Ticker

6/recent/ticker-posts

កិច្ចសន្យាសង្គម

 


នៅពេលដែលមនុស្សចាប់ផ្តើមរស់នៅជុំគ្នាជាសង្គម ជាប្រទេស ជាជាតិមួយ វាតម្រូវឱ្យមានការដឹកនាំគ្រប់គ្រងសង្គមនោះ។ មានសំណួរមួយលើកឡើងថា តើនរណាជាអ្នកមានសិទ្ធិដឹកនាំ គ្រប់គ្រង ចាត់ចែងសង្គមនោះ?

កាលពីជាង ៥០០ឆ្នាំមុន សិទ្ធិដឹកនាំគ្រប់គ្រងសង្គមត្រូវបានគេជឿថា គឺព្រះជាអ្នកកំណត់ ដោយព្រះអង្គបានកំណត់បុគ្គលណាមួយ ឬសាច់សាលោហិតណាមួយ ជាតំណាងរបស់ព្រះ ត្រូវបានទទួលសិទ្ធិពីព្រះ ឱ្យមកដឹកនាំគ្រប់គ្រងសង្គមនោះ ឬនគរណាមួយនោះ។ ជាទូទៅ អ្នកដែលទទួលបានសិទ្ធិដ៏ពិសិដ្ឋនេះមានងារជាព្រះមហាក្សត្រ ដែលមានអំណាចដាច់ខាត មិនអាចជំទាស់បានឡើយ។ ព្រះមហាក្សត្រត្រូវបានរាស្រ្តទូទៅជឿថា ជាបុគ្គលឆ្នើមអស្ចារ្យ យល់ដឹងបញ្ហាគ្រប់យ៉ាង ហើយជាអ្នកមានសិទ្ធិបង្កើតច្បាប់ អនុវត្តច្បាប់ និងជាអ្នកកាត់ក្តី ដើម្បីធានាឱ្យមានភាពសុខដុមនៅក្នុងសង្គម។

ចាប់ពីសតវត្សរ៍ទី១៧ ទស្សនវិទូចាប់ផ្តើមជំទាស់នឹងបុព្វសិទ្ធិគ្រប់គ្រងដែលព្រះជាអ្នកកំណត់ ហើយបង្កើតទ្រឹស្តីអំពី “កិច្ចសន្យាសង្គម” ដោយស្វែងរកហេតុផល និងបកស្រាយថា តើសង្គមមនុស្សគួរត្រូវដឹកនាំគ្រប់គ្រងយ៉ាងម៉េច? ហើយនរណាជាអ្នកកំណត់ថា តើនរណាមានសិទ្ធិដឹកនាំគ្រប់គ្រងសង្គម?

នៅសតវត្សរ៍ទី១៧ និង​១៨ មានទស្សនវិទូ៣រូប ដែលទស្សនៈរបស់គាត់មានឥទ្ធិពលធំធេងក្នុងការបកស្រាយ ឆ្លើយតបទៅនឹងសំណួរទាំង២ខាងលើ។ គំនិតបកស្រាយរបស់ទស្សនវិទូទាំង៣រូបផ្តោតលើការយល់ឃើញថា តើធម្មជាតិរបស់មនុស្សមានសភាពបែបណា ហើយហេតុអ្វីចាំបាច់ត្រូវមានកិច្ចសន្យាសង្គម និងកិច្ចសន្យាសង្គមត្រូវមានលក្ខណៈយ៉ាងម៉េច ដើម្បីធានាឱ្យមនុស្សរស់នៅមានក្តីសុខនឹងគ្នាក្នុងសង្គម។

១. លោក ថូម៉ាស ហុបស៍ Thomas Hobbs (1588-1679)

លោក ហុបស៍ ជាទស្សនវិទូជនជាតិអង់គ្លេស។ លោកបានរស់នៅឆ្លងកាត់សង្រ្គាមសុីវិលក្នុងប្រទេសអង់គ្លេសនាឆ្នាំ១៦៤២ ដល់ ១៦៥១ ដោយសង្កេតឃើញនូវភាពឃោរឃៅកាប់សម្លាប់គ្នា។ គាត់បានសន្និដ្ឋានថា សភាពធម្មជាតិរបស់មនុស្ស គឺអាត្មានិយម កាចឃោរឃៅ បៀតបៀនគ្នា ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងមានអាយុខ្លី។ ការនេះជំរុញឱ្យមនុស្សរស់នៅក្នុងសង្គមជាមួយគ្នា ឈានទៅកាប់សម្លាប់គ្នា បង្កសង្រ្គាមបង្ហូរឈាម ហើយរស់នៅគ្មានក្តីសុខសន្តិភាព។ ដើម្បីបង្ការកុំឱ្យមានការបៀតបៀន ការកាប់សម្លាប់គ្នា និងកុំឱ្យមានសង្រ្គាមបង្ហូរឈាម មនុស្សរស់នៅក្នុងសង្គមត្រូវមានកិច្ចសន្យាសង្គម ប្រគល់សិទ្ធិអំណាចឱ្យទៅបុគ្គលខ្លាំងណាមួយ ក្លាយជាស្តេចគ្រប់គ្រង ដែលមានសិទ្ធិអំណាចដាច់ខាត ដោយប្រជាពលរដ្ឋមិនមានសិទ្ធិជំទាស់តវ៉ាបានឡើយ។ បើទោះបីជាស្តេចប្រព្រឹត្តមិនបានល្អ ក្នុងការបង្កើតច្បាប់ អនុវត្តច្បាប់ ឬកាត់ក្តី ក៏ប្រជាពលរដ្ឋមិនមានសិទ្ធិផ្តួលរំលំស្តេចដែរ ពីព្រោះការផ្តួលរំលំស្តេចនឹងធ្វើឱ្យសង្គមឈានទៅរកភាពវឹកវរ កោលាហល និងការកាប់សម្លាប់គ្នា ដែលស្ថានការណ៍កាន់តែអាក្រក់ខ្លាំងជាងមានស្តេចមិនល្អ។

២. លោក យ៉ន ឡុក John Locke (1632-1704)

លោក ឡុក ក៏ជាទស្សនវិទូជនជាតិអង់គ្លេសដែរ តែលោកមិនយល់ស្របនឹងគំនិតរបស់លោក ហុបស៍ ទេ។ លោកយល់ថា សភាពធម្មជាតិរបស់មនុស្ស គឺស្លូតបូត ចេះស្រឡាញ់យោគយល់គ្នា និងមានទឹកចិត្តអាណិតអាសូរចង់ជួយគ្នា។ លោកថា មនុស្សកើតមកមានសិទ្ធិពីកំណើត គឺសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាព និងសិទ្ធិលើកម្មសិទ្ធិ។ សិទ្ធិទាំង៣ប្រការនេះមិនអាចដកចេញបានសោះឡើយ។ យ៉ាងណាក៏ដោយ លោក ឡុក គាំទ្រឱ្យមានកិច្ចសន្យាសង្គម ដែលប្រជាពលរដ្ឋយល់ស្របលះបង់សិទ្ធិសេរីភាពមួយចំនួនឱ្យទៅមេដឹកនាំ ឬរដ្ឋាភិបាល ក្នុងលក្ខខណ្ឌមានកំណត់ គឺមេដឹកនាំ ឬរដ្ឋាភិបាលយកសិទ្ធិនោះទៅប្រើប្រាស់ ដើម្បីធានាការពារសិទ្ធិពីកំណើតរបស់ប្រជាពលរដ្ឋទូទៅ ហើយធានាឱ្យមានសុខសន្តិភាព និងភាពរីកចម្រើនក្នុងសង្គម។ បើមេដឹកនាំបំពេញភារកិច្ចទាំងនេះមិនបានល្អ ប្រជាពលរដ្ឋមានសិទ្ធិធ្វើបដិវត្តន៍ផ្តួលរំលំមេដឹកនាំនោះចេញ ដោយដាក់ជំនួសមេដឹកនាំថ្មី។

ក្រោយមក នៅក្នុងពិភពលោកសេរី គេបានចាត់ទុកលោក John Locke ជាបិតាសេរីនិយម និងជាអ្នកផ្តួចផ្តើមគំនិតឱ្យមានសង្គមប្រជាធិបតេយ្យជឿនលឿន។

៣. លោក ហ្សង់ ហ្សាក់ស៍ រ៉ូសូ (Jean-Jacques Rousseau)

លោក រ៉ូសូ មានកំណើតនៅទីក្រុងហ្សុឺណែវ ប្រទេសស្វីស ហើយក្រោយមកយកសញ្ជាតិបារាំង បានសន្និដ្ឋានស្រដៀងនឹងលោក John Locke ដែរ ដោយបញ្ជាក់ថា សភាពធម្មជាតិរបស់មនុស្ស គឺល្អ តែសង្គមទេ ដែលបានពត់ចិត្តមនុស្សឱ្យអាក្រក់។ ជាលក្ខណៈធម្មជាតិ មនុស្សកើតមកមានសេរីភាព ស្មើគ្នា មានចិត្តស្រឡាញ់សន្តិភាព និងរីករាយ។ នៅពេលមនុស្សចាប់ផ្តើមគិតអំពីការទាមទារចង់បានកម្មសិទ្ធិ ភាពមិនស្មើគ្នាក៏ចាប់ផ្តើមកើតឡើង ហើយការដណ្តើមប្រយោជន៍គ្នាបង្កឱ្យមានការកាប់សម្លាប់គ្នា និងសង្រ្គាមបង្ហូរឈាម។ ពពួកអ្នកមាននិងមានអំណាចលួចប្លន់ដីប្រជារាស្រ្ត ហើយបោកបញ្ឆោតប្រជាពលរដ្ឋឱ្យទទួលស្គាល់ខ្លួនជាអ្នកមានសិទ្ធិដឹកនាំគ្រប់គ្រងសង្គម។

ខុសពី Thomas Hobbs និង John Locke ដែលយល់ថា កិច្ចសន្យាសង្គម ដែលមានអ្នកដឹកនាំសង្គម ដោយមានការយល់ព្រមពីប្រជាពលរដ្ឋ Jean-Jacques Rousseau យល់ឃើញថា សិទ្ធិដឹកនាំសង្គមនេះបានមកពីការបោកបញ្ឆោតរបស់អ្នកមានអំណាចនិងទ្រព្យធន។ រ៉ូសូ យល់ស្របឱ្យមានកិច្ចសន្យាសង្គម តែសិទ្ធិដឹកនាំសង្គម មិនត្រូវប្រគល់ទៅឱ្យស្តេច ឬបុគ្គលខ្លាំង ឬរដ្ឋាភិបាលតំណាងប្រជាពលរដ្ឋណាមួយទេ តែត្រូវប្រគល់ទៅឱ្យសហគមន៍ ឬស្ថាប័នតំណាងឆន្ទៈរួមរបស់ប្រជាពលរដ្ឋ។ ស្ថាប័ននោះត្រូវស្ថិតនៅក្រោមអំណាចឆន្ទៈរួម ហើយធ្វើតាមបញ្ជានៃឆន្ទៈរួមរបស់ប្រជាពលរដ្ឋ ដូចជាការបោះឆ្នោតផ្ទាល់ពីប្រជាពលរដ្ឋ សម្រេចលើគោលនយោបាយសាធារណៈណាមួយក្នុងស្រុក ឬខេត្តណាមួយ។

គំនិតប្រជាធិបតេយ្យដោយផ្ទាល់របស់ រ៉ូសូ ត្រូវបានគេយកទៅអនុវត្តនៅតាមភូមិឃុំ ក្នុងប្រទេសស្វីស ក្នុងការសម្រេចលើរឿងអភិវឌ្ឍភូមិឃុំ ដោយឱ្យសិទ្ធិទៅប្រជាពលរដ្ឋនៅក្នុងភូមិឃុំនោះបោះឆ្នោតដោយផ្ទាល់។


តាមរយៈនៃការសង្កេតនិងឆ្លុះបញ្ចាំងទៅលើដំណើរវិវឌ្ឍន៍នយោបាយនៅកម្ពុជា ខ្ញុំយល់ថា ទស្សនៈរបស់លោក Thomas Hobbs សមស្របសម្រាប់កាលៈទេសៈស្រុកខ្មែរ ក្រោយឆ្លងកាត់សង្រ្គាមសុីវិលយូរឆ្នាំ ដែលពោរពេញដោយភាពគ្មានសណ្តាប់ធ្នាប់ គ្មានការគោរពច្បាប់ទម្លាប់ មានភាគីប្រដាប់អាវុធច្រើនសណ្ធាន និងមានការលួចប្លន់និងចាប់ជំរិត។ សិទ្ធិអំណាចដាច់ខាតស្ថិតក្នុងកណ្តាប់ដៃដែករបស់បុរសខ្លាំង ដូចជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួយស្តារសភាពកាណ៍ស្រុកទេសឡើងវិញ ធានាឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងសន្តិភាព។ ក៏ប៉ុន្តែ ក្រោយពីប្រទេសជាតិមានស្ថិរភាពនិងសន្តិភាពល្អសមរម្យ កិច្ចសន្យាសង្គម ត្រូវឈានទៅរកការដឹកនាំមួយ ដែលសិទ្ធិអំណាចត្រូវមានកំណត់ និងមានតុល្យភាព ជាពិសេស ត្រូវមានការបែងចែកអំណាចរវាងស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងអំណាចតុលាការ ដើម្បីបង្ការការរំលោភអំណាច ធានាការប្រកួតប្រជែងនយោបាយនិងសហគ្រិនសេរីដោយយុត្តិធម៌ និងការលើកកម្ពស់សិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។ តុល្យភាពអំណាចនៃស្ថាប័នទាំងបី ភាពជាអ្នកដឹកនាំដែលមានទស្សនវិស័យវែងឆ្ងាយនិងចរិតប្រជាធិបតេយ្យ នឹងរុញប្រទេសកម្ពុជាឱ្យធ្វើដំណើរបន្តទៅរកភាពរីកចម្រើនរុងរឿង ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យភាពនិងកិត្តិយសលើឆាកអន្តរជាតិ៕

===^^^===

-- រៀបរៀងដោយ សាម អុីន -- មករា ២០២២

-- ប្រភពព័ត៌មាន ៖ Websites and YouTube on Social Contract, Thomas Hobbs, John Locke and Jean-Jacques Rousseau.

-- អត្ថបទទាក់ទង

១. ដូរសិន ឬទៅសន្សឹមៗ
២. រងើកភ្លើងបដិវត្តន៍នៅកម្ពុជា
៣. ជ្រោងទង់ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា

Post a Comment

0 Comments

Ad Code