“ចូរស្រឡាញ់ខ្លួន យល់ព្រមនឹងខ្លួនឯង អត់ឱនឱ្យខ្លួនឯង និងធ្វើល្អចំពោះខ្លួនឯង ពីព្រោះថា បើខ្លួនឯងមានបញ្ហា រឿងល្អៗទាំងឡាយនឹងមិនកើតឡើងឡើយ។” – Leo F. Buscaglia
ជីវិតទំនើបនាពេលបច្ចុប្បន្នមិនបានធ្វើឱ្យមានភាពប្រសើរឡើងទេ។ តាមពិត វាធ្វើឱ្យងាយស្រួលពេកក្នុងការប្រៀបធៀបជាមួយជីវិតអ្នកដទៃ ដែលមើលទៅហាក់កំពុងរស់នៅដូចក្តីប្រាថ្នា ដែលអ្នកស្រមៃចង់បាន មានដូចជា៖
យើងមានអារម្មណ៍មិនល្អទៅលើទម្ងន់និងរូបរាងរបស់យើង ដោយសារតែយើងបានឃើញ និងប្រៀបធៀបជាមួយរូបរាងមនុស្សក្នុងកញ្ចក់ទូរទស្សន៍ ឬទស្សនាវត្តី ដែលគេបង្ហាញផ្សព្វផ្សាយពាណិជ្ជកម្មអំពីសម្រស់ និងសុខភាព។
បញ្ហានៃទំនាក់ទំនងគ្រួសារបានក្លាយជារឿងធំ ក្រោយពីទទួលបានមតិយោបល់ និងការទូន្មានផ្សេងៗពីអ្នកដទៃ ហើយយើងក៏ចាប់ផ្តើមប្រៀបធៀបជាមួយគ្រួសារគេ ដែលស្តាប់ទៅថាល្អប្រសើរជាង។
ការមើលឃើញរូបភាពនិងខ្លឹមសារតាមបណ្តាញសង្គម ដែលមើលទៅឃើញជីវិតគេហាក់បីដូចជាល្អប្រសើរច្រើនជាងយើង ធ្វើឱ្យយើងមានអារម្មណ៍មិនសប្បាយចិត្ត និងកាន់តែខ្វល់ច្រើន។
វាមានភាពពិតច្រើននៅក្នុងគំនិតមួយលែកលើកឡើងថា ការមិនបានដឹងគឺជាពរជ័យដ៏ប្រសើរ។ កាលពីសប្តាហ៍មុន ខ្ញុំបានផ្តល់ការប្រឹក្សាយោបល់ដល់មនុស្សម្នាក់ ដែលបានមើលព័ត៌មានតាម online និងប្រៀបធៀបតួនាទីនិងប្រាក់ខែគាត់ជាមួយអ្នកដទៃ ហើយបានសន្និដ្ឋានថា គាត់ទទួលបានប្រាក់ខែទាប បើប្រៀបធៀបនឹងគេ។ គាត់មានការខឹងមួម៉ៅនឹងខ្លួនឯង ដែលបានសម្រេចទទួលយកការងារមួយនេះរយៈពេល៥ឆ្នាំជាមួយនឹងប្រាក់ខែទាប។ ខ្ញុំបានរំលឹកប្រាប់ទៅគាត់ថា គាត់ធ្លាប់បំពេញការងារនេះដោយរីករាយ និងមិនមានបញ្ហាហិរញ្ញវត្ថុទេកន្លងមក ហើយពេលនេះ គាត់អាចស្វែងរកកន្លែងការងារថ្មីបាន។ ចូរបញ្ឈប់ការប្រៀបធៀបខ្លួនអ្នកនឹងអ្នកដទៃ បន្ទាប់មកអ្នកនឹងដឹងថា អ្វីៗដូចជាល្អប្រសើរ មិនមានបញ្ហាទេ។
រឿងមិនល្អបន្ថែមទៀតគឺថា នៅពេលដែលអ្នកមានអារម្មណ៍ខឹងនឹងខ្លួនឯង វានឹងបង្កផលប៉ះពាល់ដល់អ្នកដទៃ ដែលនៅជិតអ្នក។ ជាទូទៅ អ្នកនឹងផ្ទេរអារម្មណ៍អវិជ្ជមានបន្តទៅអ្នកដទៃ។ វាអាចកើតឡើងក្នុងទម្រង់នៃការប្រចណ្ឌ ភាពព្រងើយកន្តើយ ការគិតមិនល្អ ខឹងសម្បា ឬមានកាយវិការមិនសមរម្យ ដែលជាទង្វើទាំងឡាយ ដែលបុគ្គលជោគជ័យតែងចៀសឆ្ងាយ។
<< ចូរបញ្ឈប់ការប្រៀបធៀបខ្លួនអ្នកនឹងអ្នកដទៃ បន្ទាប់មកអ្នកនឹងដឹងថា អ្វីៗដូចជាល្អប្រសើរ មិនមានបញ្ហាទេ។>>
++ កិច្ចប្រតិបត្តិ
+ យល់ព្រមនិងស្គាល់លក្ខណៈពិសេសរបស់ខ្លួន
អ្នកមានលក្ខណៈពិសេសខុសគេ ហេតុនេះហើយមិនគួរព្យាយាមប្រៀបធៀប ឬធ្វើត្រាប់តាមនរណាម្នាក់សោះឡើយ។ ចូរបញ្ឈប់ការខ្វល់ថា អ្នកដូចជាចូលសង្គមមិនចុះនឹងគេ។ ដូចនឹងអ្នកដទៃដែរ អ្នកតែងមានភាពចម្រុះលាយគ្នារវាងភាពខ្លាំងនិងភាពខ្សោយ ដូច្នេះចូរបញ្ឈប់ការបន្ទោសខ្លួនឯងចំពោះកំហុសឆ្គង ឬចំណុចខ្សោយរបស់អ្នក។ជំនួសមកវិញ អ្នកគួរចាប់ផ្តើមចេះអរគុណនឹងអ្វីដែលអ្នកមាន និងអ្នកជាបុគ្គលបែបណា។ ចូរចាប់ផ្តើមរៀនដើរចេញពីទម្លាប់នៃការប្រៀបធៀបនឹងអ្នកដទៃ។ អ្នកនឹងមិនមានក្តីរីករាយសោះឡើយ បើអ្នកបន្តប្រៀបធៀបខ្លួនអ្នកនឹងអ្នកដទៃ។ វាតែងនឹងមាននរណាម្នាក់ ដែលមើលទៅមានទ្រព្យជាងអ្នក សប្បាយរីករាយជាងអ្នក មានសុខភាពល្អជាងអ្នក ស្រស់ស្អាតជាងអ្នក ឬមានដៃគូល្អប្រសើរជាងអ្នក។
+ សម្លឹងមើលរឿងវិជ្ជមាន
អ្នកអាចជួបថ្ងៃស៊យ ហើយនេះជារឿងធម្មតាក្នុងជីវិត។ អ្នកភ្លេចបិទទ្វារទូទឹកកកពេលចាកចេញពីផ្ទះ មានការប៉ះទង្គិចគ្នាពេលបើកបរ ភ្លេចយកវ៉ាលីពេលចុះពីឡានតាក់ស៊ី ឬភ្លេចទូរស័ព្ទដៃនៅហាងកាហ្វេ។បើទោះបីអ្នកមានអាម្មណ៍មិនល្អចំពោះខ្លួនឯងយ៉ាងណាក៏ដោយ ចូរកុំជះអារម្មណ៍ទាំងនេះទៅលើអ្នកដទៃ។ ពិតហើយ អ្នកអាចនិយាយអំពីអារម្មណ៍ទាំងនេះ ឬរៀបរាប់ក្តីកង្វល់ទាំងឡាយប្រាប់អ្នកផ្សេង ដើម្បីបន្ធូរកំហឹង និងសម្រន់ការតូចចិត្ត តែកុំបង្កការឈឺចាប់ដល់អ្នកទាំងឡាយ ដែលនៅក្បែរអ្នក។ សូមកុំមួម៉ៅ ធ្វើព្រងើយកន្តើយ ឬនៅស្ងៀមខឹងមិននិយាយ។ នៅពេលដែលអ្នកសម្លឹងមើល ឬគិតលើរឿងវិជ្ជមាន ឬផ្តោតចិត្តលើដង្ហើមចេញនិងចូល អារម្មណ៍អវិជ្ជមានទាំងឡាយនឹងថមថយ។ គិតរឿងល្អវិជ្ជមាននឹងផ្តាច់ចរន្តសាំងក្នុងការបញ្ឆេះកំហឹង ឬបង្កើនកង្វល់។ ចូរទុកឱ្យអារម្មណ៍អវិជ្ជមានថមថយជាមួយពេលវេលា បន្ទាប់មកអ្នកដឹងថា វាមិនអីទេចំពោះរឿងរ៉ាវដែលកើតឡើងកន្លងមក។ នេះហើយជាវិថីនៃការស្រឡាញ់ខ្លួនឯង និងយល់ព្រមទទួលយកនូវរឿងរ៉ាវទាំងឡាយដែលកើតឡើង។
=== ^^^ ===
> ប្រែសម្រួលដោយ សាម អ៊ីន -- វិច្ឆិកា ២០២៥
ដកស្រង់ពីអត្ថបទ “Accept yourself” in the book of Nigel Cumberland (2016): 100 things successful people do. Little exercises for successful living.

0 Comments