱពុកម្តាយនិងពូមីងខ្ញុំរស់នៅឯខេត្តព្រៃវែងពេញចិត្តយ៉ាងខ្លាំងនូវការផ្តល់សេវា រដ្ឋបាលសាធារណៈ ដែលរហ័សទាន់ចិត្តនិងមិនយកកម្រៃថែម។ គាត់បានផ្តាំខ្ញុំមុនថ្ងៃបោះឆ្នោត ឱ្យបោះគាំទ្របក្សបៃតង។ ដោយខ្ញុំមើលឃើញអញ្ចឹងដែរ ខ្ញុំក៏បោះឱ្យគណបក្សបៃតងទៅ លោកគ្រូ!។
អ្នកវិភាគសង្គម ៖ ចុះវតីវិញ! តើក្មួយស្រីគាំទ្របក្សណាដែរ?
យុវតីវតី ៖ ចាស លោកគ្រូ! ក្មួយបោះឱ្យបក្សពណ៌លឿង ពីព្រោះក្មួយចូលចិត្តបេក្ខជននាយករដ្ឋមន្រ្តីបក្សហ្នឹង ក្មេងសង្ហានិងពូកែវោហាសាស្រ្តផង លោកគ្រូ!
អ្នកវិភាគសង្គម ៖ ចុះក្មួយវិទូវិញ! តើបោះឱ្យគណបក្សណាដែរ? ក្មួយ!
យុវជនវិទូ ៖ ខ្ញុំបោះឱ្យបក្សពណ៌ក្រហម លោកគ្រូ! ពីព្រោះខ្ញុំពេញចិត្តគោលនយោបាយសេដ្ឋកិច្ចនិងការពារជាតិ របស់បក្សនេះ ហើយម្យា៉ងទៀត ជីតាខ្ញុំប្រាប់ថា បក្សនេះធ្លាប់ធ្វើឱ្យប្រទេសមានសន្តិភាពកាលពីជំនាន់គាត់នៅក្មេងៗ លោកគ្រូ!។
យុវជនបញ្ញា ៖ ចុះលោកគ្រូវិញ! គាំទ្របក្សណាដែរ? លោកគ្រូ!
អ្នកវិភាគសង្គម ៖ អ្ហូ! គ្រូគាំទ្របក្សបៃតងដែរ ពីព្រោះគ្រូពេញចិត្តនឹងការគោរពសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានរបស់បក្សនេះ។ ហើយមួយវិញទៀត គ្រូគាំទ្រគោលនយោបាយឧបត្ថម្ភចាស់ជរារបស់បក្សនេះផងណា! ពីព្រោះអាយុលោកគ្រូចាស់បណ្តើរៗហើយ ត្រូវការសម្រាកឱ្យស្រួលខ្លួនដែរហ្នឹង!។
ប្រសិនបើអ្នកដឹកនាំនយោបាយខ្មែរមានក្តីស្រមៃធំ មានទស្សនវិស័យវែងឆ្ងាយ ហើយចេះជំរុញចិត្តប្រជាពលរដ្ឋ ឱ្យខំប្រឹង ដើម្បីកសាងមោទកភាពជាតិខ្មែរឡើងវិញ ជាតិខ្មែរអាចដើរចេញពីរង្វង់ដែលគេអាណិត ទៅកាន់វង្វង់ដែលគេគោរពបាន ក្នុងរយៈពេល៣០ឆ្នាំ។ តែយើងត្រូវចាប់ផ្តើមពីថ្ងៃនេះទៅ ពីទីតាំងដែលយើងកំពុងឈររៀងៗខ្លួន ក្នុងការក្លាយខ្លួនជាពលរដ្ឋល្អ និងជាអ្នកដឹកនាំគំរូ ដោយកុំរង់ចាំអ្នកដទៃ និងកុំមានលេសផ្សេងៗតទៅទៀត។
នៅពេលកម្ពុជាឈានដល់វង្វង់ដែលគេគោរពហើយ តើមានបរទេសណាហ៊ានប្រមាថមើលងាយខ្មែរ ហ៊ានឈ្លាន ពានរំលោភដីខ្មែរ។ វាមានតែបរទេសដែលគោរពនិងចង់រៀនពីខ្មែរ៕
=== ^^^ ===
---រៀបរៀងដោយ សាម អុីន -- សីហា ២០២០
---
0 Comments