១. ក្តីទុក្ខ
លោកអ្នកធ្លាប់ឮញឹកញាប់នូវពាក្យមានរូបមានទុក្ខ មានជីវិតមានទុក្ខ។ ប៉ុន្តែ មានមនុស្សតិចតួចប៉ុណ្ណោះដែលយល់ដឹងឱ្យស៊ីជម្រៅអំពីទុក្ខ និងផ្លូវទៅរំលត់ទុក្ខ ផ្លូវទៅរកក្តីសុខ។ មុននឹងស្វែងយល់អំពីហេតុនៅពីក្រោយទុក្ខ និងផ្លូវទៅរំដោះទុក្ខ យើងនំាគ្នាពិនិត្យមើលទុក្ខទំាងឡាយដែលរំខានចិត្តយើង ធ្វើឱ្យចិត្តយើងហ្មងសៅស្ទើររាល់ថ្ងៃ។ពូសំជាមេគ្រួសារកសិករម្នាក់។ គាត់ដាំត្រសក់រួចស្រួលបួលលើផ្ទៃដី៥ហិកតារបស់គ្រួសារគាត់នៅស្រុកកៀនស្វាយ។ ពេលកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ ចិត្តរបស់ពូសំនឹកគិតដល់រឿងរាំងស្ងួត ដែលអាចកើតឡើងបំផ្លាញដំណាំរបស់គាត់។ ក្រោយមកបន្តិច ចិត្តគាត់ក៏បន្តនឹកគិតថា ត្រសក់គាត់អាចផ្តល់ផលល្អ ដោយមិនមានបញ្ហារាំងស្ងួតទេ តែគាត់នៅបារម្ភអំពីការធ្លាក់ថ្លៃពេលត្រសក់បានផល។ មួយរំពេចបន្តមកទៀត ចិត្តពូសំក៏គិតថា បើផលចម្ការត្រសក់របស់គាត់មានបញ្ហាមែន ដោយសារការរាំងស្ងួត ឬការធ្លាក់ថ្លៃ តើគាត់បានប្រាក់ឯណាបង់ថ្លៃមហាវិទ្យាល័យដល់កូនប្រុសនិងកូនស្រី ដែលកំពុងសិក្សា។
ឧកញ៉ាសឿនបានវិនិយោគប្រាក់១០លានដុល្លារអាមេរិក ដើម្បីបើករោងចក្រផលិតនំស្រួយ ដោយសារសម្លឹងឃើញទីផ្សារល្អ កំពុងអំណោយផលសម្រាប់រកប្រាក់ចំណេញ។ គាត់បានខ្ចីប្រាក់ពីធនាគារចំនួន៥លានដុល្លារ មកបំពេញបន្ថែមលើប្រាក់ដែលគាត់មាន។ ក្រោយរោងចក្រសាងសង់ជិតរួចរាល់ ជារឿយៗ ពេលកំពុងអង្គុយលើសាឡុងក្នុងផ្ទះវិឡារបស់គាត់នាពេលល្ងាច ឧកញ៉ាសឿន នឹកគិតព្រួយបារម្ភអំពីទីផ្សារនំស្រួយដែលកំពុងប្រែប្រួលខ្លាំង ដោយសារមានមនុស្សច្រើនគ្នាបានសម្លឹងឃើញឱកាសរកប្រាក់ចំណេញក្នុងការផលិតនំស្រួយ ហើយបានបោះទុនវិនិយោគសាង់សង់រោងចក្រដែរ។ គាត់បារម្ភអំពីការប្រកួតប្រជែងគ្នា អំពីគុណភាពនំគាត់ អំពីវិធីលក់់ដែលអាចធ្វើឱ្យគាត់ខាតបង់ប្រាក់ ហើយឈានទៅបិទរោងចក្រ។ ចិត្តគាត់ក៏គិតបន្តថា បើខាតឡុងចុងមែន តើត្រូវសងធនាគារដោយរបៀបណា ត្រូវលក់ផ្ទះដែលគាត់កំពុងរស់នៅសងគេ ឬយ៉ាងណា។ ចិត្តក៏ចេះតែគិតបន្តទៀតថា បើលក់ផ្ទះមែន តើមុខមាត់គាត់ទៅជាយ៉ាងណា។
ឧកញ៉ាសុខជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម។ សម្រាប់កែវភ្នែកអ្នកផងទាំងពួង ឧកញ៉ាសុខ ជាមនុស្សមានសំណាង រស់ក្នុងក្តីសុខរីករាយ គ្មានការភ័យព្រួយ និងក្តីកង្វល់ទេ។ ប៉ុន្តែ សម្រាប់ឧកញ៉ាសុខវិញ ចិត្តរបស់គាត់កំពុងភ័យខ្លាំងនឹកគិតដល់សេចក្តីស្លាប់ ដែលនឹងឈានមកដល់នាពេលខាងមុខ ដោយសារគាត់ចាស់ជរា និងមានជំងឺប្រចាំកាយផង។ ចិត្តគាត់ក៏មានកង្វល់ផងដែរអំពីទ្រធ្យធនដ៏ច្រើនរបស់គាត់អាចនឹងរលាយបាត់បង់ ដោយសារគាត់សម្លឹងឃើញថា ក្នុងចំណោមកូនៗរបស់គាត់ គ្មាននរណាម្នាក់អាចស្នងគាត់បាន គ្មាននរណាម្នាក់ដែលអាចទុកចិត្តបាន។ ពេលខ្លះ ចិត្តគាត់ហ្មងសៅនឹកគិតដល់រឿងរ៉ាវពីអតីតកាល ដែលគាត់បានប្រព្រឹត្តិកំហុសជាមួយមិត្តភក្តិ ដែលធ្លាប់រាប់អានស្រឡាញ់គ្នា តែបែរជាក្បត់គ្នា ដោយសារផលចំណេញក្នុងរឿងរកស៊ី។ សេចក្តីភ័យខ្លាច ការសោកស្តាយរឿងអតីតកាល និងក្តីបារម្ភរបស់គាត់ធ្វើឱ្យគាត់រស់មិនបានសុខជាមួយទ្រព្យធនដ៏មហិមារបស់គាត់។ គាត់ខឹងនឹងកូនៗ ដែលមិនស្តាប់ និងធ្វើតាមដំបូន្មានរបស់គាត់ គាត់ទើសនឹងអ្នកនៅក្បែរ ដែលគាត់គិតថា មើលថែគាត់មិនបានល្អ ដូចចិត្តចង់បាន។
ជំទាវភារស់នៅមិនសប្បាយចិត្តទេ មិនមែនដោយសារគាត់ខ្វះផ្ទះនៅ ឬមានបាយហូបមិនគ្រប់នោះទេ ប៉ុន្តែដោយសារ គាត់ប្រៀបធៀបនឹងជំទាវផ្សេងទៀត ដែលគាត់បានស្គាល់ ដែលគេមានផ្ទះ និងដីច្រើនជាងគាត់ គេមានឡានទំនើបជិះច្រើនជាងគាត់។ ចិត្តគាត់តែងនឹកគិតថា បើគាត់មានដីច្រើនកន្លែងដូចគេនាពេលអនាគត មានលុយដាក់ក្នុងធនាគារនៅបរទេសដូចគេ និងមានឡានទំនើបច្រើនដូចគេ ប្រហែលជាគាត់នឹងរស់នៅសប្បាយប្រកបដោយមានក្តីសុខ។
ប្អូនបញ្ញារស់នៅមានជីវភាពសមរម្យក្នុងនាមជាគ្រូបង្រៀនភាសា និងមានភរិយាជាអ្នកលក់ដូរមានចំណូលគួរសម អាចចិញ្ចឹមកូនពីរនាក់ឱ្យទទួលបានការសិក្សារៀនសូត្រល្អត្រឹមត្រូវ។ នៅពេលដែលភរិយារបស់គាត់ពេញចិត្តនឹងជីវិតបច្ចុប្បន្ន ចិត្តរបស់បញ្ញាមិនសប្បាយរីករាយទេ ដោយសារគាត់មានមហិច្ឆតាចង់ក្លាយជាបុគ្គលល្បីឈ្មោះក្នុងសង្គម តែគាត់ដូចជាមិនទទួលបានការចាប់អារម្មណ៍ពីមហាជនច្រើនសោះ បើទោះបីគាត់ខំប្រឹងយ៉ាងខ្លាំងតាមរយៈការបង្ហោះសារផ្សេងៗតាមបណ្តាញសង្គមអំពីនយោបាយ និងសង្គម រួមទាំងការទិតៀន វាយប្រហាររដ្ឋាភិបាលក៏ដោយ។
យុវជនសម្បត្តិកំពុងបើកឡានតាមផ្លូវឆ្ពោះទៅសាកលវិទ្យាល័យ AUPP។ ដោយសារគេចេញពីផ្ទះរាងយឺតបន្តិច ផ្លូវក៏ចាប់ផ្តើមចង្អៀតមានឡានម៉ូតូច្រើន ធ្វើឱ្យគេបារម្ភខ្លាចទៅរៀនមិនទាន់ម៉ោង។ នៅតាមផ្លូវ គេរង្គាលចិត្តនឹងអ្នកបើកឡានជាច្រើនដែលចង់តែទៅមុន មិនគោរពភ្លើងស្តុប ធ្វើឱ្យផ្លូវស្ទះខ្លាំងកាន់តែបង្កើនការបារម្ភរបស់គេ។ គេខឹងមួម៉ៅនឹងម៉ូតូ ដែលបើកវ៉ាទៅកាត់មុខទាំងទទឹងទិស។ គេខឹងផងនិងបារម្ភផង ដែលផ្លូវស្ទះជាច្រើនកន្លែង។ ក្នុងរយៈពេលប្រមាណ១ម៉ោង តាំងពីចេញពីផ្ទះទៅដល់ខ្លោងទ្វារសាលា ចិត្តរបស់សម្បត្តិមិនបានសុខស្ងប់ទេ ដោយទើស ដោយខឹង ដោយបារម្ភ។
ឯកឧត្តមរិទ្ធីជាមន្រ្តីថ្នាក់ខ្ពស់ម្នាក់ ដែលទទួលបានគោរពស្រឡាញ់ពីក្រុមគ្រួសារនិងសហការីនៅកន្លែងធ្វើការ ដោយសារគាត់មានឋានៈខ្ពស់និងមានអត្តចរិតល្អ។ នាថ្ងៃមួយនាចុងសប្តាហ៍ ពេលកំពុងបើកបរលើផ្លូវជាមួយភរិយា ប៉ូលីសចរាចរណ៍បានឃាត់ឡានគាត់ឱ្យឈប់ ដោយសារគាត់បើកឡានមិនគោរពភ្លើងស្តុប។ ពេលចុះពីឡាន ប៉ូលីសបាននិយាយមកកាន់គាត់ដោយសំដីរាងធ្ងន់ លាយនឹងការគំរាមជាប្រយោល ដែលបង្កឱ្យមានការប៉ះទង្គិចពាក្យសំដីមួយចំនួន ធ្វើឱ្យគាត់មានអារម្មណ៍តូចចិត្តនិងខឹងមួម៉ៅដក់ក្នុងចិត្តរាប់សប្តាហ៍។
២. ហេតុនៅពីក្រោយទុក្ខ
រឿងរ៉ាវរៀបរាប់ខាងលើបង្ហាញអំពីក្តីទុក្ខទាំងឡាយ ដែលមនុស្សទូទៅរស់នៅក្នុងសង្គមកំពុងជួបប្រទះ។ ចិត្តមនុស្សព្រួយបារម្ភទៅលើរឿងទាំងឡាយ ដែលអាចកើតឡើងនៅពេលអនាគត គេតូចចិត្តនិងសោកស្តាយចំពោះកំហុសឆ្គង ដែលកើតឡើងពីអតីតកាល ដូចជាករណី ពូសំ ឧកញ៉ាសឿន ឬឧកញ៉ាសុខ ជាដើម។ គំនិតរបស់មនុស្សចូលចិត្តនៅជាមួយពេលវេលា ឬមួយគិតទៅអតីតកាល ឬមួយគិតទៅអនាគត។ គេភ័យខ្លាចអំពីសេចក្តីស្លាប់ ដែលមិនទាន់មកដល់ ហើយគេមិនដឹងថាវាជាអ្វីឱ្យពិតប្រាកដ។ គេមិនពេញចិត្តនឹងអ្វីដែលគេមាន ដោយសារចិត្តគេគិតទៅលើការប្រៀបធៀបនឹងអ្នកដទៃ ដូចករណី ជំទាវភា ឬប្អូនបញ្ញា ជាដើម។ គេតែងចង់បានច្រើនជាងអ្វីដែលគេកំពុងមាន មិនថា លុយកាក់ ឋានៈ និងការឱ្យតម្លៃពីសង្គម។ គេទើស គេមិនចូលចិត្ត គេខឹងនឹងទង្វើរបស់អ្នកដទៃ ដែលប្រព្រឹត្តខុសនឹងការយល់ឃើញរបស់គេ ដូចជាករណី យុវជនសម្បត្តិ។ ចិត្តហ្មងសៅរបស់មនុស្សក៏កើតឡើងញឹកញាប់ដោយសារគិតថាអ្នកដទៃហ៊ានបំពារបំពាន ឬប្រមាថមើលងាយដល់បុគ្គលភាព ឬអត្តសញ្ញាណរបស់គេ ដែលចិត្តគេគិតថា គេជាបុគ្គលបែបណា ដូចជាករណី ឯកឧត្តមរិទ្ធី។មិនថាអ្នកមាន ឬអ្នកក្រ អ្នកធំ ឬអ្នកតូច ស្ត្រី ឬបុរស តែងប្រឈមនឹងទុក្ខបែបនេះគ្រប់ៗគ្នា គ្រាន់តែខុសគ្នានូវកម្រិតនិងប្រភេទនៃទុក្ខ អាស្រ័យនឹងស្ថានការណ៍នៃជីវិតផ្សេងគ្នាប៉ុណ្ណោះ។ ហេតុអ្វីក៏ទុក្ខទាំងឡាយកើតឡើងក្នុងចិត្តរបស់មនុស្សយើង?
នៅក្នុងចិត្តមនុស្សយើងម្នាក់ៗ វាមានធាតុមួយដែលនៅជាប់ជាមួយ ដែលយើងនិយមហៅថា “ភាពអាត្មានិយម” ជាភាសាអង់គ្លេសហៅថា "Ego"។ អាត្មានិយមនេះកើតឡើងក្នុងចិត្តដោយសារតែការយល់ច្រឡំ ដែលព្រះពុទ្ធលើកឡើងថា ភាពអវិជ្ជា គឺការយល់ច្រឡំថា នៅក្នុងខ្លួនយើងម្នាក់ៗមានព្រលឹងមួយ មានអត្តសញ្ញាណមួយ ដែលនៅថេរមិនប្រែប្រួល ដែលតំណាងជាយើងក្នុងនាមជាបុគ្គលម្នាក់ៗ។ ភាពអាត្មានិយមនេះនៅជាមួយចិត្ត ហើយគ្រប់ដណ្តប់លើការគិតរបស់ចិត្ត។ ភាពអាត្មានិយមចូលចិត្តរឿងបួនប្រការ ដោយសារតែរឿងបួនប្រការនេះជួយឱ្យវារស់រាន និងមានថាមពលកាន់តែខ្លាំង។ រឿងបួនប្រការ ដែលភាពអាត្មានិយមចូលចិត្តនោះ គឺ៖
១). សេចក្តីសោកសង្រេងនៃរឿងអតីតកាល
២.) សេចក្តីភ័យខ្លាចនិងព្រួយបារម្ភទៅអនាគតកាល
៣.) កសាងអត្តសញ្ញាណ “អញសំខាន់ អញធំំ អញបែបនេះ” ហើយប្រឆាំងជំទាស់នឹងស្ថានការណ៍ណាដែលមិនឱ្យតម្លៃ “អញ” ឬមិនត្រូវចិត្តអញ និង
៤.) ភាពមិនចេះគ្រប់គ្រាន់ ហើយខំស្វែងរកឱ្យគ្រប់ ឱពេញ។
ភាពអាត្មានិយមនេះធ្វើឱ្យចិត្តមានភាពល្អក់កករ ខ្វះខាតមិនចេះគ្រាប់ ទើសមិនចេះចប់ និងភ័យខ្លាចព្រួយបារម្ភជាប់ជានិច្ច ដែលធ្វើឱ្យយើងរស់នៅមិនមានក្តីសុខ។
តើមានផ្លូវកាត់បន្ថយ ឬចាកចេញពីភាពអាត្មានិយម ផ្លូវទៅរំលុតទុក្ខ ផ្លូវទៅរកសេរីភាព និងភាពសុខស្ងប់ដែរទេ?
៣. ផ្លូវទៅរកក្តីសុខ
ភាពអាត្មានិយមនៅជាមួយចិត្តយើងធ្វើឱ្យយើងរស់នៅជាប់ច្រវាក់នឹងសេចក្តីទុក្ខ រស់មិនបានសុខ រស់មិនបានស្ងប់ រស់ដោយមិនពេញចិត្ត រស់ដោយគ្មានសេរីភាព។ ចិត្តដែលផ្ទុកធាតុអាត្មានិយមនេះចូលចិត្តរស់នៅជាមួយពេលវេលា គឺគិតទៅអតីតកាល ឬគិតទៅអនាគត។ បើអ្នកអាចឈានដល់កម្រិតចេះសង្កេតចិត្តខ្លួនឯង អ្នកនឹងដឹងថា ចិត្តរបស់អ្នកកម្រនៅជាមួយពេលបច្ចុប្បន្នណាស់។ ចិត្តអ្នកគិតទៅរឿងរ៉ាវ ដែលអ្នកបានប្រព្រឹត្តកំហុសកាលពី៥ឆ្នាំមុន ហើយក៏នឹកសោកស្តាយ មួយរយៈខ្លីក្រោយមកក៏នឹកគិតទៅអ្វីដែលអាចកើតឡើងនាពេលអនាគតជាមួយក្តីព្រួយបារម្ភ ជាមួយក្តីភ័យខ្លាច ហើយបានបន្តិច រឿងរ៉ាវកាលពីម្សិលមិញក៏ចាប់ផ្តើមផុសឡើងនៅក្នុងចិត្តរបស់អ្នក។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ក្នុង១ថ្ងៃៗមនុស្សមានការគិតចាប់ពី ៥ម៉ឺន ទៅ៧ម៉ឺនដង ហើយក្នុង១នាទី ពី ៣៥ ទៅ ៥០ដង។ ការគិតរបស់ចិត្តនៅជាមួយពេលវេលានេះហើយ ដែលជាប្រភពនៃភាពហ្មងសៅកើតឡើងក្នុងចិត្តរបស់យើង។ ពាក្យគន្លឹះសំខាន់នៅទីនេះ គឺចិត្តគិតដោយរស់នៅជាមួយពេលវេលា ឬមួយអតីតកាល ឬមួយអនាគតកាល ហើយចិត្តកម្រនៅជាមួយបច្ចុប្បន្នកាលណាស់។ ចូរផ្តោតលើពាក្យបច្ចុប្បន្នកាល ឬយើងហៅដោយសាមញ្ញថា ឥឡូវនេះ ឬ ពេលនេះ ដែលភាសាអង់គ្លេសគេនិយមហៅថា Now ពីព្រោះពាក្យនេះហើយជាផ្លូវ ជាច្រក ជាខ្លោងទ្វារអាចនាំអ្នកទៅរកសេរីភាពបាន។ ដូច្នេះ ការផ្តោតចិត្តឱ្យនៅជាមួយបច្ចុប្បន្នកាល ឬ ពេលឥឡូវនេះ ជារឿងសំខាន់ចម្បង? ពីព្រោះថា នៅពេលដែលចិត្តស្ថិតនៅជាមួយពេលបច្ចុប្បន្ន នោះចិត្តយើងក្នុងខណៈនោះលែងគិតទៅរករឿងរ៉ាវនាអតីតកាល ឬក៏នឹកគិតទៅដល់រឿងរ៉ាវដែលអាចកើតឡើងនៅអនាគតកាល។ ចិត្តនៅជាមួយបច្ចុប្បន្នគឺជាខណៈដែលចិត្តយើងមានភាពបរិសុទ្ធ ពុំមានការគិត មានសេចក្តីសុខ សេចក្តីរីករាយ និងភាពស្ងប់។ អ្នកប្រហែលជាធ្លាប់ជួបនូវស្ថានការណ៍មួយចំនួនដូចជា ពេលកំពុងដើរលេងកំសាន្តឃើញទេសភាពដ៏សែនស្រស់ត្រកាល ហើយខណៈពេលនោះស្រាប់តែចិត្តរបស់អ្នកមានក្តីសប្បាយរីករាយប្លែកពីធម្មតា ប៉ុន្តែវាមិនស្ថិតនៅបានយូរទេ ក្រោយមួយរយៈខ្លីចិត្តរបស់អ្នកក៏វិលត្រលប់ទៅរកសភាពដើមវិញ ដោយគិតពីនេះគិតពីនោះជាមួយពេលវេលាក្នុងអតីតកាល ឬអនាគតកាល។ អ្នកមិនបានចាប់់អារម្មណ៍ថា ខណៈនៃចិត្តមានក្តីរីករាយនោះ គឺចិត្តរបស់អ្នកកំពុងស្ថិតនៅជាមួយពេលបច្ចុប្បន្ន នៅជាមួយទេសភាពដ៏ស្រស់ស្អាត ពុំមានការគិតលើអ្វីផ្សេងនៅជាមួយនោះទេ។ប៉ុន្តែចិត្តយើងដែលគ្របដណ្តប់ដោយភាពអាត្មានិយមមិនចូលចិត្ត មិនចង់នៅជាមួយ និងខ្លាចពេលបច្ចុប្បន្ន ពីព្រោះការនៅជាមួយពេលបច្ចុប្បន្នធ្វើឱ្យភាពអាត្មានិយមក្នុងចិត្តថមថយថាមពល និងឈានទៅស្លាប់បាត់បង់។ ដូច្នេះហើយចិត្តដែលលាយធាតុអាត្មានិយមតែងព្យាយាមគេចចេញពីការនៅជាមួយពេលបច្ចុប្បន្ន។ តើមានវិធីធ្វើឱ្យចិត្ត បើទោះបីមានធាតុអាត្មានិយមក៏ដោយ អាចនៅជាមួយពេលបច្ចុប្បន្នបានទេ? ពិតជាមាន តែទាមទារឱ្យមានការហ្វឹកហាត់ ទើបអាចទាញចិត្តឱ្យមកនៅជាមួយបច្ចុប្បន្នបាន។
៣.១ វិធីទាញចិត្តឱ្យមកនៅជាមួយពេលបច្ចុប្បន្ន
អ្នកប្រហែលជាធ្លាប់ឮ ធ្លាប់ដឹងអំពីកីឡាតោងឡើងភ្នំ ឬកីឡាបើកឡានប្រណាំង FormulaOne។ នៅក្នុងកីឡាពីរប្រភេទនេះ បើអ្នកលេងកីឡាគិតរវើរវាយទៅលើរឿងផ្សេងតែ២ ឬ៣វិនាទី គេអាចប្រឈមនឹងការបាត់បង់ជីវិតភ្លាម នៅពេលដែលគេកំពុងតោងឡើងភ្នំខ្ពស់ ឬបើកឡានប្រណាំងក្នុងល្បឿនជាង៣០០គ.មក្នុង១ម៉ោង។ កីឡាពីរប្រភេទនេះបង្ខំឱ្យចិត្តគេនៅជាមួយពេលបច្ចុប្បន្នជាប់ជានិច្ចក្នុងពេលកំពុងលេង។ កីឡាពីរប្រភេទនេះគ្រោះថ្នាក់ណាស់ គឺអាចដល់បាត់បង់ជីវិត ប៉ុន្តែ មានមនុស្សជាច្រើននៅតែចូលចិត្តលេងវា ដោយសារចិត្តគេមានក្តីរីករាយខ្លាំងពេលកំពុងលេងវា ក្តីរីករាយនោះកើតឡើងដោយសារតែចិត្តរបស់គេនៅជាមួយបច្ចុប្បន្នបានច្រើន ចិត្តរបស់គេមិនអាចគិតទៅរឿងរ៉ាវពីអតីតកាល ឬអនាគតកាលទេ។សម្រាប់អ្នកដែលមិនចូលចិត្តកីឡាពីរប្រភេទនេះ ក៏អ្នកនៅមានជម្រើសក្នុងការទាញចិត្តអ្នកឱ្យនៅជាមួយពេលបច្ចុប្បន្នបានដែរ។ មានវិធីជាច្រើនដែលអាចជួយទាញចិត្តឱ្យមកនៅជាមួយបច្ចុប្បន្នបាន ក្នុងនោះប្រហែលជាអ្នកធ្លាប់ឮញឹកញាប់នូវពាក្យ “សមាធិ”។ សមាធិ ជាវីធីដ៏ពេញនិយមមួយ ដែលជួយឱ្យចិត្តអ្នកមានសតិដឹងនៅជាមួយបច្ចុប្បន្ន។ ភាគច្រើន នៅពេលដែលគេនិយាយអំពីការធ្វើសមាធិ គេតែងគិតដល់ការអង្គុយពែនភ្នែនបិទភ្នែកពិនិត្យដឹងដង្ហើមចូល ដង្ហើមចេញ ប៉ុន្តែ នេះគ្រាន់តែជាវិធីមួយប៉ុណ្ណោះនៃការធ្វើសមាធិ។ អ្នកអាចទាញចិត្តអ្នកឱ្យនៅជាមួយបច្ចុប្បន្នបាន មិនមែនទាល់តែអ្នកអង្គុយពែនភ្នែនបិទភ្នែកទេ។ ពេលអ្នកដើរ ពេលហូបបាយ ពេលលាងចាន ពេលអ៊ុតខោអាវ សុទ្ធតែជាពេលវេលាដែលអ្នកអាចបង្កើតសតិដឹងនៅជាមួយពេលឥឡូវនេះបាន។ ពេលដើរ ចូរព្យាយាមផ្តោតចិត្តរបស់អ្នកមកលើចុងជើងដែលកំពុងបុកដី។ ពេលហូបបាយ ចូរព្យាយាមផ្តោតចិត្តរបស់អ្នកមកលើមាត់ដែលកំពុងប៉ះនឹងស្លាបព្រា ធ្មេញដែលកំពុងទំពារបាយ។ ពេលលាងចាន ចូរព្យាយាមផ្តោតចិត្តរបស់អ្នកមកលើម្រាមដៃដែលកំពុងប៉ះចាន កំពុងប៉ះទឹក។
តទៅនេះជាចំណុចសំខាន់ ដែលមនុស្សជាច្រើនមិនបានដឹង មិនបានយល់ឱ្យត្រឹមត្រូវ ហើយក៏បោះបង់ចោលការធ្វើសមាធិ។ នៅពេលដែលគេព្យាយាមធ្វើសមាធិ គេព្យាយាមផ្តោតចិត្តមកនៅជាមួយបច្ចុប្បន្ន បង្កើតសតិដឹងមកនៅជាមួយដង្ហើម មកលើជើងកំពុងដើរ មកនៅជាមួយដៃកំពុងលានចាន រួចមកមិនបាន៥វិនាទីផង ចិត្តក៏រត់ទៅគិតរឿងនេះរឿងនោះវិញ បន្ទាប់មកគេក៏ចាប់ផ្តើមខឹងនឹងខ្លួនឯងថាប៉ុណ្ណេះធ្វើមិនបាន រួចហើយក៏គិតថា អញមិនអាចធ្វើសមាធិបានទេ អញគ្មាននិស្ស័យនឹងសមាធិទេ និងក្រោយសាកល្បងមួយរយៈខ្លីជួបបញ្ហាដដែលៗ ក៏សម្រេចបោះបង់ទៅ។ តាមពិតនេះជាដំណើរធម្មតា នៅពេលមនុស្សទូទៅចាប់ផ្តើមធ្វើសមាធិ ពីព្រោះចិត្តដែលធ្លាប់នៅជាមួយការគិតរឿងនេះរឿងនោះជាប្រចាំ មិនមានទម្លាប់នៅជាមួយពេលបច្ចុប្បន្ន តែងប្រឈមនឹងបញ្ហានេះជាធម្មតា។ ម្យ៉ាងទៀត ធាតុអាត្មានិយមដែលមាននៅក្នុងចិត្តអ្នក តែងព្យាយាមរុញចិត្តអ្នកឱ្យចាកចេញពីពេលបច្ចុប្បន្ន ពីព្រោះពេលបច្ចុប្បន្ន ជាសត្រូវរបស់វា ជាថ្នាំព្យាបាលសម្លាប់វា។ ចូរព្យាយាមធ្វើសមាធិបន្តិចម្តងៗ ដោយកុំបង្ខំ ដោយជ្រើសយកវិធីណាមួយ ដូចជាអង្គុយ ដើរ ឬសកម្មភាពផ្សេងទៀត ដែលសមស្របនឹងអ្នក។ បើអ្នកចាប់ផ្តើម ហើយអ្នកអាចផ្តោតចិត្តនៅជាមួយបច្ចុប្បន្នបាន១វិនាទី ២វិនាទី ៥វិនាទី ១០វិនាទី នោះជាការប្រសើរហើយ ចូរធ្វើបន្តទៅមុខទៀត ដោយក្តីព្យាយាម និងរីករាយជាមួយបទពិសោធន៍ទាំងឡាយ ដែលអ្នកបានជួប ទាំងនៅជាមួយបច្ចុប្បន្នបានបន្តិចបន្តួច ទាំងចិត្តគិតរវើរវាយ។ ការព្យាយាមធ្វើវាជាប់ជាប្រចាំនឹងជួយឱ្យចិត្តអ្នកនៅជាមួយពេលឥឡូវនេះ បានកាន់តែច្រើន បានកាន់តែយូរ ហើយជាមួយនេះភាពអាត្មានិយមក៏ថមថយចេញពីចិត្តរបស់អ្នក ភាពសុខរីករាយក៏នឹងមកជំនួសវិញ។
៣.២ ព្រមទទួលយកនូវអ្វីៗទាំងឡាយ
បញ្ហាធំចម្បងមួយដែលបង្កឱ្យចិត្តអ្នកមានភាពហ្មងសៅ មិនសប្បាយចិត្ត គឺការទើស ខឹងនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង អាចជាទង្វើ ឬឥរិយាបថរបស់មនុស្សដែលនៅក្បែរអ្នក ដែលអ្នកឃើញ ឬស្តាប់ឮ ឬអាចជាព្រឹត្តិការណ៍ ឬលទ្ធផលណាមួយកើតឡើង ដែលខុសនឹងចិត្តអ្នក ខុសនឹងការទន្ទឹងរង់ចាំរបស់អ្នក មិនត្រូវនឹងចំណូលចិត្តរបស់អ្នក។ នៅក្នុងចិត្តអ្នកក៏កើតមានការប្រឆាំងជំទាស់ ដែលភាសាអង់គ្លេសគេហៅថា Resistance ហើយភាពប្រឆាំងជំទាស់នេះហើយដែលធ្វើឱ្យចិត្តអ្នកហ្មងសៅ ម៉ួម៉ៅ ក្តៅក្រហាយ មិនសប្បាយចិត្ត។ រឿងរ៉ាវ ឬព្រឹត្តិការណ៍ទាំងឡាយអាចកើតឡើងជាញឹកញាប់ ក្នុងមួយថ្ងៃៗនៃជីវិតអ្នក អាចជារឿងធំ ដូចជាពាក្យស្តីបន្ទោសខ្លាំងៗពីមេរបស់អ្នក ឬដៃគូជីវិតរបស់អ្នក ដែលអ្នកសម្គាល់ដឹង ឬអាចជារឿងតូចៗ ដូចជាមានសំឡេងរំខានខ្លះៗពេលអ្នកអង្គុយហូបកាហ្វេក្នុងហាងល្បី ដែលមានមនុស្សច្រើន តែអ្នកមិនចាប់អារម្មណ៍នឹងភាពរំខាននេះទេ ប៉ុន្តែភាពប្រឆាំងជំទាស់កើតឡើងក្នុងចិត្តអ្នក ដោយអ្នកមិនដឹង ឬដឹងដែរតែមិនចាប់អារម្មណ៍ខ្លាំង។ភាពប្រឆាំងជំទាស់នេះកើតឡើង និងធ្វើឱ្យចិត្តអ្នកហ្មងសៅ ដោយសារតែអ្នកមិនព្រមទទួលយកនូវរឿងរ៉ាវ ឬព្រឹត្តិការណ៍ទាំងឡាយ ដែលកើតឡើងជាមួយសេចក្តីពិតរបស់វា។ អ្នកខឹងនិងអន់ចិត្តនឹងមេរបស់អ្នក ឬដៃគូជីវិតរបស់អ្នក ដែលប្រើសំដីធ្ងន់ៗចំពោះអ្នក ដោយសារអ្នកមិនទាន់ទទួលស្គាល់ និងយល់ព្រមថាគាត់ជាបុគ្គលបែបនឹង បើគាត់ខឹង គឺចេញសំដីអញ្ចឹង។ បើអ្នកស្គាល់ និងព្រមទទួលយកថាគាត់អញ្ចឹង នោះពាក្យស្តីបន្ទោសរបស់គាត់លែងជាបញ្ហាហើយសម្រាប់អ្នក ចិត្តអ្នកលែងបង្កើតការប្រឆាំងជំទាស់នឹងពាក្យសំដីមិនពិរោះទាំងនោះហើយ អ្នកស្តាប់និងសម្លឹងមើលទៅគាត់ជាមួយក្តីយោគយល់ ការអត់ឱន និងក្តីមេត្តា ហើយក្រោយៗមកអ្នកនឹងចាប់អារម្មណ៍ថា អ្វីៗនឹងប្រសើរឡើងក្នុងទំនាក់ទំនងរវាងអ្នកនិងគាត់ ក្រោយពីអ្នកព្រមទទួលយក។ ដូចគ្នាដែរ បើអ្នកដឹង និងព្រមទទួលយកថា នៅកន្លែងផឹកកាហ្វេមានមនុស្សច្រើន ហើយតែងមានសំឡេងរំខាន នោះក្នុងចិត្តរបស់អ្នកលែងកើតមានការប្រឆាំងជំទាស់ហើយ ហើយក្តីហ្មងសៅចេញពីសំឡេងរំខាននោះក៏មិនកើតឡើងដែរ។
ព្រមទទួលយកមិនមានន័យថា បើអ្នកមានជំងឺរបេង ចូរព្រមទទួលយកទៅ កុំចាំបាច់ធ្វើអ្វី រង់ចាំសេចក្តីស្លាប់មកដល់ចុះ។ វាពុំមានន័យបែបនោះទេ ពេលជំងឺមកដល់ ពេលបញ្ហាមកដល់ អ្នកលែងបង្កើតភាពប្រឆាំងជំទាស់ ភាពតានតឹងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកឆ្លើយតបនឹងជំងឺ ឬនឹងបញ្ហាជាមួយបញ្ញាដ៏ភ្លឺស្វាងរបស់អ្នក ដោយពុំមានលាយកំហឹង និងភាពប្រឆំាងនៅក្នុងចិត្តទេ។ នៅពេលដែលចិត្តរបស់អ្នកមិនមានភាពតានតឹង គ្មានភាពប្រឆាំងជំទាស់ នោះចិត្តរបស់អ្នកមានភាពភ្លឺស្វាង ភ្លឺថ្លា សម្បូរដោយដំណោះស្រាយ សម្បូរដោយបញ្ញាក្នុងការរកវិធីដោះស្រាយទៅលើបញ្ហាទាំងឡាយដែលកើតឡើង។
ចូរចាប់ផ្តើមរៀនប្រតិបត្តិនូវការព្រមទទួលយកនូវរឿងរ៉ាវទាំងឡាយដែលកើតឡើង ដោយព្យាយាមកុំឆាប់ប្រតិកម្មតបទាំងកំហឹង កុំប្រញាប់ធ្វើការវិនិច្ឆ័យថាខុស ឬត្រូវ។ ចូរព្យាយាមស្វែងយល់នូវហេតុផល នូវឬសគល់នៃរឿងរ៉ាវនៃបញ្ហាដែលកើតឡើង។ នៅពេលដែលអ្នកយល់ អ្នកនឹងមានការយោគយល់ ហើយការនេះនឹងជួយអ្នកឱ្យលែងមាន ឬកាត់បន្ថយការប្រឆាំងជំទាស់នៅក្នុងចិត្តរបស់អ្នក។ នេះហើយជាមាគ៌ាទៅរកក្តីសុខរីករាយនៅក្នុងចិត្ត។
៣.៣ ដកចិត្តចេញពីការប្រកាន់ខ្លួន
បញ្ហាធំចម្បងមួយទៀត ដែលបង្កភាពហ្មងសៅដល់ចិត្តរបស់អ្នក គឺក្តីភាន់ច្រឡំថា នៅក្នុងខ្លួនអ្នកមានព្រលឹងមួយ ឬអត្តសញ្ញាណមួយមានលក្ខណៈស្ថិតស្ថេរមិនប្រែប្រួល ដែលជាតំណាងឱ្យអ្នក ហើយអ្នកក៏ចាប់ផ្តើមប្រកាន់ខ្លួនថា ជាបុគ្គលបែបនេះ ឬបែបនោះ ហើយចិត្តរបស់អ្នកដែលមានធាតុអាត្មានិយមខំប្រឹងការពារលើកតម្កើងអត្តសញ្ញាណនោះ។ ការយល់ច្រឡំថាមានអត្តសញ្ញាណនេះហើយ ដែលធ្វើឱ្យចិត្តរបស់អ្នករស់នៅក្នុងភាពរងគ្រោះ លោភលន់ចង់បាន និងមានសេចក្តីភ័យខ្លាចជាប់ជានិច្ច។ អ្នកភ័យខ្លាច ព្រួយបារម្ភអំពីការវាយប្រហារមកលើអត្តសញ្ញាណរបស់អ្នក ខ្លាចគេបន្ទោសថាខ្លួនអន់ ខ្លាចគេប្រមាថមើលងាយ ព្រួយបារម្ភអំពីការបាត់បង់មុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលជាតំណាងឱ្យបុគ្គលភាពរបស់អ្នក។ ស្រេកឃ្លាន ចង់បានការសរសើរ ការផ្តល់តម្លៃ ការគាំទ្រ ដើម្បីថែរក្សានិងលើកតម្កើងអត្តសញ្ញាណរបស់អ្នក ហើយបើខ្វះការសរសើរ ការគាំទ្រ ចិត្តរបស់អ្នកហាក់នៅមិនសុខស្រួល ហេលហាល ខ្វះអ្វីម្យ៉ាងក្នុងខ្លួន។ ជាទូទៅ នៅពេលដែលមនុស្សពុំមានសតិដឹងនៅជាមួយបច្ចុប្បន្ន ចិត្តរស់នៅជាមួយអត្តសញ្ញាណនេះជាអ្នកគ្រប់គ្រងជីវិតរបស់អ្នក ជាអ្នកកំណត់ការសម្រេចចិត្តជាច្រើនរបស់អ្នក និងឥរិយាបថរបស់អ្នក។នៅក្នុងភាពពិត ពុំមានព្រលឹង ឬអត្តសញ្ញាណណាមួយ ដែលនៅហ្នឹង មិនប្រែប្រួល ស្ថិតនៅក្នុងខ្លួនអ្នកទេ។ កាយ និងចិត្តរបស់អ្នក ឬនិយាយឱ្យលម្អិត គឺខន្ធទាំងប្រាំ មានកាយ វេទនា សញ្ញា សង្ខារ និងវិញ្ញាណ គឺមានភាពប្រែប្រួលជាប់ជានិច្ច ដូចជាទឹកទន្លេដែលហូរទៅមុខជាប់ជានិច្ច មិននៅស្ងៀម មិននៅស្ថិតស្ថេរសោះឡើយ។ ដូច្នេះ ពុំមានអ្វីដែលជាតំណាងឱ្យអ្នកត្រូវការការពារនោះទេ។ អ្នកពិចារណាបន្តិចមើល តើកាយរបស់អ្នកដែលមានទម្ងន់ ៥គីឡូ កាលនៅជាទារក ១៥គីឡូ កាលនៅជាកុមារ វាប្រែប្រួលបែបណាហើយរហូតមកដល់ពេលនេះ។ កាយរបស់អ្នកគ្រាន់តែជាសមិទ្ធផលនៃម្ហូបអាហារនៅខាងក្រៅដែលអ្នកហូបចូលប៉ុណ្ណោះ ហើយវាប្រែប្រួលទៅមុខជាប់ជានិច្ច។ រីឯ ចិត្តគំនិតរបស់អ្នកក៏ដូចគ្នា វាប្រែប្រួលជាប់ជានិច្ច។ ១៥នាទីមុខ អ្នកសប្បាយរីករាយនឹងការទទួលបានសារសរសើរពីមិត្តភក្តិថាអ្នកជាមនុស្សឆ្លាត ឱ្យយោបល់គេសម្រេចកិច្ចការត្រូវ។ ក្រោយមកបន្តិច អ្នកក៏ចាប់ផ្តើមគិតខ្វល់អំពីការងារ ដែលធ្វើមិនទាន់រួច ហើយបន្តមកទៀត អ្នកក៏ចាប់ផ្តើមព្រួយបារម្ភអំពីការសងប្រាក់ជំពាក់ធនាគារ ប្រសើនបើអ្នកបាត់បង់ការងារ។ ចិត្តរបស់អ្នកប្រែប្រួលជាប់ជានិច្ច ពុំមានអ្វីមួយដែលស្ថិតស្ថេរតំណាងជាអ្នកទេ។ ចិត្តរបស់អ្នកប្រៀបបាននឹងពពកដែលកកើតឡើងក្នុងលំហអាកាស ហើយក៏រលាយបាត់ទៅវិញ តាមហេតុបច្ច័យរបស់វា។ ចិត្តដែលប្រែប្រួលជានិច្ចនេះមិនមែនជាអ្នកទេ វាគ្រាន់តែជាធាតុមួយដែលកើតរលត់ៗប៉ុណ្ណោះ។ ទុក្ខកើតឡើងនៅពេលដែលអ្នកចាត់ទុកថា ចិត្តនេះជាអ្នក ជាតំណាងនៃអត្តសញ្ញាណអ្នក។ នេះហើយជាការភាន់ច្រឡំ ជាភាពអវិជ្ជា។
បើអ្នកអាចដឹង និងពាល់ត្រូវអំពីរឿងនេះ នោះអ្នកលែងប្រកាន់ខ្លួនថាមានអត្តសញ្ញាណណាមួយជាអ្នក ដែលត្រូវថែរក្សាការពារ ឬលើកតម្កើងហើយ។ អ្នកលែងភ័យខ្លាច លែងរងគ្រោះពីពាក្យសំដី ការប្រមាថមើលងាយ ការស្តីបន្ទោសរបស់អ្នកដទៃហើយ។ អ្នកលែងត្រូវការការសរសើរ ការគាំទ្រ ការយល់ស្របពីអ្នកដទៃហើយ។ បើអ្នកមិនទាន់ទៅដល់កម្រិតពាល់ត្រូវ ការត្រឹមយល់ដឹងអំពីសេចក្តីពិតនេះក៏អាចជួយអ្នកឱ្យកាត់បន្ថយអំពីការជាប់ជំពាក់នឹងអត្តសញ្ញាណរបស់អ្នកដែរ។ អ្នកកាត់បន្ថយបានកម្រិតណា នោះអ្នកនឹងមានសេរីភាពបានកម្រិតនោះ។ បើអ្នកលែងជាប់ជំពាក់ទាំងស្រុង នោះអ្នកនឹងមានសេរីភាពនិងសេចក្តីសុខពេញបរិបូណ៍។ បើអ្នកអាចប្រតិបត្តិចិត្តឱ្យនៅជាមួយបច្ចុប្បន្នបាន នោះខណៈចិត្តស្ថិតនៅជាមួយបច្ចុប្បន្នធ្វើឱ្យអ្នកពុំមានអត្តសញ្ញាណនោះទេ ចិត្តអ្នកស្អាត បរិសុទ្ធ មិនភ័យខ្លាច មិនព្រួយបារម្ភ មិនលោភលន់ មិនប្រកាន់ខឹង មានតែក្តីសុខរីករាយ និងសេរីភាព។
ដូច្នេះ មាគ៌ាទៅរកក្តីសុខមានសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែ គេត្រូវតែយល់ដឹង និងចាប់ផ្តើមចេញដំណើរលើមាគ៌ានេះ ដោយត្រូវរៀនហ្វឹកហាត់ប្រតិបត្តិបន្តិចម្តងៗ ជាប់ជាប្រចំា ដោយការប្រតិបត្តិនៅជាមួយពេលបច្ចុប្បន្ន ហ្វឹកហាត់ចិត្តឱ្យចេះព្រមទទួលយកនូវរឿងរ៉ាវទំាងឡាយដែលកើតឡើង ដោយកុំបង្កើតភាពប្រឆំាងជំទាស់ក្នុងចិត្ត និងព្យាយាមដកខ្លួនចេញពីការប្រកាន់ថាមានអត្តសញ្ញាណអញក្នុងខ្លួន។ សេចក្តីប្រតិបត្តិលើរឿងបីប្រការនេះនឹងជួយអ្នកឱ្យចាកចេញពីច្រវាក់នៃភាពអាត្មានិយម នៃក្តីភ័យខ្លាច នៃក្តីលោភលន់ នៃការប្រកាន់ខ្លួន ហើយសេរីភាព និងក្តីសុខរីករាយនឹងកើតមានក្នុងចិត្តរបស់អ្នក៕
===^^^===
ឯកសារយោង ៖
១. Eckhart Tolle (2020): The Power of Now. A guide to Spiritual Enlightenment
២. YouTube "Buddhism Podcast" - How to start mindfulness
<< ttps://youtu.be/ZwDBTi2pcU0?si=BIVmZU0NXmYjTG2G >>
===
អត្តបទទាក់ទង ៖
១. Eckhart Tolle (2020): The Power of Now. A guide to Spiritual Enlightenment
២. YouTube "Buddhism Podcast" - How to start mindfulness
<< ttps://youtu.be/ZwDBTi2pcU0?si=BIVmZU0NXmYjTG2G >>
===
អត្តបទទាក់ទង ៖

0 Comments