ចូរចងចំាថា ចិត្តរបស់អ្នកប្រៀបដូចជាសួនច្បារអញ្ចឹង បើអ្នកដាក់ដំាគ្រាប់ពូជរុក្ខជាតិណា រុក្ខជាតិនោះនឹងដុះលូតលាស់ឡើង។ បើអ្នកដាក់ដំាគ្រប់ពូជអវិជ្ជមាន មានដូចជា សេចក្តីភ័យខ្លាច ការច្រណែន ការសង្ស័យ ការគុំកួន កំហឹង នោះអ្នកនឹងទទួលបានផលនៃគ្រាប់ពូជទាំងនេះ។ នៅក្នុងអត្ថបទនេះ មានការចែករំលែកមេរៀន៧ប្រការ ក្នុងការកសាងជីវិតមួយ ដែលមានក្តីសុខ ភាពរីករាយ ភាពលូតលាស់ និងភាពពេញចិត្ត។
១. គំនិតគឺជាគ្រាប់ពូជនៃរឿងរ៉ាវទំាងឡាយដែលកើតឡើង
នេះគឺជាការបង្រៀនដ៏ចម្បងមួយរបស់ព្រះពុទ្ធ។ ការគិតរបស់អ្នកនឹងកំណត់សកម្មភាពរបស់អ្នក មានឥទ្ធិពលលើសំដីរបស់អ្នក ហើយតម្រង់ទិសនៃចេតនារបស់អ្នក។ ចូរប្រៀបប្រដូចទៅនឹងសួនច្បារមួយ បើអ្នកសាបព្រោះគ្រាប់ពូជនៃក្តីមេត្តាករុណា ការអត់ធ្មត់ និងការយោគយល់ ជីវិតរបស់អ្នកនឹងទទួលផ្លែផ្កាចេញពីគ្រាប់ពូជទំាងនេះ។ ប៉ុន្តែ ប្រសិនបើអ្នកបណ្តោយឱ្យគ្រាប់ពូជកំហឹងគុំកួន ក្តីច្រណែន និងភាពលោភលន់ដុះលូតលាស់ក្នុងសួនច្បាររបស់អ្នក នោះភាពតានតឹង ភាពហ្មងសៅ និងក្តីព្រួយបារម្ភនឹងដុះលូតលាស់នៅក្នុងចិត្តរបស់អ្នក។ ហេតុនេះហើយទើបនៅក្នុងការបង្រៀន និងការប្រតិបត្តិតាមឱវាទរបស់ព្រះពុទ្ធ សមាធិ និងការមានសតិដឹងមានភាពសំខាន់ខ្លំាងណាស់ ដោយយើងអាចរៀនសង្កេតការគិតរបស់យើងដែលដក់ជាប់ និងកត់សម្គាល់ថា តើយើងកំពុងដំាគ្រាប់ពូជអ្វីនៅក្នុងចិត្តរបស់យើង ហើយយើងអាចជ្រើសរើសការគិតរបស់យើងសំដៅទៅរកក្តីមេត្តាករុណា ការដឹងគុណ និងភាពអំណត់។ រាល់ការគិតនីមួយៗ ប្រៀបដូចជាបំណែកតូចៗផ្គុំចេញរូបភាពនៃការពិតទំាងឡាយ ដែលយើងនឹងជួបប្រទះ និងទទួលបទពិសោធន៍នៅពេលខាងមុខនៅក្នុងជីវិតជាក់ស្តែងរបស់យើង។ ហេតុនេះហើយ ទើបព្រះពុទ្ធផ្តល់ដំបូន្មានអំពី ការគិតត្រូវ នៅក្នុងមាគ៌ា៨ប្រការរបស់ព្រះអង្គ។ ចូរផ្តល់ចំណីត្រឹមត្រូវដល់គំនិតរបស់អ្នក ដើម្បីកសាងពិភពលោកខាងក្នុង និងខាងក្រៅខ្លួនអ្នកតាមក្តីប្រាថ្នារបស់អ្នក។២. ចូរជ្រើសរើសធាតុចូលប្រកបដោយការប្រុងប្រយ័ត្ន
ចិត្តរបស់អ្នកតែងស្រូបយកនូវអ្វីដែលស្ថិតនៅជុំវិញខ្លួន ហេតុនេះហើយចូរប្រយ័ត្នប្រយែងនូវទ្វារវិញ្ញាណទំាង៦ (ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងគំនិត) ដែលផ្តល់ធាតុចូលទៅក្នុងចិត្តរបស់អ្នក ដែលយើងអនុញ្ញាតឲ្យចូលទៅដល់វិញ្ញាណរបស់យើងតាមទ្វារទំាង៦។ អ្វីៗដែលយើងឃើញ យើងស្តាប់ យើងអាន ឬកិច្ចពិភាក្សាដែលយើងកំពុងធ្វើ បើយើងផ្តោតលើព័ត៌មានអវិជ្ជមាន កិច្ចពិភាក្សាបែបបំពុល ឬមួយបរិស្ថាន ដែលពោរពេញដោយការនិយាយដើមគ្នា ឬនិយាយតែរឿងសោកសង្រេង ចិត្តរបស់យើងនឹងមានភាពរញ៉េរញ៉ៃ និងរងទុក្ខសោក។ ចូរជ្រើសរើសធាតុចូលដែលនំាចិត្តទៅរកសុខសន្តិភាព ដូចជាការស្តាប់ការពន្យល់អំពីព្រះធម៌ ជជែកពិភាក្សាជាមួយមិត្តដែលលើកទឹកចិត្ត និងអ្នកមានឥទ្ធិពលវិជ្ជមាន នោះយើងនឹងកសាងពិភពមួយ ដែលពោរពេញដោយភាពរីកចម្រើន និងការយោគយល់។ចូរប្រើពេលក្នុងការឆ្លុះបញ្ចំាងប្រចំាថ្ងៃ តើអ្នកបានអនុញ្ញាតឲ្យធាតុចូលអ្វីខ្លះមកប៉ះនឹងចិត្តរបស់អ្នក។ ប្រហែលជាអ្នកគួរចំណាយពេលស្តាប់វីដេអូពន្យល់អំពីវីធីធ្វើសមាធិ ឬអានសារពន្យល់អំពីដំបូន្មានរបស់ព្រះពុទ្ធ ឬចំណាយពេលនៅជាមួយធម្មជាតិ។ វិធីសាមញ្ញៗទំាងនេះនឹងជួយអ្នកឲ្យបណ្តុះចិត្តដែលមានក្តីសុខសន្តិភាព និងមានភាពភ្លឺថ្លា ដែលជាតឹកតាងបញ្ជាក់ថា ចិត្តដែលរីករាយ ឬរងទុក្ខ គឺជាអ្វីដែលអ្នកអាចជ្រើសរើសបង្កើតវាបាន។
៣. កាត់ផ្តាច់ការគិតដែលមានទម្លាប់ជាស្វ័យប្រវត្តិ
ការគិតមិនឈប់ឈរ និងប្រតិកម្មតបនៃចិត្តទៅលើរឿងរ៉ាវទំាងឡាយ គឺជាឧបសគ្គដ៏ធំនៃការកសាងចិត្តមានក្តីសុខសន្តិភាព។ ជាទូទៅ មនុស្សភាគច្រើនប្រតិកម្មតបជាស្វ័យប្រវត្តិទៅនឹងស្ថានការណ៍ ឬទៅនឹងមនុស្ស ដោយពុំមានការដឹង ឬមានសតិដឹងថា សកម្មភាពប្រតិកម្មតបនេះកើតចេញពីទម្លាប់ ឬលំនំានៃគំនិត ដែលភាគច្រើនទម្លាប់ ឬលំនំានេះត្រូវបានបង្កើតឡើងដោយរឿងរ៉ាវរបួសផ្លូវចិត្តកន្លងមក ពីសេចក្តីភ័យខ្លាចដែលធ្លាប់ជួបប្រទះ ឬការបង្រៀនពីសង្គមកាលនៅពីក្មេង ដែលកំណត់ឲ្យយើងឆ្លើយតបបែបណាទៅពិភពខាងក្រៅ ហើយការធ្វើវាជាបន្តបន្ទាប់ក៏ក្លាយជាទម្លាប់ ឬលំនំាកើតឡើងជាស្វ័យប្រវត្តិ ដែលធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងលើចិត្តរបស់យើង។ តាមរយៈការប្រតិបត្តិសមាធិ កសាងសតិដឹង អាចជួយឲ្យយើងដឹង សង្កេតពិនិត្យមើលលំនំាជាស្វ័យប្រវត្តិនេះ។ នៅពេលដែលអ្នកចេះពិនិត្យចិត្តដឹងថា ចិត្តកំពុងប្រតិកម្ម ចូរដកឃ្លំា ដកដង្ហើមវែង ហើយពិនិត្យមើលការគិតដែលស្ថិតនៅពីក្រោយការប្រតិកម្មនេះ តើវាជាកំហឹង ភាពភ័យខ្លាច ឬការច្រណែន រួចហើយទទួលស្គាល់វា ដោយកុំវិនិច្ឆ័យ កុំបន្ទោស រួចហើយអ្នកអាចជ្រើសរើសផ្លូវថ្មីក្នុងការឆ្លើយតប។ រាល់ពេលដែលអ្នកអាចកាត់ផ្តាច់ទម្លាប់ប្រតិកម្មជាស្វ័យប្រវត្តិ អ្នកកំពុងទាញយកសិទ្ធិមកគ្រប់គ្រងចិត្តរបស់អ្នកបន្តិចម្តងៗហើយ ហើយតាមរយៈការហ្វឹកហាត់ជាបន្តបន្ទាប់ ក្នុងរយៈពេលមួយ អ្នកនឹងបង្កើតទម្លាប់ឆ្លើយតបទៅពិភពខាងក្រៅ ជាមួយចិត្តអាណិតស្រឡាញ់ និងពោរពេញដោយក្តីសុខសន្តិភាព ជាជាងទម្លាប់ប្រតិកម្មដោយខឹងសម្បារ មិនមានសតិដឹង។ ការផ្លាស់ប្តូរនេះធ្វើឲ្យចិត្តអ្នកមានភាពភ្លឺថ្លា ក្នុងការឆ្លើយតបទៅរឿងរ៉ាវទំាងឡាយ ជំនួសឲ្យភាពរញ៉េរញៃ និងវិលវល់។៤. កែប្រែបញ្ហាប្រឈមទៅជាឱកាស
គតិបណ្ឌិតព្រះពុទ្ធបានបង្រៀនយើងថា គឺក្តីឈឺចាប់ជាចំណែកមួយដែលតែងកើតមាននៅក្នុងជីវិត ប៉ុន្តែក៏បានចង្អុលបង្ហាញថា ក្តីឈឺចាប់ទំាងនោះក៏អាចជាគ្រូបង្រៀនដ៏ល្អផងដែរ ជាពិសេស ក្នុងការប្រឈមជាមួយបញ្ហា។ ជាទូទៅ នៅពេលប្រឈមនឹងបញ្ហា ចិត្តរបស់យើងមានទម្លាប់ប្រឆំាងតប ជំទាស់ ដោយព្យាយាមគ្រប់យ៉ាងដើម្បីបញ្ចៀសភាពមិនស្រណុកចិត្ត យ៉ាងណាក៏ដោយ ការលំបាកទំាងឡាយតែងបង្កប់មកជាមួយនូវមេរៀនដ៏សំខាន់អំពីការអត់ធ្មត់ ភាពធន់ និងការលះបង់។ ចូររៀនស្វែងយល់អំពីព្រះសង្ឃមួយចំនួនក្នុងព្រះពុទ្ធសាសនាក្នុងការទទួលយកបញ្ហាប្រឈមដើម្បីបង្វឹកចិត្ត។ បទពិសោធន៍ក្នុងការប្រឈមនឹងបញ្ហាក្លាយជាឱកាសក្នុងការកសាងភាពខ្លំាងនៅខាងក្នុងខ្លួនយើង និងរៀនអំពីការដកខ្លួនចេញពីភាពជាប់ជំពាក់។ ការរៀនកែប្រែបញ្ហាមកជាឱកាសបែបនេះ យើងកំពុងរំដោះខ្លួនចេញពីទម្លាប់ប្រឆំាងតបតទៅនឹងបញ្ហានៅក្នុងជីវិត មកជាការទទួលយកវាជាមួយបេះដូងបើកចំហ។ រាល់ពេលដែលយើងប្រឈមនឹងបញ្ហា យើងងាកមកសួរខ្លួនឯងថា តើបញ្ហានេះចង់បង្រៀនអ្វីដល់ខ្ញុំ។ ចូរបង្វឹកចិត្តអ្នកជាមួយការយល់ឃើញបែបនេះ វាមិនគ្រាន់តែបង្រៀនអ្នកឲ្យចេះកសាងភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្លាស់ប្តូរអ្នកឲ្យចេះចាប់យក និងប្រែក្លាយការឈឺចាប់ទៅជាគតិបណ្ឌិតផងដែរ។ វានឹងជួយអ្នកចាត់ចែងដំណើរជីវិត ឆ្លងកាត់គំនរឈឺចាប់ ជាមួយទឹកចិត្តនឹងនរ មិនទន់ជ្រាយ មិនរាថយ មិនខ្លាចរអា។៥. ប្រតិបត្តិការដឹងគុណរៀងរាល់ថ្ងៃ
ការដឹងគុណគឺវាលើសពីការគ្រាន់តែនិយាយថា អរគុណ ឬមួយក៏និយាយកោតសរសើរអ្វីមួយថាល្អ។ វាជាមាគ៌ាដ៏មានឥទ្ធិពលក្នុងការទទួលបានបទពិសោធន៍នៃក្តីរីករាយដ៏ពិតប្រាកដមួយ ហើយវាជួយរំដោះចេញពីច្រវាក់នៃការចង់បាននេះចង់បាននោះ ដោយគ្មានព្រំដែន។ ព្រះពុទ្ធបានបង្រៀនយើងថា ចិត្តរបស់យើងគ្របដណ្តប់ដោយចេតនាចង់បាននេះចង់បាននោះ ចង់បាននូវអ្វីដែលយើងមិនទាន់មាន។ ក្តីប្រាថ្នាចង់បាននេះហើយដែលធ្វើឲ្យចិត្តយើងមិនស្ងប់ មិនស្កប់ស្កល់សោះឡើយ។ ចិត្តយើងតែងស្វែងរកក្តីរីករាយពីអ្វីផ្សេង ដែលមិនមាននៅទីនេះជាមួយយើង អាចជារបស់ អាចជាមនុស្ស ឬស្ថានការណ៍។ ក៏ប៉ុន្តែ ការដឹងគុណនឹងប្តូរទិសនៃការគិតរបស់យើងពីអ្វី ដែលយើងខ្វះ ហើយចង់បាន មកផ្តោតលើអ្វីដែលយើងមានក្នុងពេលបច្ចុប្បន្ន។ នៅពេលដែលយើងប្តូរការគិតបែបនេះ វាធ្វើឲ្យយើងមានអារម្មណ៍ពេញចិត្ត ពេញលេញ ហាក់ដូចជាជីវិតយើងមានអ្វីៗគ្រប់គ្រាន់ហើយ។ ការប្រតិបត្តិការដឹងគុណមិនទាមទារការប្រឹងប្រែងច្រើនទេ។ វិធីដ៏មានប្រសិទ្ធភាពមួយ គឺការឆ្លុះបញ្ចំាងប្រចំាថ្ងៃនូវរឿងរ៉ាវតូចៗទំាងឡាយ ដែលយើងគួរអររគុណ។ វាអាចជាពេលព្រឹកព្រលឹមដ៏ត្រជាក់ស្រួលមួយ បានផឹកកាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយកែវ មានពេលវេលាជួបជជែកជាមួយមិត្តល្អ ឬមួយក៏គ្រាន់តែមានអារម្មណ៍ថា មានអាវដ៏ស្រស់ស្អាតនិងស្រួលពាក់មួយ មានពេលស្ងប់ស្ងាត់អង្គុយអានសៀវភៅដ៏ជក់ចិត្តមួយក្បាល ឬបានឃើញសម្រស់ផ្កាកំពុងរីកនៅក្នុងសួនច្បារ។ អ្វីៗទំាងនេះអាចជាចំណែកនៃការប្រតិបត្តិការដឹងគុណរបស់អ្នក។ចំណុចសំខាន់គឺអ្នកត្រូវរៀនរកពេលខ្លីៗក្នុង១ថ្ងៃៗ សម្លឹងមើលរឿងរ៉ាវតូចៗទំាងឡាយ ដែលអ្នកគួរដឹងគុណ និងផ្តោតអារម្មណ៍ដឹងគុណដល់រឿងទំាងនោះ អាចក្នុងរយៈពេល ៥វិនាទី ១០វិនាទី ឬច្រើនជាងនេះ។ ការនេះនឹងជួយរុញចិត្តរបស់អ្នកឲ្យទៅគិតលើរឿងល្អៗទំាងឡាយនៅក្នុងជីវិត ដែលអ្នកហាក់មានសំណាងទទួលបានរឿងទំាងនេះ។ ចូរចងចំាថា រាល់ពេលដែលអ្នកបានប្រតិបត្តិការដឹងគុណ អ្នកកំពុងបង្វឹកចិត្តរបស់អ្នកឲ្យផ្តោតលើរឿងល្អៗ រឿងវិជ្ជមាននៃជីវិត។ ការបង្កើតទម្លាប់ឲ្យចិត្តគិតលើរឿងវិជ្ជមានបែបនេះ វាមានឥទ្ធិពលខ្លំាងណាស់ក្នុងការជួយពង្រឹងចិត្តបស់អ្នក ជាពិសេស ពេលប្រឈមនឹងបញ្ហាលំបាក ពេលអ្នកមានអារម្មណ៍ស្រ្តេសធុញទ្រាន់។ ជាទម្លាប់ពីមុនមក ពេលយើងមានអារម្មណ៍ស្រ្តេស ពិបាកចិត្ត ឬទុក្ខព្រួយ ចិត្តយើងមានលំនំាផ្តោតលើរឿងមិនល្អ រឿងខុសឆ្គង រឿងហ្មងសៅ រឿងខ្វះខាត។ ប៉ុន្តែ ការប្រតិបត្តិការដឹងគុណនឹងជួយចិត្តអ្នកមើលហួសពីការលំបាក ដែលអ្នកកំពុងប្រឈម ហើយជួយរំលឹកអ្នកថា បើទោះបីមានបញ្ហាប្រឈម ក៏នៅមានរឿងល្អៗទំាងឡាយនៅជុំវិញខ្លួនអ្នក។ រឿងទំាងនេះអាចជាការមានអារម្មណ៍ដឹងគុណដល់មិត្តម្នាក់ ដែលបានជួយយើងក្នុងគ្រាលំបាក ឬមួយការអរគុណដល់ពេលវេលាដែលអ្នកអាចមានពេលដេកសម្រាកថ្ងៃត្រង់៣០នាទី បន្ទាប់ពីការងារដ៏មមាញឹក និងហត់នឿយ។ ការដឹងគុណអាចនឹងក្លាយជាទម្លាប់ធម្មជាតិរបស់អ្នក ដែលនំាក្តីសុខ និងភាពពេញចិត្តចូលមកក្នុងជីវិតប្រចំាថ្ងៃរបស់អ្នក។ អ្នកអាចនឹងចាប់ផ្តើមសង្កេតដឹងថា អារម្មណ៍ចង់បាននេះចង់បាននោះ មិនស្កប់ស្កល់ និងភាពមិនពេញចិត្តចាប់ផ្តើមថមថយ និងចាកចេញពីអ្នកបន្តិចម្តងៗ។ ជំនួសឲ្យការមានចិត្តនឹកចង់បានបែបនេះ ឬបែបនោះ អ្នកមានអារម្មណ៍ធូរស្រាល និងពេញចិត្តចំពោះអ្វី ដែលអ្នកកំពុងមាន។ ពិភពខាងក្នុងចិត្តរបស់អ្នកមានភាពស្ងប់ និងមានក្តីសុខជាងមុន។ ហើយអារម្មណ៍ដឹងគុណ និងកោតសរសើរនឹងជួយកសាងជីវិតមួយជាមួយក្តីរីករាយ និងភាពពេញចិត្តច្រើនឡើងៗដល់អ្នក។
៦. ស្រមៃមើលឃើញរូបភាពគោលដៅរបស់អ្នកដូចសម្រេចរួច
ការស្រមៃមើលឃើញរូបភាពនៅអនាគតគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងផ្លូវព្រះធម៌ ដែលត្រូវបានប្រើប្រាស់ញឹកញាប់ក្នុងការបណ្តុះ និងកសាងគុណភាពជីវិត មានដូចជា ការកសាងទឹកចិត្តមេត្តា ចិត្តអត់ធ្មត់ និងការមានសតិដឹង។ កិច្ចប្រតិបត្តិនេះរួមបញ្ចូលការស្រមៃឃើញរូបភាពរស់រវើករបស់ខ្លួនឯង ដែលមានគុណសម្បត្តិល្អវិជ្ជមានដូចរៀបរាប់ខាងលើ ឬក៏ស្រមៃឃើញស្ថានភាពចិត្តពោរពេញដោយក្តីសុខសន្តិភាព ដែលជួយពង្រឹងលក្ខណៈសម្បត្តិនៃចិត្តក្នុងជីវិតប្រចំាថ្ងៃ។ នៅក្នុងការធ្វើសមាធិបែបព្រះពុទ្ធសាសនា ការស្រមៃឃើញរូបភាពនាពេលអនាគត (Visualization) គឺជាទម្រង់មួយនៃការហ្វឹកហាត់ចិត្ត ជួយឲ្យយើងកសាងចិត្តអាណិតស្រឡាញ់ ឬមេត្តាករុណាបានកាន់តែច្រើន ពង្រឹងការផ្តោតអារម្មណ៍ និងភាពធន់ ពេលប្រឈមនឹងបញ្ហា តាមរយៈស្រមៃឃើញរូបភាពនៃគោលដៅរបស់យើង និងគុណសម្បត្តិវិជ្ជមានរបស់យើង ហាក់ដូចជារឿងទំាងនោះបានក្លាយជាពិតរួចហើយនៅក្នុងខ្លួនយើង។ យើងបង្វឹកចិត្តរបស់យើងក្នុងការសម្រប និងចាប់យកគុណសម្បត្តិទំាងនោះមកក្នុងខ្លួន ធ្វើឲ្យវាងាយស្រួលក្នុងការសម្រេចបាន។ ចូរស្រមៃមើល បើអ្នកចង់មានភាពអត់ធ្មត់ជាងមុន ឬមួយមានទឹកចិត្តមេត្តាករុណាច្រើនជាងមុន ជំនួសឲ្យការគ្រាន់តែមានក្តីសង្ឃឹមចំពោះគុណសម្បត្តិទំាងនេះ អ្នកអង្គុយសមាធិ ហើយស្រមៃឃើញរូបភាពនៃសកម្មភាពរបស់អ្នកជាមួយការអត់ធ្មត់ ជាមួយទង្វើល្អជួយអ្នកដទៃ ស្រមៃឃើញខ្លួនឯងឆ្លើយតបដោយនឹងធឹង មិនតក់ក្រហល់ មិនភ័យខ្លាច ទៅនឹងស្ថានការណ៍ប្រឈម ញញឹមតបទៅវិញ ជាមួយចិត្តមេត្តាករុណាចំពោះមនុស្ស ដែលអ្នកបានជួប។ ចូរស្រមៃមើលរូបភាពលម្អិតគ្រប់យ៉ាង តំាងពីសំឡេងរបស់អ្នក ទឹកមុខរបស់អ្នក និងអារម្មណ៍សុខស្ងប់នៅក្នុងបេះដូងរបស់អ្នក។ តាមរយៈនៃការជ្រមុជខ្លួនអ្នកទៅក្នុងក្តីស្រមៃមើលឃើញរូបភាពនៅអនាគត អ្នកកំពុងដំាគ្រាប់ពូជនៃភាពអត់ធ្មត់ និងមេត្តាករុណានៅក្នុងចិត្តរបស់អ្នក អនុញ្ញាតឲ្យគុណសម្បត្តិទំាងនេះដុះលូតលាស់នៅក្នុងជីវិតប្រចំាថ្ងៃរបស់អ្នក។ នេះមិនមែនជាការស្រមៃ បែបយល់សុបិន្តធម្មតាទេ តែជាការកែប្រែកម្មវិធី កែប្រែទម្លាប់ដែលស្ថិតក្នុងទីជ្រៅនៃចិត្តរបស់អ្នក។ ការសិក្សាជាច្រើនបានបង្ហាញថា ការស្រមៃឃើញរូបភាពជាសកម្មភាព ឬជាគុណសម្បត្តិនៅអនាគតអាចដាស់កោសិកាក្នុងខួរក្បាលឲ្យកំរើកដើរស្របនឹងរូបភាពទំាងនោះ ដែលស្របគ្នានឹងការបង្រៀនរបស់ព្រះពុទ្ធអំពីការបង្វឹកចិត្ត។ រាល់ពេលដែលអ្នកដែលប្រតិបត្តិការស្រមៃឃើញរូបភាពខ្លួនឯងជាមួយគុណសម្បត្តិទំាងនេះ អ្នកកំពុងពង្រឹងលំនំានៃចិត្ត ដែលធ្វើឲ្យឥរិយាបថទំាងនេះងាយនឹងសម្រេចបាន ក្លាយជាលក្ខណៈធម្មជាតិរបស់អ្នក។ ការស្រមៃឃើញរូបភាព បន្តិចម្តងៗ ធ្វើឲ្យអ្នកមានអារម្មណ៍ថា មេត្តាករុណា ការអត់ធ្មត់ និងភាពធន់ក្លាយជាចំណែកមួយនៃបុគ្គលភាពរបស់អ្នក ហើយវានឹងបង្កភាពងាយស្រួលក្នុងការប្រតិបត្តិជាក់ស្តែង ដែលស្របនឹងលក្ខណៈសម្បត្តិទំាងនេះ។ ការស្រមៃឃើញរូបភាពជួយឲ្យយើងឈានសម្រេចគោលបំណងផ្ទាល់ខ្លួន និងក្តីស្រមៃនៃជីវិតរបស់យើង។ ប្រសិនបើអ្នកចង់សាកល្បងសម្រេចឲ្យបានក្តីសុខផ្លូវចិត្ត ចូរស្រមៃឃើញរូបភាពនៃដំណើរជីវិតអ្នក ដែលមានឡើងមានចុះ ជាមួយក្តីដឹងគុណ និងគ្មានភាពហ្មងសៅ ស្ថិតនៅនឹងធឹង មិនច្រួលច្របល់ មិនថាមានរឿងអ្វីកើតឡើង។ ស្រមៃឃើញក្តីបារម្ភទំាងឡាយរសាយបាត់ ហើយអ្នកមិនរងទុក្ខ ឬសោកសៅចំពោះស្ថានការណ៍ទំាងឡាយ។ រូបភាពនៃស្ថានភាពចិត្តទំាងនេះជួយអ្នកឲ្យមានអារម្មណ៍សុខស្ងប់ ធ្វើឲ្យអ្នកមានអារម្មណ៍ថា ធ្លាប់ស្គាល់ និងអាចទៅដល់នៃស្ថានភាពចិត្តបែបនេះ។ ហើយនៅពេលអ្នកជួបបញ្ហាលំបាកពិតប្រាកដ អ្នកអាចវិលទៅរកស្ថានភាពចិត្តស្ងប់បាន ដូចអ្នកធ្លាប់ស្រមៃឃើញ។ រូបភាពអ្នកនៅអនាគត ដែលមានភាពធន់ និងមានក្តីសុខជួយអ្នកក្នុងការរស់នៅក្នុងស្ថានភាពជីវិតជាក់ស្តែងនាពេលបច្ចប្បន្ន។ ការស្រមៃឃើញរូបភាពនៅអនាគតអាចជួយអ្នកសម្លឹងមើលខ្លួនឯងនៅក្នុងផ្លូវថ្មីមួយ។ ជំនួសឲ្យការមើលឃើញជីវិតខ្លួនឯងពោរពេញដោយបញ្ហា និងទៅមុខមិនរួច អ្នកចាប់ផ្តើមចាប់យកគុណសម្បត្តិល្អៗទំាងនេះ ហើយធ្វើវាឲ្យក្លាយទៅជាលក្ខណៈសម្បត្តិពីធម្មជាតិរបស់អ្នក។ ការផ្លាស់ប្តូរផ្នត់គំនិតនេះមានឥទ្ធិពលណាស់។ បើអ្នកជឿថា អ្នកមានគុណសម្បត្តិទំាងនេះក្នុងខ្លួនអ្នកហើយ អ្នកនឹងមានឥរិយាបថស្របទៅជាមួយនេះ។ ការស្រមៃឃើញរូបភាពនឹងជួយភ្ជាប់លំហរវាងក្តីប្រាថ្នាចង់បាន និងសកម្មភាព ហើយវាធ្វើឲ្យងាយស្រួលក្នុងការបង្ហាញគុណភាពល្អៗទំាងនេះចេញមកបែបធម្មជាតិ។ នៅក្នុងព្រះពុទ្ធសាសនា ការប្រតិបត្តិការស្រមៃឃើញរូបភាពមិនមែនជាការដើរសំដៅទៅរកគោលដៅនោះទេ ឬមួយក៏ការសម្រេចឲ្យមានភាពប្រសើរឡើងនោះដែរ វាជាការគោរពសក្តានុពល ដែលមាននៅក្នុងខ្លួនយើងម្នាក់ៗ។ ព្រះពុទ្ធបានបង្រៀនថា ចិត្តអាចត្រូវបានហ្វឹកហាត់ឲ្យកសាងគុណសម្បត្តិល្អៗទំាងឡាយបាន ដូចជាសួនច្បារ ដែលអាចដំាបណ្តុះផ្កាស្រស់ស្អាតទំាងឡាយបានដូចគ្នា។ ការស្រមៃឃើញរូបភាពមានដំណើរការដូចជាការយកចិត្តទុកដាក់ថែទំាសួនច្បារអញ្ចឹង។ ចូរជ្រើសរើសគុណសម្បត្តិល្អៗទំាងឡាយឲ្យលូតលាស់ឡើង និងដកចេញនូវគុណសម្បត្តិមិនល្អទំាងឡាយ។ រាល់ពេលដែលអ្នកស្រមៃឃើញជីវិតរស់នៅជាមួយក្តីមេត្តាករុណា ជាមួយក្តីអត់ធ្មត់ អ្នកកំពុងបោះជំហានទៅមុខក្លាយខ្លួនជាបុគ្គលមានលក្ខណៈសម្បត្តិទំាងនោះហើយ។ នៅពេលដែលអ្នកស្រមៃឃើញរូបភាពនៃគោលដៅរបស់អ្នក និងបុគ្គលិកលក្ខណៈដ៏ល្អប្រសើររបស់អ្នកនៅអនាគត អ្នកមិនគ្រាន់តែមើលឃើញក្តីស្រមៃដែលនៅឆ្ងាយនោះទេ អ្នកកំពុងបណ្តុះឲ្យលូតលាស់នូវសេចក្តីពិតមួយ ដែលចាប់ផ្តើមរស់នៅក្នុងខ្លួនអ្នកជាបណ្តើរៗហើយ។ កិច្ចប្រតិបត្តិនេះមិនគ្រាន់តែពង្រឹងជំនឿជាក់លើខ្លួនឯងទេ ប៉ុន្តែក៏បង្ក្រាបដល់ក្តីមន្ទិលសង្ស័យផងដែរ ដែលរុញអ្នកឲ្យធ្វើសកម្មភាពចេញពីទីតំាងមួយ ដែលមានសេចក្តីសុខ និងភាពជឿជាក់។ ក្នុងរយៈពេលមួយ ការស្រមៃឃើញរូបភាព បង្ហាញប្រាប់ថា លក្ខណៈដ៏ល្អប្រសើរដែលអ្នកអាចឈានទៅដល់ នៅមិនឆ្ងាយនោះទេ។ វាគ្រាន់តែនៅរង់ចំាការដាស់ឲ្យភ្ញាក់រលឹកចេញពីខាងក្នុងខ្លួនប៉ុណ្ណោះ។ ដំណើរនេះជាការផ្លាស់ប្តូរក្នុងការបង្កើតភាពសុខដុម្យស៊ីសង្វាក់គ្នារវាងគុណតម្លៃខាងក្នុងខ្លួនអ្នក និងទង្វើសំដែងចេញមកក្រៅរបស់អ្នក ដែលបង្ហាញថា អ្នកចង់ក្លាយជាបុគ្គលបែបណា ជារឿងដែលអាចធ្វើបាន។៧. បណ្តុះមេត្តាករុណាចំពោះខ្លួនឯង
ក្តីមេត្តាករុណាចំពោះខ្លួនឯងមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់បន្តទៅមុខ កសាងភាពធន់ និងក្តីសុខស្ងប់។ ព្រះពុទ្ធបានទូន្មានថា ក្នុងដំណើរទៅរកការត្រាស់ដឹង យើងចំាបាច់ត្រូវយកចិត្តទុកដាក់កសាងចិត្តល្អ និងការយោគយល់ចំពោះខ្លួនឯងជាមុន មុននឹងផ្តល់ជូនដល់អ្នកដទៃ។ មេត្តាករុណាចំពោះខ្លួនឯង គឺជាការប្រតិបត្តិនៃការសម្លឹងឃើញភាពជាមនុស្សដូចគ្នា ទទួលយកចំណុចខ្វះខាតរបស់យើង និងលើកលែងដល់ទង្វើខុសឆ្គងរបស់យើង ជាពិសេស ក្នុងកំឡុងពេលលំបាកៗទំាងឡាយ។ កិច្ចប្រតិបត្តិនៃភាពមានចិត្តល្អ ឬមេត្តាករុណា ត្រូវចាប់ផ្តើមពីខ្លួនឯងទៅ បន្ទាប់មកពង្រីកដល់អ្នកដទៃ។ វាជួយយើងក្នុងការយល់អំពី និងគំាទ្រអ្នកដទៃបានកាន់តែល្អ។ សម្រាប់មនុស្សភាគច្រើន ការបន្ទោសខ្លួនឯងកើតឡើងស្ទើរតែស្វ័យប្រវត្តិ។ នៅពេលយើងប្រព្រឹត្តកំហុស យើងចូលចិត្តវិនិច្ឆ័យដាក់ទោសខ្លួនធ្ងន់ៗ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាមានកំហុស គ្មានតម្លៃ ឬខកចិត្ត។ ប៉ុន្តែ នៅក្នុងការទូន្មានរបស់ព្រះពុទ្ធ របៀបនៃការវិនិច្ឆ័យខ្លួនឯងបែបនេះមិនល្អទេ ហើយថែមទំាងបង្កគ្រោះថ្នាក់ទៀតផង ពីព្រោះវាធ្វើឲ្យយើងរងទុក្ខ ដោយមិនជួយឲ្យយើងលូតលាស់នោះទេ។ ការផ្តល់មេត្តាករុណាចំពោះខ្លួនឯង គឺជាការបង្រៀនឲ្យយើងចេះកសាងភាពសប្បុរស និងភាពអត់ធ្មត់ចំពោះខ្លួនឯង ដោយមើលឃើញកំហុសឆ្គងជាផ្នែកមួយនៃលក្ខណៈធម្មជាតិទូទៅ ធម្មតារបស់មនុស្ស។ ជំនួសឲ្យការបន្ទោសខ្លួនឯង យើងអាចរៀនសូត្រពីកំហុសឆ្គងរបស់យើង រួចហើយបន្តដំណើរទៅមុខទៀត ដោយដឹងអំពីគោលបំណងជាក់លាក់របស់យើង។ វិធីមួយក្នុងការកសាងក្តីមេត្តាករុណាចំពោះខ្លួនឯង គឺការធ្វើសមាធិសាងមេត្តាករុណា។ ក្នុងកិច្ចប្រតិបត្តិសមាធិ អ្នកអាចបញ្ចូលនូវការនិយាយពាក្យថា "ត្រូវមានចិត្តសប្បុរស និងសុច្ឆន្ទៈ" ដោយចាប់ផ្តើមចំពោះខ្លួនឯងជាមុន រួចហើយជូនបន្តដល់អ្នកដទៃ។ អ្នកក៏អាចនិយាយពាក្យថា "សូមឲ្យខ្ញុំរីករាយ សូមឲ្យខ្ញុំមានក្តីសុខ!"។ កិច្ចប្រតិបត្តិដ៏ងាយៗនេះអាចផ្លាស់ប្តូរកិច្ចសន្ទនានៅខាងក្នុងខ្លួនយើង ដោយជំនួសនូវគំនិតស្តីបន្ទោសខ្លួនឯង ជាមួយការគិតល្អអំពីខ្លួនឯង ដោយកោតសរសើរ និងលើកតម្លៃខ្លួនឯង។ ក្នុងរយៈពេលមួយ ការកសាងទឹកចិត្តមេត្តាករុណាជួយយើងក្នុងការកសាងភាពធន់ ធ្វើឲ្យយើងមានភាពរឹងមំាក្នុងការប្រឈមនឹងបញ្ហា ដោយមិនជាប់ផុងក្នុងអន្លុងនៃគំនិតអវិជ្ជមានអំពីខ្លួនឯង។ មេត្តាករុណាចំពោះខ្លួនឯងក៏មានន័យផងដែរចំពោះការអត់ឱនដល់ខ្លួនឯងចំពោះកំហុសឆ្គងពីអតីតកាល និងការលះចេញនូវការទន្ទឹងចង់បាននូវអ្វីដែលមិនមានភាពជាក់ស្តែង និងមិនអាចទៅរួច។ យើងភាគច្រើនបន្តរែកពន់នូវភាពសោកស្តាយរឿងរ៉ាវពីអតីតកាល ធ្វើឲ្យយើងជាប់ផុងទៅមុខមិនរួច។ នៅក្នុងការទូន្មានរបស់ព្រះពុទ្ធ ការអត់ឱនគឺជាផ្លូវមួយឆ្ពោះទៅរកសេរីភាពផ្ទាល់ខ្លួន។ នៅពេលដែលអ្នកចេះអត់ឱនឲ្យខ្លួនឯង អ្នកនឹងរំដោះខ្លួនចេញពីអារម្មណ៍មានកំហុស និងការខ្មាសអៀន បង្កើតនូវថ្នាលសម្រាប់ការលូតលាស់បន្ត និងការព្រមពេញចិត្តនឹងខ្លួនឯង ដោយយល់ច្បាស់ថា អ្នកជាមនុស្ស ហេតុនេះហើយ អ្នកមិនអាចល្អឥតខ្ចោះទេ ហើយការទទួលស្គាល់ភាពមិនល្អឥតខ្ចោះនេះគឺជាកម្លំាងដ៏ខ្លំាងខ្លា ជួយអ្នកក្នុងការធ្វើដំណើរក្នុងជីវិត ជាមួយបេះដូងមួយ ដែលធូរស្រាល មិនធ្ងន់ជាប់ជំពាក់ច្រើន និងចិត្តមួយ ដែលបើកចំហ អាចទទួលយកនូវមេរៀនថ្មីៗជាច្រើន។ នៅក្នុងកាលវេលាមានសំពាធ ឬជួបភាពបរាជ័យ ការមានមេត្តាចំពោះខ្លួនឯងនឹងក្លាយជាប្រភពនៃភាពធូរស្រាល។ ជំនួសឲ្យការស្វែងរកការផ្ទៀងផ្ទាត់គំាទ្រពីអ្នកដទៃ វាផ្តល់ជូនអ្នកនូវគ្រឹះ និងភាពជឿជាក់មួយដ៏រឹងមំានៅក្នុងខ្លួន។ នៅពេលយើងធ្វើកំហុស យើងនឹងសម្លឹងរកមើលឱកាសក្នុងការរៀនសូត្រ និងការលូតលាស់បន្ត ជាជាងស្វែងរកការមតិផ្ទៀងផ្ទាត់ពីអ្នកដទៃមកកំណត់តម្លៃខ្លួនយើង។ នេះជាការផ្លាស់ប្តូរផ្នត់គំនិតមួយ ដែលធ្វើឲ្យភាពធន់ផ្នែកអារម្មណ៍របស់យើងខ្លំាងជាងមុន ដែលរំដោះយើងចេញពីច្រវាក់នៃភាពត្រូវការមតិគំាទ្រពីអ្នកដទៃ ឬមួយចេញពីច្រវាក់នៃភាពភ័យខ្លាចគេទិតៀន ឬស្តីបន្ទោស។ចំណែកដ៏សំខាន់មួយទៀតនៃក្តីមេត្តាចំពោះខ្លួនឯងគឺការយល់ដឹងអំពីអនត្តា ឬភាពមិនមានអញ។ មេរៀននេះប្រាប់យើងថា អត្តសញ្ញាណរបស់យើងមិនមានភាពនៅហ្នឹងស្ថិតស្ថេរនោះទេ ហើយក៏មិនមែនកំណត់ដោយកំហុសឆ្គង ឬភាពជោគជ័យរបស់យើងដែរ។ តាមរយៈការមើលឃើញខ្លួនឯងថាជាសភាវៈមួយដែលប្រែប្រួលជាប់ជានិច្ច យើងចាប់ផ្តើមលះខ្លួនចេញពីការទិតៀនខ្លួនឯង ហើយលែងរងទម្ងន់ពីសកម្មភាពនៅអតីតកាល។ យើងលែងជាប់ផុងជាមួយបុគ្គលភាព ដែលយើងបានធ្លាប់មានពីអតីតកាល។ យើងមានអំណាចក្នុងការលូតលាស់ និងផ្លាស់ប្តូរទៅមុខនៅគ្រប់ខណៈក្នុងពេលបច្ចុប្បន្ន។ ប្រតិបត្តិមានក្តីមេត្តាចំពោះខ្លួនឯងកសាងរលកនៃឥទ្ធិពលវិជ្ជមាននៅក្នុងជីវិត។ នៅពេលយើងយកចិត្តទុកដាក់ចំពោះខ្លួនឯង ជាមួយភាពសប្បុរស ជាមួយការយោគយល់ យើងក៏ចាប់ផ្តើមផ្តល់ភាពសប្បុរស និងការយោគយល់ចំពោះអ្នកដទៃ ហើយវាជួយកសាង និងបង្កើនទំនាក់ទំនងល្អនៅក្នុងគ្រួសារ នៅក្នុងសង្គម បង្កកិច្ចទំនាក់ទំនងល្អប្រសើរជាមួយមនុស្ស ប្រកបដោយការយល់ចិត្តគ្នា និងការអត់ធ្មត់។ ការកសាងក្តីមេត្តាចំពោះខ្លួនឯងធ្វើឲ្យយើងបន្ថយការប្រតិកម្មតប ដោយមិនបានពិចារណា មានក្តីយោគយល់ច្រើន ហើយអាចផ្តល់ក្តីស្រឡាញ់ ដោយគ្មានការវិនិច្ឆ័យ។ ក្តីមេត្តាចំពោះខ្លួនឯង គឺជាគ្រឹះដ៏រឹងមំាមួយនៃការកសាងក្តីសុខសន្តិភាពខាងក្នុងខ្លួនយើង និងភាពលូតលាស់ផ្នែកស្មារតី។ នៅពេលដែលយើងផ្តល់ភាពសប្បុរសដល់ខ្លួនឯង យើងបង្កើតនូវថ្នាលសម្រាប់ភាពធន់ ការជាសះស្បើយ និងភាពលូតលាស់ក្នុងខ្លួន។ ផ្នត់គំនិតនេះមិនត្រឹមតែធ្វើឲ្យយើងខ្លំាងជាងមុននោះទេ ប៉ុន្តែវាក៏ជួយឲ្យចិត្តយើងឲ្យមានសេរីភាពច្រើនជាងមុន និងបង្កើនទឹកចិត្តព្រមទទួលយកនូវរឿងរ៉ាវទំាងឡាយ ដែលយើងធ្លាប់ទើសពីមុន អនុញ្ញាតឲ្យយើងធ្វើដំណើរឆ្លងកាត់ខ្សែជីវិត ជាមួយបេះដូងមួយដែលស្រាល និងធូរស្បើយ។ ការប្រតិបត្តិក្តីមេត្តាចំពោះខ្លួនឯងបានបង្រៀនយើងថា មានចិត្តល្អ ចិត្តសប្បុរសចំពោះខ្លួនឯង មិនមែនជាភាពខ្សោយទន់ជ្រាយទេ ប៉ុន្តែជាប្រភពនៃការកសាងភាពខ្លំាងក្នុងខ្លួន។ វាផ្តល់ជូនយើងនូវសេចក្តីក្លាហានក្នុងការប្រឈមនឹងបញ្ហានៃជីវិតជាមួយទឹកចិត្តមេត្តាករុណា និងស្មារតីរឹងមំា។ ក្នុងរយៈពេលមួយ កិច្ចប្រតិបត្តិនេះនឹងជួយយើងឲ្យយល់ថា សុខសន្តិភាពពិតប្រាកដកើតចេញពីការព្រមទទួលយកអំពីខ្លួនឯងជាមួយទឹកចិត្តសប្បុរស ដែលយើងចង់ចែករំលែកទៅអ្នកដទៃ។
ចិត្តរបស់យើងតែងបញ្ចំាងចេញមកវិញនូវអ្វីដែលយើងដាក់ចូលទៅ។ រាល់គំនិតទំាងឡាយ រាល់បទពិសោធន៍ទំាងឡាយ និងរាល់ឥទ្ធិពលទំាងឡាយ ដែលយើងអនុញ្ញាតឲ្យចូលទៅ វានឹងផ្គុំចាត់ចែងពិភពខាងក្នុងចិត្តរបស់យើង ហើយជាលទ្ធផល បង្កើតឡើងនូវពិភពពិតនៃជីវិតរបស់យើង។ តាមរយៈនៃការជ្រើសរើសនូវអ្វីៗទំាងឡាយដែលមានភាពវិជ្ជមាន ក្តីមេត្តាករុណា ជីវជាតិល្អៗ ឲ្យចូលមកក្នុងចិត្តរបស់យើង យើងមិនគ្រាន់តែកសាងជីវិតមួយ ដែលមានក្តីសុខប្រកបដោយបញ្ញាសម្រាប់ខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញទឹកចិត្តដល់មនុស្សនៅជុំវិញខ្លួនយើងផងដែរ។
ចូរចងចំាថា រាល់ខណៈនៃពេលនីមួយៗ គឺជាឱកាសដែលអ្នកអាចផ្តល់ធាតុចូលទៅក្នុងចិត្តរបស់អ្នក ដូច្នេះចូរជ្រើសរើសធាតុចូលប្រកបដោយបញ្ញានូវអ្វី ដែលអ្នកចង់ឲ្យចិត្តបញ្ចំាងចេញមកវិញ ដែលជាគ្រឿងបង្គុំកសាងពិភពពិតនៃជីវិតរបស់អ្នក។ សូមចាប់ផ្តើមថ្ងៃនេះ ដោយជ្រើសធាតុចូលឲ្យត្រឹមត្រូវ បើអ្នកចង់បានមកវិញនូវធាតុចេញពីចិត្តនូវក្តីសុខសន្តិភាព បញ្ញា និងក្តីមេត្តាករុណា ដែលអ្នកស្វែងរកចង់បាន។
===^^^===
@ ប្រែសម្រួលដោយ សាម អ៊ីន -- ខែមិថុនា ឆ្នំា២០២៦
@ ប្រែសម្រួលចេញពី YouTube channel @BuddhasEternalWisdom : "How to train your mind to see the good in life"
@ អត្ថបទទាក់ទង ៖

0 Comments